មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ស៊ើបអង្កេត​អគារ​កាស៊ីណូ​ដែល​សង្ស័យ​ថា មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់

ដោយ សេក បណ្ឌិត
2022.08.24
Share on WhatsApp
Share on WhatsApp
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ស៊ើបអង្កេត​អគារ​កាស៊ីណូ​ដែល​សង្ស័យ​ថា មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ទិដ្ឋភាព​​អាជ្ញាធរ​ខេត្ត​កណ្ដលចុះដល់ទីតាំង​កាស៊ីណូ ឃុំ​ព្រៃធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​ស្នងការខេត្ត​កណ្ដាល

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរតែ​បង្ហាញ​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព ពាក់ព័ន្ធ​នឹង​ទីតាំង​អគារ​សហគ្រាស​មួយចំនួន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដែល​សង្ស័យ​ថា​មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​បង្ខំ​ឱ្យធ្វើ​ការ​ខុសច្បាប់​នៅ​លើ​ទឹកដី​កម្ពុជា​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ជនជាតិ​វៀតណាម​ជាង ៤០​នាក់ ថ្មីៗ​នេះ​បាន​សម្រុក​រត់​គេច​ខ្លួន​ចេញ​ពី​អគារ​បន​ល្បែង​កាស៊ីណូ​មួយ​កន្លែង​នៅ​ជ្រៃធំ ខេត្តកណ្តាល ហើយ​ហែល​ឆ្លង​ព្រែក​ទៅ​ត្រើយម្ខាង​នៃ​ទឹកដី​វៀតណាម​របស់​ខ្លួន​វិញ​។ ជនជាតិ​វៀតណាម​ទាំងនោះ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ពួកគេ​រត់​គេច​ខ្លួន​ចេញពី​អគារ​បន​ល្បែង​កាស៊ីណូ គឺ​ដោយសារ​មាន​ថៅកែ​ជនជាតិ​ចិន​បាន​ចាប់​ឃុំឃាំង​ពួកគេ​បង្ខំ​ឱ្យធ្វើ​ទាសករ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)

អំពើ​ជួញដូរ​មនុស្ស ឬ​ករណី​ជនជាតិ​ចិន​ចាប់​បង្ខាំង​ជន​បទេស​បង្ខំ​ឱ្យធ្វើ​ការ​ខុសច្បាប់​នៅ​កម្ពុជា ហាក់​កំពុង​ល្បីល្បាញ​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ ជនបរទេស​ដែល​រំដោះខ្លួន​ចេញពី​អគារ​គ្រប់គ្រង​ដោយ​ជន​ជាតិចិន​ភាគច្រើន​ពួកគេ​សុទ្ធតែ​បាន​អះអាង​ប្រហាក់ប្រហែល​គ្នា​ថា ពួកគេ​ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន​បោក​បញ្ឆោត​ឱ្យធ្វើ​ការ​ខុស​ច្បាប់ តាមរយៈ​ការ​ល្បួង​បញ្ចុះបញ្ចូល​ឃោសនា​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់។

មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរតែ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ជនបរទេស​មក​ធ្វើ​ការ​នៅ​កម្ពុជា ជាពិសេស​អគារ​សហគ្រាស ឬ​បន​ល្បែង​កាស៊ីណូ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដែល​សង្ស័យ​ថា មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​នៅ​កម្ពុជា។

នាយក​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ សីហា​ថា បើ​ករណី​ជនបរទេស​មួយចំនួន​មក​ធ្វើការ​នៅ​កម្ពុជា​អះអាង​ថា ខ្លួន​រង​ការ​ចាប់​បង្ខាំង​មនុស្ស​ឱ្យធ្វើ​ការ​ខុសច្បាប់ ហើយ​មន្ត្រី​អាជ្ញាធរ​នៅតែ​គ្មាន​ការស៊ើបអង្កេត បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​លើ​ករណី​នេះ នោះ​កម្ពុជា​នឹង​អាច​ក្លាយជា​ប្រទេសមួយ​ដែលមាន​កេរ្តិ៍ឈ្មោះ​អាក្រក់​។ លោក​ព្រួយបារម្ភ​ថា បើ​ករណី​ជនជាតិ​ចិន​ចាប់​បង្ខាំង​ជនបរទេស​ឱ្យធ្វើ​ការ​ខុសច្បាប់​នៅ​កម្ពុជា​ពិតមែន​នោះ វា​នឹង​ធ្វើ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ និង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ។

លោក អំ សំអាត ជំរុញ​ដល់​អាជ្ញាធរ​កម្ពុជា​គួរ​មានការ​ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ដែល​អះអាង​ថា មាន​ពលរដ្ឋ​ខ្លួន​ជាប់​គាំង​បង្ខាំង​ក្នុង​អគារ ដើម្បី​រក​ឱ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ​។ លោក លើកឡើង​បន្ត​ថា ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំង​មនុស្ស​នៅ​កម្ពុជា​នេះ គឺ​ទាមទារ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ជំនាញ មាន​ឆន្ទៈ និង​ការ​តាំង​ចិត្ត​ខ្ពស់ ទើប​មានការ​បង្ក្រាប និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នេះ​មាន​ប្រសិទ្ធភាព៖ «ហើយ​ទី​ពីរ​ពង្រឹង​ការអនុវត្ត​ច្បាប់​។ ប្រសិនបើ​មាន​អ្នក​ពាក់ព័ន្ធ ជាមួយនឹង​ការ​ជួញដូរ​មនុស្ស​ហ្នឹង ទោះបីជា​ឋានន្តរសក្តិ ឬ​អំណាច​ប៉ុណ្ណា​ក៏​ត្រូវ​តែ​មាន​ការ​តាមផ្លូវ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ហ្នឹង​ទើប​អាច​ធ្វើ​ការទប់ស្កាត់​ទៅ​បាន​។ ទី​បី​ត្រូវ​សហការ​ជាមួយ​បណ្តា​ប្រទេសជិតខាង ព្រោះ​លំហូរ​ចូល មិនដែល​ជនបរទេស ចូល​មក​ស្រុក​ខ្មែរ​ដោយ​ខុសច្បាប់ ធ្លាក់​ពី​ណា​មក​ទេ គឺ មានការ​ឆ្លងដែន​។ អ៊ីចឹង​ត្រូវតែ​មានការ កិច្ច​​​​សហប្រតិបត្តិការ ជាមួយនឹង​ប្រទេសជិតខាង ដើម្បី​ធ្វើ​ទប់​ស្កាត់»

ក្តី​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កើតឡើង​ក្រោយ​ពេល​ដែល​កំណើន​នៃ​ករណី​ចាប់​បង្ខាំង​មនុស្ស​បង្ខំ​ឱ្យធ្វើ​ការ​ខុស​ច្បាប់​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ហាក់​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង ខណៈ​សង្វាក់​អាជីវកម្ម​ក្រុមហ៊ុន​ចិន​ឆបោក​ទាំងនោះ​ភាគច្រើន​ជ្រក​ក្រោម​ស្លាក​អគារ​បន​ល្បែង​ដែល​កំពុង​ដំណើរការ​ហាក់​មាន​ភាព​អាថ៌កំបាំង​ច្រើន។

កាលពី​ថ្ងៃទី​១៨ ខែសីហា សារព័ត៌មាន​តៃវ៉ាន់​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​តៃវ៉ាន់​ជិត​៤​រយ​នាក់ (៣៧៣​នាក់​) ត្រូវ​បាន​ក្រុម​ជនល្មើស​បោក​បញ្ឆោត​ឱ្យធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​ការ​ងារ​ក្លែងក្លាយ​។ ក្នុង​នោះ​មាន​ពលរដ្ឋ​តៃវ៉ាន់​ជាង​១​រយ​នាក់ (១៤៤​នាក់​) ត្រូវ​បាន​បង្ខាំង​ទុក​ក្នុង​អគារ បង្ខំ​ឱ្យធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។

ដោយឡែក កាលពី​ថ្ងៃទី​១៩ ខែ​សីហា ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) បាន​រាយការណ៍​ថា កម្មករ​កាស៊ីណូ​ជនជាតិ​វៀតណាម​ប្រមាណ ៤២​នាក់ ធ្វើ​ការ​ឱ្យ​កាស៊ីណូ​មួយ​ឈ្មោះ ហ្គោលដឹនភិននិក អ៊ីនដឹថេនមេន កាស៊ីណូ (Golden Phoenix Entertainment Casino) ស្ថិត​ក្នុង​ឃុំ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្តាល ត្រូវ​បាន​គេ​បង្ខំ​ឱ្យធ្វើ​ការ​ដោយ​ពុំ​បើកប្រាក់​ឈ្នួល។

វីដេអូ​ដែល​គេ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា កម្មករ​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​រត់​ចេញពី​អគារ​ក្រុមហ៊ុន​ចិន​ទឹកមុខ​របស់​ពួកគាត់​ហាក់​មាន​អារម្មណ៍​តក់ស្លុត និង​ភ័យខ្លាច​។ ជាង​នេះ​ទៅ​ទៀត ភ្លាមៗ​ក្នុងពេលដែល​ជនជាតិ​វៀតណាម​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​ពី កាស៊ីណូ​មួយ​ឈ្មោះ ហ្គោលដឹនភិននិក អ៊ីនដឹថេនមេន កាស៊ីណូ ជនជាតិ​ចិន និង​ក្រុម​សន្តិសុខ ក៏បាន​ទាញ​បំពង​ដែក និង​ដំបង​ដេញ​វាយ​ទៅលើ​ជនជាតិ​វៀតណាម​ទាំងនោះ ដែល​បណ្តាល​ឱ្យ​រងរបួស​មួយចំនួន​ទៀត​ផង​។ ជនជាតិ​វៀតណាម​ទាំងនោះ បាន​បង្ខំចិត្ត​សម្រុក​រត់គេច​ចេញពី​ទីតាំង​កាស៊ីណូ ដោយ​បាន​លោត​ចូលក្នុង​ទឹកទន្លេ​ស្ថិត​ក្នុង​តំបន់​ព្រែក​បិនយី (Binh Di) ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត​នៃ​ប្រទេស​វៀតណាម​វិញ​។ ក្នុង​នោះ​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​ពេល​ដែល​កំពុង​ហែល​ទឹកទន្លេ​ចាក​ចេញពី​កម្ពុជា​សំដៅ​ទៅ​ប្រទេស​កំណើត​វិញ។

កម្មករ​ជនជាតិ​វៀតណាម ដែល​រំដោះខ្លួន​ចេញពី​អគារ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ពួកគេ​មួយចំនួន​បាន​អះអាង​ប្រាប់​អាជ្ញាធរ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ពួកគេ ថា​ពួកគេ​ពិតជា​ត្រូវ​បាន​ជន​ជាតិចិន​ឃុំឃាំង​ក្នុង​អគារ​ដែល​មាន​សភាព​ងងឹត ហើយ​បង្ខំ​ឱ្យធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា។

ទាក់ទង​នឹង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក ឈឿន សុចិត្រ ដើម្បី​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បានទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​លោក​ចុច​ផ្ដាច់​។ ចំណែក អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ក៏មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃទី​២៣ សីហា។

ប៉ុន្តែ អភិបាល​រង​ខេត្ត​កណ្ដាល លោក គ្រុយ ម៉ាឡែន បាន​ប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ថ្មីៗ​នេះ​ថា ករណី​ជនជាតិ​វៀតណាម​រត់​គេច​ខ្លួន​ពី​អគារ​កាស៊ីណូ​ក្នុង​ខេត្តកណ្តាល​កន្លង​ទៅ​នេះ មិនមែន​ជា​ករណី​ចាប់​បង្ខាំង​ឡើយ​។ លោក​អះអាង​ថា កម្មករ​ជនជាតិ​វៀតណាម​ទាំងនោះ​ក្រុមហ៊ុន​ក៏​បើកប្រាក់​ខែ​ឱ្យ​ពួកគេ​ត្រឹម​ត្រូវជា​ប្រចាំខែ​ដែរ​។ បន្ថែម​ពី​នេះ​ទៀត លោក​ចោទ​ថា ក្រុម​កម្មករ​ជនជាតិ​វៀតណាម​រត់​គេច​ខ្លួន​នោះ គឺ​ពួកគេ​ព្យាយាម​គេច​ពី​ការទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការខ្ចី​បំណុល​ពី​ក្រុមហ៊ុន​យក​មក​លេងល្បែង។

កាលពី​ថ្ងៃទី​១៨ សីហា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្វើ​សន្និសីទកាសែត​មួយ ដោយ​អះអាង​ថា កម្លាំង​នគរបាល​ធ្វើ​ប្រតិបត្តិ​ការ​ឆែកឆេរ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ក្នុង​បេសកកម្ម​សង្គ្រោះ​ជនរងគ្រោះ និង​ចាប់​មេខ្លោង​យក​មក​ផ្ដន្ទាទោស​។ លោក​ឱ្យដឹង​ថា ករណី​ជនជាតិ​វៀតណាម​រត់ចេញ​ពី​អគារ​បន​ល្បែង​ក្នុង​ខេត្ត​កណ្ដាល សមត្ថកិច្ច​ឃាត់ខ្លួន​មេការ និង​ជនរងគ្រោះ​មួយចំនួន​។ លោក​ថា នៅ​ខេត្ត​ព្រះសីហនុ​ក៏​ដូចគ្នា​ដែរ សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​លើ​ការ​ស្នាក់នៅ​របស់​ជនបរទេស​នេះ ហើយ​មាន​អ្នកខ្លះ​បាន​អះអាង​ថា ខ្លួន​ជា​ជនរងគ្រោះ ដែល​សមត្ថកិច្ច​ពិនិត្យ​ជាក់ស្ដែង គឺ​មាន​ជនជាតិ​អាមេរិក ខ្មែរ​អាមេរិក និង​ឥណ្ឌូណេស៊ី ជាដើម។

លោក ស ខេង បញ្ជាក់​ទៀត​ថា ចំពោះ​អ្នក​ហែល​ទឹក​ទៅ​ប្រទេស​វៀតណាម​នោះ ប្រហែល​ពួកគេ​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា ព្រោះ​ពេល​មក​ដល់​ជជែក​មិន​ត្រូវ​គ្នា​រឿង​កិច្ចសន្យាការងារ​ក៏​នាំគ្នា​រត់ចេញ ហើយ​ហែល​ឆ្លង​ព្រែក​ទៅ​ខាង​វៀតណាម​វិញ៖ «​ស្ថានភាព​ខ្លះ មិន​ពិត​ទាំងស្រុង​ទេ ប៉ុន្តែ​ខ្លះ​ក៏​ពិត យើង​សង្គ្រោះ ព្រោះ​បេសកកម្ម​របស់​យើង​ទីមួយ​សង្គ្រោះ​ជនរងគ្រោះ ទី​ពីរ​គឺ​យើង​ចាប់​មេខ្លោង​ពាក់ព័ន្ធ​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់»

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ករណី​ជនជាតិ​វៀតណាម​រត់​គេច​ខ្លួន​ពី​អគារ​បន​ល្បែង​នៅ​កម្ពុជា​នេះ អាជ្ញាធរ​កម្ពុជា​គួរតែ​មាន​ការសិក្សា​ឱ្យ​បាន​ស៊ីជម្រៅ ជាពិសេស​ត្រូវ​ជជែក​ពិភាក្សា​ជាមួយ​ជនជាតិ​វៀតណាម​ទាំងនោះ ដើម្បី​រក​ឱ្យ​ឃើញ​បញ្ហា​ពិតប្រាកដ ដើម្បី​អនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព​។ លោក​លើកឡើង​ថា សារព័ត៌មាន​អន្តរជាតិ​ធំៗ​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ចំពោះ​ករណី​ជនបរទេស​រាប់​រយ​នាក់​ត្រូវ​បាន​ក្រុម​ជន​ឆបោក​ចាប់​បង្ខាំង​ឱ្យធ្វើ​ការ​ខុសច្បាប់​នៅ​កម្ពុជា​។ លោក​ថា បញ្ហា​នេះ បើ​អាជ្ញាធរ​តែ​បន្ត​បដិសេធ​ដោយ​គ្មាន​ការស៊ើបអង្កេត​ជាមុន​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ជាតិ និង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ល្អៗ​នៅ​កម្ពុជា​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​បន្ថែម​ទៀត៖ «​ខ្ញុំ​ជឿជាក់​ថា សារព័ត៌មាន​ទាំងអស់​នោះ​គេ​គ្មាន​ហេតុផល​អ្វី​ទៅ​ប្រឌិត​ព័ត៌មាន​ដើម្បី​ឱ្យ​ប៉ះពាល់​មុខ​មាត់​ប្រទេស​កម្ពុជា​ទេ ប្រសិនបើ​មិន​មាន​ករណី​បែប​នេះ​កើតឡើង​។ អ៊ីចឹង​សមត្ថកិច្ច​គប្បី បើក​ការ​ស្រាវជ្រាវ ឱ្យ​បាន​ល្អិតល្អន់ ហើយ​រក​ឃើញ​ហើយ​ហ្នឹង​គួរតែ​មាន​ការទប់ស្កាត់ និង​ចាត់វិធានការ​ទៅលើ​ជន​ទាំងអស់​នោះ​ឱ្យ​ខ្លាំងក្លា ដើម្បី​បង្ហាញ​ទៅ​ឱ្យ​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន នៅ​ស្ងៀម​ចំពោះ​អំពើ​បង្ខាំង​មនុស្ស ឬ​អំពើ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ដែល​មក​កម្ពុជា​បែប​ហ្នឹង​ទេ»

ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​មួយចំនួន​បន្ត​រាយការណ៍​ជា​បន្តបន្ទាប់​អំពី​ប្រតិបត្តិការ​អាជីវកម្ម​បែប​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​មួយចំនួន​ក៏បាន​លាតត្រដាង​ថា ជំនួញ​អាជីវកម្ម​ទាំងនោះ​ភាគច្រើន​កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន និង​បាន​ឃុបឃិត​គ្នា​ជាមួយ​បុគ្គល​មាន​លុយ​មានអំណាច ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល លោក ហ៊ុន សែន កំពុង​ប្រតិបត្តិ​ការ​ចាប់​បង្ខាំង​មនុស្ស​បង្ខំ​ឱ្យ​ធ្វើ​ជា​ទាសករ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ទោះជា​យ៉ាងណា ទន្ទឹម​នឹង​មាន​ការ​រក​ឃើញ​ករណី​បែប​នេះ មន្ត្រី​ជាន់​រដ្ឋាភិបាល​មួយចំនួន​ក៏បាន​ចេញមុខ​ប្រតិកម្ម​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ទាំងនោះ​ជា​យុទ្ធនាការ​របស់​ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។