អតីតក្រុមយុវជនខ្មែរថាវរៈរិះគន់តុលាការកំពូល ដែលតម្កល់បទចោទញុះញង់លើពួកគាត់នោះថា ជាការគំរាមកំហែងដល់សកម្មជនដែលចូលរួមលើកកម្ពស់យុត្តិធម៌សង្គម។ មន្ត្រីអង្គការសង្គមស៊ីវិលសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូលដោយអះអាងថា ក្រុមយុវជនខ្មែរថាវរៈ មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
អតីតក្រុមយុវជនខ្មែរថាវរៈលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការកំពូល ដែលតម្កល់បទចោទទៅលើពួកគេពីបទញុះញង់ បង្កឱ្យមានអសន្តិសុខធ្ងន់ធ្ងរទៅដល់សង្គមពីសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ គឺជាការកាត់ក្ដីដោយមិនផ្អែកលើការពិត និងអង្គច្បាប់នោះឡើយ។
អតីតស្ថាបនិកក្រុមយុវជនខ្មែរថាវរៈ និងបច្ចុប្បន្នជាប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ខែឧសភា ថា ការសម្រេចតម្កល់បទចោទមកលើរូបលោក និងក្រុមយុវជនដទៃទៀតពីបទញុះញង់របស់តុលាការកំពូល មិនត្រឹមតែផ្ដល់ភាពអយុត្តិធម៌មកលើក្រុមយុវជនខ្មែរថាវរៈនោះទេ តែក៏ជាការបំបាក់ស្មារតីដល់ក្រុមយុវជន ដែលស្ម័គ្រចិត្តចូលរួមដោះស្រាយបញ្ហាក្នុងសង្គមជាតិ ដូចជាបញ្ហាសិទ្ធិមនុស្ស និងបរិស្ថានផង។ លោកបន្ថែមថា ដីកាសម្រេចរបស់តុលាការកំពូលនេះ កាន់តែបង្ហាញឱ្យប្រជាពលរដ្ឋដឹងកាន់តែច្បាស់ពីការធ្វើការរបស់ប្រព័ន្ធតុលាការនៅកម្ពុជា ដែលមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់នោះឡើយ។
លោក កើត សារ៉ាយ៖ «ការសម្រេចតម្កល់របស់តុលាការកំពូលបែបនេះខ្ញុំយល់ឃើញថា វាធ្វើឱ្យយុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅហ្នឹង គឺអស់សង្ឃឹមហើយលែងមានជំនឿជឿជាក់ នឹងទុកចិត្តប្រព័ន្ធតុលាការនៅកម្ពុជាតាំងពីថ្នាក់ក្រោម រហូតដល់កំពូល នឹងអាចផ្ដល់យុត្តិធម៌នៅពេលដែលខ្លួនឯងមិនបានប្រព្រឹត្តិកំហុសអ្វី ដែលផ្ទុយអំពីច្បាប់របស់ជាតិ»។
ស្រដៀងគ្នានេះ អតីតក្រុមយុវជនខ្មែរថាវរៈ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា សោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលតម្កល់បទចោទមកលើកញ្ញា ហើយកញ្ញាចាត់ទុកសេចក្ដីសម្រេចនេះថា គឺជាភាពអយុត្តិធម៌ ដែលមានចេតនាគំរាមកំហែងដល់សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានដ៏ទៃទៀត កុំឱ្យខ្វាយខ្វល់ពីបញ្ហាសង្គម។ កញ្ញាបន្ថែមថា គ្រប់សកម្មភាពរបស់ក្រុមយុវជនខ្មែរថាវរៈដែលបានធ្វើកាលពីពេលកន្លងមកនេះ មិនបានបង្កអសន្តិសុខដល់សង្គមជាតិនោះឡើយ គឺក្រុមយុវជនខ្មែរថាវរៈធ្វើឡើងដោយស្របទៅតាមសិទ្ធិ និងកាតព្វកិច្ចនៅក្នុងនាមជាពលរដ្ឋ ដែលរដ្ឋធម្មនុញ្ញបានចែងតែប៉ុណ្ណោះ។
នៅពេលដែលរដ្ឋាភិបាលយកតុលាការមករារាំងយុវជន ដែលធ្វើការទាក់ទងពីសិទ្ធិមនុស្ស និងបរិស្ថាន វាជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងយុវជនដែលគាត់ចង់ប្រើសិទ្ធិរបស់គាត់លូកដៃទៅក្នុងរឿងអយុត្តិធម៌នៅក្នុងសង្គម គាត់ចង់ការពារសិទ្ធិមនុស្ស គាត់ចង់ការពារបរិស្ថាន។
ប្រតិកម្មរបស់អតីតក្រុមយុវជនខ្មែរថាវរៈនេះ ធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក គង់ ស្រ៊ីម បានតម្កល់បទចោទរបស់តុលាការថ្នាក់ក្រោមមកលើក្រុមយុវជនខ្មែរថាវរៈ ចាត់ទុកជាបានការ និងបិទផ្លូវតវ៉ា។
ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ លោក ទិត សុទ្ធី បូរ៉ាឆាត កាលពីខែតុលា ២០២១កន្លងទៅ បានផ្ដន្ទាទោសសកម្មជនសង្គមសរុបចំនួន ១៤នាក់ ឱ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ក្នុងនោះក៏មានយុវជនក្រុមខ្មែរថាវរៈ យុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនគណបក្សសង្គ្រោះជាតិផងដែរ ក៏ប៉ុន្តែចៅក្រមរូបនេះ បានតម្រូវឲ្យសកម្មជនទាំងនោះ ជាប់ពន្ធនាគារពី ១៤ខែ ទៅ ១៥ខែ ហើយទោសនៅសល់ត្រូវព្យួរ។ តុលាការក៏បានដាក់ឲ្យពួកគាត់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេលពីរឆ្នាំទៀត។
តុលាការចោទប្រកាន់បែបនេះព្រោះពួកគេបាននាំគ្នាទៅទាមទារ តវ៉ានៅមុខតុលាការក្រុងភ្នំពេញឲ្យដោះលែងអ្នកការពារសិទ្ធិកម្មករ និងជាអ្នកឃ្លាំមើលបញ្ហាព្រំដែន ហើយបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ឱ្យមានសេរីភាពឡើងវិញ។ ទោះយ៉ាងណាកាលពីចុងឆ្នាំ២០២១ តុលាការបានដោះលែងអ្នកទាំងនោះឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ បន្ទាប់មកទៀត នៅខែសីហា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ចំពោះសំណុំរឿងសកម្មជនការងារសង្គម និងសកម្មជនគណបក្សប្រឆាំងទាំង ១៤នាក់នេះ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត សោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល ដោយលោកអះអាងថា ក្រុមយុវជនខ្មែរថាវរៈមិនបានប្រព្រឹត្តិកំហុសដោយបទចោទប្រកាន់នោះទេ។ លោកបន្ថែម សកម្មភាពរបស់ក្រុមយុវជនខ្មែរថាវរៈកាលពីពេលកន្លងទៅ គឺជាការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលគួរតែត្រូវបានគាំទ្រ និងលើកទឹកចិត្ត ក៏ប៉ុន្តែបែរជារងនូវការចោទប្រកាន់ដោយអយុត្តិធម៌ពីសំណាក់តុលាការទៅវិញ។
លោក អំ សំអាត៖ «បើយើងមើលទៅគាត់គ្រាន់តែសម្ដែងការជួបជុំ ដោយសន្តិវិធីក្នុងការបញ្ចេញមតិរបស់ពួកគាត់ ហើយសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការជួបជុំ ក្នុងការប្រមូលផ្ដុំដោយសន្តិវិធី វាធានាដោយច្បាប់អន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញ អ៊ីចឹងខ្ញុំសោកស្ដាយដែរចំពោះសាលដីការបស់តុលាការកំពូលនេះ»។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានយកប្រព័ន្ធតុលាការដើម្បីបំបាក់ស្មារតីសកម្មជនការងារសង្គម និងបរិស្ថាន ព្រមទាំងសកម្មជនគណបក្សប្រឆាំង ដើម្បីរក្សាការដឹកនាំតាមបែបផ្ដាច់ការរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមអតីតសកម្មជនខ្មែរថាវរៈ នៅតែបញ្ជាក់ជំហរថា ពួកគេនៅតែចូលរួមការងារសង្គម ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បើទោះបីជាត្រូវប្រឈមនឹងការចោទប្រកាន់ពីសំណាក់តុលាការ ដោយគ្មានហេតុផលជាថ្មីម្ដងទៀតក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។