សវនាការលើអង្គសេចក្ដីក្នុងករណីលោកមេឃុំ ស៊ាង ចែត ទាក់ទងនឹងរឿងសូកប៉ាន់សាក្សី ករណីនាង ខុម ចាន់តារាទី ហៅស្រីមុំ នៅថ្ងៃទី២៨ ខែតុលា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកពេលទៅជំនុំជម្រះនៅពាក់កណ្ដាលខែវិច្ឆិកា វិញ បន្ទាប់ពីមេធាវី និងជនជាប់ចោទតវ៉ាថា សាក្សីសំខាន់នៅក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះអវត្តមាន។
ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានសម្រេចប្រកាសលើកពេលសវនាការជំនុំជម្រះសំណុំរឿងក្ដីរបស់មេឃុំពីគណបក្សប្រឆាំង គឺលោក ស៊ាង ចែត ទៅថ្ងៃទី១១ ខែវិច្ឆិកា វិញ តាមការស្នើសុំរបស់មេធាវីការពារក្ដី។
មេធាវីការពារក្ដីឲ្យលោក ស៊ាង ចែត គឺលោក សំ សុគង់ មានប្រសាសន៍ថា មូលហេតុដែលលោកសុំពន្យារសវនាការជំនុំជម្រះពេលនេះ គឺដោយសារតែសាក្សី ៣រូប ដែលជាតួអង្គសំខាន់នៅក្នុងរឿងក្ដីនេះមិនមកចូលរួមបំភ្លឺ៖ «ដោយសារអង្គហេតុជាក់ស្ដែង គឺជាការទំនាក់ទំនងរវាងកូនក្ដីខ្ញុំបាទហ្នឹងជាមួយអ្នកទាំង ៣នាក់ហ្នឹង។ អ៊ីចឹងការដែលអ្នកទាំង ៣នាក់ មានវត្តមាននៅពេលសវនាការ គឺជាការមួយដែលយើងអាចនឹងសួរដេញដោល ឬក៏សួរតទល់រវាងកូនក្ដី ហើយនិងសាក្សីទាំងបី ហើយក៏មានឱកាសឲ្យតុលាការទាំងអស់បានស្ដាប់ចំពោះសក្ខីកម្មរបស់ពួកគាត់»។
ទាំងលោក សំ សុគង់ និងការសួរដេញដោលរបស់ចៅក្រមនៅក្នុងសវនាការខ្លីនៅព្រឹកថ្ងៃទី២៨ ខែតុលា បង្ហាញថា សាក្សីទាំងនោះត្រូវបានតំណាងអយ្យការបញ្ជូនដីកាកោះហៅហើយ ប៉ុន្តែមិនឃើញចុងដីកាត្រឡប់មកវិញ ដែលបញ្ជាក់ថា សាក្សីទាំងនោះបានទទួលដីកាកោះហៅនោះទេ។
ចៅក្រម កោ វណ្ឌី បានលើកឡើងថា សាក្សីទាំងនេះខ្លះ ចៅក្រមស៊ើបសួរបានសួររួចហើយ។ ប៉ុន្តែមេធាវី សំ សុគង់ ជំទាស់ថា នោះគ្រាន់តែជាចម្លើយក្នុងនីតិវិធីមួយក្នុងដំណាក់កាលស៊ើបអង្កេតបឋមប៉ុណ្ណោះ ហើយទាមទារឲ្យមានការផ្ទៀងផ្ទាត់ចម្លើយនោះ នៅក្នុងសវនាការដេញដោល៖ «អ៊ីចឹងបើយើងគិតថា ចម្លើយរបស់ភាគីពាក់ព័ន្ធ និងសាក្សី ដែលឆ្លើយនៅចៅក្រមស៊ើបសួរវាត្រឹមត្រូវ យើងមិនចាំបាច់ត្រូវមានសវនាការទេ។ ដោយសារយើងឲ្យមានសវនាការ ដើម្បីយើងចង់បញ្ជាក់ ឬក៏ចង់សួរដេញដោលអំពីភស្តុតាងដែលប្រមូលបាននៅដំណាក់កាលស៊ើបអង្កេតបឋម ក៏ដូចជាចៅក្រមស៊ើបសួរហ្នឹង ដើម្បីបញ្ជាក់ឲ្យសាធារណជន និងភាគីទាំងអស់បានពិនិត្យទាំងអស់គ្នា។ អ៊ីចឹងពេលសវនាការជាពេលមួយសំខាន់ណាស់ នៅក្នុងរឿងក្ដីព្រហ្មទណ្ឌ ដែលទាមទារឲ្យភាគីទាំងអស់ចូលរួម»។
លោក ស៊ាង ចែត ជាមេឃុំស្រក នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម នៃគណបក្ស សម រង្ស៊ី។ លោកជាប់ចោទអំពីការសូកប៉ាន់សាក្សីនៅក្នុងរឿងក្ដីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ទាក់ទងរឿងអាស្រូវស្នេហាជាមួយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា។ លោក ស៊ាង ចែត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ចាប់តាំងពីថ្ងៃទី២៦ ខែមេសា ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
លោក ស៊ាង ចែត មានប្រសាសន៍នៅពេលចេញពីសាលាដំបូងដោយរំពឹងថា សវនាការនៅថ្ងៃទី១១ ខែវិច្ឆិកា នោះ លោកនឹងបានរួចពីការបទចោទប្រកាន់នេះ៖ «សង្ឃឹមជឿជាក់ថា ថ្ងៃទី១១ ខែ១១ ហ្នឹងសវនាការរបស់ខ្ញុំ និងចែរបស់ខ្ញុំមក នឹងមានការលើកលែងខ្ញុំអំពីបញ្ហាសូកប៉ាន់សាក្សីលុយ ២លាននេះ គេផ្ញើមកជាលុយមនុស្សធម៌»។
លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្រោយពេលដែលអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ចោទលោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលលួងលោមឲ្យនាងនិយាយកុហកប្រាប់មហាជនសារព័ត៌មាន និងសមត្ថកិច្ចអំពីរឿងទំនាក់ទំនងស៊ីជម្រៅជាមួយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ដោយសន្យាថា នឹងជួយឲ្យនាងបានទៅរស់នៅក្រៅប្រទេស។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកចេញមុខសុំឲ្យតុលាការដោះលែងលោក ស៊ាង ចែត ជាបណ្ដោះអាសន្ន។ លោកថា ករណីនេះ មិនគួររាលដាលដល់មេឃុំរូបនេះឡើយ ហើយលោកចាត់ទុកថា ការឃុំខ្លួនលោក ស៊ាង ចែត មិនមានអ្វីចំណេញទេ៖ «ជាគោលការណ៍ បើយើងពិនិត្យជាទូទៅ ដែលត្រូវបានតុលាការយកមកជាមូលដ្ឋាននៃការចាប់ខ្លួននេះ ករណីនេះ វាតិចតួចមែនទែន ស្ទើរតែគ្មានអីជាមូលដ្ឋានច្បាស់លាស់ដើម្បីឲ្យបន្តការឃុំខ្លួនរបស់គាត់តទៅទៀតទេ។ ដូច្នេះខ្ញុំថា បន្តរកវិធីដើម្បីឲ្យគាត់បានទៅបម្រើប្រជាពលរដ្ឋ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គណបក្សសង្គ្រោះជាតិ គិតបារម្ភអំពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋធំជាងផលប្រយោជន៍បក្ស។ ដូច្នេះ យើងខិតខំដើម្បីគាត់បានបន្តត្រឡប់ទៅបម្រើប្រជាពលរដ្ឋ»។
មេធាវីការពារក្ដីឲ្យលោក ស៊ាង ចែត ថ្លែងថា ពួកគាត់នឹងស្នើសុំតុលាការឲ្យកោះហៅសាក្សីទាំង៣រូបនោះ បានចូលរួមនៅក្នុងសវនាការដែលតុលាការកំណត់នៅថ្ងៃទី១១ ខែវិច្ឆិកា វេលាម៉ោង ៨កន្លះព្រឹកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។