មេធាវីការពារក្ដី ឱ្យក្រុមអតីតគ្រូបង្រៀនចំនួន ១១នាក់មិនអស់ចិត្តនឹងការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ ក្នុងសំណុំរឿងប្ដឹងទាមទារក្របខ័ណ្ឌក្រសួងអប់រំមកវិញ កាលពីថ្ងៃទី១១ មីនា ដោយសាររកឃើញថា ចៅក្រមបានលំអៀងទៅរកខាងមេធាវីរបស់ក្រសួងអប់រំ និងបានកាត់ក្ដីឱ្យក្រុមអតីតគ្រូបង្រៀនបន្តចាញ់ក្ដី។ គ្រូបង្រៀន១១នាក់ នឹងពឹងពាក់មេធាវីប្ដឹងទៅតុលាការកំពូលបន្តទៀត។
លោកមេធាវី ជូង ជូងី បានផ្ទៀងផ្ទាត់មើលសាលដីការបស់សាលាឧទ្ធរណ៍ឡើងវិញច្រើនដង និងរកឃើញចំណុចជាច្រើនបង្ហាញថា ចៅក្រមបានលំអៀង ទៅខាងក្រសួងអប់រំ។ លោកបញ្ជាក់ថា លោកបានដាក់សេចក្ដីថ្លែងការណ៍កម្រាស់ ៨ទំព័រមុនសវនាការហើយលោកបានតតាំងក្នុងសវនាការប្រហែលមួយម៉ោងតែចៅក្រមកត់ត្រាក្នុងសាលដីកាមិនចំខ្លឹមសារសំខាន់ បាន ១៥បន្ទាត់។ ឯមេធាវីតំណាងឱ្យក្រសួងអប់រំ មិនបានដាក់សេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទេ និងឡើងថ្លែងការណ៍ផ្ទាល់មាត់ក្នុងសវនាការប្រហែល១០នាទី តែចៅក្រមកត់ត្រាបានខ្លឹមសារល្អៗ ប្រវែង ២ទំព័រកន្លះ។ លោកមេធាវី ជូង ជូងី ប្រាប់ថា ទង្វើរបស់ចៅក្រមបែបនេះ ជាការបង្ហាញឱ្យឃើញពីចរិតនិងតួនាទីរបស់ចៅក្រមកាត់សេចក្ដីលម្អៀង៖ «សាលាឧទ្ធរណ៍ បែរជាកត់ត្រាអ្វីដែលខ្ញុំលើកហ្នឹង បានតែ១៥បន្ទាត់ ហើយអត់មានខ្លឹមសារសំខាន់។ ដល់ពេលងាកទៅមេធាវីតំណាងឱ្យក្រសួងអប់រំវិញ គេអត់មានធ្វើជាលាយលក្ខណ៍អក្សរដាក់ទៅសាលាឧទ្ធរណ៍ទេ។ គេថ្លែងការណ៍ប្រហែលជា១០នាទី សាលាឧទ្ធរណ៍គេកត់ត្រាបានដល់ទៅ២ទំព័រកន្លះ សុទ្ធតែមានន័យខ្លឹមសារដើម្បីច្រានបណ្ដឹងឧទ្ធរណ៍របស់លោកគ្រូ អ្នកគ្រូ១១រូបចោល។ ខ្ញុំហួសចិត្តតែម្ដងហ្មង។ នៅពេលដែលខ្ញុំអានសេចក្ដីសម្រេចដែលចៅក្រមបានចេញមកហ្នឹង គឺខ្ញុំបានមើលឃើញ ពីគំនិតរបស់គាត់ ចរិតលក្ខណៈរបស់គាត់ ក្នុងការបំពេញតួនាទីជាចៅក្រមហ្នឹងណា។ ដល់អ៊ីចឹងទៅ ខ្ញុំវាហួសចិត្ត»។
ចៅក្រមសាលាឧទ្ធរណ៍ចំនួន៣នាក់ ដែលកាត់សេចក្ដី ក្នុងសំណុំរឿងគ្រូបង្រៀន១១នាក់ ប្ដឹងទាមទារក្របខ័ណ្ឌការងារក្រសួងអប់រំមកវិញ គឺ លោក យូ ប៊ុនណា លោក លាង សំណាត់ និងលោក សួស សំអាត។ លោកចៅក្រមទាំង៣នាក់បានចេញសាលដីកាឧទ្ធរណ៍កាលពីថ្ងៃទី១១ មីនា អះអាងថា តាងនាមប្រជារាស្ត្រខ្មែរ បដិសេធផ្ដល់ក្របខ័ណ្ឌគ្រូបង្រៀន ឱ្យក្រុមអតីតគ្រូ១១នាក់។ ការសម្រេចនេះ គឺដូចគ្នានឹងការសម្រេចនៅដំណាក់កាលសាលាដំបូង និងការសេចក្ដីសម្រេចរបស់រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ដែរ។
អតីតគ្រូបង្រៀនចំនួន១១នាក់ ដែលមានលោក រ៉ុង ឈុន ជាអតីតសមាជិកក្រុមប្រឹក្សាគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតផងនេះ នៅតែមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការ ដែលឱ្យពួកលោកចាញ់ក្ដី នៅគ្រប់ដំណាក់កាល។ ក្រុមអតីតគ្រូបង្រៀនទាំង១១នាក់ បានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងអប់រំថា តាមធ្វើបាប និងយាយី លើមន្ត្រីក្រុមគ្រូបង្រៀន ជាមន្ត្រីជាប់ឆ្នោតក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ ដោយសារក្រុមអតីតគ្រូទាំង១១នាក់ មិនព្រមចុះចូល និងធ្វើតាមគណបក្សកាន់អំណាច នៅពេលមានការរំលាយគណបក្សប្រឆាំង។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានលុបឈ្មោះបុគ្គលិកអប់រំ និងគ្រូបង្រៀន ចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ចំនួន ១៣នាក់ ដោយលើកហេតុផលថា ពួកគេបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមាន ដោយគ្មានច្បាប់អនុញ្ញាត កាលពីដើមឆ្នាំ២០១៨។ គ្រូបង្រៀន ១១នាក់ ក្នុងចំណោម ១៣នាក់ បានប្ដឹងតវ៉ា ទៅក្រសួងអប់រំ ដោយហៅការលុបឈ្មោះនោះថាមានចេតនា គុំកួននយោបាយ។ អតីតគ្រូបង្រៀនទាំង១១នាក់ អះអាងថា បានដាក់ច្បាប់សុំព្យួរឈ្មោះពីក្របខ័ណ្ឌក្រសួង ទៅកាន់តួនាទីមន្ត្រីនយោបាយត្រឹមត្រូវតាមផ្លូវច្បាប់ និងដាក់ពាក្យចូលធ្វើការវិញ តាមកំណត់ នៅពេលមានរំលាយបក្សប្រឆាំង។
អតីតគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក នៅខេត្តសៀមរាប ដែលរងការលុបឈ្មោះម្នាក់ លោក ច័ន្ទ សុភា និយាយថា ក្រុមគ្រូបង្រៀននឹងពឹងពាក់មេធាវីប្ដឹងទៅតុលាការកំពូលទៀត។ អតីតគ្រូបង្រៀន និងជាក្រុមប្រឹក្សាជាប់ឆ្នោតស្រុកពួករូបនេះ និយាយថា បើទោះមិនឈ្នះក្ដីក៏ដោយ តែការបន្តប្ដឹងផ្ដល់តាមផ្លូវតុលាការ ជាជម្រើសមួយក្នុងការបង្ហាញប្រាប់សាធារណជនពីចរិតលក្ខណៈនិងការធ្វើការងាររបស់មន្ត្រីតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។