អ្នកច្បាប់​ថា​ ​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​គ្មាន​វត្តមាន​ជនជាប់ចោទ​ ​គឺជា​ការ​បំពាន​គោលការណ៍​ច្បាប់

0:00 / 0:00

អ្នកច្បាប់​ថា​ ​ការ​ជំនុំជម្រះ​ក្ដី​ដោយ​គ្មាន​វត្ត​មាន​​របស់​ជន​ជាប់​ចោទ​ ដើម្បីឲ្យ​ពួកគាត់​​បាន​ចូលខ្លួន​មក​តតាំង​ក្តី​ ​នៅ​ក្នុង​នីតិវិធី​សវនាការ​ចំពោះមុខ​នោះ​ ​គឺជា​ការ​បំពាន​ ​ទាំង​គោលការណ៍​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​។​ ​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ក្រោយ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ ​និង​តុលាការ​ផង​ ​ខក​ខានមិនបាន​ជួយ​សម្រួល​ ​ឲ្យ​ជនជាប់ចោទ​ ​ដែល​មានបំណង​ចូលរួម​សវនាការ​ ​បាន​ទៅ​ចូលរួម​សវនាការ​ ​ដែល​កាត់ក្តី​ពួកគាត់​។

ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ ​ត្រង់​មាត្រា​ ​៣​៨​ ​និង​លិខិ​តុប​ករ​ណ៍​អន្តរជាតិ​ ​ដែល​ប្រទេស​កម្ពុជា​ទទួលស្គាល់​ ​និង​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ផង​នោះ​ ​គឺ​សុទ្ធតែ​មាន​ចែង​ច្បាស់​អំពី​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​តុលាការ​។​

មាត្រា​ ​៣​៨​ ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ចែង​ថា​ជនជាប់ចោទ​ណា​ក៏ដោយ​ ​ត្រូវ​ចាត់ទុកជា​មនុស្ស​ឥត​ទោស​ ​ដរាបណា​តុលាការ​ ​មិនទាន់​កាត់ទោស​ជា​ស្ថា​ប​ពរ​ ​និង​មាត្រា​ ​១​៤​(​៣​)(​ឃ​) ​នៃ​ក​ត្តិ​កា​រសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ ​ចែង​ថា​ ​ជន​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​ស្មើគ្នា​នៅចំពោះមុខ​ច្បាប់​ ​និង​ត្រូវ​ជំនុំ​ជម្រះ​ដោយមាន​វត្ត​របស់​ខ្លួន​ ​ដែល​ជា​ជនជាប់ចោទ​។​

អ្នកច្បាប់​យល់ឃើញ​ថា​ ​នៅ​ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​ ​គឺជា​ការចាំបាច់​ណាស់​ ​ដែល​ត្រូវតែ​មាន​វត្តមាន​ជនជាប់ចោទ​។​ ​មេធាវី​មកពី​ការិយាល័យ​មេធាវី​ ​Right​s & ​Business​ ​លោក​ ​សេក​ សោភណ្ឌ ​ថា​វត្តមាន​របស់​ជនជាប់ចោទ​ ​ក្នុង​សវនាការ​មាន​ភាព​ចាំបាច់​លើស​ពី​ការណ៍​ដែល​គ្រាន់តែ​អនុវត្ត​សិទ្ធិ​ទៅទៀត​ <<​វត្តមាន​របស់​ជនជាប់ចោទ​ ​ឬ​ជន​សង្ស័យ​ហ្នឹង​ ​សំខាន់​ណាស់​នៅ​ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​ ​បើ​អត់​គាត់​មិន​ដឹង​កាត់​ធ្វើ​ម៉េច​ទេ​ ​ព្រោះ​កាត់​ដោយ​គ្មាន​ការ​តតាំង​ភ័ស្តតាង​ ​កាត់​ដោយ​គ្មាន​បញ្ជាក់​ថា​រឿង​ហ្នឹង​ពិត​ឬ​ពិត​ ​ដូច​អ្វី​ដែលគេ​បាន​ចោទ​នោះ​។​ ​អ្នក​ចោទប្រកាន់​ ​គឺ​តំណាង​អយ្យការ​ ​គាត់​តំណាង​ឲ្យ​រដ្ឋ​ ​គាត់​ម្ចាស់​រឿង​គាត់​ចោទ​ជនជាប់ចោទ​ហ្នឹង​ ​ក្រោយ​ពី​គាត់​រក​ឃើញ​ថា​អំពើ​ហ្នឹង​វា​ហួសពី​វិមតិសង្ស័យ​ ​បាន​គាត់​ចោទ​។​ ​ដូច្នេះ​ការ​តតាំង​ចំពោះ​បទ​ចោទ​ហ្នឹង​ដោយមាន​វត្តមាន​ជនជាប់ចោទ​ហ្នឹង​ ​ជា​កាតព្វកិច្ច​ទៀត​>>​។​

កន្លងមក​ ​មាន​ករណី​ច្រើន​ណាស់​ ​ដែល​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ជាសកម្ម​ជន​ ​និង​ម​ន្រ្តី​បក្ស​ប្រឆាំង​ ​ដែល​តាម​បញ្ជា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​តុលាការ​ចេញដីកា​បង្ខំឲ្យ​ចាប់ខ្លួន​ភ្លាម​ៗ​ ​រួច​យកទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​ទោះ​ករណី​ខ្លះ​ ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើស​នីតិវិធី​ ​ក៏​មិនព្រម​ដោះលែង​ ​ដោយ​តុលាការ​អះអាង​ថា​ ​ធ្វើ​នេះ​ដើម្បី​ធានា​ ​ថា​ជនជាប់ចោទ​ ​នឹង​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​។

ប៉ុន្តែ​ ​ការ​អនុវត្ត​របស់​តុលាការ​កម្ពុជា​ ​ហាក់​មាន​ស្ដង់​ដា​ពីរ​ ​ក្នុង​ករណី​ម​ន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​សិទ្ធិ​របស់​ជនជាប់ចោទ​ ​ដែល​ជាម​ន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​រួម​មាន​ទាំង​អនុប្រធាន​គណបក្ស​នេះ​ ​មាន​ជាអាទិ៍​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​ផង​ ​បែរជា​រង​ការ​រំលោភបំពាន​ ​ដោយ​មិន​អនុញ្ញាត​ ឱ្យ​ពួកគាត់​ចូល​មក​បង្ហាញខ្លួន​ ​នៅចំពោះមុខ​តុលាការ​។​

អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​ថា​ដើម្បី​បង្ហាញ​ឆន្ទៈ​ ​និង​បំណង​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ ​និង​កាតព្វកិច្ច​របស់​ខ្លួន​ ​ក្នុង​សវនាការ​ ​អ្នកស្រី​បាន​ស្នើ​តាមរយៈ​មេធាវី​របស់​អ្នកស្រី​ ​ទៅ​ជូន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ​អំពី​បំណង​ ​និង​សុំ​អន្តរាគមន៍​ ​ឲ្យ​គាត់​បាន​ទៅ​បង្ហាញខ្លួន​នៅ​តុលាការ​ <<​យើងខ្ញុំ​ជា​ជនជាប់ចោទ​ ​បាន​សូម​ស្នើ​តាមរយៈ​មេធាវី​យើងខ្ញុំ​ ​គឺ​លោក​ ​សំ​ សុ​គង់​ ​សូមឲ្យ​លោក​ចៅក្រម​សរសេរ​លិខិត​ ​ឬមួយ​ក៏​បញ្ជា​ទៅ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ ​ដែល​ត្រូវ​ផ្តល់​ទិដ្ឋាការ​ ​ព្រមទាំង​ផ្តល់​នូវ​លិខិតឆ្លងដែន​ឲ្យ​យើងខ្ញុំ​នោះ​ ​ឲ្យ​អនុវត្ត​ទៅតាម​សេចក្ដី​សម្រេច​របស់​តុលាការ​ ​ដើម្បីឲ្យ​យើងខ្ញុំ​ ​ជា​ជនជាប់ចោទ​ ​មាន​វត្តមាន​ ​នៅ​ពេល​ធ្វើ​សវនាការ​>>​។​

ជុំវិញ​សារ​របស់​ជនជាប់ចោទ​ ​ដែល​ស្នើ​ទៅ​ចៅក្រម​ឲ្យ​ជួយ​អន្តរាគមន៍​ ​ដើម្បីឲ្យ​ខ្លួន​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ការ​តុលាការ​បែប​នេះ​ ​លោក​មេធាវី​ ​សេក​ ​សោភណ្ឌ​ ​យល់ថា​ ​បើ​តាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ​ ​គឺ​វា​មាន​ឥទ្ធិពល​ធ្វើឲ្យ​ចៅក្រម​សម្រេច​ដោយ​ឈ​រលើ​គោលការណ៍​សិទ្ធិ​ ​និង​ប្រយោជន៍​យុត្តិធម៌​ <<​បើ​ក្នុង​ករណី​ដែល​ចៅក្រម​ ​ដឹង​ថា​ជនជាប់ចោទ​មាន​ចេតនា​ចង់​ចូល​សវនាការ​ដោយ​ផ្ទាល់​ហើយ​ ​ចៅក្រម​ហ្នឹង​មាន​កាតព្វកិច្ច​ហើយ​ ​ក៏​គាត់​ត្រូវតែ​ធ្វើ​គ្រប់​មធ្យោបាយ​ដើម្បីឲ្យ​ជនជាប់ចោទ​ហ្នឹង​មក​អះអាង​ ​មក​តតាំង​ចំពោះ​ការចោទប្រកាន់​ហ្នឹង​ ​ព្រោះ​នៅតែ​ជា​ជនជាប់ចោទ​នៅឡើយ​ទេ​។​ ​ដូច្នេះ​ ​នៅពេលដែល​គេ​មាន​ចេតនា​ចង់​មក​បែប​នេះ​ ​ហើយ​ចៅក្រម​ដឹង​ ​ហ្នឹង​ក្នុង​ករណី​ដែល​ចៅក្រម​ដឹង​ ​ព្រោះ​ចៅក្រម​ត្រូវ​ស្ដាប់​ទាំង​សង្ខាង​ ​ស្ដាប់​ទាំង​កា​រដាក់​បន្ទុក​ ​និង​ដោះបន្ទុក​ ​ហើយ​ពិចារណា​ទាំងពីរ​>>​។​

រហូត​មកដល់ពេលនេះ​ ​ក៏​គ្មាន​សេចក្តីរាយការណ៍​ណាមួយ​ ​អំពី​ចំណាត់​ការ​របស់​តុលាការ​ ​ជុំវិញ​ការ​សម្រួល​ឲ្យ​ម​ន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជាប់ចោទ​ទាំងនោះ​ ​បាន​ត្រឡប់ទៅ​កម្ពុជា​ ​ដើម្បី​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ​នោះ​ដែរ​។​

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​គឺ​លោក​ ​អ៊ី​ រិន្ទ ​បាន​នៅឡើយ​ទេ​។

ទោះ​ជា​យ៉ា​នេះ​ក្ដី​ ​បំណង​មានវត្តមានក្នុង​សវនាការ​ ​របស់​ជនជាប់ចោទ​នេះ​ ​ត្រូវ​បាន​រារាំង​ដោយសារតែ​របប​ក្រុងភ្នំពេញ​ ​មិន​ចេញទិដ្ឋាការ​ (​ឬ​វី​សា​) ​ឲ្យ​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​និង​ម​ន្រ្តី​ឯទៀត​។​ ​ជា​លទ្ធផល​ ​ក្រុមហ៊ុន​អាកាសចរណ៍ស៊ីវិល​និង​ឯកជន​ ​ក៏​មិន​ហ៊ាន​ឲ្យ​អ្នកស្រី​ ​និង​ម​ន្រ្តី​ឯទៀត​ ​ឡើង​យន្តហោះ​ទៅ​កម្ពុជា​ដែរ​ ​ដោយសារ​មូលហេតុ​របប​ក្រុងភ្នំពេញ​ ​មិន​ចេញ​វី​សា​ឲ្យ​នេះ​។​

ក្រោយ​គ្មាន​ការ​ឆ្លើយតប​ ​ពី​ខាង​ចៅក្រម​ជំនុំ​ជម្រះ​ ​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​ថា​អ្នកស្រី​បាន​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​នៅ​លើ​អង្គ​ចៅក្រម​នេះ​ទៀត​ ​ដែល​ឃ្លាំមើល​ពីលើ​តុលាការ​ ​នោះ​គឺ​ព្រះ​ប្រធាន​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​។​ ​អ្នកស្រី​បាន​សរសេរ​លិខិត​ ​ទូល​ថ្វាយព្រះ​ករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ <<​លិខិត​ខ្ញុំ​ផ្ញើ​ថ្វាយ​ទៅ​ព្រះ​ប្រធាន​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ​ដើម្បីឲ្យ​ព្រះមហាក្សត្រ​ ​ឲ្យ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ​ ​ដែល​ជា​អ្នកធានា​ឲ្យ​មាន​ឯករាជ្យ​ភាព​នៃ​តុលាការ​ ​មើល​នូវ​ការប្រព្រឹត្តិ​ទៅ​នៃ​សវនាការ​នោះ​ ​បញ្ជា​ទៅ​ឲ្យ​ចៅក្រម​ ​ដើម្បីឲ្យ​យើងខ្ញុំ​ ​បាន​ទទួល​បាន​នូវ​សិទ្ធិ​ចូលរួម​នៅ​ក្នុង​សវនាការ​ ​នៃ​ករណី​យើងខ្ញុំ​>>​។​

ប៉ុន្តែ​ ​លិខិត​ថ្វាយ​ទៅ​អង្គ​ព្រះមហាក្សត្រ​ ​ក៏​មិន​ទទួល​បានការ​ឆ្លើយតប​ ​ឬ​អន្តរាគមន៍​ណាមួយ​នោះ​ដែរ​។​ ​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ​ ​លោក​ ​សឺ​ន​ ​ស៊ូ​ប៊ែរ្តិ៍ ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ ​ថា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​កុំថាឡើយ​កិច្ច​ការដោះស្រាយបញ្ហា​ជាតិ​ធំ​ៗ​ ​សូម្បីតែ​សេរីភាព​ ​ក្នុង​ការ​បំពេញ​ព្រះ​រាជកិច្ច​ ​ដូចជា​ ​គ្រាន់តែ​ចុះ​សួរសុខទុក្ខ​ប្រជា​រា​ស្រ្ត​នៅកន្លែង​ណា​ ​ទៅតាម​ការ​សព្វព្រះរាជហឫទ័យ​របស់​ព្រះអង្គ​ ​ក៏​ទ្រង់​មិន​អាច​ធ្វើ​បាន​ផង​។​ ​លោក​ថា​ ​ព្រះមហាក្សត្រ​សព្វថ្ងៃ​ ​ដូច​ជាប់ឃុំ​នៅ​ក្នុង​ព្រះបរមរាជវាំង​។​

ការយល់​ឃើញ​បែប​នេះ​ ​គឺ​ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​ ​សម​ ​រ​ង្ស៊ី ​ដែរ​ ​ដែល​បាន​ចាត់​ទុក​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ ​ថា​ជា​ចំណាប់ខ្មាំង​របស់​លោក​ ​ហ៊ុន​ ​សែន​ ​និង​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទាំងអស់​។​

សូម្បីតែ​អង្គ​ព្រះមហាក្សត្រ​ ​ក៏​បាត់​សិទ្ធិ​ ​និង​អត់​អំណាច​ ​ដែល​មាន​ចែង​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​ ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ​ក៏​រង​ការរិះគន់​ជុំ​ទិស​ ​ថា​គ្មាន​ឯករាជ្យ​ ​និង​យុត្តិធម៌​នោះ​ទេ​ ​ដោយសារតែ​តុលាការ​នេះ​ ​ត្រូវ​គេ​មើលឃើញ​ ​ថា​បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់អំណាច​ ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​។​

ម​ន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​ធ្លាប់​ស្នើ​ជារឿយៗ​ ​ឲ្យ​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ ​ដោយ​ផ្តើម​ពី​ការ​ពង្រឹង​ភាព​ឯករាជ្យ​ ​យុត្តិធម៌​ ​និង​ត្រឹមត្រូវ​ ​របស់​ស្ថាប័ន​តុលាការ​នេះ​។​ ​បើ​មិន​ដូច្នេះ​ទេ​ ​អំពើ​អយុត្តិធម៌​សង្គម​ ​នៅតែ​បន្ត​កើតមាន​ ​ជាពិសេស​ចំពោះ​អ្នក​ដែល​មានសំឡេង​ប្រឆាំង​ ​ដែល​ហ៊ាន​រិះគន់​ទង្វើ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។