ក្រសួងមហាផ្ទៃ​មិន​ទាន់​រក​យុត្តិធម៌​ឱ្យ​លោក ពេជ្រ ធារ៉េត ដែល​ស្លាប់​ពេល​ប៉ូលិស​បាត់ដំបង​ឃុំ​ខ្លួន

0:00 / 0:00

សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង អះអាងថា មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​ចុងក្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់ កាលពីដើម​ខែមេសា ឆ្នាំ​២០២១​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សាច់ញាតិ​ជនរងគ្រោះ​អាច​លើក​ករណីនេះ​ទៅ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដើម្បី​ជំរុញ​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បន្ថែម​ទៀត។

គិត​ត្រឹម​ថ្ងៃទី​១០ ខែ​មិថុនា អស់​រយៈពេល​ជាង ៤​រយ​ថ្ងៃ​មក​ហើយ (៤៣០) ដែល​ជនរងគ្រោះ​ឈ្មោះ​ពេជ្រ ធារ៉េត បាន​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ប៉ុន្តែ​សំណុំ​រឿង​នេះ សាច់ញាតិ​ជនរងគ្រោះ​អះអាង​ថា មន្ត្រី​នគរបាល​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព និង​រក្សា​ភាព​ស្ងប់ស្ងាត់​ដែល​អូស​បន្លាយ​ដល់​ការ​ចេញ​សេចក្តី​សន្និដ្ឋាន​នៃ​លទ្ធផល​ស៊ើបអង្កេត​ចុងក្រោយ ដើម្បី​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

បងស្រី​បង្កើត​របស់​ជនរងគ្រោះ​គឺ​លោកស្រី ពេជ្រ លីណា ប្រាប់​អាស៊ីសេរី​ថា​ប្អូនប្រុស​របស់​លោក​ស្រី​បាន​ស្លាប់​ក្រោម​អំពើ​ទារុណកម្ម​ទាំង​អយុត្តិធម៌​បំផុត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​នៅឡើយ​ទេ បើ​ទោះ​បី​លោកស្រី​ព្យាយាម​ទំនាក់​តាម​ទូរស័ព្ទ និង​ធ្វើដំណើរ​ទៅ​ជួប​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​នគរបាល​ទាំងនោះ​ក៏ដោយ​។ បងស្រី​ជនរងគ្រោះ​រូប​នេះ​ឱ្យ​ដឹង​ថា​លោកស្រី​បាន​ខិតខំ​ស្វែងរក​កិច្ច​អន្តរាគមន៍​គ្រប់ទិសទី ពីព្រោះ​លោកស្រី​ព្រួយបារម្ភ​ខ្លាច​ថា ការ​ពន្យារ​ពេល​អាជ្ញាធរ​ទុក​សំណុំ​រឿង​នេះ​ចោល និង​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ទទួល​បាន​យុត្តិធម៌៖ «ខាង​ក្រសួងមហាផ្ទៃ​សូម​មេត្តា​ពន្លឿន​ចេញ​សេចក្តី​សម្រេច ដើម្បី​ផ្តល់​យុត្តិធម៌ សូមកុំ​ទុក​រឿង​ប្អូន​ខ្ញុំ​យូរ​ពេក បងប្អូន​ខ្ញុំ​ទាំងអស់​ជឿជាក់​លើ​ច្បាប់​ពីព្រោះ​ខ្ញុំ​ជឿជាក់​បាន​ខ្ញុំ​ដាក់ពាក្យ​ប្តឹង ខ្ញុំ​ស្នើសុំ​ហើយ​ស្នើសុំ​ទៀត ហើយ​ខ្ញុំ​នៅតែ​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ប្អូន​របស់​ខ្ញុំ ដោយ​មិន​បោះបង់​ជា​ដាច់ខាត​ព្រោះ​ប្អូន​ខ្ញុំ​ស្លាប់​ពេល​សួរចម្លើយ អ៊ីចឹង​អ្នក​ក៏​ដឹង​ដែរ​ថា​មូលហេតុ​អី កុំ​ប្រើ​រយៈពេល​យូរ​មក​ស្ងាត់​អ៊ីចឹង ខ្ញុំ​អត់​បោះបង់ចោល​ជា​ដាច់ខាត»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ លោក ហែម ប៊ុន​ណា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែ​មិថុនា ដោយ​លោក​ថា​មិនឮ​សំឡេង ហើយ​ចុច​ផ្តាច់​ទូរស័ព្ទ។

ចំណែក​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក នុត សាអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​ខ្លី​ថា គណៈកម្មាធិការ​របស់​លោក​មិនដែល​ព្រងើយកន្តើយ​ទាក់ទង​ដំណើរការ​សំណុំ​នោះ​ទេ​។ ម្យ៉ាងទៀត​លោក​សុំ​មិន​បកស្រាយ​អំពី​លទ្ធផល​ស្រាវជ្រាវ​ចុងក្រោយ​ណាមួយ​របស់​នគរបាល ដោយ​លោក​ជំរុញ​ឱ្យ​សាច់ញាតិ​របស់​លោក ពេជ្រ ធារ៉េត មក​សាកសួរ​លោក​នៅ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​៖ «ប្រាប់​ទៅ​គាត់​ទៅ បើ​ចង់​ដឹង​ម៉េច សូម​ទាក់ទង​មក​ខ្ញុំ​មក ខ្ញុំ​រង់ចាំ​ទទួល​រហូត ខ្ញុំ​អត់​ចេះ​ប្រកែក​ចំពោះ​អ្នក​ដែល​ចង់​ទៅ​ជួប​នោះ​ទេ»។

កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា កន្លង​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន ដោយ​សន្និដ្ឋាន​ថា ជនរងគ្រោះ​ឈ្មោះ ពេជ្រ ធារ៉េត អាច​ស្លាប់​បណ្ដាល​មក​ពី​ការ​វាយ​ធ្វើ​ទារុណកម្ម​ស្រាល ឬ​ធ្ងន់ ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ ប៉ុន្តែ​សមត្ថកិច្ច មិន​បាន​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ​។ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​រុញ​សំណុំ​រឿង​នេះ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៀត ក្រោម​ហេតុផល​ថា មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តបាត់ដំបង​ផ្តល់​ចម្លើយ​ផ្សេងៗ​គ្នា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា កន្លង​មក​សាច់ញាតិ​លោក ពេជ្រ ធារ៉េត បាន​ដាក់​ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់​ដោយ​សង្ឃឹម​ថា សមត្ថកិច្ច​ស៊ើបអង្កេត​ផ្តល់​យុត្តិធម៌ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា រឿង​នេះ​បែរជា​ស្ងប់ស្ងាត់ ឬ​ជាប់​គាំង​ទៅវិញ​ដូច​សំណុំរឿង​អ្នក​ស្លាប់​ក្នុង​ពេល​សមត្ថកិច្ច​ឃុំខ្លួន​មុនៗ​ដែរ។ លោក​បន្ត​ថា បើ​ករណីនេះ​ទាក់ទង​ការ​ធ្វើ​ទារុណកម្ម នោះ​អ្នក​ប្រព្រឹត្ត​គឺ​ជា​មន្ត្រី​នគរបាល​ដែល​មាន​តួនាទី ដូច្នេះ​លោក​មិន​មាន​ជំនឿ​ថា សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​គ្រួសារ​នោះ​ទេ៖ «គ្រប់​ករណី​ចំពោះ​រឿង​ទារុណកម្ម​យើង​ឃើញ​ថា ការ​ស៊ើបអង្កេត​ក្តី ការ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​រងគ្រោះ​ហាក់បីដូចជា​មាន​ការ​យឺតយ៉ាវ​ណាស់​។ បើ​រឿង​ហ្នឹង​ទាក់ទង​រឿង​ទារុណកម្ម​មែន អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង គឺ​មន្ត្រី​ដែល​មាន​តួនាទី អ៊ីចឹង​មន្ត្រី​នឹង​មន្ត្រី​ខ្ញុំ​គិតថា​ប្រហែលជា​មានការ​លំបាក​ណាស់​ក្នុង​ការ​ស៊ើបអង្កេត ការ​ដាក់​ទណ្ឌកម្ម​អីហ្នឹង»។

កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា បុរស​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត អាយុ​៣១​ឆ្នាំ មាន​មុខរបរ​ជាជាង​ផ្សារ​ដែក រស់នៅ​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរដំបង​១ ស្រុក​សង្កែ បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំខ្លួន​សួរចម្លើយ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ អស់​រយៈពេល​ជាង​៣​ម៉ោង​។ ការ​ឃាត់ខ្លួន​នេះ ដោយសារ​ប៉ូលិស សង្ស័យ​ថា គាត់​រាយ​ខ្សែភ្លើង​អគ្គិសនី ដើម្បី​ឆក់​សម្លាប់​ប្រពន្ធ​នៅក្នុង​ផ្ទះ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ប៉ុន្តែ​សាក្សី​អះអាង​ថា ក្នុង​ពេល​កើតហេតុ គឺ​បុរស​ជា​ប្តី​រូប​នេះ មិន​បាន​នៅ​ផ្ទះ​ឡើយ​។ ប៉ូលិស​ខេត្ត​បាត់ដំបង បកស្រាយ​ថា លោក ពេជ្រ ធារ៉េត ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត​។ ប៉ុន្តែ​នៅពេល​សាច់​ញាតិ ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាមរបួស និង​ជាំ​ពេញ​ខ្លួន​ចាប់តាំងពី​ជើង​រហូតដល់​ក្បាល និង​មាន​ហូរឈាម​តាម​ច្រមុះ និង​ត្រចៀក ព្រមទាំង​ស្នាម​ខូង​នៅ​កន្លែង​ដាក់​ខ្នោះ និង​ស្នាម​ជាំ​ខ្លាំង​នៅ​កជើង​ទាំង​ពីរ​។ លើស​ពី​នេះ សម្លៀកបំពាក់​របស់​ជនរងគ្រោះ ត្រូវ​បាន​ផ្លាស់ប្ដូរ ហើយ​សាច់ញាតិ អះអាង​ថា សមត្ថកិច្ច បាន​ព្យាយាម​រារាំង​មិន​ឲ្យ​សាច់ញាតិ និង​អ្នកកាសែត ពិនិត្យ​សាកសព​ទៀត​ផង​។ អ្នក​ជំនាញ និង​គ្រួសារ​ជនរងគ្រោះ​សន្និដ្ឋាន​ថា ស្នាម​ជាំ និង​របួស​នៅ​លើ​ដងខ្លួន​សាកសព​លោក ពេជ្រ ធារ៉េត ជា​ស្នាម​រង​ទារុណកម្ម​ដោយ​ការ​វាយ​ដំ និង​ឆក់​ខ្សែភ្លើង។ ខាង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ក៏បាន​ចុះ​ស៊ើបអង្កេត​រក​ឃើញ​ថា ការ​ស្លាប់​របស់​ជនរង​គ្រោះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​នគរ​បាល​ស្រុក​សង្កែ​ដែរ ។ ទោះជា​យ៉ាងណា មក​ទល់​ពេល​នេះ ក្រុម​នគរបាល​ស្រុក​សង្កែ ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ នៅ​តែ​មាន​សេរីភាព​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។