ប្រពន្ធរបស់អ្នកគាំទ្រគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ ទាមទារឲ្យសមត្ថកិច្ច និងតុលាការស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀត មកដាក់ទោសតាមច្បាប់ ចំពោះករណីដែលប្រជាការពារភូមិ ប្រើកាំភ្លើងបាញ់សម្លាប់ប្តីរបស់គាត់។ សង្គមស៊ីវិល ស្នើដល់តុលាការពន្លឿននីតិវិធីនៃការអនុវត្តច្បាប់ និងបង្កើតក្រុមស៊ើបអង្កេតមួយ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មនេះទាំងអស់មកទទួលខុសត្រូវតាមផ្លូវច្បាប់។
គ្រួសារអ្នកគាំទ្រគណបក្សភ្លើងទៀនដែលត្រូវបានប្រជាការពារភូមិ បាញ់សម្លាប់កណ្ដាលវាលស្រែនៅខេត្តត្បូងឃ្មុំ កាលពីជាង៤ខែមុន ទាមទារឲ្យសមត្ថកិច្ច និងតុលាការពន្លឿនស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ គ្រួសារជនរងគ្រោះសង្ស័យថា អ្នកដែលបាញ់សម្លាប់ប្តីរបស់គាត់ មិនមែនតែប្រជាការពារភូមិម្នាក់ដែលសមត្ថកិច្ចចាប់ឃុំខ្លួននោះទេ អាចនៅមានអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលកំពុងរស់នៅក្រៅច្បាប់។
ប្រពន្ធជនរងគ្រោះលោកស្រី វេន គឹមយី ប្រាប់វិទ្យុអាស៊ីសេរីថា ប្ដីលោកស្រីត្រូវបានគេបាញ់សម្លាប់អស់ជាងបួនខែមកហើយ ប៉ុន្តែតុលាការនៅមិនទាន់ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់មកផ្ដន្ទាទោសបាននោះទេ។ លោកស្រីព្រួយបារម្ភ ពីសុវត្ថិភាពព្រោះមិនដឹងច្បាស់ពីចំនួនគ្នីគ្នាជនល្មើស ដែលមិនទាន់ឃាត់ខ្លួន។ លោកស្រី ស្នើដល់តុលាការ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់មកអនុវត្តតាមផ្លូវច្បាប់។ «»
លោកស្រី វេន គឹមយី បន្ថែមថា ប្រជាការពារភូមិ គ្មានសិទ្ធិកាន់កាំភ្លើងទេ ប៉ុន្តែបែរជាមានកាំភ្លើងបាញ់សម្លាប់ប្តីរបស់លោកស្រីទៅវិញ ដូច្នេះលោកស្រី សង្ស័យថា កាំភ្លើងនោះអាចជារបស់មន្ត្រីដែលមានតួនាទីណាម្នាក់។
ប្រពន្ធជនរងគ្រោះរូបនេះ ឲ្យដឹងដែរថា កាលពី ៣ថ្ងៃមុននេះ មេប៉ុស្តិ៍ថ្មីឃុំចក ឈ្មោះ ស្វាយ រ័ដ្ឋ បានយកលិខិតមួយច្បាប់មកជូនគាត់ ដោយក្នុងលិខិតនោះ ប្រាប់ឲ្យលោកស្រីឈប់ដេញដោលពីដំណើររឿងក្ដីឃាតកម្មលើប្ដីគាត់បន្តទៅទៀត។ លោកស្រី រឹតតែព្រួយបារម្ភពីសុវត្ថិភាពគាត់ក្រោយពីទទួលបានលិខិតនោះ។
ជនរងគ្រោះដែលត្រូវឃាតកបាញ់សម្លាប់នៅកណ្ដាលវាលស្រែឈ្មោះ ប៉ូ ហ៊ីនលាន អាយុ ៤៧ឆ្នាំ ជាអ្នកភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ គាត់មានប្រពន្ធ និងកូនក្នុងបន្ទុក៣នាក់។ គាត់ត្រូវបានគេបាញ់ចំនួន ៣គ្រាប់ពីក្រោយខ្នង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលដែលគាត់ចេញទៅរកត្រីតាមវាលស្រែ ចម្ងាយប្រហែល២គីឡូម៉ែត្រពីផ្ទះរបស់គាត់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ។
បន្ទាប់ពីជនរងគ្រោះត្រូវឃាតកបាញ់សម្លាប់២ថ្ងៃ ភាគីជនល្មើសបានទាក់ទងមក ប្រពន្ធជនរងគ្រោះដើម្បីផ្ដល់សំណងជំងឺចិត្ត។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនប្រជាការពារភូមិម្នាក់ យកទៅដាក់នៅពន្ធនាគារចំពោះករណីបាញ់សម្លាប់ជនរងគ្រោះនេះ។ ហើយមកទល់ពេលនេះ គ្រួសាររបស់ជនរងគ្រោះនៅតែមិនទាន់អស់ចិត្តអំពីសំណុំរឿងក្ដីឃាតកម្មនេះនៅឡើយទេ ដោយមិនទាន់ដឹងពីអ្នកផ្ដល់កាំភ្លើងឲ្យប្រជាការពារភូមិ និងអ្នកពាក់ព័ន្ធនឹងឃាតកម្មនេះ គឺជាអ្នកណានៅឡើយ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអធិការនគរបាលស្រុកអូររាំងឪ លោក វង់ សុភី បាននៅឡើយទេ នៅថ្ងៃទី២៣ កុម្ភៈ នេះដោយហៅចូល ប៉ុន្តែគាត់ចុចផ្ដាច់ មិនធ្វើការអត្ថាធិប្បាយជុំវិញករណីនេះ។ រីឯលោកស្នងការនគរបាលខេត្តត្បូងឃ្មុំលោក ម៉ុន មាគ៌ា ហៅចូលច្រើនដងតែមិនមានអ្នកទទួល។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម លោក ឡេង សេងហាន ថ្លែងថា ការសងជំងឺចិត្តជាការសងសំណងរដ្ឋប្បវេណីដល់ភាគីជនរងគ្រោះនោះទេ រីឯបណ្ដឹងអាជ្ញានោះ គឺតុលាការនៅតែបន្តអនុវត្តតាមនីតិវិធីដដែល។ លោកបន្ថែមថា សំណុំរឿងក្ដីឃាតកម្មនេះបានទៅដល់តុលាការហើយ នៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។ លោកបញ្ជាក់ថា លោកនៅមិនដឹងថាកាំភ្លើងជនល្មើសប្រើប្រាស់បានមកពីប្រភពណាឡើយ។ លោកស្នើដល់តុលាការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធទាំងអស់មកផ្ដន្ទាទោសដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះទទួលបានយុត្តិធម៌ និងឈប់មានភាពភ័យខ្លាចបន្តទៅទៀត។ «»
ប្រពន្ធជនរងគ្រោះបន្តថា លោកស្រីកំពុងរង់ចាំយុត្តិធម៌ចំពោះប្ដីដែលត្រូវបានឃាតកបាញ់សម្លាប់ដោយមិនអស់ចិត្ត ស្របពេលដែលស្ថានភាពគ្រួសារកំពុងលំបាកបាត់បង់បង្គោលគ្រួសារ ហើយត្រូវរ៉ាប់រងបន្ទុកទាំងអស់ក្នុងគ្រួសាររួមទាំងការចិញ្ចឹមកូន និងសងបំណុលធនាគារតែម្នាក់ឯង។
ប្រពន្ធជនរងគ្រោះរូបនេះ ឲ្យដឹងដែរថា កាលពី៣ថ្ងៃមុននេះ មេប៉ុស្តិ៍ថ្មីឃុំចក លោក ស្វាយ រ័ដ្ឋ បានយកលិខិតមួយច្បាប់មកជូនគាត់ ប៉ុន្តែគាត់មិននៅផ្ទះ លិខិតនោះបងប្រុសរបស់គាត់ទទួល។ តាមរយៈបងប្រុសរបស់លោកស្រីបានឲ្យដឹងថា ក្នុងលិខិតនោះ ប្រាប់ឲ្យលោកស្រីឈប់ដេញដោលពីដំណើររឿងក្ដីឃាតកម្មលើប្ដីគាត់បន្តទៅទៀត។
ក្រោយពីជនរងគ្រោះត្រូវបានប្រជាការពារភូមិ និងមន្ត្រីនគរបាលម្នាក់ទៀតបាញ់សម្លាប់បានពីរថ្ងៃ លោកស្រី ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចទាក់ទងមកសម្របសម្រួលក្រៅប្រព័ន្ធតុលាការ។ លោកស្រីទាមទារប្រាក់ មួយម៉ឺនប្រាំពាន់(១៥០០០)ដុល្លា តែភាគីជនដៃដល់បានផ្ដល់ត្រឹមតែប្រាំពីរពាន់ដុល្លា(៧០០០)ដុល្លាតែប៉ុណ្ណោះ។ គ្រានោះលោកស្រីទទួលយកប្រាក់សងជំងឺចិត្តនោះចំនួនប្រាំពីរពាន់ដុល្លានោះទៅព្រោះគាត់ខ្វះខាតថវិកាសម្រាប់ធ្វើបុណ្យសព្វប្ដីរបស់គាត់ដែរ។
គ្រួសារជនរងគ្រោះ និងសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តការងារប្រកបដោយតម្លាភាព កុំលម្អៀងទៅរកភាគីណាមួយ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។