តុលាការ​ក្រុង​ហូជីមិញ​កាត់ទោស​ជនជាតិ​វៀតណាម​៨​នាក់​ពី​បទ​ជួញដូរ​សរីរាង្គ​មនុស្ស

តុលាការក្រុង​ហូជីមីញ (HCMC) កាត់ទោស​ជនជាតិ​វៀតណាម​មួយ​ក្រុម​មាន​គ្នា ៨​នាក់​ឲ្យ​ជាប់​ពន្ធនាគារ ចន្លោះ​ពី ១០ ទៅ​១៦​ឆ្នាំ ពី​បទ​ជួញដូរ​ក្រលៀន ដោយ​បាន​បញ្ជូន​ជនជាតិ​វៀតណាម​៣៧​នាក់ ទៅ​ប្រទេស​កម្ពុជា​ដើម្បី​វះកាត់​ប្តូរ​ក្រលៀន​ថ្មី (Kidney)។

សារព័ត៌មាន​វៀតណាម​អេចប្រេស (vnexpress)ចុះផ្សាយ​កាលពី​ថ្ងៃទី២៣ ខែ​មីនា​ថា មេក្រុម​ជួញដូរ​សរីរាង្គ​ឈ្មោះ​លោកស្រី តុន នូធី ហ៊ូយេន (Ton Nu Thi Huyen) អាយុ ៤៦​ឆ្នាំ ដែល​បាន​ស្លាប់​ដោយសារ​បញ្ហា​ក្រលៀន ខណៈ​ដែល​អាជ្ញាធរ​វៀតណាម កំពុង​ស៊ើបអង្កេត​ករណី​ជួញដូរ​សរីរាង្គ​មនុស្ស​នេះ។ ជនល្មើស​ទាំង​៨​នាក់​នោះ​បាន​បង្កើត​បណ្ដាញ​របស់​ខ្លួន ដើម្បី​ស្វែងរក​អ្នក​លក់​និង​អ្នក​ទិញ​ក្រលៀន នៅ​ប្រទេស​វៀតណាម។

សាលក្រម​ផ្ដន្ទាទោស​ឲ្យ​ដឹង​ថា លោកស្រី តុន នូធី ហ៊ូយេន បាន​មក​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០១៦ និង​បាន​ជួប​វេជ្ជបណ្ឌិត​ជនជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ ត្រាន់ (Tran) ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​យោធា​ក្រុងភ្នំពេញ​។ វេជ្ជបណ្ឌិត​សិង្ហបុរី​រូប​នោះ ក៏​បាន​ប្រាប់​លោកស្រី ហ៊ូយេន ឲ្យ​ជួយ​ស្វែងរក​អតិថិជន​ទិញ​ក្រលៀន ដើម្បី​វះកាត់​ប្តូរ​ក្រលៀន​ថ្មី ក្នុង​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន ៥​ពាន់​ដុល្លារ ដល់ ១​ម៉ឺន ៧​ពាន់​ដុល្លារ​។ ចំណែក​លោកស្រី ហ៊ូយេន វិញ ទទួល​បាន​ប្រាក់កម្រៃ​ចំនួន ជិត ៣​ពាន់​ដុល្លារ (US$2,973) រាល់​ករណី​ប្តូរ​ក្រលៀន​ថ្មី។

ប្រភព​ដដែល​បន្ត​ថា ក្រោយពី​វះកាត់​យក​ក្រលៀន​ចេញ​ហើយ ពួកគេ​ត្រូវ​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុងភ្នំពេញ​ចំនួន ១២​ថ្ងៃ ដោយ​ទទួល​បាន​ប្រាក់កម្រៃ ក្នុង​ម្នាក់ៗ​ជិត​៩​ពាន់​ដុល្លារ (VND200-210 million)​។ ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៧ ដល់​ខែមករា ឆ្នាំ​២០១៩ ក្រុម​ឈ្មួញ​ទុច្ចរិត បាន​ទិញ​ក្រលៀន​ពី​អតិថិជន​ចំនួន​១០០​នាក់ និង​បាន​បញ្ជូន​ជនជាតិ​វៀតណាម​៣៧​នាក់ មក​ទទួល​ការ​វះកាត់​ប្តូរ ក្រលៀន​ថ្មី នៅ​ប្រទេស​កម្ពុជា។

អាជ្ញាធរ​វៀតណាម​បាន​ទាក់ទង​ទៅ​ក្រសួង​យុត្តិធម៌​កម្ពុជា ដើម្បី​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ពី​ចំនួន​ករណី​ជួញដូរ​ក្រលៀន​នេះ​ដែរ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​និង​សហការ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។