ពលរដ្ឋ និងអង្គការសង្គមស៊ីវិលស្នើដាក់ទោសមេឈ្មួញគ្រឿងញៀនឱ្យសមនឹងច្បាប់

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែឈ្មួញគ្រឿងញៀនតូចតាច ទើបបណ្ដាលឱ្យគ្រឿងញៀនហូរហៀរពីក្រុង ដល់ស្រុកស្រែចម្ការ។ ពួកគេថា សមត្ថកិច្ចគួរតែដាក់ទោស មេខ្លោងជួញដូរគ្រឿងញៀនឱ្យសមនឹងច្បាប់ ទើបទប់ស្កាត់ការចរាចរគ្រឿងញៀននេះបាន។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំអាជ្ញាធរពាក់ព័ន្ធត្រូវទប់ស្កាត់ការរីករាលគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក គង់ សាវង្ស បានត្អូញត្អែរ ប្រាប់អាស៊ីសេរីថា នៅភូមិស្រុករបស់លោកសព្វថ្ងៃមានក្មេងៗញៀនថ្នាំច្រើនណាស់ មិនថាប្រុស មិនថាស្រី មិនថាកូនអ្នកមាន ឬកូនអ្នកក្រនោះទេ។ លោកថា លោកមិនដែលឃើញអាជ្ញាធរចាប់យកក្មេងញៀនថ្នាំទាំងនេះ ទៅអប់រំឬក៏យកទៅចូលមណ្ឌលផ្ដាច់ថ្នាំញៀននោះទេ។
លោក គង់ សាវង្ស បន្តទៀតថា ពេលខ្លះឪពុកម្ដាយដឹងថា កូនញៀនថ្នាំហើយទៅប្ដឹងនគរបាល តែនគរបាលធ្វើមិនដឹងឡើយ ទាល់តែក្មេងនោះ ប្រើអំពើហិង្សាលើអ្នកដទៃ ឬក៏ក្លាយជាចោរទើបនគរបាលចាប់ពួកគេ៖ «យើងត្រូវដឹង ប៉ូលិសលក់គ្រឿងញៀន ហ៊ានធ្វើអីប៉ូលិស ចាប់យូរ ៗ វាកុងគ្នាម្ដងៗ ចាប់បានសុទ្ធផ្កាយ។ តាមភូមិខ្ញុំអាគ្រឿងញៀនហ្នឹងវា៨០%ហើយ ក្មេងៗ ជក់គ្រឿងញៀន។ ខ្ញុំអ្នកលក់បំពង់ស្ទង់កម្ដៅ អាបំពង់ស្ទង់កម្ដៅហ្នឹងសម្រាប់ស្ទង់កម្ដៅក្មេងៗទេ ប៉ុន្តែឱ្យតែអាណាមកទិញអាហ្នឹង ខ្ញុំដឹងថា ហ្នឹងអ្នកជក់គ្រឿងញៀនហើយ វាយកអាគ្រឿងញៀនហ្នឹងដាក់ក្នុងដបទឹកសុទ្ធិ កាលណាគ្រប់កម្ដៅវាជក់ តែបើកម្ដៅលើសវាជក់ទៅគាំងបេះដូង»។
ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តប៉ៃលិន លោកស្រី អោក សំអាត សព្វថ្ងៃដោយសារតែមានថ្នាំញៀនចូលស្រុក ធ្វើឱ្យក្មេងៗដែលធ្លាប់តែជាក្មេងល្អបោះបង់ចោលសាលារៀន មិនស្ដាប់ដំបូន្មានឪពុកម្ដាយ ហើយថែមទាំងបង្កើតជាបងតូចបងធំ វៃកាប់ចាក់គ្នាពេញស្រុកទៀតផង៖ «ចា៎ ! ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ហ្នឹង សំណូមពរឱ្យរដ្ឋាភិបាលយើងហ្នឹង ហើយហ្នឹងសមត្ថកិច្ចនៅតាមភូមិឃុំយើងហ្នឹង ពង្រឹងផ្នែកខាងគ្រឿងញៀនហ្នឹងឱ្យបានខ្លាំងមែនទេន កម្ចាត់គ្រឿងញៀនហ្នឹងអស់ វាបំបាត់ទៅការភ័យខ្លាច លើកុមារ ស្រីៗ ហើយនិងចោរតាមផ្ទះ តាមអី ក្រែងលោលួចគោ លួចអី ដូចរាល់ឆ្នាំ មានបាត់គោបាត់អី ដោយសារចេញពីណាមក ចេញពីគ្រឿងញៀនហ្នឹងដែរ»។
ការលើកឡើងអំពីកង្វល់របស់ពលរដ្ឋនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យអង្គការជាតិ និងអន្តរជាតិជួយប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវឱ្យអាណាព្យាបាលបន្តយកចិត្តទុកដាក់ថែទាំ អប់រំកូនចៅឱ្យបានល្អ ចៀសពីគ្រឿងញៀន ជំងឺកូវីដ១៩ និងបញ្ហាអវិជ្ជមានផ្សេងៗក្នុងសង្គម។ លោកក៏បានបញ្ជាឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសគ្រឿងញៀនផងដែរ។ លោក ហ៊ុន សែន លើកឡើងបែបនេះតាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី២៦ មិថុនា ដែលជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងឱកាសនោះ អាជ្ញាធរបានដុតបំផ្លាញគ្រឿងញៀនជាច្រើនប្រភេទ សរុបជិត៥០០ គីឡូក្រាម នៅរាជធានីភ្នំពេញ ក្បែរទីតាំងក្រសួងបរិស្ថាន។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា ទោះជាសមត្ថកិច្ចបានបង្ក្រាបករណីតូចតាច និងករណីធំៗ ដូចជានៅក្លឹបកម្សាន្តរ៉ុក (Rock) របស់ឧកញ៉ា គិត ធាង ជាដើមក្តី ក៏គ្រឿងញៀននៅរីករាលដាលដដែល។ លោកយល់ថា ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរគួរតែ ដាក់ទោសមេឈ្មួញធំៗ ឱ្យសមនឹងច្បាប់ ចំណែកអ្នកប្រើប្រាស់ដែលច្បាប់ចាត់ទុកថា ជាជនរងគ្រោះនោះ គឺត្រូវតែអប់រំពួកគាត់ ឱ្យអស់លទ្ធភាព៖ «ការបង្ក្រាប គឺបង្ក្រាបទៅលើអ្នកជួញដូរ អ្នកផលិត អ្នកនាំចូល ឱ្យបានមានប្រសិទ្ធភាព ជាពិសេសយើងគាំទ្រ ធ្វើយ៉ាងណា កុំឱ្យមានមន្ត្រី ឬ អាជ្ញាធរ ហ្នឹង ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ហើយបើសិនមានការពាក់ព័ន្ធ ដាច់ខាតត្រូវតែធ្វើការបង្ក្រាប ទប់ស្កាត់ ការចាប់យកទៅអនុវត្តទៅតាមផ្លូវច្បាប់ អាហ្នឹងវាអាចមានប្រសិទ្ធភាព»។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា រយៈពេល៥ខែដើមឆ្នាំ២០២០ នេះ អាជ្ញាធរបង្ក្រាបបទល្មើស និងរឹបអូសគ្រឿងញៀនបានប្រមាណ ២៦០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួនជិត ៩ពាន់ (៨.៨៦៤)នាក់៕