នៅថ្ងៃទី២២ មករា សមាជិកគ្រួសារ សង្គមស៊ីវិល សហជីពការងារ និងអ្នកនយោបាយក្រៅរដ្ឋាភិបាលប្រមូលផ្ដុំគ្នា នៅទីកន្លែងតម្កល់ រូបសំណាក លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរំឭកខួប ២០ឆ្នាំ នៃការសម្លាប់អតីតប្រធានសហជីពសេរីកម្មកររូបនេះ។ ពួកគេអំពាវនាវ រួមទាំងដាក់ញត្តិទៅលោក ហ៊ុន ម៉ាណែត ឱ្យរកយុត្តិធម៌ជូនលោក ជា វិជ្ជា។
ក្រុមគ្រួសារ សង្គមស៊ីវិល សហជីពជាតិ និងអន្តរជាតិ គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ នៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជារកយុត្តិធម៌ ជូនអតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ២០ឆ្នាំមុន ដោយថ្លែងថា ការទាមទាររកយុត្តិធម៌មិនចប់ទេ បើមិនបានយុត្តិធម៌នោះ។
សហការីនិងជាមិត្តភក្តិជិតស្និទ្ធរបស់លោក ជា វិជ្ជា គឺលោក រ៉ុង ឈុន ថ្លែងថា នៅពេលកម្មករខ្មែរកំពុងប្រឈមបញ្ហាដូចសព្វថ្ងៃ លោកនឹកឃើញពីពលិកម្មដ៏ធំធេងរបស់លោក ជា វិជ្ជា ដែលបានការពារសិទ្ធិនិងផលប្រយោជន៍កម្មករ កាលពីគាត់នៅមានជីវិត។
លោក រ៉ុង ឈុន៖«២០ឆ្នាំហើយក៏ដោយ ក៏យើងនៅតែបន្តវែកមុខរកឃាតកពិត និងអ្នកនៅក្រោយខ្នងឃាតក យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់»។

ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ បានលើកសំណួរថា តើយុត្តិធម៌នៅឯណាសម្រាប់លោក ជា វិជ្ជា ក្នុងប្រទេសសន្តិភាព?
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «សូមផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះ ជាពិសេស ឪពុកម្ដាយ សាច់ញាតិ គ្រួសារបងប្អូនរបស់លោក ជា វិជ្ជា យើងរងចាំយុត្តិធម៌ជាច្រើនឆ្នាំមកហើយ ហេតុអីបានសម្លាប់មេដឹកនាំរបស់យើង ដែលជាមេដឹកនាំគំរូ ដែលមេដឹកនាំការពារសិទ្ធិ ប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត»។
ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុនី លើកឡើងថា ក្រុមគ្រួសារ សង្គមស៊ីវិល និងសហជីព នៅតែទន្ទឹងរង់ចាំយុត្តិធម៌ និងចង់ឃើញសមត្ថកិច្ចចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់ និងអ្នកនៅពីក្រោយនៃអំពើឃាតកម្មសម្លាប់លោក ជា វិជ្ជា បន្ទាប់ពីឃាតកម្មនេះបានកើតឡើងរយៈពេល ២០ឆ្នាំ។
លោក ជា មុនី៖«ថ្ងៃនេះ ជាសារមួយផ្ញើជូនទៅរាជរដ្ឋាភិបាលកម្ពុជាថា ២០ឆ្នាំហើយ គួរតែស្វែងរកឃាតក និងអ្នកនៅពីក្រោយខ្នងមិនបាច់បិទបាំងទេ សាក្សីគ្រប់គ្រាន់ ក្នុងការបង្ហាញដល់រដ្ឋាភិបាល តើរដ្ឋាភិបាលមានឆន្ទៈ និងបំណងចាប់ឃាតក ដែល ឬទេ?រឿងនេះ វាមិនមែនចប់ បើសិនណាជាមិនរកឃាតក បាយការណ៍ទាំងឡាយ ដែលបញ្ជូន ទៅដល់អង្គការពលកម្មអន្តរជាតិជារឿងរាល់ឆ្នាំ»។

យុវតី រៀម ស្រីពេជ្ររតនា ដែលចូលរួមក្នុងពិធីរំឭកខួប បាននិយាយ អំពីតម្លៃលោក ជា វិជ្ជា ថា គឺជាបញ្ញាជន ដែលមិនសំងំសុខ និងប្រើចំណេះជួយកម្មករងាយរងគ្រោះ ហេតុនេះ ការរក យុត្តិធម៌ជូនលោកជាការចាំបាច់ណាស់។
យុវតី រៀម ស្រីពេជ្ររតនា៖«ពួកយើងចង់បានយុត្តិធម៌។ យុត្តិធម៌សម្រាប់លោកពូ ជា វិជ្ជា គឺមិនមែនបានតែសម្រាប់លោកពូ ជា វិជ្ជា តែមួយទេ ក្នុងសង្គមយើង បើរកឃាតកពិតនៃលោកពូ ជា វិជ្ជា ឃើញ នោះនឹងធ្វើឱ្យសង្គមលុបបំបាត់ នូវភាពអយុត្តិធម៌ ហើយនិងកើតឡើងនូវយុត្តិធម៌ហើយសម្រាប់ប្រជាពលរដ្ឋទូទៅ នឹងជឿជាក់លើប្រព័ន្ធតុលាការ»។
រីឯអតីតសហការីសកម្មរបស់លោក ជា វិជ្ជា តាំងពីនៅជាយុវជនវ័យក្មេង គឺលោក ប៉ាវ ស៊ីណា លើកឡើងថា លោកនៅតែចងចាំវីរភាពរបស់ លោក ជា វិជ្ជា ដែលជា ធនធានមនុស្សដ៏សំខាន់បំផុតរបស់ជាតិ ដូច្នេះ អាជ្ញាធររដ្ឋគួរណាស់តែបង្ហាញ ចេតនាពិតក្នុងការរកយុត្តិធម៌ជូនវីរជនកម្មកររូបនេះ និងជនរងគ្រោះ ផ្សេងៗទៀត។
លោក ប៉ាវ ស៊ីណា៖ «ពួកយើងទាំងអស់គ្នាចង់ឃើញយុត្តិធម៌កើតមានពិតទៅដល់ជនរងគ្រោះ មិនមែនតែលោក ជា វិជ្ជា ទេ យើងឃើញមានតំណាងសហជីពជាច្រើនទៀត ដែលបានស្លាប់ ដែលត្រូវបានទទួលរងនូវភាពអយុត្តិធម៌ ពីសំណាក់ភាគី ដែលមានអំណាច មានលុយប្ដឹងចោទប្រកាន់។ ដូច្នេះ យើងទាំងអស់គ្នា ដែលជាអ្នកធ្វើតស៊ូមតិ ផ្នែកសិទ្ធិការងារ យើងចង់ឃើញមាន គោរពសិទ្ធិការងារ ដែលធានាដោយច្បាប់»។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ លើកថ្លែងថា បើមិនរកយុត្តិធម៌ ជូនលោក ជា វិជ្ជា និងជនរងគ្រោះជាច្រើនទៀតទេ ជាការបង្ហាញនូវវប្បធម៌និទណ្ឌភាព ឬវប្បធម៌រួចទោស ដែលធ្វើឱ្យមានការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារ ហើយកត្តានេះ គឺជាឧបសគ្គក្នុងដំណើរការអនុវត្តគោលការណ៍ ប្រជាធិបតេយ្យ ធ្វើឱ្យកំណែទម្រង់ នីតិរដ្ឋ ត្រូវបរាជ័យ និងប៉ះពាល់ដល់ការអភិវឌ្ឍ នៅប្រទេសកម្ពុជា។
លោក ឃុន ថារ៉ូ៖ «ខ្ញុំគិតថា ដើម្បីកសាង នូវទំនុកទុកចិត្តពីប្រជាពលរដ្ឋ ពីមហាជននៅក្នុងប្រទេសកម្ពុជា អ្វីដែលរាជរដ្ឋាភិបាលគួរតែគិតធ្វើ គឺដោះស្រាយនូវបញ្ហានិទណ្ឌភាពនេះ ដូចជា ករណីឃាតកម្មលើលោក ជា វិជ្ជា ករណីឃាតកម្មលើលោក ឈុត វុទ្ធី ករណី ឃាតកម្មទៅលើបណ្ឌិត កែម ឡី ករណីឃាតកម្មទៅលើអ្នកសារព័ត៌មាន»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បាននិយាយថា ការទាមទារ យុត្តិធម៌សម្រាប់លោក ជា វិជ្ជា មិនត្រឹមតែជាសំឡេងអំពាវនាវរបស់ប្រជាពលរដ្ឋ ខ្មែរ និងគ្រួសារលោក ជា វិជ្ជា ទេ ប៉ុន្តែក៏មានសហគមន៍អន្តរជាតិដែរ។
លោកថា រដ្ឋាភិបាលថ្មី គួរអនុវត្តឱ្យបានប្រសើរឡើងនូវគោលការណ៍យុត្តិធម៌ និងធានាការគោរពសេរីភាព ប្រជាធិបតេយ្យ តាមរដ្ឋធម្មនុញ្ញ ដូចជា សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយជាដើម ដែលជាការទាមទារដោយសហភាពអឺរ៉ុប និងអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីបានផលប្រយោជន៍ពីសហគមន៍អន្តរជាតិ។
លោក អាត់ ធន់៖«មកដល់ពេលនេះ អ្វីដែលយើងដឹង អង្គការ(ILO)គឺបានបន្តឱ្យរដ្ឋាភិបាលពិនិត្យមើលដើម្បីស្វែងឃាតកពិតទៀត។ រឿងនេះ វាមិនចប់នៅត្រឹមការទាមទាររកយុត្តិធម៌ពីសហជីពសេរីកម្មករ ឬបងប្អូន ឬញាតិមិត្តរបស់គ្រួសារសពទេ ក៏ដូចជាប្រទេសកម្ពុជា សូម្បីតែអង្គការអន្តរជាតិ(ILO)ក៏នៅបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជារកឃាតកពិត ដើម្បីរកយុត្តិធម៌ជូនទៅជនរងគ្រោះ»។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើងថា ការទាមទាររកយុត្តិធម៌មិនចេះចប់ទេ បើមិនបានយុត្តិធម៌ ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ភាពជាមនុស្សយុត្តិធម៌ វាស់វែងបាននៅពេល អ្នកដែលត្រូវបានគេរំលោភ ត្រូវគេបំពានក្រោកឈរឡើងទាមទារសិទ្ធិមូលដ្ឋានរបស់ខ្លួនឯង អត់ត្រូវបានចាប់ដាក់គុក អត់ត្រូវបង្ក្រាប»។
នៅក្នុងពិធីរំឭកខួប ២០ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា សាច់ញាតិ ក្រុមមេដឹកនាំសហជីពអង្គការសង្គមស៊ីវិល និងអ្នកនយោបាយក្រៅរដ្ឋាភិបាល បានដាក់ញត្តិទៅលោក ហ៊ុន ម៉ាណែត ដោយអំពាវនាវឱ្យស៊ើបអង្កេត ឱ្យបានម៉ត់ចត់ និងប្រកបដោយជំនាញច្បាស់លាស់ លើឃាតកម្មលោក ជា វិជ្ជា មេដឹកនាំសហជីពលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែនបូណា បានទេ នៅថ្ងៃទី២២ មករា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
គណបក្សភ្លើងទៀន នៅថ្ងៃទី២២ មករា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យស្រាវជ្រាវចាប់ឃាតកពិត ទៅផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនលោក ជា វិជ្ជា និងក្រុមគ្រួសារ។
គណបក្សនេះថា លោក ជា វិជ្ជា ជាសកម្មជនការពារសិទ្ធិមនុស្សដ៏អង់អាចក្លាហានដំបូងបង្អស់ ដែលបានរៀបចំបង្កើតឱ្យមានសហជីពសេរីកម្មករ ដើម្បីទាមទារ តវ៉ាលក្ខខណ្ឌការងារ ដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។