សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣ ធ្នូ បានប្រកាសសាលក្រមផ្ដន្ទាទោសគ្រូពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារ ២៥ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀលចូលថវិការដ្ឋ។
គ្រូពេទ្យរូបនេះ ត្រូវចោទប្រកាន់ពីបទបើកកន្លែងពិគ្រោះព្យាបាលជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចម្លងមេរោគអេដស៍ទៅអ្នកដទៃដោយចេតនា និងបទទារុណកម្មដែលមានស្ថានទម្ងន់ទោស ដោយសារតែមរណភាពនៃជនរងគ្រោះ។ បទល្មើសទាំងនោះ ប្រព្រឹត្តនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង អំឡុងឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៤។
ភ្លាមៗបន្ទាប់ពីតុលាការប្រកាសសាលក្រមមិនបានប៉ុន្មានផង សាច់ញាតិរបស់គ្រូពេទ្យមួយចំនួន បានស្រែកយំបោកខ្លួននៅខាងមុខតុលាការ ហើយថានឹងបន្តប្ដឹងឧទ្ធរណ៍ទៅរាជធានីភ្នំពេញទៀត។
«សំឡេងស្រែកយំ»
ប្រពន្ធគ្រូពេទ្យ យ៉ែម ជ្រិន គឺអ្នកស្រី យូម ចិន្តា ថ្លែងនៅខាងមុខសាលាដំបូងខេត្តបាត់ដំបង ថា តុលាការផ្ដន្ទាទោសប្ដីរបស់អ្នកស្រីឲ្យជាប់គុក ២៥ឆ្នាំនេះ គឺជាទោសធ្ងន់ធ្ងរមិនអាចទទួលយកបាននោះទេ។ អ្នកស្រីថា នឹងបន្តនីតិវិធីផ្លូវច្បាប់ទៅមុនទៀត ដើម្បីជួយសម្រាលទោសឲ្យស្វាមីរបស់ខ្លួន៖ «ប្ដីរបស់ខ្ញុំគាត់គ្មានកំហុសអី ដែលតុលាការផ្ដន្ទាទោសឲ្យជាប់គុកដល់ទៅ ២៥ឆ្នាំនោះទេ»។
រីឯមេធាវីការពារក្ដីឲ្យគ្រូពេទ្យ យ៉ែម ជ្រិន គឺលោក ឯម សុវណ្ណ មានប្រសាសន៍ថា សាលក្រមសម្រេចរបស់តុលាការ គឺជាការសមហេតុសមផលអាចទទួលយកបាន៖ «សម្រាប់ខ្ញុំ រឿងក្ដីនេះខ្ញុំថាជាការជោគជ័យទៅហើយ ប៉ុន្តែប្រសិនបើកូនក្ដីរបស់ខ្ញុំគាត់ចង់ប្ដឹងឧទ្ធរណ៍ អាចបន្តទៅបាន»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ភាគច្រើន មិនពេញចិត្តនឹងសាលក្រមស្ថាពររបស់សាលាដំបូងខេត្តបាត់ដំបង នោះទេ។ ពួកគាត់លើកឡើងថា តុលាការគួរតែផ្ដន្ទាទោសគ្រូពេទ្យ យ៉ែម ជ្រិន ដាក់គុកអស់មួយជីវិតទើបត្រឹមត្រូវ ពីព្រោះគ្រូពេទ្យរូបនោះ បានចាក់ថ្នាំចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋដែលគ្មានកំហុស ធ្វើឲ្យខូចអនាគតអស់មួយជីវិត៖ «ខ្ញុំផ្ទុកមេរោគអេដស៍កើតទុក្ខធ្ងន់ធ្ងរជាងគ្រូពេទ្យទៅទៀត។ ដូច្នេះ ពួកខ្ញុំមិនអាចលើកលែងទោសឲ្យគាត់បាននោះទេ»។
មន្ត្រីពេទ្យនៃអង្គការលីកាដូ (LICADHO) លោក ឡេង មុនីនាថ ដែលបានចូលស្ដាប់ការប្រកាសសាលក្រមនៅសាលាដំបូងខេត្តបាត់ដំបង មានប្រសាសន៍ថា នៅក្នុងករណីឆ្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅឃុំរកា តុលាការមិនត្រូវផ្ដន្ទាទោសចំពោះគ្រូពេទ្យ យ៉ែម ជ្រិន តែម្នាក់ឯងប៉ុណ្ណោះទេ គឺត្រូវដាក់ទោសដល់អ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀតដូចគ្នា៖ «នៅឃុំទាំងមូល ខ្ញុំមិនជឿថា ឬក៏កន្លែងព្យាបាលផ្សេងទៀតនៅជិតខាងក្បែរនោះ មិនដែលមិនធ្លាប់ព្យាបាលប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍នៅរកា ទេ។ ខ្ញុំចង់មន្ត្រីពាក់ព័ន្ធ មានការវែកញែកឲ្យច្បាស់ជាងនេះ ដើម្បីរកយុត្តិធម៌ជូនសង្គមជាតិ»។
គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់គុក ២៥ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី គឺបទបើកកន្លែងពិគ្រោះព្យាបាលជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល បទអំពើឃោរឃៅពាក់ព័ន្ធនឹងឃាតកម្ម និងបទចម្លងមេរោគអេដស៍ទៅអ្នកដទៃដោយចេតនា។ ប៉ុន្តែក្នុងករណីនេះ តុលាការបានកែប្រែបទចោទមួយករណី គឺពីបទអំពើឃោរឃៅពាក់ព័ន្ធនឹងឃាតកម្ម ទៅបទទារុណកម្មដែលមានស្ថានទម្ងន់ទោស ដោយសារតែមរណភាពនៃជនរងគ្រោះ ប្រព្រឹត្តនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង អំឡុងឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៤ តាមមាត្រា៥ និងមាត្រា១៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ តាមមាត្រា១៨ និងមាត្រា៥០ នៃច្បាប់ស្ដីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងមាត្រា២១៥ នៃក្រមព្រហ្មទណ្ឌ។ រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួនជិត ៣០០នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។