ក្រុមស្ត្រីថ្ងៃសុក្រដាក់ញត្តិទូលថ្វាយព្រះមហាក្សត្រមេត្តាធ្វើព្រះរាជអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងសាច់ញាតិពួកគាត់ដែលជាប់ពីពន្ធនាគារឱ្យមានសេរីភាពឡើងវិញ និងស្តារលទ្ធិប្រជាធិបតេយ្យ ព្រមទាំងកែទម្រង់ប្រព័ន្ធយុត្តិធម៌ឡើងវិញ ដើម្បីឱ្យកម្ពុជាមានសន្តិភាពប្រាកដ។ មន្ត្រីសិទ្ធិមនុស្សចង់ឃើញព្រះមហាក្សត្រជួយឱ្យអ្នកនយោបាយប្រើប្រាស់វប្បធម៌សន្ទនាចរចាគ្នា ដើម្បីឲ្យអ្នកនយោបាយគ្រប់ភាគីអាចរួមគ្នាដោះស្រាយបញ្ហាជាតិ។
ក្រុមស្ត្រីថ្ងៃសុក្រជាង១០នាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា បានប្រមូលផ្តុំគ្នាចុះហត្ថលេខាលើញត្តិដាក់ទៅក្រសួងព្រះបរមរាជវាំង ដើម្បីស្នើសុំព្រះរាជតម្រិះពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ជួយព្រះរាជអន្តរាគមន៍ដោះលែងប្តី ឪពុក និងសមាជិកគ្រួសារពួកគាត់ដែលកំពុងរងទុក្ខវេទនានៅក្នុងពន្ធនាគារព្រៃស ដោយសារការអនុវត្តសិទ្ធិនយោបាយស្របតាមរដ្ឋធម្មនុញ្ញ។
ខ្លឹមសារញត្តិនោះ បង្ហាញថា ពួកគាត់មានក្តីកង្វល់យ៉ាងខ្លាំង និងកើតទុក្ខមិនសុខចិត្តចំពោះអាជ្ញាធរ និងប្រព័ន្ធតុលាការស្ថិតក្រោមសម្ពាធរបស់គណបក្សកាន់អំណាចបានប្រឌិតរឿងមួលបង្កាច់ដោយគ្មានភស្តុតាង ដើម្បីចាប់ខ្លួន និងចោទប្រកាន់សមាជិកគ្រួសាររបស់ពួកគាត់ទាំងគ្មានកំហុស។ ញត្តិដដែលឱ្យដឹងថា អ្នកជាប់ឃុំនយោបាយបានប្រទះឃើញរឿងរ៉ាវជាច្រើននៅក្នុងពន្ធនាគារ ដូចជាក្រុមឧក្រិដ្ឋកម្មវៀតណាម ចិនដែលជាចោរប្លន់ អ្នកចាប់ជំរិត ឃាតក មេជួញដូរគ្រឿងញៀនធំៗប្រព្រឹត្តអំពើក្បត់ជាតិពិតប្រាកដ និងបង្កវិនាសកម្មដល់សង្គមជាតិបែរជាតុលាការគ្រាន់តែឃុំខ្លួនរយៈពេលខ្លី ហើយមិនយូរប៉ុន្មានតុលាការទម្លាក់ចោលការចោទប្រកាន់ ឬដោះលែងជននោះក្រោមអំពើសូកប៉ាន់ជាច្រើនម៉ឺនដុល្លារ។
សមាជិកស្ត្រីថ្ងៃសុក្រ និងជាប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលដែលពួកលោកស្រីដាក់ញត្តិថ្វាយព្រះមហាក្សត្រពេលនេះ ដោយសារលោកស្រីមិនមានជំនឿលើស្ថាប័នតុលាការដែលចោទប្រកាន់ប្តីលោកស្រី និងសកម្មជននយោបាយផ្សេងទៀតឱ្យជាប់ឃុំទាំងអយុត្តិធម៌ ខណៈពួកគេកំពុងធ្លាក់ខ្លួនឈឺ ដោយសារភាពចង្អៀតណែន ខ្វះអនាម័យ និងប្រព័ន្ធសំឡេងរំខានជាដើម។ លោកស្រី អ៊ុក ចន្ធី ឱ្យដឹងថា មន្ត្រីខុទ្ទកាល័យក្រសួងព្រះបរមរាជវាំងបានចេញមកទទួលញត្តិ ប៉ុន្តែមិនបានបញ្ជាក់អ្វីនោះទេ។ ទោះយ៉ាងណាប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះរំពឹងព្រះមហាក្សត្រទ្រង់ព្រះរាជតម្រិះជួយអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំក្នុងសំណុំរឿងនយោបាយទាំងអស់ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ៖ «ការដាក់ញត្តិដោយសារខ្ញុំអត់ជឿជាក់លើស្ថាប័នណាក្រៅពីស្ថាប័នព្រះមហាក្សត្រទេ ព្រោះខាងតុលាការកាត់ទោសឱ្យជាប់ឃុំទាំងអយុត្តិធម៌ដោយខ្ញុំមិនអាចឈរឱបដៃអង្គុយមើលបានទេ គឺសូមឱ្យព្រះមហាក្សត្រមានព្រះរាជតម្រិះ សុំព្រះអង្គឡាយព្រះហស្តលេខា ដើម្បីលើកលែងទោស និងដោះលែងពួកគាត់ឱ្យមានសិទ្ធិសេរីភាពឡើងវិញ»។
សកម្មភាពដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ ពុំមានការយាយី ឬរំខានពីសំណាក់អាជ្ញាធរដូចលើកមុនៗនោះទេ ប៉ុន្តែក្រុមសន្តិសុខ និងសមត្ថកិច្ចរាជធានីភ្នំពេញស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលរាប់សិបនាក់នៅតែតាមឃ្លាំមើលពួកគាត់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីអធិប្បាយជុំវិញរឿងបានទេ នៅថ្ងៃទី១៥ ខែកក្កដា។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន រុញឱ្យសួរអ្នកនាំពាក្យផ្សេងវិញ ក្រោមហេតុផលថា លោកមិនផ្តល់បទសម្ភាសន៍ឱ្យវិទ្យុអាស៊ីសេរី នោះទេ។
រដ្ឋធម្មនុញ្ញមាត្រា៨ចែងថា ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តភាពជាតិ។ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសិទ្ធិសញ្ញាអន្តរជាតិ។ លើសពីនេះ ព្រះមហាក្សត្រមានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ករណីនេះជារឿងនយោបាយ ដូច្នេះបរិយាកាសនយោបាយបច្ចុប្បន្នសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំទាំងនោះអាចពិបាកស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ។ ក៏ប៉ុន្តែលោក ស៊ឹង សែនករុណា ថា សង្គមស៊ីវិលចង់ឃើញព្រះមហាក្សត្រធ្វើព្រះរាជអន្តរាគមន៍ផ្សះផ្សាបង្រួបបង្រួមអ្នកនយោបាយគ្រប់ភាគីចូលតុចរចាដោះស្រាយបញ្ហាជាតិដូចដែលអតីតព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដែរ៖ «ក្រោយបោះឆ្នោតឃុំ ហើយបោះឆ្នោតជាតិឆ្នាំ២០២៣នឹងមកដល់ បើអង្គព្រះមហាក្សត្រធ្វើព្រះរាជកិច្ចអន្តរាគមន៍សម្របសម្រួលផ្នែកនយោបាយនេះឱ្យមានភាពល្អប្រសើរ យើងជឿជាក់ថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជាវិលត្រឡប់ទៅរកការបោះឆ្នោតមួយអាចជឿជាក់ និងការទទួលយកបានពីគ្រប់មជ្ឈដ្ឋាន ជាពិសេសសហគមន៍អន្តរជាតិ»។
ក្រៅពីដាក់ញត្តិថ្វាយព្រះមហាក្សត្រនេះ ក្រុមស្ត្រីថ្ងៃសុក្រគ្រោងដាក់ញត្តិទៅស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីជាដើម។ ក្រុមស្ត្រីអះអាងថា សកម្មភាពចេញតវ៉ា និងដាក់ញត្តិជាង២ឆ្នាំមកនេះ បានបង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិឃើញកាន់តែច្បាស់អំពើទង្វើអាក្រក់របស់រដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។ ម្យ៉ាងទៀតពួកគាត់ប្ដេជ្ញាចិត្តបន្តធ្វើសកម្មភាពជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារដែលកំពុងជាប់ឃុំដោយមិនរាថយនោះទេ។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំងជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិនយោបាយរបស់ពួកគាត់។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរ ចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០ ។ តុលាការ បានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ថ្មីៗនេះ តុលាការ បានផ្ដន្ទាទោសពួកគេជាបន្តបន្ទាប់ឲ្យជាប់ពន្ធនាគារឲ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៧ឆ្នាំ។ ប៉ុន្តែសកម្មជននយោបាយខ្លះ តម្រូវឲ្យអនុវត្តទោស ៣ឆ្នាំ៨ខែ ដោយទោសនៅសល់ត្រូវព្យួរ។ ទន្ទឹមនឹងនេះ ក្នុងចំណោមអ្នកទាំងនោះមួយចំនួន គឺតុលាការពុំទាន់យកទៅជំនុំជម្រះនៅឡើយទេ។
ក្រុមអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័ន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន ដោយចាត់ទុកថា ការចាប់ខ្លួនទាំងនេះ គឺជារឿងនយោបាយ គ្មានមូលដ្ឋានច្បាប់ និងបន្តទាមទារឲ្យដោះលែងសមាជិកបក្សប្រឆាំង និងអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។