អ្នកចូលរួម យុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាពនៃគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខាគាំទ្រយុទ្ធនាការនេះ បានជាង៥ម៉ឺននាក់ ២ពាន់នាក់ (៥២ ៣៦១) គិតមកត្រឹមយប់ថ្ងៃទី១៦ ខែមករា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ បានបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងជាប្រធានគណៈកម្មការស្រាវជ្រាវសៀវភៅស មានថេរៈដីកាកាលពីថ្ងៃ១៦ មករា ថា ក្រុមការងារចងក្រងសៀវភៅ កំពុងរង់ចាំសំណេរចុងក្រោយរបស់ក្រុមការងារពីប្រទេសកម្ពុជា អូស្ត្រាលី និងអាមេរិក ដែលត្រូវការឲ្យពួកគាត់បំពេញចំណុចផ្ទៀងផ្ទាត់មួយចំនួនឡើងវិញ ជុំវិញការសរសេរបង្ហាញការពិត ក្នុងព្រឹត្តិការណ៍ និងករណីឃាតកម្មទាំងនេះ។ ព្រះតេជព្រះគុណមានថេរដីកាបន្តថា ក្រុមការងារចងក្រងសៀវភៅ នឹងខិតខំបញ្ចប់ការងារនេះឲ្យបានចប់ឆាប់ៗ៖ «ព្រោះនៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់គាត់នោះមិនបានបញ្ជាក់លំអិតអំពី (Face finding) ហើយឲ្យគាត់បន្ថែមការរកឃើញការពិតមួយហើយ ហើយតើការរៀបចំប្រព័ន្ធសង្គមខ្មែរនេះ កុំឲ្យដើរជាន់ដានចាស់ កុំឲ្យរបត់នយោបាយកើតឡើងដូចអ្វីដែលគាត់រកឃើញហ្នឹង។ ប៉ុន្តែយើងមានការប្ដេជ្ញាចិត្តបន្តថា មិនឲ្យយឺតយ៉ាវរហូតដល់បាត់ពន្លឺនឹងអស់សង្ឃឹមចំពោះការចេញសៀវភៅសនេះទេ»។
ក្រុមការងារចងក្រងសៀវភៅស ឲ្យដឹងថា សំណុំរឿងធំៗដែលកំពុងចងក្រងនោះរួមមាន ព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ក្នុងពេលតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ សំណុំរឿងលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណីសម្លាប់អ្នកកាសែត សិល្បករ និងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។