ក្រុមមេធាវី​ដាក់​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​សុំ​ឲ្យ​ពន្យល់​ចំណុច​មួយ​ចំនួន​លើ​ដីកា​ដោះ​លែង​លោក លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2018.09.12
ក្រុមមេធាវី​ដាក់​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​សុំ​ឲ្យ​ពន្យល់​ចំណុច​មួយ​ចំនួន​លើ​ដីកា​ដោះ​លែង​លោក លោក កឹម សុខា លោក ផែង ហេង និង​អ្នកស្រី ម៉េង សុភារី សហមេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹម សុខា។
រូបភាពពីពលរដ្ឋ

ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានដាក់លិខិតទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ ដើម្បីឲ្យពន្យល់ទៅលើចំណុចមួយចំនួននៅក្នុងដីកាសម្រេចដោះលែងលោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុងមកបន្តឃុំខ្លួនក្នុងផ្ទះវិញ ដែលចំណុចខ្លះមិនទាន់មានភាពច្បាស់លាស់​ទៅ​លើ​ការ​កំណត់សិទ្ធិរបស់លោក កឹម សុខា។

អ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា តុលាការ គួរតែទម្លាក់ចោលសំណុំរឿងលោក កឹម សុខា នេះ ហើយ​មិន​ត្រូវ​កោះ​ហៅ​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត មក​បន្ត​សួរ​នាំ​លើ​ករណី​លោក កឹម សុខា តទៅ​ទៀត​ទេ។

មេធាវីលោក កឹម​ សុខា គឺ​លោក ផែង ហេង ឲ្យ​ដឹង​ថា ក្រុម​មេធាវី​បាន​បញ្ជួន​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី១១ កញ្ញា ដើម្បី​សុំ​បកស្រាយ​ចំណុច “គ១” ក្នុង​ដីកា​សម្រេច​ដោះ​លែង​លោក កឹម សុខា ដែល​កម្រិត​មិន​ឲ្យ​លោក​ជួប​ថ្នាក់​ដឹកនាំ​គណបក្ស សង្រ្គោះ​ជាតិ នោះ។

លោក មេធាវី ផែង ហេង មានប្រសាសន៍ថា នៅមានចំណុចជាច្រើនទៀត ដែល​ក្រុម​មេធាវី​កំពុង​ពិភាក្សា​គ្នា ដើម្បីធ្វើលិខិតដាក់ទៅចៅក្រមសាលាដំបូងសុំឲ្យពន្យល់នៅពេលក្រោយ តែ​ជា​ជំហាន​ដំបូង​នេះ ក្រុម​មេធាវី​សុំ​ឲ្យ​ចៅក្រម​ពន្យល់​តែ​ចំណុច “គ១” នេះ​សិន៖ «យើង​សុំ​ឲ្យ​បក​ស្រាយ ថ្នាក់​ដឹក​នាំ​សង្រ្គោះ​ជាតិ​មាន​ន័យ​ទូលំទូលាយ​ពេក យើង​មិន​ដឹង​ថា គេ​កំណត់​ត្រឹម​កម្រិត​ណា»

ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ លោក កឹម សុខា ឲ្យស្ថិតនៅ​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​របស់​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ត្រង់​ចំណុច "គ១" ហាម​លោក កឹម សុខា មិន​ឲ្យ​ជួប​ថ្នាក់​ដឹក​នាំ​គណបក្ស សង្រ្គោះ​ជាតិ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឡើយ។

លោក​មេធាវី ផែង ហេង បញ្ជាក់​ថា ក្រៅ​ពី​ចំណូច "គ១" នេះ ក្រុម​មេធាវី​នឹង​សុំ​ឲ្យ​ចៅក្រម​ពន្យល់​បន្ថែម​ទៀត​ដែរ នៅ​ពេល​ក្រោយ ដូចជា ចំណុច “ក” ដែល​កំណត់ ក្រៅ​ពី​លំនៅឋាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​លេខ ៣១៣ លោក កឹម សុខា មិន​ត្រូវ​ចេញ​ក្រៅ​ពី​ព្រុំ​ប្រទល់​ដែន​ដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ ៣១៣ ផ្លូវលេខ ៣១១ និង​ផ្លូវ ៦០៨​ជា​ដើម។ លោក​មេធាវី ផែង ហែង លើក​ឡើង​ថា ការ​វាស់​ផ្លូវ​ឲ្យ​លោក កឹម សុខា ដើរ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក កឹម សុខា ពិសេស លោក​ត្រូវ​ការ​ទៅ​ព្យាបាល​ជំងឺ​កៀប​សសៃ​របស់​លោក៖ «ឧទាហរណ៍​ថា ការ​ទៅ​ពិនិត្យ​សុខភាព​មិន​ដឹង​ថា តើ​អាច​ទៅ​ព្យាបាល​បែបណា ដោយសារដីការនេះ បានកំណត់មិនទូលំទូលាយថា លោក កឹម សុខា បានចេញ​ក្រៅ​បាន​កម្រិត​ណា ហើយ​ក្នុង​ដីកា​នេះ បើ​មាន​ចម្ងល់​គេ​បើក​ឲ្យ​ជួប​តុលាការ​ដែរ»

អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី ដើម្បី​សួរ​បន្ថែម​អំពី​ដីកា​សម្រេច​ដោះ​លែងលោក កឹម សុខាបណ្ដោះអាសន្នបាន​ទេ នៅ​ថ្ងៃ​ទី១១ កញ្ញា។

ការផ្លាស់ទីឃុំខ្លួនលោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង ខែត្រ​ត្បូង​ឃ្មុំ ឲ្យ​មក​នៅ​ក្នុង​ផ្ទះ​វិញ​នេះ ទោះ​បី​ជា​មាន​លក្ខណៈ​ធូរ​ស្រាល​ខ្លះ​សម្រាប់​លោក កឹម សុខា ក្ដី ប៉ុន្តែ​អ្នក​ច្បាប់ និង​ ក្រុម​អ្នក​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា លោក កឹម សុខា នៅ​តែ​ឋិត​នៅ​ក្នុង​កន្លែង​ឃុំឃាំង​ដដែល។

លោក​មេធាវី បណ្ឌិត ហ៊ាង ឫទ្ធី មានប្រសាសន៍ថា ការផ្លាស់ប្ដូរកន្លែងឃុំខ្លួនលោក កឹម សុខា ពី​ពន្ធនាគារ​មក​នៅ​ក្នុង​ផ្ទះ​វិញ​នេះ គឺ​លោក កឹម សុខា បាត់បង់​សេរីភាព​ដូច​គ្នា គឺ​មិន​ខុស​អ្វី​ពី​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំង​ផ្លុង​ឡើយ។ លោក ហ៊ាង ឫទ្ធី អះអាងថា កាលណាតុលាការចេញដីការជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅឃុំបណ្ដោះអាសន្ន គឺត្រូវផ្ដល់សិទ្ធិដើរហើយជួនលោក កឹម សុខា៖ «ច្បាប់​មិន​បាន​ចែង​មិន​ឲ្យ​ទៅ​ណា​ជិត​ឆ្ងាយ​ទេ តែ​ជន​ចោទ​ត្រូវ​ចោទ ដោះលែងឲ្យនៅនៅក្រៅឃុំ ត្រូវធានាឲ្យមានលំនៅឋានច្បាស់លាស់ និង​ត្រូវ​ធានាថា ត្រូវចូលខ្លួននៅមុខតុលាការនៅគ្រប់ដំណាក់កាល»

នៅមុនពេលតុលាការដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ចៅក្រម​ស៊ើប​សួរ​បាន​កោះហៅមនុស្សមួយចំនួន ដែលភាគច្រើនចេញពីតំណាងអង្គការក្រៅរដ្ឋាភិបាល និង​អ្នក​តស៊ួមតិទៅសួរនាំជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា។ ការកោះហៅចុងក្រោយគឺមានលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង សកម្មជនដីធ្លីនៅបុរីកីឡា គឺ​លោក​ស្រី ស ស៊ន ទោះបីជា​អ្នក​ទំាង​ពីរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ក្រុម​មនុស្ស​មិន​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ក្ដី។ ក៏​ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​បាន​សួរ លោក វន់ ពៅ និង​លោកស្រីស ស៊ន ទាក់ទង​ការ​ធ្វើ​បាតុកម្ម និង​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌​ខ្មៅ​ជា​ដើម។

មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា តុលាការ​មិន​ត្រូវ​ហៅ​ក្រុម​មនុស្ស​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​តស៊ូមតិ​ទៅ​សួរ​នាំ​ដូច្នេះ​ឡើយ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​បន្លាច និង​បន្ទុចបង្អាក់​ការងារ​របស់​ពួក​គេ ដែល​ធ្វើ​ការងារ​សង្គម ទាក់ទង​នឹង​សិទ្ធិមនុស្ស​នោះ ការ​ទាមទា​រយុត្តិធម៌​សង្គម៖ «ការ​កោះ​ហៅ​នេះ ជា​មូលហេតុ​មួយ ដើម្បី​ភ្ជាប់​ទៅនឹងអ្នកទាមទារដីធ្លី សហជីព ដូចជាលោក វន់ពៅអីជាដើមហ្នឹង គឺ​នៅ​ពេល​ពួក​គាត់​ទាមទារ គឺ​ប៉ះពាល់​ដល់ពួកគាត់ជាក់ស្ដែង ដូចជាបញ្ហាដីធ្លីជាដើម»

សំណុំរឿង​លោក កឹម សុខា នេះ ត្រូវបានអ្នកច្បាប់ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ជា​សំណុំរឿង​នយោបាយ ហើយ​គេ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក កឹម សុខា នេះ។ អង្គការ​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International កាល​ពី​ថ្ងៃ​ទី១០ កញ្ញា អំពាវនាវ​ឲ្យ​តុលាការ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទ​លើ​លោក កឹម សុខា ទាំង​ស្រុង និង​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​លោក កឹម សុខា ឲ្យ​បាន​ពេញ​លេញ និង​ដោយ​គ្មាន​លក្ខណ្ឌ។

នាយកប្រតិបត្តិនៃអង្គការ Amnesty International លោក មីនា ភីមផ្លេ (Minar Pimple) លើក​ឡើង​ថា​ លោក កឹម សុខា បាន​ក្លាយ​ទៅ​ជា​អ្នក​​ទោស ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ។ លោក មីនា ភីមផ្លេ (Minar Pimple) មាន​ប្រសាសន៍​ថា បើ​ទោះ​បីជាការ​ដោះ​លែង​នេះ គឺ​ជា​ការ​វិវឌ្ឍ​គួរ​ឲ្យ​​សាទរ​​យ៉ាង​ណា​ក្តី ក៏​ទង្វើ​ប៉ុននេះ​ មិន​អាច​ជួលជុល ឬ​ ប៉ះប៉ូវ​អំពើ​អយុត្តិធម៌​ដ៏​ធំធេង ដែល​កើត​មាន​លើ​រូប​លោក កឹម សុខា នោះ​ឡើយ។ លោក​បន្ថែមថា ក្រោយ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មកនេះ លោក កឹម សុខា នៅ​តែ​​ប្រឈមនឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​ដោយ​ហេតុផល​នយោបាយ ។

លោក មេធាវី ផែង ហេង បញ្ជាក់​ថា ក្រុម​មេធាវី​បាន​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​មីនា ឆ្នាំ២០១៨ សុំឲ្យសាលាដំបូងលើកលែងការចោទប្រកាន់លោក កឹម សុខា តែមកទល់ពេលនេះ តុលាការមិនទាន់លើកយកមកជំនុំជម្រះលើសំណុំរឿងនេះនៅឡើយ។ លោក​មេធាវី ផែង ហេង អះអាង​ថា ចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រក​មិន​ឃើញ​ភស្ដុតាង​អ្វី​ផ្សេង ក្រៅ​ពី​វីឌីអូ​ឃ្លីប​កន្លង​មក ដែល​តុលាការ​យក​ធ្វើ​ជា​ភស្ដុតាង​ដាក់​បន្ទុក​លោក កឹម សុខា នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។