ពលរដ្ឋប្រហែល ១០០នាក់បន្តប្រមូលផ្ដុំនៅក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងលោក ថេង សាវឿន និងសហការី
2023.05.25
ក្រុមពលរដ្ឋមកពីតាមបណ្ដាខេត្ត បន្តប្រមូលផ្ដុំគ្នានៅក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ ឱ្យមានសេរីភាពវិញ។ ចំណែកពលរដ្ឋខ្លះទៀត ត្រូវបានអាជ្ញាធរគំរាមកំហែងមិនឱ្យឡើងភ្នំពេញដើម្បីចូលរួមការតវ៉ានេះ។
ក្រុមពលរដ្ឋប្រហែល១រយនាក់ បន្តការតវ៉ាក្នុងទឹកមុខក្រៀមក្រំ នៅក្បែរច្រកចូលក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ឧសភា ដោយអ្នកខ្លះអង្គុយនិងអ្នកខ្លះទៀតអស់កម្លាំងដេកសម្រាក លើចិញ្ចើមផ្លូវក្រោយម្លប់ដើមឈើ អំឡុងពេលអាកាសធាតុកំពុងក្ដៅខ្លាំង ដើម្បីទាមទារឱ្យដោះលែងប្រធាននិងបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
កសិករមកពីខេត្តកោះកុងលោកស្រី ជុំ ស្រីនៅ ប្រាប់អាស៊ីសេរីថា ពលរដ្ឋមួយចំនួន រួមទាំងលោកស្រី ត្រូវបានចាប់កោសខ្យល់ ដោយសារអស់កម្លាំងមិនស្រួលក្នុងខ្លួន បន្ទាប់ពីនាំគ្នាចេញតវ៉ាជាច្រើនថ្ងៃមកនេះ ពុំបានសម្រាកនិងហូបចុកគ្រប់គ្រាន់។ លោកស្រីបន្តថា នៅពេលពលរដ្ឋអ្នកតវ៉ាខ្យល់គរឬមិនស្រួលខ្លួន ពុំមានការយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ចឡើយ ថ្វីត្បិតមានការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនិងកងសន្តិសុខជាច្រើននាក់ ចាំឃ្លាំមើលការតវ៉ាក្ដី។
លោកស្រីថា៖«និយាយរួមទៅបង មុនហ្នឹងបន្តិច បើសិនសហគមន៍ គាត់អត់កោសខ្យល់ឱ្យខ្ញុំ ខ្ញុំត្រូវអត់ដឹងខ្លួនឬយ៉ាងម៉េចទេ ព្រោះខ្ញុំទៅម្ដងៗ ស្រឺតៗ ៗ អ៊ីចឹងទៅ បានមីងៗ បងៗ ប្អូនៗ នៅជិតហ្នឹង កោសខ្យល់ឱ្យ»។
ក្រុមពលរដ្ឋមកពីតាមបណ្ដាខេត្តនានា ដូចជាខេត្តត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កោះកុង ព្រះសីហនុ និងខេត្តកណ្ដាល បានប្រមូលផ្ដុំគ្នាតវ៉ានៅក្រសួងមហាផ្ទៃតាំងពីថ្ងៃទី១៩ឧសភា ខណៈយប់ឡើង ពួកគាត់នាំគ្នាទៅសម្រាកនៅក្នុងវត្តសាមគ្ដីរង្សី ឬហៅវត្តខ្មែរកម្ពុជាក្រោម នៅសង្កាត់ស្ទឹងមានជ័យ។ ក្រុមពលរដ្ឋទាំងនោះអះអាងថា មូលហេតុដែលពួកគាត់ចេញតវ៉ាអស់ជាច្រើនថ្ងៃមកនេះ ដោយចំណាយទាំងថ្លៃហូបចុកនិងការធ្វើដំណើរដោយខ្លួនឯងនេះ ដោយសារពួកគាត់ឈឺចាប់ចំពោះការឃាត់ខ្លួននិងការចោទប្រកាន់ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ ឈ្មោះ ញិល ភាព និងលោក ថាន់ ហាច ពីបទញុះញង់និងរួមគំនិតក្បត់។ ពលរដ្ឋទាំងនោះបញ្ជាក់ថា អ្នកទាំងបី គ្រាន់តែចុះណែនាំវិធីធ្វើកសិកម្មនិងបង្រៀនពីការប្រើប្រាស់សិទ្ធិផ្សេងៗ ទៅដល់ក្រុមកសិករប៉ុណ្ណោះ។
ពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុងលោក ឈឹម សាផាន លើកឡើងដែរថា ក្រុមកងកម្លាំងសមត្ថកិច្ច បានពង្រាយនៅតាមផ្ទះរបស់ពលរដ្ឋ និងស្ទាក់នៅតាមផ្លូវ ដើម្បីរារាំងមិនឱ្យក្រុមពលរដ្ឋផ្សេងទៀត ធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចូលរួមការតវ៉ានេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបន្តថា ក្រុមពលរដ្ឋជាច្រើន នៅតែព្យាយាមលួចមកភ្នំពេញ ដើម្បីផ្លាស់ប្ដូរគ្នា ឱ្យអ្នកកំពុងតវ៉ាត្រឡប់ទៅផ្ទះ។
លោកថា៖«អ៊ីចឹង! ផែនការយើងធ្វើដូចភ្លៀងរលឹម យើងអត់ដក(ឈប់តវ៉ា)។ ទី១ យើងរៃលុយគ្នាខ្លួនឯង ព្រោះយើងឃើញថា លោក ថេង សាវឿន អត់ដែលបង្ហាត់បង្រៀនសហគមន៍ឱ្យធ្វើបដិវត្តន៍កសិករម៉េច អត់យល់ពាក្យហ្នឹង អត់សោះ។ បង្ហាត់បង្រៀនតែចេះប្រើជីធម្មជាតិ ក្នុងការដាំដំណាំ ហើយចែកពូជមាន់ដល់កសិករ»។
ចំណែកពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោកស្រី មុំ សុភី បានលើកឡើងដែរថា ក្រុមលោកស្រីបានត្រឡប់ទៅផ្ទះវិញកាលពីល្ងាចថ្ងៃទី២៤ឧសភា ហើយត្រូវក្រុមសមត្ថកិច្ចស្រុក ខលទៅគំរាមចាប់ដាក់ពន្ធនាគារ ប្រសិនបើហ៊ានត្រឡប់មកតវ៉ានៅភ្នំពេញដើម្បីឱ្យដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ទៀត។
លោកស្រីថា៖«នៅខាងខ្ញុំ ទៅនិងមកវិញមួយឡាន ព្រោះអី ពួកខ្ញុំអត់បានត្រៀមលក្ខណៈទៅដេក អ្នកខ្លះក៏យកសំលៀកបំពាក់ អ្នកខ្លះក៏អត់ ពួកគាត់ត្រឡប់មកវិញ ហើយពួកគាត់បានពិភាក្សាគ្នាហើយថា ឱ្យនាំពលរដ្ឋហ្នឹងទៅឱ្យច្រើនវិញ ព្រោះខ្ញុំទៅតែមួយឡាន ចង់ទៅ៣ទៅ៤ឡានទៅម្ដងទៀត ហើយពួកខ្ញុំនឹងដេកនៅណុងលែងមកវិញ»។
ជុំវិញការតវ៉ារបស់ពលរដ្ឋទាំងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី២៥ឧសភា។
លោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច កំពុងឃុំឃាំងនៅពន្ធនាគារខេត្តរតនគីរី បន្ទាប់ពីតុលាការសម្រេចចោទប្រកាន់អ្នកទាំង៣ ពីបទញុះញង់និងរួមគំនិតក្បត់កាលពីថ្ងៃទី២២ឧសភា ដែលបទចោទប្រកាន់នេះ អាចប្រឈមជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៤ឧសភា សហគមន៍មានទំនាស់ដីធ្លីនិងក្រុមអង្គការសង្គមស៊ីវិលចំនួន៦១ផ្សេងគ្នា បានសេចក្ដីថ្លែងការណ៍រួមទាមទារឱ្យដោះលែងអ្នកទាំង៣ជាបន្ទាន់ ដោយចាត់ទុកការចោទប្រកាន់នោះ គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ក្រុមពលរដ្ឋដែលឡើងមកតវ៉ានេះ ដើម្បីបង្ហាញពីទឹកចិត្តមួយទៅដល់អ្នកដែលធ្លាប់ជួយបង្រៀនពួកគាត់ពីវិស័យកសិកម្ម។ លោកបន្តថា ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការចោទប្រកាន់លោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ ជាការគំរាមកំហែងមួយទៅដល់អ្នកធ្វើការងារពាក់ព័ន្ធផ្នែកសិទ្ធិមនុស្សផ្សេងទៀត។
លោកថា៖«ការចាប់ខ្លួននិងការចោទប្រកាន់ពួកគាត់ ក៏វាជាសារមួយ ដែលផ្ញើទៅអង្គការសង្គមស៊ីវិលផ្សេងទៀត មានន័យថា ជាសារមួយដែលបំភិតបំភ័យ ដែលធ្វើឱ្យមានការរឹតត្បិតទៅលើសេរីភាព ក្នុងការបង្កើននូវសកម្មភាពស្របច្បាប់របស់អង្គការមួយៗ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ក៏ទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌដែរ។ អង្គការអន្តរជាតិចាត់ទុកការចោទប្រកាន់នោះ មានចរិតនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។