អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិយាយថា ការចាប់ខ្លួនលោក ហ៊ុន ជា ក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការអនុវត្តច្បាប់។ ចំណែកសង្គមស៊ីវិលស្នើឲ្យការអនុវត្តច្បាប់នេះត្រូវធ្វើឲ្យបានត្រឹមត្រូវ មិនមែនជាប់ពន្ធនាគារតែឈ្មោះនោះទេ។
លោក ហ៊ុន ជា ជាមន្ត្រីប៉ូលិសពាក់ផ្កាយ៣ ដែលល្បីថាជាមេបងធំស្រុកខ្មែរ ត្រូវបានតុលាការចោទប្រកាន់ជុំវិញការបាញ់បោះអាវុធដោយសេរីជិត ១០គ្រាប់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងជម្លោះគ្រួសារ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា សាលាដំបូងរាជធានីភ្នំពេញឲ្យអាជ្ញាធរឃុំខ្លួនលោក ហ៊ុន ជា នៅពន្ធនាគាររយៈពេល១៨ខែ ក្រោយពីតុលាការសម្រេចចោទប្រកាន់ពីបទចោទចំនួនពីរគឺ “បទគំរាមកំហែងថានឹងសម្លាប់“ និង “ធ្វើឱ្យខូចខាតដោយចេតនា"។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ជនណាធ្វើខុសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងការពារចំណាត់ការសមត្ថកិច្ចថា គឺជាការអនុវត្តការងារទៅតាមនីតិវិធីគ្មានការបង្គាប់បញ្ជាពីនរណាឡើយ។
អាជ្ញាធរមូលដ្ឋានស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញឲ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ទី០១ ខែឧសភា លោក ហ៊ុន ជា បានបាញ់កាំភ្លើង ១០គ្រាប់ក្នុងអាការៈស្រវឹងស្រា ដែលករណីនេះទំនងកើតចេញពីជម្លោះក្នុងគ្រួសារ។ ភ្លាមៗនោះ លោក ហ៊ុន ជា ឡើងជិះរថយន្តទំនើបរបស់ខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅដោយគ្មានសមត្ថកិច្ចណា ហ៊ានចូលទៅឃាត់ខ្លួនលោកឡើយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា នេះគឺជារឿង មួយគួរឲ្យអស់សំណើចដែលរបបលោក ហ៊ុន សែន ផ្ដល់ឋានៈខ្ពង់ខ្ពស់ដល់លោក ហ៊ុន ជា ដែលបុគ្គលមួយរូបល្បីឈ្មោះខាងបាញ់បោះសេរីជាយូរណាស់មកហើយនោះ។ លោកទាមទារឲ្យការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវចំពោះក្មួយប្រុសលោក ហ៊ុន សែន រូបនេះ កុំជាប់គុកតែឈ្មោះ។ «»
នេះមិនមែនជាលើកទីមួយទេ ដែលសាច់ញាតិរបស់លោក ហ៊ុន សែន ប្រព្រឹត្តអំពើខុសច្បាប់។ លោក ហ៊ុន សែន ក៏បានបញ្ជាទៅសមត្ថកិច្ចខេត្តតាកែវ ឲ្យចាប់ក្មួយប្រសាដែលត្រូវជាកូនប្រសារបស់ លោក ហ៊ុន សាន បងប្រុសលោក ហ៊ុន សែន ដែលជាមេបនល្បែងជល់មាន់។ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យសមត្ថកិច្ចបាញ់សម្លាប់ក្មួយប្រសារលោកតែម្ដងប្រសិនបើហ៊ានតដៃនឹងសមត្ថកិច្ច។
លោក ហ៊ុន ជា ធ្លាប់ជាប់ពាក់ព័ន្ធនិងករណីល្មើសច្បាប់ជាច្រើនរួមមាន ការបាញ់បោះដោយសេរីក្នុងឆ្នាំ២០០០-២០១១ និងករណីបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់ក្នុងឆ្នាំ២០០៨ បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់។
បើទោះជាលោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនិងបទល្មើសមួយចំនួនក៏ដោយ ប៉ុន្តែលោកតែងតែត្រូវបានដោះលែងឲ្យមានសេរីភាពវិញក្រោយការឃុំខ្លួនមួយរយៈពេលខ្លី។ សព្វថ្ងៃនេះ លោក ហ៊ុន ជា គឺជាឧត្ដមសេនីយ៍ឯកផ្កាយមាស៣ នៅក្រសួងមហាផ្ទៃ។
សំឡេងសម្ងាត់របស់លោក ហ៊ុន សែន ដែលបានបែកធ្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីចុងឆ្នាំ២០១៧ ក្រោយពេលរបបលោករំលាយគណបក្សសង្គ្រោះជាតិសម្រេច លោកបាននិយាយថា ដើម្បីឲ្យគណបក្សរបស់លោកទទួលបានប្រជាប្រិយភាពឡើង វិញគឺត្រូវដោះស្រាយបញ្ហាអសកម្មក្នុងសង្គមមួយចំនួន ក្នុងនោះរឿងក្រុមគ្រួសារនិយម គឺរបបលោកក៏ត្រូវហ៊ានអារកាត់៕