សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​គេ​ព្រួត​វាយ​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួសធ្ងន់ គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន នៅ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​មក​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ​។ សមត្ថកិច្ច​ក្រុងភ្នំពេញ​ប្រាប់​ឱ្យ​ជនរងគ្រោះ​អត់ធ្មត់​បន្តិច ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណីនេះ។

ស្ថានភាព​ជំងឺ​របស់លោក ស៊ិន ខិន នៅ​មិនទាន់​ធូរស្រាល​នៅ​ឡើយ​ទេ ដោយសារ​ដៃ​ឆ្វេង​របស់​លោក ប្រះ​ឆ្អឹង ហើយ​លោក​បានឱ្យ​គ្រូពេទ្យ​ស្គេន (Scan) ឆ្អឹង​ដៃ​ខាងឆ្វេង​ដើម្បី​ពិនិត្យ​បន្ថែម​ទៀត​។ ដោយឡែក​បណ្តឹង​របស់​លោក​ទៅ នគរបាល​ប៉ុស្តិ៍​ខណ្ឌ​ជ្រោយចង្វា ដើម្បី​ស្វែងរក​ជនសង្ស័យ នៅ​មិនទាន់​ត្រូវ​បាន​គេ​រក​ស៊ើបអង្កេត​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី១៣ ឧសភា​នេះ។

លោក ស៊ិន ខុន នឹង​រៀបចំ​ឯកសារ ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ និង​អង្គការ​សិទ្ធិមនុស្ស ដើម្បី​រក​យុត្តិធម៌​ក្រោយពី​ស្ថានភាព​ជំងឺ​របស់​លោក ធូរស្រាល​បន្តិច​។ លោក​ថា មូលហេតុ​ដែល​លោក​ក្រាញននៀល ស្វែងរក​យុត្តិធម៌ ព្រោះ​មិន​ចង់ឱ្យ​បាតុភាព​នេះ កើតឡើង​ចំពោះ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយៗ​ទៀត៖ «សំណូមពរ​ឱ្យ​តុលាការ​កម្ពុជា​ឯករាជ និង​ដំណោះស្រាយ​រក​យុត្តិធម៌​ឱ្យ​មាន​តម្លាភាព​ចំពោះ​ខ្ញុំ​នឹង​សកម្មជន​ផ្សេងៗ​ទៀត ដើម្បី​រក​យុត្តិធម៌​ឱ្យ​បាន​ជាក់លាក់ កុំ​គេ​ប្រព្រឹត្ត​បទល្មើស​ហើយ អត់​មាន​ចាប់បាន ទុក​បណ្តឹង​ហ្នឹង​ចោល​ទទេៗ រក​យុត្តិធម៌​អត់​បាន​។ អ៊ីចឹង​វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ ជា​មនុស្ស​ដូចគ្នា ជា​ខ្មែរ​ដូចគ្នា»។

បច្ចុប្បន្ន លោក ស៊ិន ខុន កំពុង​សម្រាក​ព្យាបាល​ជំងឺ និង​ស្នាក់នៅ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ លោក​ត្រូវ​ជនដៃ​ដល់​មាន​គ្នា ៤​នាក់ កាន់ដំបង​ទីប និង​ដែក​រលាស់ វាយ​លោក​ត្រូវ​ក្បាល បែក​ចិញ្ចើម​ខាងស្តាំ និង​ដៃ​ឆ្វេង ហូរឈាម​ស្រោច​ពេញ​ខ្លួន ដេរ ១២​ថ្នេរ កាលពី​ព្រឹក ថ្ងៃទី ១២ ឧសភា ។ លោក​សង្ស័យ​ថា មូល​ហេតុ​ដែល​ជនសង្ស័យ​វាយប្រហារ​លោក អាច​បណ្តាល​មក​ពី​លោក បាន​ចុះ​ចែក​អំណោយ​ដល់​ជន​ក្រីក្រ ដែល​រង​ការបិទ​ខ្ទប់​ដោយសារតែ​ជំងឺ​កូវីដ១៩។

ជុំវិញ​រឿង​នេះ នគរបាល​រាជធានី​ភ្នំពេញ​អះអាង​ថា សមត្ថកិច្ច​កំពុង​អនុវត្ត​នីតិវិធី​នេះ ហើយ​សូម​ឱ្យ​ជនរងគ្រោះ​អត់ធ្មត់ ព្រោះ​ការស៊ើបអង្កេត​ករណីនេះ ត្រូវ​ប្រើ​ពេល​ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ប្រាប់​ថា សមត្ថកិច្ច​នឹង​មិន​ផ្អឹប​សំណុំរឿង​ចោល​នោះ​ទេ ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង នឹង​ចុះ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​ជនរងគ្រោះ​។ ចំពោះ​សំណួរ​ថា ឱ្យ​តែ​សំណុំរឿង​ហិង្សា​ពាក់ព័ន្ធ​សកម្មជន​បក្ស​ប្រឆាំង កម្រ​ឃើញ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន អ្នកនាំពាក្យ​រូប​នេះ​បកស្រាយ​ថា បញ្ហា​ទាំងនេះ​ផ្តោតលើ​ចំណុច​ច្រើន ទាក់ទិន​ការ​ផ្តល់​ចម្លើយ​ពី​ជនរងគ្រោះ ហើយ​ការអនុវត្ត​ច្បាប់​សមត្ថកិច្ច​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​គ្រប់ៗ​រូប មិន​រើសអើង​នោះ​ទេ៖ «សូម​ឱ្យ​គាត់​មានការ​អត់ធ្មត់​សមត្ថកិច្ច​យើង​កំពុងតែ​អនុវត្ត​នីតិវិធី​ហើយ មិនមែន​មួយ​ព្រឹក​ភ្លាម​មួយ​ថ្ងៃ គាត់​ចង់បាន​ចេះ​ចុះ​។ មិនមែន​ប៉ូលិស​អត់​ធ្វើការ​ទេ ប៉ូលិស​យើង​ធ្វើការ​រហូត ឱ្យ​តែ​មាន​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ គឺ​យើង​អនុវត្ត​។ យើង​អត់​មាន​ដែល​ទុក​ករណី​ស្អី​មួយ​ចោល​ទេ​។ នីតិវិធី​របស់​សមត្ថ​កិច្ច គឺ​យើង​ធ្វើជា​បន្តបន្ទាប់»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ពន្យល់​ថា ជនរងគ្រោះ​ពឹងផ្អែក​លើ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ ដើម្បី​រក​យុត្តិធម៌ ហើយ​ស្ថាប័ន​ទាំងនេះ​មាន​តួនាទី​ស្វែងរក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។ លោក​ថា ប្រសិនបើ​ករណីនេះ​សមត្ថកិច្ច និង​តុលាការ មិន​ស្វែងរក​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ទេ នឹង​កើនឡើង​អយុត្តិធម៌​សង្គម និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស៖ «ការដែល​ប្តឹង​គាត់​មាន​សង្ឃឹម​ហើយ អ៊ីចឹង​សមត្ថកិច្ច​ក្តី និង​តុលាការ​ក្តី ត្រូវ​តែ​ដំណើរការ​នីតិវិធី ដើម្បី​ស្វែងរក​ជន​ដៃដល់​មក​អនុវត្ត​តាមច្បាប់ ហើយ​រឿង​នេះ យើង​ឃើញ​ហើយ ជាច្រើន​មក​ហើយ ដែល​រិះគន់​ថា រាល់​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​រង​អំពើ​ហិង្សា ហាក់បីដូចជា សមត្ថកិច្ច​មិន​ទាន់​បាន​រក​ជន​ដៃដល់​មក​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់»។

ជុំវិញ​រឿង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ថា អំពើ​ហិង្សា​ទាំងនេះ ជា​ទង្វើ​ឃោរឃៅ​បង្កឡើង​ដោយ​ពួក​អាជ្ញាធរ ក្រោម​ការ​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ពួកគេ​ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច ត្រូវ​ប្រាប់​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន រំលាយ​ផែនការ​ទុច្ចរិត​ទាំងនេះ​ជា​បន្ទាន់ ហើយ​ងាក​មក​ធ្វើអំពើ​ល្អ​វិញ។

តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក អ៊ុំ សំអាន ចាត់ទុក​ទង្វើ​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​អំពើ​ព្រៃផ្សៃ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន​។ លោក​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់អំណាច មិន​បញ្ឈប់​ទេ គណបក្ស​សង្គ្រោះ​ជាតិ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ៖ «យើង​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​ធ្វើ​ម៉េច​ ? បញ្ឈប់​លប​វាយ​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​បំណង បំបាក់ស្មារតី ឬ​ធ្វើទុក្ខបុកម្នេញ លើ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ព្រោះ​នេះ​ជា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បកស្រាយ​ថា គណបក្ស​កាន់អំណាច ពុំ​បាន​ចិញ្ចឹម​ឆ្កែ​កាច​ដូច​ការ​លើកឡើង​នោះ​ទេ គឺ មានតែ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ​។ លោក​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា អំពើ​ហិង្សា​ទាំងនេះ ជា​ផែនការ​របស់​គណបក្ស​កាន់អំណាច និង​រដ្ឋាភិបាល ៖ «ចុះបើ​គេ​វាយ​ខ្លួនឯង អត់​មាន​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច ហើយ​ខ្លួនឯង​ចោទ​តែ​ប្រមុខ​រដ្ឋាភិបាល ដេកចាំ​អាណា​ទៅ​រក​ឱ្យ​យើង​។ វា​អត់​ត្រូវ​ទេ​។ សូម​ឱ្យ​ក្មួយៗ បើ​មាន​បញ្ហា​អី​កើតឡើង យើង​ត្រូវ​ប្តឹង​តែ​រាយការណ៍ និង​ប្តឹង​ដល់​សមត្ថកិច្ច ដោយមាន​ភស្តុតាង និង​សាក្សី​ដឹងឮ ដើម្បី​រួម​ចំណែក​ស្រាវជ្រាវ រក​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស យក​មក​ឱ្យ​ទទួលទោស»។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ​សកម្មជន​គណបក្ស​ប្រឆាំង និង​ក្រុម​គ្រួសារ​ប្រមាណ​២៩​នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើ​ហិង្សា និង​ព្រួត​គ្នា​វាយ​ធ្វើបាប រហូត​មាន​អ្នកខ្លះ​ពិការ​អស់​មួយ​ជីវិត ប៉ុន្តែ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​បានតែ​មួយ​ករណី ហើយ​ជនសង្ស័យ​ផ្សេង​ទៀត​សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់​ពួកគេ​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។