គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ ជួប​ការ​លំបាក ដោយសារ​អាជ្ញាធរ​យក​គ្រួសារ​ពួក​គេ​ឃុំខ្លួន នៅ​ខេត្ត​ដាច់​ស្រយាល

ដោយ សុ ជីវី
2024.07.03
គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ ជួប​ការ​លំបាក ដោយសារ​អាជ្ញាធរ​យក​គ្រួសារ​ពួក​គេ​ឃុំខ្លួន នៅ​ខេត្ត​ដាច់​ស្រយាល
រូបពីពលរដ្ឋ

ទន្ទឹម​នឹង​ការ​ព្រាត់​ឆ្ងាយ​ពី​សមាជិក​គ្រួសារ​ក្នុង​រយៈ​ពេល​ជិត ១០ឆ្នាំ តាម​អំណាច​សាលក្រម​របស់​តុលាការ សាច់ញាតិ​សកម្មជន​មាតា​ធម្មជាតិ កំពុង​ប្រឈម​បញ្ហា​មួយ​ថ្មី​ទៀត នោះ​គឺ​ការ​ពិបាក​ធ្វើ​ដំណើរ​ទៅ​ជួប​មុខ​ពួក​គេ ដោយសារ​ការ​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​តំបន់​ដាច់​ស្រយាល ឆ្ងាយ​ពី​ក្រុម​គ្រួសារ។ សង្គម​ស៊ីវិល​ថា ការ​ឃុំឃាំង​បំបែក​ពួក​គេ​ពី​គ្រួសារ​បែប​នេះ ជា​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវ​ចិត្ត និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស កាន់តែ​ធ្ងន់ធ្ងរ ដែល​ជំរុញ​ឱ្យ​តុលាការ​ត្រូវ​ពិចារណា​ចំណុច​នេះ​ឡើង​វិញ។

ទឹកភ្នែក​របស់​គ្រួសារ​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​មិន​ទាន់​ស្ងួត​នៅ​ឡើយ​ទេ ដោយសារ​ពួក​គាត់​ជួប​ការ​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​គ្រួសារ​របស់​ពួក​គេ ដែល​ត្រូវ​អាជ្ញាធរ​បញ្ជូន​ខ្លួន​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ នៅ​តាម​ខេត្ត​ឆ្ងាយៗ និង​ដាច់​ស្រយាល។

ប្អូនស្រី​របស់​កញ្ញា ឡុង គន្ធា គឺ​កញ្ញា ឡុង សុខលីន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ ខែកក្កដា ថា កញ្ញា​កំពុង​ធ្វើ​ដំណើរ​ទាំង​ទុក្ខ​ព្រួយ ទៅ​រក​បង​ស្រី គឺ​កញ្ញា ឡុង គន្ធា នៅ​ឯ​ពន្ធនាគារ​ខេត្តព្រះវិហារ។ កញ្ញា​រៀបរាប់​ថា មកដល់ពេលនេះ កញ្ញា​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​បង​ស្រី​កញ្ញា ពិត​ជា​ត្រូវ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ ពិតប្រាកដ ឬ​យ៉ាង​ណា​នោះ​ទេ។ កញ្ញា ឡុង សុខលីន លើក​ឡើង​ថា ប្រសិនបើ​បង​ស្រី​កញ្ញា ពិត​ជា​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ ពិត​ប្រាកដ​មែន នោះ​ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​មួយ​ទៀត មក​លើ​អ្នក​ជាប់​ឃុំ និង​គ្រួសារ បន្ថែម​ពី​លើ​ភាព​អយុត្តិធម៌​នៅ​តុលាការ។

កញ្ញា ឡុង សុខលីន៖ «វា​ជា​រឿង​មួយ ដែល​អយុត្តិធម៌ ហើយ​កាន់​តែ​អយុត្តិធម៌ និង​អាក្រក់​ខ្លាំង​បំផុត នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ទិដ្ឋភាព​បង​ស្រី​ខ្ញុំ និង​សកម្មជន​បី​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​អូសទាញ​ទាំង​ហិង្សា មាន​ជន​ស្លៀក​ពាក់​ស៊ីវិល​ចាប់​អូសទាញ​ក​គាត់​ទៅ​មួយ​ទំហឹង។ នៅ​ពេល​ដែល​ដាក់​ពួក​គាត់​ទៅ​តាម​មណ្ឌល​ខេត្ត​ផ្សេងៗ គ្នា វា​រឹតតែ​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក ហើយ​ក៏​ជា​រឿង​មួយ ដែល​អាក្រក់​សម្រាប់​ពួក​គាត់»

កាល​ពី​ថ្ងៃ​ទី២ ខែកក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន ១០នាក់​ដាក់​ពន្ធនាគារ​ពី ៦ ដល់ ៨ឆ្នាំ​ពី​បទ''រួមគំនិតក្បត់''និង «ប្រមាថ​ព្រះមហាក្សត្រ» និង​បាន​ចាប់​ខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ ៥ នាក់ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក យឹម លាងហ៊ី ដាក់ពន្ធនាគារ។

សមត្ថកិច្ច បាន​បញ្ជូន​សកម្មជន​ទាំង​នេះ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ គ្នា ដោយ​លោក យីម លាងហ៊ី ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ លោក ថុន រដ្ឋា នៅ​ពន្ធនាគារ ម៣ ត្រពាំងផ្លុង នៅ​ខេត្តត្បូងឃ្មុំ លោក លី ចាន់ដារ៉ាវុត នៅ​ពន្ធនាគារ​ខេត្តកណ្តាល កញ្ញា ភួន កែវរស្មី នៅ​ពន្ធនាគារ ម៤ នៅ​ឯ​ជើង​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រីឯកញ្ញា ឡុង គន្ធា វិញ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ។

ប្រពន្ធ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​យក​ប្ដី​លោកស្រី​ទៅ​ឃុំឃាំង​ដល់​ពន្ធនាគារ​ត្រពាំងផ្លុង ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី ៣ (ម៣) នៅ​ក្នុង​ខេត្តត្បូងឃ្មុំ គឺ​ជា​ការ​ធ្វើបាប​ផ្លូវចិត្ត និង​សេដ្ឋកិច្ច​គ្រួសារ ដែល​ត្រូវ​ចំណាយ​ប្រាក់​ទ្វេដង​លើ​ការ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ប្ដី ស្រប​ពេល​ដែល​លោកស្រី​មាន​បន្ទុក​ត្រូវ​រកស៊ី​ចិញ្ចឹម​កូន​តូចៗ ពីរ​នាក់​បន្ថែម​ទៀត។ លោកស្រី​ថា អ្វី​ដែល​បង្ក​សេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ឈឺ​ចាប់​ដល់​លោកស្រី​នោះ គឺ​នៅ​ថ្ងៃ​បន្ទាប់ លោកស្រី​នឹង​ត្រូវ​ពរ និង​ដឹក​ដៃ​កូន​តូចៗ ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ឯ​ពន្ធនាគារ ដែល​ទិដ្ឋភាព​នេះ នឹង​បន្សល់​ទុក​នូវ​ការ​ឈឺ​ចាប់​មួយ សម្រាប់​គ្រួសារ​លោកស្រី។

លោកស្រី ប៉ាត់ រស្មី៖ «យើង​ឈឺ​ចាប់​មែនទែន ដោយ​ចាប់​គាត់​ហើយ បញ្ជូន​គាត់​ទៅ​ឆ្ងាយ​ពី​គ្រួសារ​ទៀត ធ្វើ​ឱ្យ​មាន​ផល​លំបាក។ ពួកយើង​នឹង​អាច​ស្នើសុំ​ឱ្យ​មន្ត្រី​ពន្ធនាគារ​ហ្នឹង ឱ្យ​ផ្ទេរ​គាត់​មក​នៅ​ភ្នំពេញ​វិញ ដើម្បី​ងាយ​ស្រួល​គ្រួសារ​ទៅ​សួរ​សុខទុក្ខ​តាម ដែល​យើង​អាច​ធ្វើ​បាន»

មិនខុសពីប្រពន្ធរបស់​លោក ថុន រដ្ឋា នោះ​ទេ ប្រពន្ធ​របស់​សកម្មជន​មាតា​ធម្មជាតិ លោក យឹម លាងហ៊ី គឺ​លោកស្រី ហុង ស្រីម៉ៅ ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកស្រី​មិន​ទាន់​បាន​ជួប​មុខ​ប្ដី នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ នៅ​ឡើយ​ទេ ព្រោះ​លោកស្រី​កំពុង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ។ លោកស្រី​បន្ត​ថា ការ​បញ្ជូន​ប្ដី​លោកស្រី ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ នៅ​ខេត្តឆ្ងាយ​បែប​នេះ គឺ​ជា​ការ​ដាក់​បន្ទុក និង​បង្ក​ការ​លំបាក​ដល់​លោកស្រី​ថែម​មួយ​កម្រិត​ទៀត ខណៈ​លោកស្រី​បាន​បាត់បង់​បង្គោល​គ្រួសារ ហើយ​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន ហើយ​អ្វី​ដែល​រឹតតែ​ពិបាក​នោះ គឺ​នៅ​សល់​តែ​ជាង ២០ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោកស្រី​នឹង​ត្រូវ​សម្រាល​កូន។

លោកស្រី ហុង ស្រីម៉ៅ៖ «គាត់ (លោក យឹម លាងហ៊ី) ទើបតែ​ខល​មក​ខ្ញុំ​ដែរ។ ប៉ុន្តែ​គាត់​មិន​បាន​បញ្ជាក់​ជាមួយ​ខ្ញុំ​ទេ​ថា ការ​ចាប់​ខ្លួន​គាត់​ហ្នឹង ដោយ​របៀប​ណា។ បើ​តាម​យើង​មើល​ឃើញ​ទិដ្ឋភាព​ពី​ម្សិលមិញ វា​មិន​ជា​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​នឹង​សង្ឃឹម​ថា ការ​ចាប់​ខ្លួន​របស់​បង លាងហ៊ី ហ្នឹង វា​ល្អ​ប្រសើរ​ជាង​អ្នក​ទាំង​បួន​ហ្នឹង​ចុះ»

ជុំវិញរឿងនេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ឱ្យ​ដឹង​ថា ការ​សម្រេចឃុំឃាំងសកម្មជន​ទាំង ៥រូប នៅ​ពន្ធនាគារ​ក្នុងខេត្តផ្សេងគ្នាបែបនេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដោយ​ក្រសួង​មហាផ្ទៃ មាន​នាទី​ត្រឹម​ការ​អនុវត្ត​តាម។ តែ​យ៉ាង​ណា​ក្ដី លោក​ថា ការ​ឃុំឃាំង​អ្នកទោស​នៅ​ពន្ធនាគារ​ខុស​ពី​កន្លែង​ប្រព្រឹត្ត​បទល្មើស និង​ជំនុំជម្រះក្ដី គឺ​ស្រប​តាម​ច្បាប់​សកលលោក ដែល​ប្រទេស​ជា​ច្រើន ក៏​អនុវត្ត​បែប​នេះ​ដូច​គ្នា។

លោក ទូច សុខៈ៖ «ប៉ុន្តែ​បើ​ចង់​ច្បាស់​ទាល់តែ​សួរ​ទៅ​ខាង​តុលាការ​វិញ គ្រាន់តែ​ខ្ញុំ​ជា​លក្ខណៈ​ទូទៅ ស្មារតី​ច្បាប់​ទូទៅ។ ក្នុង​ហ្នឹង​វា​អាច​មាន​មូលដ្ឋាន​មក​ពី​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ អាច​ថា វា​ចង្អៀត ដោយ​ប្រការ​ណា​មួយ ឬ​ក៏​វា​តម្រូវ​ស្រប​ទៅ​តាម​ចរិត​នៃ​បទល្មើស ស្រប​ទៅ​តាម​ចរិត នៃ​អ្នក​ប្រព្រឹត្ត​បទល្មើស​ជា​ដើម ហូរហែ​អ៊ីចឹង​ទៅ»

ប៉ុន្តែ អនុប្រធានផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការ​ឃុំខ្លួន​សកម្មជន​មាតា​ធម្មជាតិ នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ គ្នា​នេះ បង្ហាញ​ពី​ចរិត នៃ​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវចិត្ត​ទៅ​លើ​ក្រុមយុវជន ដែល​ធ្វើ​កិច្ចការ​សង្គម។ ជាមួយគ្នា​នេះ លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​នីតិវិធី​របស់​អាជ្ញាធរ ចំពោះយុវជនទាំង៥នាក់ ហាក់​មិន​ស្មើភាព​គ្នា​នោះ​ទេ ដោយសារ​តែ​តុលាការ​ទើបតែ​ប្រកាស​សាលក្រម​រួច អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​គេ​ភ្លាមៗ ដោយ​មិន​ទុក​ឱកាស ឱ្យ​ពួក​គេ​ធ្វើការ​ប្ដឹង​ជំទាស់​នោះ​ឡើយ។

លោក យិន ម៉េងលី៖ «អ៊ីចឹង​ពួក​គាត់ ដែល​ជាប់ពន្ធនាគារ​លើក​ទី​មួយ គាត់​នៅ​ជុំ​គ្នា ពេល​ចេញ​មក​វិញ គាត់​អាច​ពិភាក្សា​គ្នា សរសេរ​សៀវភៅ​មួយ​បាន។ អ៊ីចឹង​នៅ​ពេល​នេះ គឺបំ​បែក​គ្នា​តាម​ពន្ធនាគារ​ផ្សេងៗ ទៀត។ វាអត់​ខុស​ទេ នៅ​ក្នុង​ផ្លូវច្បាប់ ប៉ុន្តែ​យើង​មើល​ចរិត​មក ហាក់បី​ដូចជា​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​ក្រុម​មាតា​ធម្មជាតិ ដែល​ស្រឡាញ់​កិច្ចការ​សង្គម។ ពួកគាត់​មាន​អាយុ ២០ឆ្នាំ​ជាង​ប៉ុណ្ណឹង ដើម្បី​ដាក់​ឱ្យ​អ្នក​ឯង នៅ​ឯកោ​ពី​គ្នា មិន​អាច​ជួប​គ្នា ឬ​ពិភាក្សា​អ្វី​បាន​ទាំង​អស់។ នេះ ជា​ការ​ដាក់​ទណ្ឌកម្ម​មួយ​ទៀត​តាម​ផ្លូវចិត្ត»

ពាក់ព័ន្ធនឹងការឃុំខ្លួន​សកម្មជន​បរិស្ថាន​នៅ​ពេល​នេះ អង្គការ លីកាដូ នៅ​ថ្ងៃទី៣ ខែកក្កដា ចេញ​ផ្សាយ​សេចក្ដីថ្លែងការណ៍ ដោយ​ចាត់​ទុក​ការ​បញ្ជូន​ខ្លួន​សកម្មជន​ទាំង ៥នាក់ ទៅ​កាន់​ពន្ធនាគារ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​មេធាវី​របស់​ពួក​គេ គឺ​ជា​ការ​រំលោភបំពាន​សិទ្ធិ​របស់​ជន​ជាប់​ឃុំ ដែល​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី បញ្ហា​សិទ្ធិមនុស្ស​នៃ​ការ​ឃុំខ្លួន​អ្នក​ទោស​កកកុញ និង​លើស​ចំនួន​កំណត់។ លីកាដូ​បន្ត​ថា សកម្មភាព​នេះ ក៏​ជា​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ផង​ដែរ ដោយ​ផ្អែក​លើ “ច្បាប់ នេលសុន ម៉ាន់ដេឡា” ស្ដីពី​ការ​ប្រព្រឹត្តិ​ទៅ​លើ​អ្នកទោស​ដោយ​មាន​ភាព​មនុស្សធម៌ ។ គោលការណ៍​នៃ​ច្បាប់​នេះ បាន​អំពាវនាវ​ឱ្យ​អ្នក​ជាប់​ឃុំទាំងអស់ ត្រូវ​ជាប់​ឃុំ​នៅ​ក្បែរ​ក្រុម​គ្រួសារ​របស់​ពួក​គេ។

កាលពីឆ្នាំ២០២១ តុលាការ​ក្រុង​ភ្នំពេញ ធ្លាប់​កាត់​ទោស​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ ឱ្យ​ជាប់​ពន្ធនាគារចន្លោះពី១៨ ទៅ ២ឆ្នាំ ម្ដង​រួច​មក​ហើយ ក្រោម​បទ​ចោទ​ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្នុង​នោះ រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា កញ្ញា ស៊ុនរដ្ឋា លោក ថុន រដ្ឋា លោក យឹម លាងហ៊ី និង លោក លី ចាន់ដារាវុត៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។