សវនាការជម្រះក្តីលោក កឹម សុខា ក្នុងសប្តាហ៍ទី២ ថ្ងៃទី២២ ខែមករានេះ តុលាការចែកចេញពីរពេលគឺ ពេលព្រឹក និងពេលរសៀល។ មេធាវីការពារក្តីលោក កឹម សុខា ឲ្យដឹងថា ការបន្ថែមភស្តុតាង ៣៥ចំណុចនេះ ដើម្បីដោះបន្ទុកលោក កឹម សុខា។ ប៉ុន្តែមេធាវីរដ្ឋាភិបាលថា ភស្តុតាងដាក់បន្ថែមមួយចំនួននៅពេលនេះ គឺជាការដាក់បន្ទុកបន្ថែមលើលោក កឹម សុខា ទៅវិញទេ។
មេធាវីការពារក្តីរបស់លោក កឹម សុខា គឺ លោក ផែង ហេង ឲ្យអ្នកសារព័ត៌មានដឹងថា សវនាការនៅពេលព្រឹកមិនទាន់មានការជជែកដល់អង្គសេចក្ដីនៅឡើយទេ ដោយចៅក្រមអនុញ្ញាតឲ្យមានការដេញដោលពីការដាក់ភស្តុតាង និងរបៀបដាក់ភស្តុតាង ដែលភាគីមេធាវីការពារក្តីលោក កឹម សុខា ដាក់ជូនតុលាការ។ លោកមេធាវីឲ្យដឹងទៀតថា ភស្តុតាងនោះមានចំនួន ៣៥ចំណុចជាភស្តុតាង ដើម្បីដោះបន្ទុកក្នុងនោះរួមមាន វីដេអូពេញរយៈពេលជាងមួយម៉ោង នៃការថ្លែងរបស់លោក កឹម សុខា និងរូបថតមួយចំនួន ព្រមទាំងវីដេអូខ្លីៗ ខ្លះទៀតផងដែរ។ លោកថា សវនាការនៅពេលរសៀល គឺជាការចាក់វីដេអូពេញនៃការថ្លែងរបស់លោក កឹម សុខា នៅក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ដែលមានរយៈពេលជាងមួយម៉ោង៖ «»
រីឯមេធាវីតំណាងរដ្ឋាភិបាលដែលជាដើមបណ្ដឹង គឺលោក គី តិច ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ភស្តុតាងខ្លះ ដែលសហមេធាវីលោក កឹម សុខា ដាក់ជូនតុលាការនោះ គឺជាភស្តុតាងដាក់បន្ទុកបន្ថែមលើលោក កឹម សុខា ទៅវិញទេ។ ប៉ុន្តែមេធាវីរូបនេះ មិនបានបញ្ជាក់ថា ចំណុចណាខ្លះនៃភស្តុតាង ដែលជាការបន្ទុកនោះទេ ដោយលោកបង្ហើបថា មេធាវីលោក កឹម សុខា ក៏បានដាក់ជូនតុលាការនូវវីដេអូខ្លីៗ នៃការថ្លែងរបស់លោក កឹម សុខា ដែលលោកអះអាងថា ភស្តុតាងបែបនេះ គឺដូចគ្នាទៅនឹងវីដេអូខ្លីៗ របស់សមត្ថកិច្ចដែលបានផ្ដល់ទៅតុលាការក្នុងការចោទប្រកាន់លោក កឹម សុខា៖ «»
សវនាការថ្ងៃទី២២ ខែមករា តុលាការអនុញ្ញាតឲ្យសារព័ត៌មាន និងតំណាងមន្ត្រីសង្គមស៊ីវិលមួយចំនួនចូលរួមស្ដាប់។ មន្ត្រីអង្គការសង្គមស៊ីវិលម្នាក់ គឺនាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TI Cambodia) លោក ព្រាប កុល ដែលបានចូលស្អាប់សវនាការនេះ សរសេរលើហ្វេសប៊ុកថា ដើម្បីបុព្វហេតុតម្លាភាពលោកយល់ថា សវនាការនេះគួរត្រូវបានផ្សាយផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ ឬយ៉ាងហោចណាស់ដាក់អេក្រង់ផ្សាយមកក្រៅបន្ទប់សម្រាប់អ្នកសារព័ត៌មានជាច្រើនអ្នកទៀត ដែលមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបន្ទប់សវនាការ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅតុលាការប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចោទប្រកាន់ថា វីដេអូខ្លីដែលយកមកចោទប្រកាន់រូបលោកជាវីដេអូក្លែងបន្លំ ព្រោះបានកាត់ជាកង់ៗ។ លោកបញ្ជាក់ថា ខ្លឹមសារវីដេអូពេញ ដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី គឺជាការបង្ហាញពីយុទ្ធសាស្ត្រនៃដំណើរឆ្ពោះទៅមូលដ្ឋាន ដើម្បីសិទ្ធិ និងការផ្លាស់ប្ដូរ និងទិសដៅទី២ គឺការធ្វើឆ្ពោះទៅការបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្តូរ។ លោក កឹម សុខា ឲ្យដឹងទៀតថា ខ្លឹមសារទី២ នៃវីដេអូនោះ គឺលោកពន្យល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសពីការផ្អាកធ្វើបាតុកម្ម ឆ្នាំ២០១៣ មិនមែនជាការលក់ក្បាលឲ្យគណបក្សកាន់អំណាចទេ ប៉ុន្តែលោកមិនចង់ឃើញការបង្ហូរឈាម និងចង់ដោះស្រាយដោយសន្តិវិធី៖ «»
រដ្ឋាភិបាលយកវីដេអូខ្លីរបស់លោក កឹម សុខា ធ្វើជាភស្តុតាងសំខាន់បំផុតទៅចាប់ខ្លួនលោក កឹម សុខា ខណៈលោកមានអភ័យឯកសិទ្ធិសភាទាំងកណ្ដាលយប់រហូតរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ដោយចោទពីបទក្បត់ជាតិ។
ប៉ុន្តែលោក កឹម សុខា អះអាងថា មានពលរដ្ឋក្រៅស្រុក និងមតិខ្លះចង់ឃើញលោកធ្វើការទាមទារដោយមធ្យោបាយផ្សេងៗ ប៉ុន្តែលោកនៅតែប្រកាន់ជំហររកដំណើរដោះស្រាយដោយអហិង្សា ដោយសន្តិវិធី មិនមែនយកក្បាលទៅជល់នឹងថ្ម និងមិនឲ្យឈាមខ្មែរហូរទៀតទេ។
សវនាការកាត់ក្តីលោក កឹម សុខា នឹងបន្តនៅថ្ងៃទី២៣ ខែមករាទៀត តុលាការប្រកាសថា សំណុំរឿងនៃបទចោទ "សន្ទិដ្ឋិភាព" ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល តុលាការត្រូវប្រើរយៈពេលច្រើនខែ ដើម្បីជំនុំជម្រះ៕
( អ្នកកាសែត និងអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ខណៈសវនាការជម្រះក្តីលោក កឹម សុខា សប្ដាហ៍ទី២ កំពុងប្រព្រឹត្តទៅនៅខាងក្នុង។ រូប៖ RFA)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។