សាលាដំបូងខេត្តបាត់ដំបងកោះហៅមន្ត្រីបក្សប្រឆាំង ៤រូបសាកសួរពីបទប្រឆាំងសាលដីកាតុលាការកំពូល
2019.05.01

អតីតចៅសង្កាត់គណបក្សប្រឆាំងចំនួន ៣រូប និងសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងម្នាក់អះអាងថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលបំភ្លឺតុលាការតាមដីកាកោះរបស់សាលាដំបូងខេត្តបាត់ដំបង។ តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង កោះហៅអ្នកទាំង៤រូបទៅសាកសួរដោយចោទថាប្រឆាំងសាលដីការបស់តុលាការកំពូល។មន្ត្រីសង្គមស៊ីវិលចាត់ទុកដីកានេះថាជាការគំរាមកំហែងផ្នែកនយោបាយដល់សកម្មជនគណបក្សប្រឆាំងធ្វើឱ្យពួកគេភ័យខ្លាច។
មន្ត្រីគណបក្សសង្គ្រោះជាតិទាំង៤រូបខេត្តបាត់ដំបងដែលតុលាការកោះហៅទៅបំភ្លឺរួមមាន ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់ទូលតាឯក លោក ម៉ក់ រ៉ា និងចៅសង្កាត់ចំការសំរោងក្រុងបាត់ដំបងលោក ឃួន ចំរើន និងអតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងលោក ឌឹម សារឿន។ អ្នកទាំង៤ត្រូវបានតុលាការកោះហៅចូលបំភ្លឺនៅសាលាដំបូងខេត្តនៅម៉ោង៨ព្រឹកថ្ងៃទី៩ឧសភាខាងមុខ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣០មេសាថា កន្លងមកអ្នកស្រីមិនបានធ្វើខុសច្បាប់នោះទេ។អ្នកស្រីចាត់ទុកដីកាកោះនេះថា ជាការគំរាមកំហែងពួកគាត់ឱ្យភ័យខ្លាច ដើម្បីកុំឱ្យហ៊ានធ្វើសកម្មភាព ឬជួបគ្នាទៅថ្ងៃក្រោយទៀត៖ «ខ្ញុំមិនមានឥទ្ធិពលអ្វីម្នាក់ឯងទៅប្រឆាំងសាលដីការំលាយគណបក្សសង្គ្រោះជាតិទេ ផ្ទុយទៅវិញរឹតតែធ្វើឱ្យពលរដ្ឋឈឺចាប់ គ្រាន់តែគ្នាជាអតីតចៅសង្កាត់រំលាយបក្សគេហើយគេជួបជុំនិងនិយាយរិះគន់ក្នុងន័យស្ថាបនាមិនបាន។ ខ្ញុំសូមឱ្យមើលក្នុងហ្វេសប៊ុកតើសកម្មភាពណាមួយដែលខ្ញុំនិយាយខុសច្បាប់ គឺវាអត់ទាល់តែសោះ»។
ចំណែកអតីតចៅសង្កាត់ទូលតាឯក លោក ម៉ក់ រ៉ា ថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានទទួលដីកាកោះហៅបែបនេះ ព្រោះកន្លងមកលោកមិនបានធ្វើអ្វីខុសច្បាប់រដ្ឋឡើយ។លោកបន្តថា បើទោះបីជាមានការគំរាមកំហែងយ៉ាងនេះក្ដី ក៏នៅតែប្រកាន់ជំហរស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិដោយងាករេ ព្រោះមានតែគណបក្សប្រឆាំងមួយនេះដែលអាចស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញបាន៖ «ខ្ញុំយល់ថាវាជាការចម្លែក ព្រោះថាអត់បានធ្វើអ្វីខុសហើយគេថាប្រឆាំងសាលដីការបស់តុលាការកំពូល ហើយខ្ញុំស្ដែងដែរចំពោះបក្សដែលយើងគាំទ្រនៅតែគាំទ្រដដែល»។
តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបងលោក គី ប៊ុណ្ណារ៉ា កោះហៅកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន និងលោក ឌឹម សារឿន ទៅសាកសួរនៅសាលាដំបូងខេត្តបាត់ដំបងដោយសង្ស័យថាពួកគេប្រឆាំងនឹងសាលដីកាតុលាការកំពូលលេខ ៣៤០ ចុះថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។
ប៉ុន្តែអ្នកទាំងនោះអះអាងថា ពួកគេពុំទាន់ដឹងថា ការចោទប្រកាន់នេះពាក់ព័ន្ធនឹងរឿងអ្វីនោះឡើយ ព្រោះចាប់តាំងពីរបបក្រុងភ្នំពេញរំលាយចោលគណបក្សសង្គ្រោះជាតិមក គឺពួកគាត់មិនបានធ្វើខុសច្បាប់ឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា រឿងនេះទំនងដោយសារអ្នកទាំង ៤នាក់ មានសកម្មភាពលេចធ្លោក្នុងការជួបជុំគ្នារវាងសមាជិកគណបក្សសង្គ្រោះជាតិញឹកញាប់។ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលរូបនេះ អះអាងថា សកម្មភាពរបស់អ្នកទាំង៤កន្លងមក មិនមែនជាការប្រឆាំងនឹងសាលដីកាតុលាការកំពូលនោះទេ ព្រោះភាគច្រើនពួកគាត់ជួបជុំគ្នាសម្ដែងមតិក្នុងនាមប្រជាពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ៖ «មន្ត្រីមួយចំនួនគាត់កំពុងតែរស់នៅភ័យខ្លាចពីព្រោះសកម្មភាពរបស់ពួកគាត់ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរតាមដានឃ្លាំមើលរហូត អ៊ីចឹងធ្វើឱ្យគាត់កំពុងភ័យខ្លាចគ្មានសេចក្ដីសុខទេ ហើយមិនសូវហ៊ានចេញទៅប្រកបការងារទេ វាប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ទៀត។ខ្ញុំយល់ឃើញថារដ្ឋាភិបាលគប្បីបើកលំហនេះឡើងវិញ»។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន កាលពីថ្មីៗនេះលោកតែងប្រកាសជាចំហម្ដងហើយម្ដងទៀត ថារបបលោកនឹងបន្តតាមកម្ទេចមន្ត្រីគណបក្សប្រឆាំងដោយមិនទុកឱ្យពួកគេមានជីវិតនោះទេ ប្រសិនបើអន្តរជាតិដាក់គំនាបសេដ្ឋកិច្ចលើកម្ពុជានោះ។
ចាប់ពីមេដឹកនាំរបបក្រុងភ្នំពេញប្រកាសមកមួយរយៈចុងក្រោយនេះធ្វើឱ្យអាជ្ញាធរនៅតាមមូលដ្ឋានតាមដានសកម្មភាព និងរឹតត្បិតសិទ្ធិសេរីរបស់សកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់។ យ៉ាងហោចណាស់ មានមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ៣នាក់ហើយ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក ដោយសារការបង្ហោះសាររិះគន់របបឯកបក្ស តាមបណ្ដាញសង្គមហ្វេសប៊ុក គឺអនុប្រធានប្រតិបត្តិបក្សប្រឆាំងស្រុកជីក្រែង ខេត្តសៀមរាប លោក បាន សម្ភីរ ទើបត្រូវដោះលែងថ្មីៗ សមាជិកបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក គង់ ម៉ាស់ និងអនុប្រធានប្រតិបត្តិស្រុកត្បូងឃ្មុំ លោក ស៊ូ យាន។
មន្ត្រីគណបក្សប្រឆាំង៤រូបអះអាងថា ពួកគេនឹងចូលបំភ្លឺតាមដីកាកោះរបស់តុលាការដោយមិនមានការភ័យខ្លាចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។