អ្នក​ឃ្លាំមើល​ចង់​ឲ្យ​នគរបាល​ចរាចរណ៍​បន្ធូរ​បន្ថយ​ការ​ផាក​ពិន័យ​បទ​ល្មើស​មួយ​ចំនួន និង​ទម្លាក់​តម្លៃ​ផាក​មក​ត្រឹម ២០ភាគ​រយ

អ្នក​ឃ្លាំមើល​សុវត្ថិភាព​ចរាចរណ៍ ថា នគរបាល​ជំនាញ មិន​ទាន់​បាន​បន្ធូរ​បន្ថយ​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ចាំ​បាច់​មួយ​ចំនួន ដែល​ពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព​បង់​ផាក​ពិន័យ​ទេ។

ពលរដ្ឋ​ ចង់​ឲ្យ​រដ្ឋាភិបាល​ លើក​លែង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ ដល់​ជន​ក្រីក្រ អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ និង​ទម្លាក់​តម្លៃ​ផាក​ពិន័យ​ឲ្យ​ទាប។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ សង្កេត​ឃើញ​ថា ​មាន​ករណី​ខ្លះ មេ​ប៉ូលិស​ចរាចរណ៍ ឬ​ស្នងការ​ បាន​ជួយ​សម្រប​សម្រួល​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ បាន​រួច​ពិន័យ​ធ្ងន់ធ្ងរ​ខ្លះ​ដែរ។ តែ​យ៉ាង​ណា មិន​ទាន់​មាន​ការ​ប្រកាស​បន្ធូរ​បន្ថយ​ការ​ផាក​ពិន័យ​ជា​ផ្លូវ​ការ​ទេ។

អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​រូប​នេះ ជឿ​ថា រដ្ឋាភិបាល​ ពិត​ជា​បាន​ដឹង​ពី​ប្រតិកម្ម​របស់​ពលរដ្ឋ​ប៉ុន្មាន​​ថ្ងៃ​មក​​នេះ ដូច្នេះ​លោក ចង់​ឲ្យ​រដ្ឋាភិបាល​ពិចារណា បន្ធូរ​បន្ថយ​​បទ​ល្មើស​ចរាចរណ៍​ដែល​​ត្រូវ​​ផាក​ពិន័យ​​សម្រាប់​ម៉ូតូ ឬ​ម៉ូតូ​សណ្ដោង​​រ៉ឺម៉ក​​​ របស់​អ្នក​ក្រីក្រ និង​ទម្លាក់​តម្លៃ​ផាក​ពិន័យ​មក​ត្រឹម​២០​ភាគ​រយ​វិញ។ លោក​ គង់ រតនៈ​ លើក​ទឹក​ចិត្ត​ ឲ្យ​នគរបាល​ចរាចរណ៍ ពង្រឹង​ការ​ផាក​ពិន័យ​​​​យាន​យន្ត​ធំៗ ដែល​មាន​លទ្ធភាព​ខ្ពស់ ក្នុង​ការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន​​ធ្ងន់ធ្ងរ៖ « គួរ​តែ​ផ្ដល់​សិទ្ធិ​អាទិភាព ដូច​ខាង​​ប៉ូលិស​គាត់​បាន​ធ្វើ​អ៊ីចឹង បើ​ថា ម៉ូតូ​មាន​៧​ចំណុច ឡាន​មាន​៩​ចំណុច​គួរ​តែ​ពង្រឹង​ទៅ​លើ​អា​ហ្នុង​ឲ្យ​បាន​ច្រើន​ជាង ហើយ​គួរ​ផ្ដោត​ទៅ​លើ​អា​ណា​ជា​ហានិភ័យ​ធំ ជាង​គេ។ អា​ហ្នឹង បាន​យើង​ធ្វើ​ដើម្បី​គោល​ដៅ​នៃ​អនុក្រឹត្យ​ហ្នឹង​ល្អ។ ប៉ុន្តែ​បើ​យើង​ចាប់​ផ្ដើម​​ឡើង ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ថា ពី​កន្លង​មក​យើង​ឃើញ​ថា ដោយសារ​ពេល​វេលា​មិន​​សាក​សម​វា​មាន​ប្រតិកម្ម​ច្រើន ពី​ពលរដ្ឋ​ដូច​គ្នា​ដែរ»

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​សណ្ដាប់​ធ្នាប់ និង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន បាន​​ថ្លែង កាល​ពី​ថ្ងៃ​ទី៣០ មេសា ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នគរបាល​ចរាចរណ៍​ តម្រូវ​ឲ្យ​អនុវត្ត​ផាក​ពិន័យ​តែ​បទ​ល្មើស​ចំនួន១៦ ប៉ុណ្ណោះ ក្នុង​ចំណោម​នៃ​បទ​ល្មើស​ជាង ៧០បទ​ល្មើស​ចរាចរណ៍។

លោក បញ្ជាក់​ថា សម្រាប់​ម៉ូតូ ផាក​ពិន័យ ៧បទ​ល្មើស​ទេ គឺ​ មិន​ពាក់​មួក​សុវត្ថិភាព​ ពិន័យ ៦ម៉ឺន​រៀល ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង ពេល​បើក​បរ ពិន័យ ៨ម៉ឺន​រៀល​ មិន​គោរព​ភ្លើង​ស្ដុប មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ល្មើស​ការ​បត់​ វ៉ា​ជែង និង​ដឹក​លើស​ចំណុះ ពិន័យ ១០ម៉ឺន​រៀល។ ម៉ូតូ​គ្មាន​ស្លាក​លេខ ពិន័យ ១២ម៉ឺន​រៀល។ បើក​ម៉ូតូ​ក្នុង​ភាព​ស្រវឹង ត្រូវ​ពិន័យ​តាម​កម្រិត​ជាតិ​អាកុល ចាប់​ពី ២៥ម៉ឺន​រៀល ឬ​ស្មើ ៦២ដុល្លារ​អាមេរិក ដល់ ១លាន​រៀល ឬ​ស្មើ​ប្រមាណ ២៥០ដុល្លារ។

ចំណែក​រថយន្ត ឬ​ឡាន ​ចាប់​ផាក​ពិន័យ ៩បទ​ល្មើស គឺ​ល្មើស​ល្បឿន ស្រវឹង គ្មាន​ប័ណ្ណ​បើកបរ មិន​គោរព​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា​ចរាចរណ៍ ល្មើស​ការ​បត់ វ៉ា​ជែង ​មិន​ពាក់​ខ្សែ​ក្រវាត់​ការពារ​សុវត្ថិភាព ដឹក​លើស​ចំណុះ​គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង។ ចំពោះ​រថយន្ត​ពិន័យ​ចាប់​ពី ១២ម៉ឺន​រៀល ឬ ៣០ដុល្លារ ដល់​បួន​លាន​រៀល ស្មើ​ប្រមាណ ១.០០០​ដុល្លារ។

ទោះ​យ៉ាង​ណា ពលរដ្ឋ​ មិន​សូវ​ជំទាស់​នឹង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​លើ​រថយន្ត​ទេ។ តែ​ប្រតិកម្ម​នឹង​ការ​ផាក​ពិន័យ​​ម៉ូតូ​ចាស់ៗ សម្រាប់​រក​ស៊ី​ចិញ្ចឹម​ជីវិត។ ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី និង​អ្នក​​លក់​ដូរ​តាម​ម៉ូតូ​​សណ្ដោង​រ៉ឺម៉ក​​​ខ្លះ​ ថា ពួកគេ​គ្មាន​លទ្ធភាព​ទិញ​ម៉ូតូ​ថ្មី ដែល​មាន​កាតគ្រី​ត្រឹមត្រូវ​យក​មក​សណ្ដោង​រ៉ឺម៉ក​ទេ។ពួក​គេ​ថា ច្បាប់​ថ្មី បង្ខំ​ដាក់​ពិន័យ​ខ្លាំង​ពេក​ ទាមទារ​​​ប័ណ្ណ​បើក​បរ​ម៉ូតូ​សណ្ដោង​ និង​កាតគ្រី​ម៉ូតូ​ ជាដើម ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​លែង​សូវ​ហ៊ាន​ចេញ​រក​ស៊ី។

លោក ញ៉េប ឌឿន ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី នៅ​ខណ្ឌ​ដង្កោ ប្រាប់​ថា លោក​លែង​ ចេញ​ដឹក​ភ្ញៀវ​ច្រើន​ថ្ងៃ​ហើយ ដោយសារ​ខ្លាច​ប៉ូលិស​ចរាចរណ៍​ចាប់​ផាក ព្រោះ​គ្មាន​ប័ណ្ណ​បើក​បរ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​កង់​បី។ អ្នក​រត់​កង់​បី​រូប​នេះ​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ បន្ធូរ​បន្ថយ ឬ​លុប​ចោល​ការ​ពិន័យ​ប័ណ្ណ​បើក​បរ និង​កាតគ្រី សម្រាប់​ក្រុម​អ្នក​ប្រកប​មុខ​របរ​សណ្ដោង​រ៉ឺម៉ក​គ្រប់​ប្រភេទ៖ «( ខ្ញុំ ) អត់​បាន​ចេញ រត់​ទេ​បង​អើយ។ ចាប់​ពី​ច្បាប់​ចរាចរណ៍ ( ថ្មី ) ចេញ​ផាក​មក គឺ​ពួក​ខ្ញុំ​មាន​ការ​លំបាក។ អ្នក​ខ្លះ​អត់​ហ៊ាន​ចេញ​រត់​ទេ ព្រោះ​អ្វី​កាល​ណា​បើ​ចេញ​រត់​ទៅ គេ​ផាក​អស់​លុយ​ច្រើន អត់​មាន​លុយ​ឲ្យ​គេ ហើយ​ឥឡូវ​នេះ តាំង​ពី​កូវីដ​មក​ហើយ មាន​ច្បាប់​ចាប់​ចរាចរណ៍​ហ្នឹង​ទៀត ពួក​ខ្ញុំ​រឹត​តែ​វេទនា​បណ្ដោយ។ អត់​មាន​ភ្ញៀវ​ដឹក​ហើយ គេ​ចេញ​ច្បាប់ អ៊ីចឹង​ទៀត ពួក​ខ្ញុំ​នៅ​ផ្ទះ​បណ្ដោយ សេរ៉ូ ( ) ឥឡូវ»

រយៈ​ពេល ៥ថ្ងៃ នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ផាក​ពិន័យ​ធ្ងន់ធ្ងរ​មក​នេះ ពលរដ្ឋ​បាន​បង្កើន​ការ​រិះគន់ និង​ប្រតិកម្ម​យ៉ាង​ខ្លាំង ជុំវិញ​ការ​អនុវត្ត​វិធានការ​ ផាក​ពិន័យ​យ៉ាង​តក់​ក្រហល់​របស់​រដ្ឋាភិបាល។នគរបាល ក៏​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច ២នាក់​ដែរ ព្រោះ​បាន​រិះគន់​ការ​ផាក​ពិន័យ​ចរាចរណ៍ គឺ​យុវជន​ឈ្មោះ រស់ ដារ៉ា ម្ចាស់​គណនី Facebook ឈ្មោះ Alex Piano និង​យុវតី ឈ្មោះ គួក ស្រី​ណា ម្ចាស់​គណនី TIKTOK ឈ្មោះ អែ ណា។ ប៉ូលិស​ បាន​ចោទ​ពួក​គេ​ថា យក​រូប​ភាព​វីដេអូ​ចាស់​មក​ផុស បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ និង​បង្គាប់​ឲ្យ​ធ្វើ​វីដេអូ​សុំ​ទោស​ជា​សាធារណៈ​ រួច​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។