មន្ត្រីអង្គការផ្នែកសិទ្ធិមនុស្ស រិះគន់អាជ្ញាធររបបក្រុងភ្នំពេញ ដែលចាប់សកម្មជនដីធ្លី និងជាអ្នកគាំទ្របក្សប្រឆាំង លោកស្រី សាត ផា ចេញពីមន្ទីរពេទ្យទាំងកំពុងព្យាបាលជំងឺ ខណៈអាជ្ញាធរ ផ្ដល់សិទ្ធិពិសេសឲ្យអ្នកទោសមានលុយមានអំណាច ដូចជាឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ជាដើម អាចរស់នៅក្រៅពន្ធនាគារយ៉ាងរំភើយដោយគ្មានកំណត់ពេលវេលា ក្រោមហេតុផលព្យាបាលជំងឺ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ករណីនេះ ធ្វើឲ្យសាធារណជនមើលឃើញអំពីការអនុវត្តច្បាប់មានស្តង់ដារពីរ។
អង្គការសង្គមស៊ីវិល មើលឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធរ កាន់តែលែងគោរពគោលការណ៍សិទ្ធិមនុស្ស និងកាន់តែឆ្លុះបញ្ចាំងឲ្យឃើញពីភាពញែកដាច់ពីគ្នារវាងអ្នកក្រ និងអ្នកមានលុយមានអំណាច ពោលគឺសេវាសង្គមនានាមានទាំងផ្លូវច្បាប់ និងសុខភាព គឺជួយសម្រួលច្រើនដល់ក្រុមអ្នកមានលុយមានអំណាច។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ពង្រត់សកម្មជនដីធ្លីក្រីក្រ និងជាអ្នកគាំទ្របក្សប្រឆាំង លោកស្រីសាត ផា ដែលមានការអះអាងថា លោកស្រីកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យលោកសង្ឃនោះ គឺជាការរំលោភសិទ្ធិមនុស្ស និងអនុវត្តច្បាប់ស្តង់ដារពីរ។ លោកពិនិត្យឃើញថា កន្លងមក ឧកញ៉ា ឬអ្នកមានលុយមួយចំនួន ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារនោះ តែងតែបញ្ជូនចេញមកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យធំៗរបស់រដ្ឋរហូតដល់រាប់ឆ្នាំដោយសំអាងថា មានជំងឺ។ លោក ស្នើសុំឲ្យអាជ្ញាធរអនុវត្តច្បាប់ដោយស្មើភាពគ្នា ដើម្បីចៀសវាងការរិះគន់ពីសាធារណជន៖ «ត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស ទោះបីជាគាត់ ត្រូវមានការចោទប្រកាន់អីក៏ដោយ ក៏គាត់មានសិទ្ធិទទួលបានសេវាព្យាបាលសុខភាពដូចមនុស្សដទៃទៀតដែរ ដូច្នេះបើសិនជាគាត់តម្រូវឲ្យនៅក្នុងការព្យាបាល ប៉ុន្តែមានការចាប់ខ្លួនហើយបញ្ជូនទៅពន្ធនាគារដោយមិនបានឆ្លងកាត់ការវាយតម្លៃរបស់វេជ្ជបណ្ឌិតត្រឹមត្រូវ គេមើលឃើញហើយថា វាជាការរំលោភសិទ្ធិទទួលបានសេវាសុខភាពរបស់គាត់ ហើយអាចគេថា វាជាការអនុវត្តដែលមានស្តង់ដារពីររវាងអ្នកមិនមានលុយ ហើយឧកញ៉ា និងអ្នកមានលុយ ព្រោះអ្នកមានលុយអី គេនៅមន្ទីរពេទ្យបាន តែដល់ពេលអ្នកក្រីក្រមិនអនុញ្ញាតឲ្យនៅមន្ទីរពេទ្យបាន»។
សាក្សីអះអាងថា អាជ្ញាធររបបក្រុងភ្នំពេញ បានចូលទៅចាប់ខ្លួនលោកស្រី សាត ផា ដល់ក្នុងមន្ទីរពេទ្យលោកសង្ឃកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ក្នុងពេលលោកស្រីកំពុងសម្រាកព្យាបាលរបួសជើងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារអាជ្ញាធរបង្ក្រាបដោយហិង្សាលើលោកស្រីជាបន្តបន្ទាប់ក្នុងពេលតវ៉ាទាមទារយុត្តិធម៌សង្គម។ ក្រុមគ្រូពេទ្យពិនិត្យឃើញថា ជើងលោកស្រីប្រេះឆ្អឹងក្បាលជង្គង់។
ការចាប់ខ្លួននេះ គឺ៥ថ្ងៃក្រោយពេលលោកស្រី ចូលរួមតវ៉ាសម្ដែងមតិដោយអហិង្សាជាមួយពលរដ្ឋ និងសកម្មជនបក្សប្រឆាំងប្រមាណ២០នាក់ នៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា។ តុលាការ បានចោទប្រកាន់លោកស្រី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស(ម២) កាលពីថ្ងៃទី២៨ ខែតុលា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា សមត្ថកិច្ច មិនបានចាប់ខ្លួនលោកស្រី សាត ផា ក្នុងពេលកំពុងដេកព្យាបាលនៅលើគ្រែពេទ្យ ឬក្នុងមន្ទីរពេទ្យនោះទេ។ លោក អះអាងថា សមត្ថកិច្ច បានចាប់ខ្លួនលោកស្រី សាត ផា នៅក្រោយមន្ទីរពេទ្យ និងធ្វើឡើងតាមដីការបស់តុលាការ ហើយលោកសុំមិនបកស្រាយអ្វីទៀតនោះទេ៖ « វាជារឿងរបស់បុគ្គលដែលត្រូវតែទៅបំភ្លឺនៅខាងតុលាការទេ ធម្មតាភារកិច្ចរបស់សមត្ថកិច្ចគេអនុវត្តតាមនីតិវិធីឲ្យតែមានដីកាពីខាងតុលាការ គឺយើងត្រូវ តែអនុវត្ត ដូច្នេះសូមសួរបន្តទៅខាងតុលាការព្រោះយើងរុញទៅតុលាការយូរហើយ»។
ទាក់ទងនឹងករណីនេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង និងប្រធានមន្ទីរពេទ្យកុសមៈ ឬហៅថា មន្ទីរពេទ្យលោកសង្ឃ លោក តាន់ សុគន្ធ បានទេ ដោយទូរស័ព្ទ ចូលពុំមានអ្នកទទួល។
មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរ គួរតែអនុញ្ញាតឲ្យលោកស្រី សាត ផា ដែលកំពុងមានរបួសធ្ងន់ធ្ងរនោះ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យធំៗរបស់រដ្ឋឱ្យបានដិតដល់ដូចករណីឧកញ៉ា គិត ធាង ដែលពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀនជិត ៥០ គីឡូក្រាម នៅក្លឹបកម្សាន្តរ៉ក់( Rock) ដែលកំពុងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ីជាង១ឆ្នាំមកហើយ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា មកទល់ពេលនេះ ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ក់(ROCK ) នៅតែបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរុស្សី ហើយមិនទាន់ដឹងថា នឹងនាំខ្លួនឧកញ៉ារូបនេះ ទៅឃុំក្នុងពន្ធនាគារពេលណានោះទេ ព្រោះមិនទាន់មានបញ្ជាពីតុលាការ និងលិខិតបញ្ជាក់សុខភាពពីមន្ទីរពេទ្យ។ ចំពោះករណីសមត្ថកិច្ចចាប់ឃុំខ្លួនលោកស្រី សាត ផា ក្នុងពន្ធនាគារនោះ លោក នុត សាវនា សុំមិនមានយោបល់អ្វីឡើយ ព្រោះជាតួនាទីរបស់សមត្ថកិច្ចផ្សេងៗទៀត៖ «ខ្ញុំយល់ម៉េច ព្រោះខ្ញុំជាមន្ត្រីបច្ចេកទេស ខ្ញុំអត់មានយោបល់អីពាក់ព័ន្ធនឹងរឿងនយោបាយ ឬក៏រឿងការងារសង្គមទេ ប៉ុន្តែយើងយល់ថាអ្វីៗវាមានចែងនៅ ក្នុងបទបញ្ញត្តិ នៅក្នុងច្បាប់ មាននៅក្នុងនីតិវិធី ស្របទៅតាមគោលការណ៍ចែងទាំងក្នុងគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍មនុស្សធម៌ហើយនឹងគោលការណ៍ច្បាប់ ដូច្នេះយកធាតុផ្សុំ ទាំងអស់នេះ មកពិចារណា ហើយវិភាគទៅ»។
បងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង គឺឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញប៉េហ្ស៊ី (PJ) រយៈពេលប្រមាណកន្លះខែ ។ គិតមកទល់ពេលនេះលោក គិត ធាង រួចផុតពីការឃុំឃាំងក្នុងពន្ធនាគារ ក្រោម ហេតុផលព្យាបាលជំងឺអស់រយៈពេល១ឆ្នាំ៥ខែហើយ។ កន្លងមក សារព័ត៌មានក្នុងស្រុក ក៏បានចុះផ្សាយដោយស្រង់សម្ភីបុគ្គលិកពេទ្យរស្ស៊ីថា លោក គិត ធាង គ្មានជំងឺអ្វីធ្ងន់ធ្ងរដល់ថ្នាក់ចាក់ថ្នាំឬឱ្យថ្នាំលេបនោះទេ ប៉ុន្តែលោក គិត ធាង មិនព្រមត្រឡប់ទៅវិញ ព្រោះលោកមានសមត្ថភាពជួលបន្ទប់ពិសេសរបស់មន្ទីរពេទ្យដើម្បីស្នាក់នៅដែលអាចងាយស្រួលជាងការរស់នៅក្នុងពន្ធនាគារ។
អ្នកសិក្សាផ្នែកច្បាប់ យុវជន វ៉ន ចាន់ឡូត កត់សម្គាល់ថា អ្នកមានលុយមានអំណាច ទោះបីជាមាន ទោសទណ្ឌធ្ងន់ធ្ងរបែបណាក្តី ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ ហាក់ដូចជាជួយសម្រួល ឬយកចិត្តទុកខ្លាំងដល់ ពួកគេ ផ្ទុយពីប្រជាពលរដ្ឋក្រីក្រ និងអ្នកតស៊ូមតិដោយអហិង្សា ទោះបីជាគ្មានទោសកំហុសធ្ងន់ធ្ងរក្តី ប៉ុន្តែពួកគេតែងទទួលរងការឈឺចាប់ទាំងផ្លូវការនិងផ្លូវចិត្ត។ លោកបន្តថា តាមគោលការណ៍ច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស គឺលោកស្រី សាត ផា គួរតែទទួលបានសិទ្ធិក្នុងការព្យាបាលនិងថែទាំសុខភាពឲ្យបានដិតដល់ឡើងវិញ៖ «ការអនុវត្តសេរីភាពរបស់គាត់ វាអត់មានខុសទេ ហើយអាជ្ញាធរមិនគួរចេះតែចោទគាត់ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ដោយឃើញគាត់សកម្មហើយចេះតែទៅ ចោទគាត់ ថា គាត់ស៊ីឈ្នួលបាតុកម្ម ឬចង់ផ្តួលរំលំរដ្ឋាភិបាលអី ខ្ញុំគិតថា វាដូចជាអត់សមហេតុផលទេ ព្រោះគាត់ជាស្ត្រី ហើយមានជំងឺទៀត»។
ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ សេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ទង្វើរារាំងចំពោះការតវ៉ាដោយសន្តិវិធីហើយត្រូវដោះលែងសកម្មជនសង្គម សកម្មជននយោបាយ និងយុវជនទាំងឡាយដែលត្រូវបានចាប់ខ្លួនទាំងបំពានច្បាប់នោះឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។