ក្រុម​មេធាវី និង​សង្គម​ស៊ីវិល​ថា សំណុំ​រឿង​កក​ស្ទះ កើត​ឡើង​ដោយសារ​ប្រព័ន្ធ​ច្បាប់

ដោយ មួង ណារ៉េត
2021-05-25
Share
ក្រុម​មេធាវី និង​សង្គម​ស៊ីវិល​ថា សំណុំ​រឿង​កក​ស្ទះ កើត​ឡើង​ដោយសារ​ប្រព័ន្ធ​ច្បាប់ (រូបឯកសារ) បន្ទប់ឃុំឃាំង​អ្នកទោស​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១៣។
រូប៖ RFA

មេធាវី​​ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​យល់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​សំណុំ​​​រឿង​កក​ស្ទះ​​ នៅ​តាម​សាលា​​ជម្រះ​ក្ដី គឺ​ដោយសារ​ប្រព័ន្ធ​ច្បាប់ និង​​ភាព​យឺតយ៉ាវ​របស់​មន្ត្រី​តុលាការ។ ការ​លើក​ឡើង​នេះ ក្រោយ​​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ស្នើសុំ​ជា​ថ្មី​ឲ្យ​មន្ត្រី​តុលាការ​ទាំង​អស់ ​បន្ត​ប្រឹងប្រែង​ដោះ​ស្រាយ​សំណុំ​រឿង​បន្ថែម​ទៀត កុំ​ឲ្យ​កក​ស្ទះ។

ទោះ​បី​ជា​ក្រសួង​យុត្តិធម៌ បាន​បង្កើត​យុទ្ធនាការ​ដោះ​ស្រាយ​សំណុំ​រឿង​កក​ស្ទះ​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២០ មក​ក្តី ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់ និង​អ្នក​ឃ្លាំមើល ពិនិត្យ​ឃើញ​ថា ចំណាត់​នេះ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ពួក​គាត់​យល់​ថា ភាព​សាំញ៉ាំ​នៃ​នីតិវិធី​ច្បាប់ គឺ​ជា​ផ្នែក​ធំ ដែល​បណ្ដាល​ឲ្យ​សំណុំ​រឿង​ ត្រូវ​កក​ស្ទះ​ជាប់​ទ្រឹង​​ នៅ​ដំណាក់កាល​​ចៅក្រម​ស៊ើបសួរ។

មេធាវី​នៃ​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ លោក​មេធាវី សុក សំអឿន ​យល់​ថា រដ្ឋាភិបាល​គួរ​តែ​ស្នើ​កែ​ច្បាប់​នៅ​ចំណុច​នេះ ដោយ​ទុក​ឲ្យ​ចៅក្រម​ជម្រះ​ជា​អ្នក​ស៊ើប ឬ​ទម្លាក់​ភារៈ​កិច្ច​ស៊ើបសួរ​ នៅ​ត្រឹម​តំណាង​អយ្យការ ទើប​ជួយ​ជំរុញ​សំណុំ​រឿង​ឲ្យ​បាន​លឿន​ដល់​នីតិវិធី​សវនាការ​ឆាប់ៗ។ បន្ថែម​ពី​នេះ លោក សុក សំអឿន សង្កេត​ឃើញ​ថា យុទ្ធនាការ​ដោះ​ស្រាយ​សំណុំ​រឿង​កក​ស្ទះ​នៅ​តុលាការ​កន្លង​មក​នេះ មាន​ប្រសិទ្ធិ​ភាព​តិចតួច ហើយ​​ពិបាក​និយាយ​ដល់​យុត្តិធម៌​ណាស់៖ «បែង​ចែក​ឲ្យ​ដាច់ ឬ​ក៏​លុប​ចោល​ចៅក្រម​ស៊ើប​ទៅ ឲ្យ​ព្រះ​រាជ​អាជ្ញា​ គេ​អ្នក​ធ្វើ​ទៅ។ ឥឡូវ​ព្រះ​រាជ​អាជ្ញា មាន​ធ្វើ​អ្វី មើល​សំណុំ​រឿង​មួយ​ភ្លែត ហុច​ឲ្យ​ចៅក្រម​ស៊ើប​ហ្នឹង។ អា​ហ្នឹង មក​ពី​ប្រព័ន្ធ​យើង​ទេ ធ្វើ​ឲ្យ​កកស្ទះ ហើយ​បើ​​អត់​​ប្ដូរ​ទេ ខំ​ប្រឹងប្រែង​បង្កើត​ចៅក្រម​ថែម​ទៀត​ឲ្យ​ច្រើន​។ ទី​១ លុប ឬ​ក៏​បែង​ចែក​ឲ្យ​ដាច់។ កុំ​ឲ្យ​ចៅក្រម​ម្នាក់ កាន់​ស៊ើប​ផង ជម្រះ​ផង»

Sok_Sam_Oeun_Call_Show_021017_RFA.jpg
លោក​មេធាវី សុក សំអឿន មេធាវី​នៃ​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ ក្នុង​វេទិកា​អ្នក​ស្ដាប់វិទ្យុ​អាស៊ីសេរី ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ រូប៖ RFA

ចំណែក​ មេធាវី​ម្នាក់​ទៀត នៅ​ក្រុម​ប៊ីប៊ីស៊ី (BBC) លោក សួស វណ្ណៈ បញ្ជាក់​ថា សំណុំ​រឿង​តាម​សាលា​ជម្រះ​ក្ដី​មួយ​ចំនួន ចាប់​ផ្ដើម​កក​ស្ទះ​ឡើងវិញ​ជា​បណ្ដើរៗ ​ហើយ​ ក្នុង​ស្ថាន​​ភាព​ជំងឺ​កូវីដ១៩ (Covid-19)។ លោក​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មន្ត្រី​តុលាការ​បាន​អវត្តមាន​ទៅ​​ធ្វើការ​ និង​ផ្អាក​សវនាការ​ ក្នុង​ហេតុផល​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​មេធាវី​បារម្ភ​ថា សំណុំ​រឿង​​នឹង​បន្ត​កក​ស្ទះ​​​ទៀត៖ «ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ វា​បាន​តែ​មួយ​ឆាវ ហើយ​ក្រោយ​ពី​មួយ​ឆាវ​ហ្នឹង សាច់​រឿង​វា​នៅ​តែ​ដដែល។ យើង​មើល​ឃើញ​ទៅ ក្នុង​នាម​​បង​ជា​អ្នក​ធ្វើការ​ជាមួយ​ខាង​តុលាការ​ហ្នឹង វា​មើល​ទៅ​នៅ​ដដែល​ទេ។ ឥឡូវ​ហ្នឹង វា​ធ្លាក់​មក​ស្ថានភាព​ដដែល​វិញ​ហើយ»

ការ​លើក​ឡើង​ពី​ប្រសិទ្ធិ​ភាព និង​ការ​ដោះស្រាយ​សំណុំ​រឿង​ក្ដី​នេះ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ស្នើ​ដល់​ចៅក្រម ព្រះរាជ​អាជ្ញា ​មន្ត្រី​រាជការ ​​នៃ​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ទាំង​អស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះ​ស្រាយ​សំណុំ​រឿង​ថ្មីៗ​ បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​សំណុំ​រឿង​ក្ដី កើត​ស្ទះ​ទ្រង់ទ្រាយ​ធំ​បន្ត​ទៀត។ លោក​លើក​ឡើង​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ក្នុង​ពិធី​ផ្ទេរ​តំណែង​ ប្រធាន​សាលា​ដំបូង​ និង​​​ព្រះ​រាជ​អាជ្ញា​តំណាង​អយ្យការ​អម​សាលា​ដំបូង សរុប​ចំនួន ៨នាក់ នៅ​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍​បាត់ដំបង។

Keut_Rith_1.jpg
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌

លោក កើត រិទ្ធិ បាន​ដាក់​ចេញ​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កកស្ទះ​នៅ​តាម​សាលា​​​​ដំបូង​រាជធានី​ខេត្ត កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ២០២០ មុន គឺ​បាន​បន្តិច​ក្រោយ​ពេល​លោក​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ក្រសួង​នេះ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ចុង​ក្រោយ (៣១ ធ្នូ ២០២០)​ ថា រយៈ​ពេល ២២២ថ្ងៃ ក្រសួង​ដោះ​ស្រាយ​សំណុំ​រឿង​កកស្ទះ បាន ៣៥.១០០​សំណុំ​រឿង ស្នើ ៨៩ភាគ​រយ និង​​បន្ត​ដោះ​ស្រាយ​ សំណុំ​រឿង​ព្រហ្មទណ្ឌ​ថ្មី បាន ៣៦.៥០០​សំណុំរឿង។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ឧសភា។ ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​​ធ្វើការ​ផ្នែក​​ឃ្លាំមើល​សវនាការ ជំរុញ​​នគរ​បាល និង​មន្ត្រី​តុលាការ​​ឱ្យ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​​​នៃ​ការ​ឃាត់ខ្លួន ​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​​ពលរដ្ឋ​ឡើងវិញ ដើម្បី​​​ជា​ផ្នែក​មួយ​ ជួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ នៅ​តាម​តុលាការ។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ លោក ហេង គឹមហុង យល់​ថា បន្ថែម​ពី​លើ​វិធាន​ផ្សេងៗ គឺ​​ចៅក្រមគួរ​​ដោះលែង​សកម្មជន​​សង្គម សកម្មជន​នយោបាយ និង​​អ្នក​ជាប់​​ជាប់​ឃុំ ក្នុង​បទ​ល្មើស​ស្រាលៗ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​ ដើម្បី​កាត់​បន្ថយ​សំណុំ​រឿង​កកស្ទះ​ និង​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា​ ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ ​ជា​ការ​ជួយ​សម្រួល​ដល់​ស្ថានភាព​​ពន្ធនាគារ ដែល​កំពុង​​ប្រឈម​ហានិភ័យ​ជំងឺ​កូវីដ១៩៖ «មែនទែន​ទៅ រឿង​កក​ស្ទះ ឬ​ក៏​ការ​រក​យុត្តិធម៌ ​សម្រាប់​ប្រជាពលរដ្ឋ​នេះ គឺ​ជា​តួនាទី​​យ៉ាង​សំខាន់​របស់​អង្គការ​តុលាការ ដែល​គួរ​តែ​មាន​ឆន្ទានុសិទ្ធិ ក្នុង​ការ​រៀបចំ និង​អនុវត្ត​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​ពលរដ្ឋ។ មិនមែន​ទាល់​តែ​មាន​ការ​ស្នើសុំ ឲ្យ​មាន​ការ​ពន្លឿន ទើប​ពន្លឿន​នោះ​ទេ»

Heng_Kimhong_1.jpg
លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​។ រូប៖ ហ្វេសប៊ុក​លោក ហេង គឹមហុង

បើ​ទោះ​ជា​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​គាំទ្រ​យុទ្ធនាការ​ដោះ​ស្រាយ​សំណុំ​រឿង​កក​ស្ទះ ប៉ុន្តែ ពួក​គេ​ចង់​ឱ្យ​រដ្ឋាភិបាល និង​សភា ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​​​បន្ថែម​ទៀត ដើម្បី​ធានា​ថា ពលរដ្ឋ​ទទួល​បាន​យុត្តិធម៌​ស្នើ​ភាព​គ្នា។ លើស​ពី​នេះ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ជំរុញ​រដ្ឋាភិបាល​ជា​ថ្មី​ទៀត ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ដោះ​លែង​ជន​ជាប់​ឃុំ ដែល​មាន​ទោស​កម្រិត​ស្រាល ជាពិសេស​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ជាប់​ឃុំ​ដែល​មាន​កូន​តូច​នៅ​ជា​មួយ។ ​

ជាង​នេះ​ទៅ​ទៀត​នោះ អង្គការ​ទាំង​នេះ ស្នើ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​ឃុំ​ខ្លួន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ពោល​គឺ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ដូច​ជា ក្នុង​ករណី​អ្នក​ទោស​នយោបាយ និង​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​បង្ខំ ដើម្បី​បន្សាប​គ្រឿង​ញៀន​ជា​ដើម។ ចំណាត់​ការ​ដែល​ត្រូវ​ធ្វើ​ជា​ចាំបាច់​នេះ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​តុលាការ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល