គ្រួសារកុមាររងគ្រោះដោយម្សៅទឹកដោះគោ Nutrilatt សោកស្ដាយដែលក្រសួងយុត្តិធម៌មិនជួយពន្លឿន
2023.03.17
ក្រុមម្ដាយកុមាររងគ្រោះ ដោយសារការប្រើប្រាស់ម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) សម្ដែងការសោកស្ដាយដែលក្រសួងយុត្តិធម៌មិនអាច ជួយអន្តរាគមន៍ពន្លឿនឱ្យពួកគាត់ទទួលបានយុត្តិធម៌។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា តុលាការគួរពន្លឿនសំណុំរឿងនេះឱ្យក្រុមគ្រួសាររងគ្រោះ ឱ្យបានឆាប់ដើម្បីពង្រឹងការអនុវត្តច្បាប់ ដាក់ទោសថៅកែក្រុមហ៊ុនឱ្យបានឆាប់ ដើម្បីជាការព្រមានកុំឱ្យមានការចែកចាយម្សៅទឹកដោះគោ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទារក។
ក្រុមគ្រួសារកុមារជាជនរងគ្រោះលើកឡើងដូចៗគ្នាថា ការទន្ទឹងរង់ចាំយុត្តិធម៌យូររហូតដល់រាប់ឆ្នាំ ប្រៀបដូចជាការមិនផ្ដល់យុត្តិធម៌ដល់ពួកគាត់ដូច្នេះដែរ។
ម្ដាយកុមាររងគ្រោះម្នាក់ គឺលោកស្រី ចាន់ សុផានី ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីសោកស្ដាយដែលក្រសួងយុត្តិធម៌មិនអាចអន្តរាគមន៍ ឱ្យប្រព័ន្ធតុលាការផ្ដល់យុត្តិធម៌ដល់គ្រួសារលោកស្រីឱ្យបានឆាប់។ លោកស្រីបន្ថែមថា ការបន្តនីតិវិធីនៅតុលាការឧទ្ធរណ៍ មិនត្រឹមតែរំខានពេលវេលាឱ្យលោកស្រី និងគ្រួសារខាតបង់ថវិកាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តរបស់លោកស្រីផងដែរ នៅពេលរម្លឹកទៅដល់ស្ថានភាពកូនរបស់លោកស្រីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លោកស្រី ចាន់ សុផានី បន្ថែមថា ក្រសួងយុត្តិធម៌មិនគួរបណ្ដោយឱ្យថៅកែក្រុមហ៊ុន ពន្យារពេលគេចវេះពីទំនួលខុសត្រូវរបស់ខ្លួន ដែលបានចែកចាយម្សៅទឹកដោះគោបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពទារកធ្ងន់ធ្ងរ រាប់សិបនាក់នោះឡើយ។
លោកស្រី ចាន់ សុផានី៖ «បើរឿងក្ដីហ្នឹងវាចប់ វាដោះស្រាយចប់អ៊ីចឹងទៅ ខ្ញុំគិតថាយើងក៏ទទួលបានយុត្តិធម៌មួយសម្រាប់ឱ្យកូនយើងហើយ អ៊ីចឹងយើងក៏ធូរទៅតាមហ្នឹងអ៊ីចឹងទៅ ដល់តែយើងងាកៗ រឿងក្ដីចូលចង់៣ឆ្នាំអត់ទាន់ចប់ អ៊ីចឹងអារម្មណ៍ហ្នឹងវានៅតែរើកកាយឡើងមកនូវទិដ្ឋភាពកូននៅមន្ទីរពេទ្យដាក់ឈាម»។
ស្រដៀងគ្នាម្ដាយកុមាររងគ្រោះម្នាក់ គឺលោកស្រី គង់ ចន្ទម៉ាលីស លើកឡើងថា ការអូសបន្លាយមិនឱ្យថៅកែក្រុមហ៊ុនសងជំងឺចិត្តរហូតដល់ជាង៣ឆ្នាំមកហើយនោះ គឺប្រៀបដូចជាការផ្ដល់ភាពអយុត្តិធម៌ ដល់គ្រួសារលោកស្រី។ លោកស្រីសោកស្ដាយដែលក្រសួងយុត្តិធម៌មិនអាចជួយពន្លឿនឱ្យ ប្រព័ន្ធតុលាការផ្ដល់យុត្តិធម៌ដល់គ្រួសារលោកស្រី ព្រោះការបន្តឡើងតុលាការ និងការរម្លឹកពីរូបភាពរបស់កូនលោកស្រីក្នុងសភាពស្លេកស្លាំង គឺប្រៀបដូចជាការធ្វើទារុណកម្មផ្លូវចិត្តរបស់លោកស្រីដូច្នេះដែរ។
លោកស្រី គង់ ចន្ទម៉ាលីស៖ «ងាកៗត្រូវតុលាការកោះហៅ ងាកៗត្រូវតុលាការកោះហៅ វាសើរើបញ្ហាផ្លូវចិត្តដែលពួកខ្ញុំពីមុននៅដដែលៗ វាច្រំដែល មិនដឹងថា ពេលណាបានពួកខ្ញុំអាចព្យាបាលបញ្ហាផ្លូវចិត្តហ្នឹងបាន។ ពួកខ្ញុំចង់តែបញ្ចប់រឿងក្ដីហ្នឹងឱ្យឆាប់ចប់ទេ ដើម្បីឱ្យពួកខ្ញុំព្យាបាលរបួសស្នាមហ្នឹង ឱ្យវាជាសះ»។
ការលើកឡើងទាំងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបនឹងលិខិតសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ថា ក្រសួងយុត្តិធម៌មិនអាចជួយពន្លឿននីតិវិធីច្បាប់ដល់គ្រួសារជនរងគ្រោះនោះឡើយ។
ក្រុមហ៊ុន S&TK Trading Co.Ltd បានចែកចាយម្សៅទឹកដោះគោ នូទ្រីលេត គ្មានគុណភាពធ្វើឱ្យទារកឈឺ ខ្វះគ្រាប់ឈាមក្រហម ជាតិដែក និងជាតិស័ង្កសីធ្ងន់ធ្ងរ កាលពីឆ្នាំ២០១៩។ សាលាដំបូងរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២២ បានសម្រេចឱ្យថៅកែក្រុមហ៊ុនចែកចាយម្សៅទឹកដោះគោ នូទ្រីលេត លោកស្រី ខុន កែវកេសី ជាប់ពន្ធនាគារ១០ខែ និងត្រូវបង់ថវិកាចូលរដ្ឋចំនួន៨លានរៀល (៨,០០០,០០០រៀល)។ ជាមួយគ្នានេះ តុលាការក៏បានសម្រេចឱ្យក្រុមហ៊ុន សងជំងឺចិត្តដល់គ្រួសារកុមាររងគ្រោះពីការប្រើប្រាស់ម្សៅទឹកដោះគោ២១គ្រួសារផងដែរ ដោយគ្រួសារនីមួយៗទទួលបានប្រាក់ចាប់ពី១ម៉ឺនដុល្លារ (១០,០០០ដុល្លារ) ទៅដល់២ម៉ឺនដុល្លារអាមេរិក (២០,០០០ដុល្លារ) ដោយផ្អែកតាមស្ថានភាពជាក់ស្ដែងការខាតបង់នៃគ្រួសារនីមួយៗ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះនៅតែមិនទាន់ទទួលបានសំណងជំងឺចិត្ត ដោយសារភាគីក្រុមហ៊ុនបានបន្តប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ADHOC លោក ស៊ឹង សែនករុណា យល់ឃើញថា ប្រព័ន្ធតុលាការគួរតែបញ្ចប់សំណុំរឿងការចែកចាយម្សៅទឹកដោះគោ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទារកនេះឱ្យបានឆាប់។ លោកបន្ថែមថា ការពន្យារពេលសវនាការរហូតដល់រាប់ឆ្នាំបែបនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃការអនុវត្តច្បាប់នោះឡើយ តែក៏អាចធ្វើឱ្យសាធារណៈជនមានការសង្ស័យទៅលើភាពស្មោះត្រង់របស់មន្ត្រីតុលាការផងដែរ ខណៈសំណុំរឿងនេះ គឺជាវិវាទរវៀងក្រុមប្រជាពលរដ្ឋសាមញ្ញ ជាមួយនឹងថៅកែក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិច្រើន។
លោក ស៊ឹង សែនករុណា៖ «ប្រសិនបើប្រព័ន្ធអនុវត្តច្បាប់យើងបានល្អ បានត្រឹមត្រូវហើយ មិនមែនតែក្រុមហ៊ុនមួយនេះទេ គឺក្រុមហ៊ុនផ្សេងៗទៀតក្ដី គឺមិនហ៊ានអនុវត្តអ្វីឱ្យផ្ទុយពីច្បាប់ទេ ដោយសារតែអ្នកទាំងអស់នោះមិនរួចផុតពីសំណាញ់ច្បាប់ ហើយផ្ដន្ទាទោសដោយមានផ្ដល់សំណង ផ្ដន្ទាទោសតាមច្បាប់ដោយឱ្យឃើញជាក់ស្ដែងបែបនេះ ចង់មិនចង់អ្នកផ្សេងទៀតគាត់មិនហ៊ានល្មើសទេ បើសិនជាការអនុវត្តច្បាប់ដោយត្រឹមត្រូវដោយតឹងរ៉ឹង ហើយមានការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបានច្បាស់លាស់ ខ្ញុំជឿជាក់ថា ករណីបែបនេះអាចនឹងមិនកើតមានឡើងនៅក្នុងសង្គមកម្ពុជាទៀតទេ»។
អង្គការសង្គមស៊ីវិលលើកឡើងថា ការអនុវត្តនីតិវិធីច្បាប់ទៅលើថៅកែក្រុមហ៊ុនដែលបានចែកចាយម្សៅទឹកដោះគោ នាំឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទារករាប់រយនាក់ ហាក់ដូចជាមានស្ដង់២ ប្រៀបធៀបជាមួយនឹងការកាត់ក្ដីទៅលើសកម្មជនការងារសង្គម និងនយោបាយ។ ក្រុមគ្រួសារកុមាររងគ្រោះលើកឡើងថា ពួកគាត់នឹងបន្តដាក់ពាក្យសុំអន្តរាគមន៍ទៅកាន់ស្ថាប័នរដ្ឋបន្តទៀត ក្នុងពេលខាងមុខ ដើម្បីឱ្យក្រុមហ៊ុនសងជំងឺចិត្តដល់គ្រួសារពួកគាត់ឱ្យបានឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។