អ្នកសារព័ត៌មានឯករាជ្យសង្ឃឹមថា ក្រោយពីសភាអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ប្រជាពលរដ្ឋទូទៅ អាចមានឱកាសទទួលបានព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ។
ក្តីសង្ឃឹមនេះ បន្ទាប់ពីក្រសួងព័ត៌មាន គ្រោងនឹងផ្ញើសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភាដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ ក្រោយពីបានពិភាក្សាចុងក្រោយជាមួយក្រសួងយុត្តិធម៌។
មន្ត្រីសារព័ត៌មានឯករាជ្យលើកឡើងថា នេះជាពេលវេលាចាំបាច់ណាស់ ដែលក្រសួងព័ត៌មានត្រូវពន្លឿនសេចក្តីព្រាងច្បាប់ថ្មីស្ដីពីសិទ្ធិទទួលព័ត៌មាន ដើម្បីចែករំលែក និងផ្សព្វផ្សាយព័ត៌មានពិត ដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា លោកសាទរដែលក្រសួងព័ត៌មាន ប្ដេជ្ញាថា នឹងដាក់ជូនសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅសភាអនុម័តយ៉ាងយូរក្នុងឆ្នាំ២០២១នេះ បើទោះបីកម្ពុជាកំពុងប្រឈមវិបត្តិជំងឺកូវីដ១៩ ក៏ដោយ៖ «យើងបានដឹងហើយថា ក្នុងស្ថានភាពនៃការរីករាលដាលនៃព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសកាន់តែច្រើននេះ ការផ្តល់ព័ត៌មានពិត និងការទទួលបានព័ត៌មាន ដែលមានខ្លឹមសារល្អ និងពិត ពីស្ថាប័នរបស់រដ្ឋ មានសារសំខាន់ណាស់សំរាប់ពលរដ្ឋទូទៅ។ ដូចនេះ នៅពេលមានច្បាប់នេះ ខ្ញុំយល់ឃើញថា ពលរដ្ឋនឹងអនុវត្តនូវសិទ្ធិរបស់ពួកគាត់ដើម្បីស្វះស្វែងរកព័ត៌មានពីស្ថាប័នរដ្ឋ ...»។
អាស៊ីសេរី មិនអាចទាក់ទង មន្ត្រីនាំពាក្យក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ដើម្បីសុំការបញ្ជាក់បន្ថែម លើសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះបានទេ កាលពីថ្ងៃទី២ ខែមេសា។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វិទ្យុក្នុងស្រុកថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បានពិភាក្សាគ្នាដល់ដំណាក់កាលចុងក្រោយ ហើយនឹងដាក់ជូនរដ្ឋសភា ក្នុងពេលឆាប់ៗនេះ។ មន្ត្រីនាំពាក្យក្រសួងព័ត៌មានរូបនេះ លើកឡើងថា មូលហេតុដែលយឺតយ៉ាវក្នុងការបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីសុំការអនុម័ត ដោយសារតែបញ្ហាកូវីដ-១៩។
ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះដែរ លោក ណុប វី ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះចូលជាធរមានហើយ តំណាងស្ថាប័នរដ្ឋនីមួយៗ ជាពិសេសក្រសួងព័ត៌មាន ត្រូវមានកាតព្វកិច្ច ក្នុងការឆ្លើយតប ឬស្នើសុំព័ត៌មានបន្ថែម ពីក្រុមអ្នកកាសែត និងប្រជាពលរដ្ឋ៖ «យើងបានដឹងហើយថា ច្បាប់នេះជាប់កាតព្វកិច្ចរបស់តំណាងស្ថាប័ននីមួយៗរបស់រដ្ឋាភិបាល នៅក្នុងការផ្តល់ព័ត៌មានដល់ពលរដ្ឋ។ ហេតុនេះ វាជាការចាំបាច់ណាស់ នៅពេលច្បាប់នេះចេញទៅ ក៏ជាផ្នែកមួយផ្តល់ការណែនាំ និងមធ្យោបាយនានា ដល់មន្ត្រីនៅតាមស្ថាប័នក្រសួង ដើម្បីបំពេញកាតព្វកិច្ច ក្នុងការឆ្លើយតបនូវសំណើសុំព័ត៌មានរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ ...»។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាន៩ជំពូក ចែកចេញជា ៣៨ មាត្រា មានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ និងតម្រូវឱ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ចផ្ដល់ និងផ្សព្វផ្សាយព័ត៌មានឱ្យបានជាអតិបរមា ជូនសាធារណជន។ សេចក្តីព្រាងច្បាប់មួយនេះ បានតាក់តែងនិងពិភាក្សាជាច្រើនលើកមកហើយក្នុងរយៈពេលជាង១៥ឆ្នាំ កន្លងមកនេះ។ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ដែលចូលរួមផ្តល់យោបល់ជាមួយក្រសួងព័ត៌មាន រួមមាន អង្គការអន្តរជាតិ UNESCO វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាព (TI) ជាដើម។
អ្នកជំនាញផ្នែកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល កាលពីខែកញ្ញា ឆ្នាំ២០២០ បានចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០ នៃច្បាប់នេះ ដែលចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដោយសារចំណុចនោះ មានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។
ក៏ប៉ុន្តែមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា នៅទន្ទឹមដែលច្បាប់នេះមានគោលដៅធានានូវការផ្ដល់ព័ត៌មានដែលស្នើសុំ ក៏ប៉ុន្តែក្រសួងក៏មានសិទ្ធិរក្សាព័ត៌មានដែលចាត់ទុកជាព័ត៌មានសម្ងាត់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។