ក្នុងសវនាការលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះបន្តជជែក និងពិនិត្យលើភស្តុតាង ជាឃ្លីបវីដេអូពេញមានរយៈពេលជាងមួយម៉ោងដែលផ្ដល់ដោយមេធាវីការពារក្ដីលោក កឹម សុខា។ ក្នុងសវនាការនោះ មេធាវីការពារក្តី លោក កឹម សុខា ក៏បានបញ្ជាក់ថា សកម្មជនលោក កឹម សុខា ពេលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ គឺ ការរៀនពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយសកម្មភាពបែបនេះ ក៏មានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ធ្លាប់ចូលរួមរៀនសូត្រដែរ៖ « អ្នកដែលទៅរៀនហ្នឹងកូនក្តីខ្ញុំបានបញ្ជាក់ហើយថា មិនមែនតែរូបគាត់ទេ សូម្បីតែតំណាងគណបក្សនយោបាយដែលមានក្របខ័ណ្ឌនៅក្នុងសមាជិកសភាក៏បានទៅរៀនដូចគ្នាដែរ បើតាមខ្ញុំចាំមិនច្រឡំទេ សូម្បីសម្ដេច ស ខេង ក៏ត្រូវបានអញ្ជើញទៅចូលរួមកម្មវិធី ទស្សនកិច្ចសិក្សាគឺ គោលបំណងធំគេឲ្យស្វែងយល់អំពីសិទ្ធិមនុស្សប្រជាធិបតេយ្យ ឲ្យស្វែងយល់រដ្ឋសភាធ្វើអី ព្រឹទ្ធសភា តុលាការធ្វើអី នៅក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ»។
មេធាវីការពារក្តីរបស់លោក កឹម សុខា គឺ លោក ចាន់ ចេន ឱ្យអ្នកសារព័ត៌មានដឹងថា ភាគីពាក់ព័ន្ធបានចោទសួរសំនួរជាច្រើនលើលោក កឹម សុខា ប៉ុន្តែ លោក កឹម សុខា បានបញ្ជាក់ថា ប្រាប់តុលាការថា លោករៀនតែពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយលោកថា សូម្បីតែ អនុប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ស ខេង ក៏ធ្លាប់ទៅរៀនសូត្របែបនេះនៅក្រៅប្រទេសដែរ៖ «អ្នកដែលទៅរៀនហ្នឹងកូនក្តីខ្ញុំបានបញ្ជាក់ហើយថា មិនមែនតែរូបគាត់ទេ សូម្បីតែតំណាងគណបក្សនយោបាយដែលមានក្របខ័ណ្ឌនៅក្នុងសមាជិកសភាក៏បានទៅរៀនដូចគ្នាដែរ បើតាមខ្ញុំចាំមិនច្រឡំទេ សូម្បីសម្ដេច ស ខេង ក៏ត្រូវបានអញ្ជើញទៅចូលរួមកម្មវិធី ទស្សនកិច្ចសិក្សាគឺគោលបំណងធំគេឱ្យស្វែងយល់អំពីសិទ្ធិមនុស្សប្រជាធិបតេយ្យ ឱ្យស្វែងយល់រដ្ឋសភាធ្វើអី ព្រឹទ្ធសភា តុលាការធ្វើអី នៅក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ»។
លោក ចាន់ ចេន ថា លោក កឹម សុខា បានរៀនទ្រឹស្ដី និងការអនុវត្ត ពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលមិនមែនជាការផ្តួលរំលំរដ្ឋាភិបាលដោយការបដិវត្តន៍ពណ៌ ឬដោយអំពើហិង្សានោះទេ។ លោកមេធាវីឱ្យដឹងទៀតថា ការធ្វើដំណើររបស់លោក កឹម សុខា ទៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ គឺមានគោលបំណងសំខាន់ពីរគឺ លោកថ្លែងអំណរគុណពលរដ្ឋខ្មែរនៅប្រទេសដែលបានគាំទ្រគណបក្សសង្គ្រោះជាតិ និងបញ្ជាក់ថា លោកមិនបានលក់ក្បាលឱ្យគណបក្សកាន់អំណាចទេ៖ «គោលបំណងអ្វីដែលនៅក្នុងវីដេអូពេញដោយសារនៅក្នុងដំណាក់កាលនោះជាដំណាក់កាលមួយកំពុងមានការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ហើយមានទស្សនៈទូទៅមួយចំនួនដែលនិយាយនៅក្នុងវិទ្យុសំបុកឃ្មុំថា សុំឱ្យលោក កឹម សុខា ធ្វើអញ្ចេះ យកតាមអញ្ចុះ ម៉េចក៏បានប៉ុណ្ណឹងហើយមិនធ្វើតាមនេះមិនធ្វើនោះក្នុងគោលបំណងប្រើហិង្សា ប៉ុន្តែ ឯកឧត្ដម កឹម សុខា បានបដិសេធដាច់ខាតបងប្អូន»។
កាលពីថ្ងៃទី២២ មករា មេធាវីការពារក្ដីលោក កឹម សុខា បានដាក់ភស្តុតាង ៣៥ចំណុចបន្ថែម ដើម្បីដោះបន្ទុកលោក កឹម សុខា ក្នុងនោះរួមមាន៖ មានវីដេអូពេញរយៈពេលជាងមួយម៉ោង នៃការថ្លែងរបស់លោក កឹម សុខា និងរូបថតមួយចំនួន ព្រមទាំងវីដេអូខ្លីៗ ខ្លះទៀតផង។ ប៉ុន្តែមេធាវីរដ្ឋាភិបាលថា ភស្តុតាងដាក់បន្ថែមមួយចំនួននៅពេលនេះ គឺជាការដាក់បន្ទុកបន្ថែមលើលោក កឹម សុខា ទៅវិញទេ។ មេធាវីការពារក្តីលោក កឹម សុខា ថា ការលើកឡើងបែបនេះ គ្រាន់តែជាលើកឡើងដើម្បីចង់មានភាន់ច្រឡំលើសមត្ថភាពមេធាវីរបស់លោក កឹម សុខា ប៉ុណ្ណោះ។
មេធាវីរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុធាវី បញ្ជាក់ថា វីដេអូដែលសមត្ថកិច្ចកាត់ខ្លីយកចោទប្រកាន់លោក កឹម សុខា ប៉ុន្តែសំដីពេញរបស់លោក កឹម សុខា មិនមែនន័យបែបនេះទេ៖ «នៅក្នុងវីដេអូដោយសារតែកាត់តទៅឃើញថា ពាក្យថា យុទ្ធសាស្ត្រ សំដៅលើអីដោយសារវាបាត់ពាក្យខាងលើគឺយុទ្ធសាស្ត្រនេះគាត់ចង់សំដៅគាត់បានសិក្សាស្វែងយល់អំពីបញ្ហាពលរដ្ឋខ្មែរថា តើបញ្ហាពលរដ្ឋមកពីបញ្ហាស្អីគេបានជាយើងអត់មានរីកចំរើន មិនមែនជាយុទ្ធសាស្ត្រអីទេ ចំពោះពាក្យដែលលឺសូពាក្យមួយទៀត គេឱ្យយកតាមម៉ូដែល យូហ្គោស្លាវី ស៊ែបប៊ី គេឱ្យគាត់យកស្ដាប់ឱ្យបាន គេឱ្យគាត់យកសួរគាត់ទេ គាត់យកទេ ជាក់ស្ដែងសកម្មភាពរបស់គាត់គាត់ទៅបោះឆ្នោត»។
ចំណែក ឯមេធាវីតំណាងរដ្ឋាភិបាលដែលជាដើមបណ្តឹង គឺលោក គី តិច ក្នុងពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានលោកព្យាយាមនិយាយរឿងនយោបាយជាជាងដំណើរការនៃសវនាការដោយលោកនិយាយថា លោក សម រង្ស៊ី មិនអាចចូលប្រទេសកម្ពុជាកាលពីថ្ងៃ៩ វិច្ឆិកា កន្លងទៅ ព្រោះគ្មានលុយទិញសំបុត្រយន្តហោះជាដើម។ មេធាវីរូបនេះ លើកឡើងទៀតថា ការទាមទារបស់លោក សម រង្ស៊ី ថា អ្នកជាអ្នកទទួលខុសត្រូវលើករណីចោទប្រកាន់លោក កឹម សុខា គឺជាការបង្ហាញភស្តុតាងបន្ថែមទៀត ដែលជាការដាក់បន្ទុកលើកលោក កឹម សុខា៖ «សម រង្ស៊ី បានបញ្ចេញការបញ្ជាក់របស់ខ្លួន ភស្តុតាងរបស់ខ្លួនដែលមានទាំងរូបថត ទាំងឯកសារនេះក្នុងពេលដែល កឹម សុខា កំពុងតែវ័ណ្ឌក ស្លន់ស្លោនៅក្នុងសវនាការព្យាយាមដោះបន្ទុកខ្លួនឯង ឥឡូវនេះ កឹម សុខា កំពុងដោះបន្ទុកខ្លួនឯងផង កំពុងទប់ប្រឹងទប់ការថែមបន្ទុកពីទណ្ឌិត សម រង្ស៊ី មកទៀត»។
សវនាការថ្ងៃទី២២ ខែមករា តុលាការអនុញ្ញាតឱ្យសារព័ត៌មាន និងតំណាងមន្ត្រីសង្គមសង្គមស៊ីវិលមួយចំនួនចូលរួមស្តាប់។ មន្ត្រីអង្គការសង្គមស៊ីវិលម្នាក់គឺនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលបានចូលស្ដាប់សវនាការនេះ ឱ្យអាស៊ីសេរីដឹងថា សំនួរភាគច្រើនរបស់ព្រះរាជអាជ្ញា និងមេធាវីរបស់រដ្ឋាភិបាល បានចោទសួរជាពាក្យមួយម៉ាត់ និងពន្យល់ពាក្យមួយៗដែលលោកយល់ថា ការចោទសួរនេះ មិនសូវទាក់ទងអង្គហេតុ។ លោកយល់ថា ការសួរបែបនាំឱ្យមានការបកស្រាយខុសៗគ្នា និងធ្វើឱ្យសវនាការនេះកាន់តែអូសបន្លាយរយៈពេលវែងបន្ថែមទៀត។ លោកថា លោកនឹងតាមដានដំណើរការក្តីបន្តទៀត៖ «យើងឧទាហរណ៍ថា ពាក្យគេមួយម៉ាត់ ពាក្យគេអ៊ីចឹង វែកញែកតែពាក្យគេមានន័យថា ម៉េចរហូតទៅរកអ្នកជំនាញមកចង់និយាយបកស្រាយទៀត អ៊ីចឹងគ្រាន់តែពាក្យគេមួយ វាអាចនឹងពាក់ព័ន្ធយ៉ាងម៉េច ប៉ុន្តែខ្ញុំគិតថា មិនសំខាន់លើពាក្យមួយៗទេ សំខាន់បំផុតគឺការស្វែងរកភស្តុតាង និងអង្គហេតុដើម្បីធ្វើការដេញដោល»។
លោក អំ សំអាត សង្កេតឃើញទៀតថា សវនាការសួរដេញដោលពេញមួយព្រឹកថ្ងៃទី២៣ ខែមករា ការសួរដេញដោលមានភាពតានតឹងដាក់គ្នា នៃគូភាគីនៅក្នុងបន្ទប់សវនាការ ប៉ុន្តែ មិនទាន់ឈានដល់នៃការបង្ហាញភស្តុតាង និងអង្គហេតុនៃការចោទប្រកាន់លោក កឹម សុខា នៅឡើយ ខណៈពេលវេលាជំនុំជម្រះគ្រោងប្រើរយៈបីខែឯណោះ។
សវនាការកាត់ក្តីលោក កឹម សុខា នឹងបន្តទៀតនៅសប្ដាហ៍ ថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា តុលាការកំណត់យករៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការជំនុំជម្រះ។
មេធាវីលោក កឹម សុខា អ្នកស្រី ម៉េង សុធារី ឱ្យដឹងថា ក្រុមមេធាវីលោក កឹម សុខា មានភស្តុតាងជាច្រើនផ្សេងទៀតគ្រោងដាក់ជូនតុលាការនៅក្នុងដំណើរការក្តីនាពេលខាងមុខទៀត៕
(ក្រុមអ្នកកាសែតចាំយកព័ត៌មាន និងមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សសង្កេតការណ៍អំពីសវនាការរឿងក្ដីលោក កឹម សុខា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ Provided)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។