មានការសង្ស័យថា ក្មួយប្រុសលោក ហ៊ុន សែន លោក ហ៊ុន ជា ចេញពីពន្ធនាគារមុនច្បាប់កំណត់
2019.02.08

សង្គមស៊ីវិលសង្ស័យពីភាពមិនប្រក្រតីក្នុងការដោះលែងក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ៊ុន ជា ឱ្យមានសេរីភាពឡើងវិញ កាលពីពេលថ្មីៗនេះ ខណៈដែលកន្លងមកសូម្បីតែលោកហ៊ុន សែន ក៏ផ្ដាំឱ្យសមត្ថកិច្ចឃ្លាំមើលលោក ហ៊ុន ជា ប្រយ័ត្នចេញពីពន្ធនាគារមុនច្បាប់កំណត់ដែរ។ អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារ អះអាងថា លោក ហ៊ុន ជា ត្រូវបានដោះលែងតាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ ម្ល៉េះ ព្រោះលោកបានអនុវត្តទោសរួចរាល់ក្នុងពន្ធនាគាររយៈពេល ៦ខែ តាមសេចក្ដីសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍។
ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា ការដោះលែងទណ្ឌិតឈ្មោះ ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់លោក ហ៊ុន សែន ឱ្យមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគាររយៈពេលខ្លីនេះគឺ ជាការអនុវត្តច្បាប់ស្តង់ដារពីរ និងបង្ហាញថា តុលាការនៅតែស្ថិតក្រោមឥទ្ធិពលអ្នកមានលុយ និង អ្នកមានអំណាច។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកមិនបានដឹងអំពីមូលហេតុដែលលោក ហ៊ុន ជា ចេញពីពន្ធនាគារក្នុងរយៈពេលខ្លីនោះទេ ព្រោះដំណើរការនីតិវិធីលើសំណុំរឿងក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ហាក់មិនបានបង្ហាញជាសាធារណៈឡើយ។ ទោះយ៉ាងណា លោកសង្ស័យថា សំណុំរឿងមួយនេះ អាចមានភាពមិនប្រក្រតី ព្រោះពន្ធនាគារនៅក្នុងស្រុកខ្មែរ ធ្លាប់មានរឿងអាស្រូវជាច្រើន ហើយមន្ត្រីរដ្ឋាភិបាល ក៏ធ្លាប់លើកឡើង ដែរថា អ្នកទោសដែលមានលុយ មានអំណាចមួយចំនួន គឺជាប់ពន្ធនាគារតែឈ្មោះប៉ុណ្ណោះ៖ «ដំណាក់កាលបច្ចុប្បន្ននេះ រកស្តង់ដារនៃការអនុវត្តច្បាប់ឱ្យត្រឹមត្រូវ គឺយើងមិនទាន់មានជំនឿនៅឡើយទេ ដោយសារទំហំឥទ្ធិពលនៃអ្នកមានអំណាច និងអ្នកមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចនេះ ត្រូវបានគេមើលឃើញថា ពួកគេមិនស្ថិតនៅក្នុងសំណាញ់ច្បាប់បានទេ។ កុំថាឡើយតែខ្ញុំ កុំថាតែប្រជាពលរដ្ឋ សូម្បីតែលោកនាយករដ្ឋមន្ត្រីខ្លួនឯង ក៏គាត់ធ្លាប់ដាស់តឿនក្រើនរំលឹកករណីក្មួយរបស់គាត់នេះដែរ។ រីឯខាងតុលាការ ខាងពន្ធនាគារ ក៏អាចដឹងពីការវាយតម្លៃអំពីការអនុវត្តរបស់ខ្លួនដែរ»។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ឧត្ដមសេនីយ៍ឯកផ្កាយមាសបី លោក ហ៊ុន ជា ត្រូវបានសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១៨ខែ ដោយចោទប្រកាន់ពីបទគំរាមកំហែងសម្លាប់តាមមាត្រា ២៣៣ និងធ្វើឱ្យខូចដោយចេតនាតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ក្រោយពីលោកបាញ់រះប្រមាណជា ១០គ្រាប់ដោយគ្មានគោលដៅ កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយសង្ស័យថា អាចកើតជម្លោះនៅក្នុងគ្រួសារ ឬស្រវឹងស្រា។ បន្ទាប់ពីផ្ទុះអាវុធភ្លាមៗ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ បានបង្ហាញនូវភាពខ្លាចរអាមិនហ៊ានប្រតិបតិ្តការឃាត់ខ្លួន និងសួរនាំលោក ហ៊ុន ជា ភ្លាមៗនោះទេ ទាល់តែព្រឹកឡើង ទើបនគរបាលពីក្រសួងមហាផ្ទៃចេញទៅឃាត់ខ្លួន និងបញ្ជូនទៅតុលាការតែម្ដង។
ទោះបីជាសាលាដំបូងផ្ដន្ទាទោសឱ្យលោក ហ៊ុន ជា ឱ្យជាប់ពន្ធនាគារ ១៨ខែ គិតចាប់ពីខែឧសភា ឆ្នាំ២០១៨ ក្តី គេសង្កេតឃើញថា លោក ហ៊ុន ជា បានបង្ហាញ មុខជាសាធារណៈឡើងវិញ ជាពិសេស នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ រហូតមកពេលនេះ។
អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារ លោក សន កែវ ទទួលស្គាល់ថា លោក ហ៊ុន ជា ពិតជាត្រូវបានដោះលែងវិញមែន កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ដោយសារតែ លោក បានអនុវត្តទោសក្នុង ពន្ធនាគាររយៈពេល៦ ខែរួចរាល់តាមសេចក្តីសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍៖ «តាមសាលក្រមសាលាដំបូងគឺគាត់ជាប់ទោស១៨ខែ ប៉ុន្តែគាត់ប្ដឹងជំទាស់ទៅសាលឧទ្ធរណ៍ នៅពេលប្តឹងទៅសាលាឧទ្ធរណ៍ទៅ ការផ្ដន្ទាទោស គឺកាត់តម្រឹមដោយឱ្យគាត់អនុវត្តទោសនៅក្នុងពន្ធនាគារ៦ខែ ហើយនៅសល់ប៉ុន្មានព្យូរ ដូច្នេះគាត់គ្រប់ ៦ខែហើយ»។
ការដោះលែងនេះ គឺហាក់ដូចជាផ្ទុយពីបទបញ្ជារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ បន្ទាប់ពីតុលាការផ្ដន្ទាទោសលោក ហ៊ុន ជា គឺលោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាឱពុកមា បានបញ្ជាឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវឃ្លាំមើលក្មួយ ប្រុសបង្កើតរបស់លោក ម្នាក់នេះប្រយ័ត្នចេញពីពន្ធនាគារមុនការកំណត់ នៃច្បាប់រយៈពេល១៨ខែ៖ «ក្មួយៗរបស់ខ្ញុំមានតិចណាស់ ដែលធ្វើការងារ នៅក្នុងរាជការហ្នឹង។ អាមួយកំពុងជាប់គុកនៅព្រៃស ប៉ុន្តែ មើលៗផងតិច អា ជា (ហ៊ុន ជា) រួចចេញពីគុកវិញវើយ។ រឿងអីទៅបាញ់ ច្បាប់មិនអនុញ្ញាតទេ ក្មួយបង្កើតយើងបានហាមឃាត់តើ អារឿងបញ្ហាបាញ់។ បើយើងដាក់ទោសអ្នកណា យ៉ាងម៉េច យើងត្រូវដាក់ទោសអាសាច់ញាតិឯង ហើយកូនខ្លួនឯង ក៏ត្រូវតែដាក់ដែរ។ ខ្ញុំសុខចិត្តយកបាយទៅឱ្យវា នៅកន្លែងឃុំឃាំងទៅចុះ ឱ្យវាជាប់គុកសិន ឱ្យវាត្រូវតាមច្បាប់»។
អាស៊ីសេរី បានទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ជាច្រើនលើក ប៉ុន្តែអ្នកទាំងពីរមិនទទួលទូរស័ព្ទ។
លោក ហ៊ុន ជា គឺជាកូនរបស់លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ជាច្រើន រួមមានអំពើបាញ់បោះដោយសេរីក្នុងឆ្នាំ២០០០ និង២០១១ និងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់ ក្នុងឆ្នាំ២០០៨ ដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់។ បើទោះជាលោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសមួយចំនួនក៏ដោយ លោកតែងតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយការឃុំខ្លួនរយៈពេលខ្លី។ ក្នុងអំឡុងឆ្នាំ២០១០ លោក ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវជាសាធារណៈឱ្យលោក ហ៊ុន ជា ត្រឡប់ចូលផ្ទះវិញដែរ ក្រោយពីលោក ហ៊ុន ជា បានគេចខ្លួនមួយរយៈ ដោយសារមានការចោទប្រកាន់រឿងបោកប្រាស់ប្រពន្ធ និងប្រើប្រាស់គ្រឿងញៀន។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០១៦ ស្ដីពីការក្ដោបក្ដាប់សេដ្ឋកិច្ចប្រទេសកម្ពុជា របស់ត្រកូល «ហ៊ុន» ឱ្យដឹងថា លោក ហ៊ុន ជា កាន់តំណែងជានាយកក្រុមហ៊ុនចំនួន៤ ក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូន ដែលនេះជាការបង្ហាញពីការរំលោភច្បាប់ ខណៈលោកកំពុងកាន់តួនាទីនៅក្នុងជួររដ្ឋាភិបាល៕