គ្រួសារ​អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ខេត្ត​ត្បូងឃ្មុំ​ទាមទារ​យុត្តិធម៌

0:00 / 0:00

ប្រពន្ធ​របស់​អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​ត្បូងឃ្មុំ ទាមទារ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ស្វែងរក​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត មក​ដាក់ទោស​តាម​ច្បាប់ ចំពោះ​ករណី​ដែល​ប្រជា​ការពារ​ភូមិ ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ប្តី​របស់​គាត់។ សង្គម​ស៊ីវិល ស្នើ​ដល់​តុលាការ​ពន្លឿន​នីតិវិធី​នៃ​ការ​អនុវត្ត​ច្បាប់ និង​បង្កើត​ក្រុម​ស៊ើប​អង្កេត​មួយ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​នេះ​ទាំងអស់​មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។

គ្រួសារ​អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​ដែល​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ បាញ់​សម្លាប់​កណ្ដាល​វាលស្រែ​នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ជាង​៤ខែ​មុន ទាមទារ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ពន្លឿន​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ គ្រួសារ​ជន​រងគ្រោះ​សង្ស័យ​ថា អ្នក​ដែល​បាញ់​សម្លាប់​ប្តី​របស់​គាត់ មិនមែន​តែ​ប្រជា​ការពារ​ភូមិ​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នោះ​ទេ អាច​នៅ​មាន​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដែល​កំពុង​រស់​នៅ​ក្រៅ​ច្បាប់។

ប្រពន្ធ​ជនរងគ្រោះ​លោកស្រី វេន គឹមយី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្ដី​លោកស្រី​ត្រូវ​បាន​គេ​បាញ់​សម្លាប់​អស់​ជាង​បួន​ខែ​មក​ហើយ ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ។ លោកស្រី​ព្រួយបារម្ភ ពី​សុវត្ថិភាព​ព្រោះ​មិន​ដឹង​ច្បាស់​ពី​ចំនួន​គ្នីគ្នា​ជនល្មើស ដែល​មិន​ទាន់​ឃាត់​ខ្លួន។ លោកស្រី ស្នើ​ដល់​តុលាការ ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ «»

លោកស្រី វេន គឹមយី បន្ថែម​ថា ប្រជា​ការពារ​ភូមិ គ្មាន​សិទ្ធិ​កាន់​កាំភ្លើង​ទេ ប៉ុន្តែ​បែរ​ជា​មាន​កាំភ្លើង​បាញ់​សម្លាប់​ប្តី​របស់​លោក​ស្រី​ទៅ​វិញ ដូច្នេះ​លោកស្រី សង្ស័យ​ថា កាំភ្លើង​នោះ​អាច​ជា​របស់​មន្ត្រី​ដែល​មាន​តួនាទី​ណា​ម្នាក់។

ប្រពន្ធ​ជនរងគ្រោះ​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា កាល​ពី ៣ថ្ងៃ​មុន​នេះ មេ​ប៉ុស្តិ៍​ថ្មី​ឃុំចក ឈ្មោះ ស្វាយ រ័ដ្ឋ បាន​យក​លិខិត​មួយ​ច្បាប់​មក​ជូន​គាត់ ដោយ​ក្នុង​លិខិត​នោះ ប្រាប់​ឲ្យ​លោកស្រី​ឈប់​ដេញ​ដោល​ពី​ដំណើរ​រឿង​ក្ដី​ឃាតកម្ម​លើ​ប្ដី​គាត់​បន្ត​ទៅ​ទៀត។ លោកស្រី រឹត​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គាត់​ក្រោយ​ពី​ទទួល​បាន​លិខិត​នោះ។

ជនរងគ្រោះ​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​វាលស្រែ​ឈ្មោះ ប៉ូ ហ៊ីនលាន អាយុ ៤៧ឆ្នាំ ជា​អ្នកភូមិ​ព្រីង ឃុំចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។ គាត់​មាន​ប្រពន្ធ និង​កូន​ក្នុង​បន្ទុក​៣នាក់។ គាត់​ត្រូវ​បាន​គេ​បាញ់​ចំនួន ៣​គ្រាប់​ពី​ក្រោយ​ខ្នង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ពេល​ដែល​គាត់​ចេញ​ទៅ​រក​ត្រី​តាម​វាលស្រែ ចម្ងាយ​ប្រហែល​២គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ កាល​ពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២​កន្លង​ទៅ។

បន្ទាប់​ពី​ជនរងគ្រោះ​ត្រូវ​ឃាតក​បាញ់​សម្លាប់​២ថ្ងៃ ភាគី​ជនល្មើស​បាន​ទាក់ទង​មក ប្រពន្ធ​ជនរងគ្រោះ​ដើម្បី​ផ្ដល់​សំណង​ជំងឺ​ចិត្ត។ ក្រោយ​មក សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់​ខ្លួន​ប្រជា​ការពារ​ភូមិ​ម្នាក់ យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ចំពោះ​ករណី​បាញ់​សម្លាប់​ជនរងគ្រោះ​នេះ។ ហើយ​មក​ទល់​ពេល​នេះ គ្រួសារ​របស់​ជនរងគ្រោះ​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​អំពី​សំណុំ​រឿង​ក្ដី​ឃាតកម្ម​នេះ​នៅឡើយ​ទេ ដោយ​មិន​ទាន់​ដឹង​ពី​អ្នក​ផ្ដល់​កាំភ្លើង​ឲ្យ​ប្រជា​ការពារ​ភូមិ និង​អ្នក​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ គឺ​ជា​អ្នក​ណា​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អធិការ​នគរបាល​ស្រុក​អូររាំងឪ លោក វង់ សុភី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៣ កុម្ភៈ នេះ​ដោយ​ហៅ​ចូល ប៉ុន្តែ​គាត់​ចុច​ផ្ដាច់ មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ។ រីឯ​លោក​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​លោក ម៉ុន មាគ៌ា ហៅ​ចូល​ច្រើន​ដង​តែ​មិន​មាន​អ្នក​ទទួល។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម លោក ឡេង សេងហាន ថ្លែង​ថា ការ​សង​ជំងឺចិត្ត​ជា​ការ​សង​សំណង​រដ្ឋប្បវេណី​ដល់​ភាគី​ជនរងគ្រោះ​នោះ​ទេ រីឯ​បណ្ដឹង​អាជ្ញា​នោះ គឺ​តុលាការ​នៅ​តែ​បន្ត​អនុវត្ត​តាម​នីតិវិធី​ដដែល។ លោក​បន្ថែម​ថា សំណុំ​រឿង​ក្ដី​ឃាតកម្ម​នេះ​បាន​ទៅ​ដល់​តុលាការ​ហើយ នៅ​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើប​សួរ។ លោក​បញ្ជាក់​ថា លោក​នៅ​មិន​ដឹង​ថា​កាំភ្លើង​ជនល្មើស​ប្រើប្រាស់​បាន​មក​ពី​ប្រភព​ណា​ឡើយ។ លោក​ស្នើ​ដល់​តុលាការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ផ្ដន្ទាទោស​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌ និង​ឈប់​មាន​ភាព​ភ័យខ្លាច​បន្ត​ទៅ​ទៀត។ «»

ប្រពន្ធ​ជនរងគ្រោះ​បន្ត​ថា លោកស្រី​កំពុង​រង់ចាំ​យុត្តិធម៌​ចំពោះ​ប្ដី​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ដោយ​មិន​អស់ចិត្ត ស្រប​ពេល​ដែល​ស្ថានភាព​គ្រួសារ​កំពុង​លំបាក​បាត់បង់​បង្គោល​គ្រួសារ ហើយ​ត្រូវ​រ៉ាប់រង​បន្ទុក​ទាំងអស់​ក្នុង​គ្រួសារ​រួម​ទាំង​ការ​ចិញ្ចឹម​កូន និង​សង​បំណុល​ធនាគារ​តែ​ម្នាក់​ឯង។

ប្រពន្ធ​ជនរងគ្រោះ​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា កាល​ពី​៣ថ្ងៃ​មុន​នេះ មេ​ប៉ុស្តិ៍​ថ្មី​ឃុំ​ចក លោក ស្វាយ រ័ដ្ឋ បាន​យក​លិខិត​មួយ​ច្បាប់​មក​ជូន​គាត់ ប៉ុន្តែ​គាត់​មិន​នៅ​ផ្ទះ លិខិត​នោះ​បង​ប្រុស​របស់​គាត់​ទទួល។ តាម​រយៈ​បង​ប្រុស​របស់​លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​លិខិត​នោះ ប្រាប់​ឲ្យ​លោកស្រី​ឈប់​ដេញដោល​ពី​ដំណើរ​រឿង​ក្ដី​ឃាតកម្ម​លើ​ប្ដី​គាត់​បន្ត​ទៅ​ទៀត។

ក្រោយ​ពី​ជនរងគ្រោះ​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ និង​មន្ត្រី​នគរបាល​ម្នាក់​ទៀត​បាញ់​សម្លាប់​បាន​ពីរ​ថ្ងៃ លោកស្រី ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទាក់ទង​មក​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ។ លោកស្រី​ទាមទារ​ប្រាក់ មួយ​ម៉ឺន​ប្រាំ​ពាន់​(១៥០០០)ដុល្លា តែ​ភាគី​ជន​ដៃដល់​បាន​ផ្ដល់​ត្រឹម​តែ​ប្រាំពីរ​ពាន់​ដុល្លា(៧០០០)ដុល្លា​តែ​ប៉ុណ្ណោះ។ គ្រា​នោះ​លោកស្រី​ទទួល​យក​ប្រាក់​សង​ជំងឺ​ចិត្ត​នោះ​ចំនួន​ប្រាំពីរ​ពាន់​ដុល្លា​នោះ​ទៅ​ព្រោះ​គាត់​ខ្វះ​ខាត​ថវិកា​សម្រាប់​ធ្វើ​បុណ្យ​សព្វ​ប្ដី​របស់​គាត់​ដែរ។

គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​ការងារ​ប្រកប​ដោយ​តម្លាភាព កុំ​លម្អៀង​ទៅ​រក​ភាគី​ណាមួយ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។