តុលាការបន្តសួរដេញដោលលោក កឹម សុខា ជុំវិញបទចោទនៃអំពើក្បត់ជាតិ នៅថ្ងៃពុធ ទី៥ កុម្ភៈនេះ និងថ្ងៃព្រហស្បតិ៍ស្អែកទៀត។ តុលាការ នឹងបន្តសួរដេញដោលលោក កឹម សុខា ជុំវិញសកម្មភាព កាលលោកនៅធ្វើជាប្រធានគណបក្សសិទ្ធិមនុស្សពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។ សវនាការក្នុងសប្ដាហ៍នេះ គឺជាសប្ដាហ៍ទីបួន ក្នុងគម្រោងសវនាការរយៈពេលបីខែ ក្នុងការជំនុំជម្រះក្តី លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ ដែលរងការរិះគន់ថា ជារឿងនយោបាយ។
មុននឹងចូលដល់សវនាការសប្ដាហ៍ទីបួននេះ ភាគីដែលពាក់ព័ន្ធក្នុងរឿងក្តី បានជជែកដេញដោលគ្នា យ៉ាងតឹងសរសៃក លើបញ្ហានៃការទទួលយកភស្តុតាង ការរឹតត្បិតសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ក្នុងការតាមដានកិច្ចដំណើរការនីតិវិធីជំនុំជម្រះក្តី ដោយផ្ទាល់ក្នុងបន្ទប់សវនាការ និងបញ្ហាខ្វះអង្គហេតុ មកបង្ហាញដើម្បីចោទប្រកាន់លោក កឹម សុខា ជុំវិញបទសន្ទិដ្ឋិភាព ឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះ។
សហមេធាវីការពារក្តីលោក កឹម សុខា នៅក្នុងថ្ងៃចុងក្រោយ នៃសវនាការសប្ដាហ៍ទីបី កាលពីថ្ងៃទី៣០ ខែមករា នៅតែប្រកាន់ជំហរថា តុលាការនៅតែមិនបង្ហាញអង្គហេតុ ដែលជាដើមចមនៃការចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ មេធាវីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់អាស៊ីសេរី សំណួរ គឺនាំគ្នាសួរតែទៅលើវីដេអូ ដែលជាតម្រុយភស្តុតាងទៅវិញ៖ «អង្គហេតុលុះត្រាតែមានអំពើពិតប្រាកដ ថាតើគាត់បានប្រព្រឹត្តអ្វីខ្លះនៅក្នុងឆ្នាំណា ? ត្រូវយកភស្តុតាងទាំងអស់ហ្នឹងយកមកបង្ហាញ។ ប៉ុន្តែយើងឃើញថា ឥឡូវនេះការសាកសួរដេញដោលហ្នឹង រហូតដល់ឆ្នាំ ២០០៧ បានបញ្ចប់ហើយ ប៉ុន្តែមិនបានបង្ហាញឲ្យឃើញថា តើអំពើដែលគាត់បានធ្វើអ្វីខ្លះនៅក្នុងឆ្នាំនោះ។ បើចោទគាត់ថា ប្រព្រឹត្តសន្ទិដ្ឋិភាពជាមួយបរទេស គួរតែបង្ហាញថា នៅឆ្នាំនេះជួបជាមួយបរទេសឈ្មោះនេះ ឬក៏រដ្ឋ ឬក៏ភ្នាក់ងារបរទេសឈ្មោះនេះ វេលាម៉ោងប៉ុណ្ណេះ នៅថ្ងៃទីប៉ុណ្ណេះ ឬក៏មានកិច្ចសន្យា ឬមានកិច្ចព្រមព្រៀងគ្នាណាមួយ ក្នុងការឃុបឃិតគ្នា យកមកបង្ហាញ។ ប៉ុន្តែ អត់មាន !» ។
អ្នកស្រី ម៉េង សុភារី សង្កត់ធ្ងន់ថា អង្គហេតុ គឺវាខុសពីតម្រុយភស្តុតាង ព្រោះតម្រុយភស្តុតាង ដែលអ្នកស្រីសំដៅវីដេអូរយៈពេលជាង ១ម៉ោង នៃសុន្ទរកថាលោក កឹម សុខា នៅប្រទេសអូស្ត្រាលីនោះ គឺមិនមែនជាអង្គហេតុទេ។ អ្នកស្រីទាមទារឲ្យភាគីម្ខាងទៀត ទៅរកអំពើពិតប្រាកដទាំងឡាយណា ដែលពួកគាត់ចោទថា លោក កឹម សុខា ប្រព្រឹត្តក្បត់ជាតិ ដើម្បីឲ្យស៊ីសង្វាក់ទៅនឹងតម្រុយនៃភស្តុតាងនោះ៖ «បើចោទគាត់ ដូចដែលគាត់មានប្រសាសន៍នៅក្នុងវីដេអូ។ ចោទគាត់ថាឃុបឃិត សន្ទិដ្ឋិភាពជាមួយបរទេស ទៅរកអំពើហ្នឹងមក៍ ឲ្យស៊ីសង្វាក់គ្នាមក៍ !»។
នៅថ្ងៃចុងក្រោយ នៃសប្ដាហ៍ទីបីនោះ ការសួរដេញដោល នៅតែស្ថិតក្នុងរង្វង់នៃឆ្នាំ២០០៧ ដល់ ២០១២ ដែលលោក កឹម សុខា នៅធ្វើជាប្រធានគណបក្សសិទ្ធិមនុស្ស។ សំណួរជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងលោក កឹម សុខា ជាមួយអង្គការសង្គមស៊ីវិលរបស់សហរដ្ឋអាមេរិក ដូចជា វិទ្យាស្ថាន IRI និងវិទ្យាស្ថាន NDI និងអង្គការ USAID។
មេធាវីលោក កឹម សុខា ថាលោក កឹម សុខា បានឆ្លើយសំណួរស្ទើរគ្រប់សំណួរ ទោះសំណួរនោះច្រំដែល ឬសំណួរខ្លះលោកមិនចាំបាច់ឆ្លើយក៏បានយ៉ាងណាក្តី។ តែការធ្វើដូច្នេះ ដើម្បីបញ្ជាក់ភាពស្អាតស្អំ និងឥតលាក់របស់លោក។ ទោះជាយ៉ាងនេះក្តី លោក កឹម សុខា មិនចាំព័ត៌មានលម្អិត ដែលអាចឆ្លើយថាដឹងបានគ្រប់សំណួរនោះឡើយ។ ប្រការនេះ ធ្វើឲ្យមេធាវីខាងរដ្ឋាភិបាល គឺលោក គី តិច ចោទថា លោក កឹម សុខា មានចេតនាគេចវេះពីការទទួលខុសត្រូវ៖ «ចំពោះជនជាប់ចោទ គឺថាភាគច្រើនណាស់ អ្នកដែលប្រព្រឹត្តកំហុស គឺច្រើនតែឆ្លើយបដិសេធ មិនដែលឆ្លើយសារភាពទេ ភាគតិចណាស់ដែលឆ្លើយសារភាពក្នុងបន្ទប់សវនាការ។ សូមបញ្ជាក់ថា ពាក្យថាមិនដឹង មិនឆ្លើយ ឬភ្លេចនេះ ក៏មិនមែនជាការដោះបន្ទុកនោះដែរ។
លោក គី តិច នៅតែអះអាងថា នៅមានភស្តុតាងដាក់បន្ទុក ដែលនឹងបង្ហាញនៅក្នុងសវនាការសប្តាហ៍នេះ ឬសប្ដាហ៍ខាងមុខ។ ប៉ុន្តែ កន្លងមក ទោះបីលោកអះអាងថា មានភស្តុតាងបីវ៉ាលីក្តី ក៏មេធាវីការពារក្តីលោក កឹម សុខា ថាមិនទាន់ឃើញខាងលោក គី តិច បង្ហាញអង្គហេតុណាមួយ ដែលអាចជាមូលដ្ឋានគាំទ្រការចោទប្រកាន់លើលោក កឹម សុខា ពីបទក្បត់ជាតិនោះឡើយ។
អ្នកនាំពាក្យសមាគម អាដហុក ដែលឃ្លាំមើលដំណើរការក្តីនេះដោយផ្ទាល់ក្នុងសវនាការ ក៏សង្កេតឃើញភាពមិនប្រក្រតីនៃកិច្ចដំណើរការនីតិវិធីនេះដែរ ដោយសារសមាជិកនៃក្រុមប្រឹក្សាជំនុំជម្រះ ដែលគួរតែជាតួអង្គអាជ្ញាកណ្ដាល ហាក់លម្អៀងទៅខាងភាគីដើមចោទ ដោយសារចៅក្រម សួរសំណួរភាគច្រើន ជាសំណួរដាក់បន្ទុកលើលោក កឹម សុខា៖ «ព្រោះសំណួរដោះបន្ទុក ដូចជាមិនឃើញមាន។ ជាទូទៅ តួនាទីរបស់ក្រុមប្រឹក្សាត្រូវមានការតាំងសំណួរទាំងដោះបន្ទុក និងដោះបន្ទុក ឬបញ្ជាក់ទៅលើសំណួរណា ដែលមិនច្បាស់ជាដើម « ។
ទោះបីភាគីក្នុងរឿងក្តី រួមទាំងក្រុមប្រឹក្សាជំនុំជម្រះផង សស្រាក់សស្រាំក្នុងការបំពេញកិច្ចដំណើរការនីតិវិធីតុលាការ អស់រយៈពេលបីសប្ដាហ៍ទៅហើយក្តី ក៏មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស យល់ថារឿងក្តីនេះ គឺជារឿងនយោបាយ ដែលមិនគួរណាយកមកប្រឡាក់ប្រឡូសក្នុងតុលាការនោះទេ។ ពួកគាត់លើកឡើងថា រឿងក្តីដែលមានចរិតនយោបាយបែបនេះ គួរតែនាំគ្នាដោះស្រាយតាមច្រកនយោបាយវិញ ទើបជាការល្អ។
ក្នុងសវនាការកាលពីសប្ដាហ៍ទីពីរ និងទីបី តុលាការទុកកៅអីចំនួន១០ សម្រាប់ឲ្យអ្នកសារព័ត៌មាន និងតំណាងអង្គការសង្គមស៊ីវិល ចូលទៅតាមដានស្ដាប់សវនាការដោយផ្ទាល់ ក្នុងបន្ទប់សវនាការ។ ប៉ុន្តែ ការបើកទូលាយនេះ ធ្វើឡើងក្រោយការរិះគន់ជុំទិស ពីអង្គការសង្គមស៊ីវិលស្ថានទូតអាមេរិក និងសហមេធាវីការពារក្តី លោក កឹម សុខា ជុំវិញការរឹតត្បិតសិទ្ធិសេរីភាព ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការយកព័ត៌មានដោយផ្ទាល់ ពីសាលសវនាការអំពីដំណើរការក្ដីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។