"ពលរដ្ឋ​នឹង​អាច​ទទួល​បាន​ព័ត៌មាន​ពិត ក្រោយ​​សភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន"

ដោយ ម៉ៅ សុធានី
2021-04-03
Share
"ពលរដ្ឋ​នឹង​អាច​ទទួល​បាន​ព័ត៌មាន​ពិត ក្រោយ​​សភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន" លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
រូប​ក្រសួង​ព័ត៌៌មាន

អ្នកសារព័ត៌មាន​ឯករាជ្យ​សង្ឃឹម​ថា ក្រោយពី​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ប្រជា​ពលរដ្ឋ​ទូទៅ អាច​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ និង​ទូលំទូលាយ។

ក្តី​សង្ឃឹម​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន គ្រោង​នឹង​ផ្ញើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត​ក្នុង​​ពេល​ឆាប់ៗ​នេះ ក្រោយពី​បាន​ពិភាក្សា​ចុងក្រោយ​ជាមួយ​ក្រសួង​យុត្តិធម៌។

មន្ត្រី​សារព័ត៌មាន​ឯករាជ្យ​លើក​ឡើង​ថា នេះ​ជា​ពេលវេលា​ចាំបាច់​ណាស់ ដែល​ក្រសួង​ព័ត៌មាន​ត្រូវ​ពន្លឿន​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដល់​ប្រជាពលរដ្ឋ ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មាន​ប្រសាសន៍​ថា លោក​សាទរ​ដែល​ក្រសួង​ព័ត៌មាន ប្ដេជ្ញា​ថា នឹង​ដាក់​ជូន​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ ទៅ​សភា​អនុម័ត​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០២១​នេះ បើ​ទោះ​បី​កម្ពុជា​កំពុង​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ​១៩ ក៏ដោយ​៖ «យើង​បាន​ដឹង​ហើយ​ថា ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ នៅក្នុង​ប្រទេស​កាន់តែ​ច្រើន​នេះ ការ​ផ្តល់​ព័ត៌មាន​ពិត និង​ការ​ទទួល​បាន​ព័ត៌មាន ដែល​មាន​ខ្លឹមសារ​ល្អ និង​ពិត ពី​ស្ថាប័ន​របស់​រដ្ឋ មាន​សារសំខាន់​ណាស់​សំរាប់​ពលរដ្ឋ​ទូទៅ។ ដូចនេះ នៅ​ពេល​មាន​ច្បាប់​នេះ ខ្ញុំ​យល់​ឃើញ​ថា ពលរដ្ឋ​នឹង​អនុវត្ត​នូវ​សិទ្ធិ​របស់​ពួកគាត់​ដើម្បី​ស្វះ​ស្វែងរក​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ​...»

អាស៊ីសេរី មិន​អាច​ទាក់ទង មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន និង​ក្រសួងយុត្តិធម៌ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​បាន​ទេ កាល​ពី​ថ្ងៃទី​២ ខែមេសា​។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​យុត្តិធម៌ បាន​ពិភាក្សា​គ្នា​ដល់​ដំណាក់កាល​ចុងក្រោយ ហើយនឹង​ដាក់​​ជូន​រដ្ឋ​សភា ក្នុង​ពេល​ឆាប់ៗ​នេះ​។ មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ លើកឡើង​ថា មូល​ហេតុ​ដែល​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ត្រី និង​រដ្ឋសភា ដើម្បី​សុំ​ការ​អនុម័ត ដោយសារតែ​បញ្ហា​កូវីដ-១៩។

ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ លោក ណុប វី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរមាន​ហើយ តំណាង​ស្ថាប័នរដ្ឋ​នីមួយៗ ជាពិសេស​ក្រសួង​ព័ត៌មាន ត្រូវ​មាន​កាតព្វកិច្ច ក្នុង​ការ​ឆ្លើយតប ឬ​ស្នើសុំ​ព័ត៌មាន​បន្ថែម ពី​ក្រុម​អ្នក​កាសែត និង​ប្រជាពលរដ្ឋ​៖ «យើង​បាន​ដឹង​ហើយ​ថា ច្បាប់​នេះ​ជាប់​កាតព្វកិច្ច​របស់​តំណាង​ស្ថាប័ន​នីមួយៗ​របស់​រដ្ឋាភិបាល នៅក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​។ ហេតុនេះ វា​ជា​ការ​ចាំបាច់​ណាស់ នៅ​ពេល​ច្បាប់​នេះ​ចេញ​ទៅ ក៏​ជា​ផ្នែក​មួយ​ផ្តល់​ការណែនាំ និង​មធ្យោបាយ​នានា ដល់​មន្ត្រី​នៅ​តាម​ស្ថាប័ន​ក្រសួង ដើម្បី​បំពេញ​កាតព្វកិច្ច ក្នុង​ការ​ឆ្លើយតប​នូវ​សំណើសុំ​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ ស្រប​តាម​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​...»

សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន មាន​៩​ជំពូក ចែក​ចេញជា ៣៨ មាត្រា មាន​គោលបំណង​ធានា​ឱ្យ​សាធារណជន​គ្រប់រូប​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ និង​តម្រូវ​ឱ្យ​ស្ថាប័ន​សាធារណៈ​បំពេញ​កាតព្វកិច្ច​ផ្ដល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ជា​អតិបរមា ជូន​សាធារណជន​។ សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ បាន​តាក់តែង​និង​ពិភាក្សា​ជាច្រើនលើក​មក​ហើយ​ក្នុង​រយៈពេល​ជាង​១៥​ឆ្នាំ កន្លង​មក​នេះ​។ ក្រុម​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដែល​ចូលរួម​ផ្តល់​យោបល់​ជាមួយ​ក្រសួង​ព័ត៌មាន រួមមាន អង្គការ​អន្តរជាតិ UNESCO វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ (API) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​អង្គការ​តម្លាភាព (TI) ជាដើម។

អ្នកជំនាញ​ផ្នែក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ចេញ​លិខិត​ចំហ​រួមគ្នា​មួយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​ចំណុច​៧ មាត្រា​២០ នៃ​ច្បាប់​នេះ ដែល​ចែងថា «​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តិ​ត្រូវ​ហាមឃាត់​» ដោយសារ​ចំណុច​នោះ មានន័យ​ទូលំទូលាយ​ពេក និង​ខ្វះ​នូវ​ភាព​ជាក់លាក់​ក្នុង​ការ​លាតត្រដាង​ព័ត៌មាន​សាធារណៈ។

ក៏ប៉ុន្តែ​មន្ត្រី​ក្រសួង​ព័ត៌មាន បញ្ជាក់​ថា នៅ​ទន្ទឹម​ដែល​ច្បាប់​នេះ​មាន​គោលដៅ​ធានា​នូវ​ការ​ផ្ដល់​ព័ត៌មាន​ដែល​ស្នើសុំ ក៏ប៉ុន្តែ​ក្រសួង​ក៏​មាន​សិទ្ធិ​រក្សា​ព័ត៌មាន​ដែល​ចាត់ទុកជា​ព័ត៌មាន​សម្ងាត់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល