មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ចង់​ឃើញ​តុលាការ​ដេញដោល​អំពី​អង្គ​ហេតុ ដែល​ស្ដែង​ចេញ​ពី​កា​ឃុបឃិត​ជា​សម្ងាត់​ជាមួយ​បរទេស

0:00 / 0:00

0:00 / 0:00

0:00 / 0:00

សវនាការ​ជំនុំ​ជម្រះ​លោក កឹម សុខា ក្នុងសប្តាហ៍ទី៤ ថ្ងៃទី០៥ ខែ​កុម្ភៈ​នេះ តុលាការ​បន្ត​សួរ​ដេញ​ដោល​លោក​ កឹម សុខា ​ជុំវិញ​សកម្មភាព​​របស់​លោក កាល​ធ្វើ​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ពីឆ្នាំ២០០៧-២០១២។ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ចង់​ឃើញ​តុលាការ​សាកសួរ​អង្គហេតុ ឬ​អំពើ​ស្ដែង​ចេញ​របស់​លោក កឹម​ សុខា ជា​ជាង​ការ​យក​ពាក្យ​សម្តី​មួយៗ របស់​លោក កឹម សុខា មក​ចោទ​សួរ។

មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឲ្យ​ដឹង​ថា លោក កឹម សុខា បាន​ផ្តល់​ចម្លើយ​ទៅ​តុលាការ​ថា គណបក្ស​សិទ្ធិមនុស្ស​ដែល​កាល​លោក កឹម សុខា នៅធ្វើជាប្រធានក្នុងអំឡុងពីឆ្នាំ២០០៧ ដល់​ឆ្នាំ២០១២ គឺ​គណបក្ស​នេះ​បាន​ចុះ​បញ្ជីនៅ​ក្រមហាផ្ទៃត្រឹមត្រូវតាមច្បាប់ ហើយ​គណបក្ស​នេះ​កើត​ពី​ពលរដ្ឋ​ខ្មែរ ជា​របស់​ពលរដ្ឋ​ខ្មែរ និង​ដើម្បី​ពលរដ្ឋ​ខ្មែរ។

មេធាវី​ការពារ​ក្តី​លោក កឹម សុខា លោក ចាន់ ចេន ឲ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​ថា ទិសដៅ​គណបក្ស​សិទ្ធិ​មនុស្ស គឺ​ធ្វើ​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​មិន​ដែល​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​គណបក្ស​នេះ​ធ្លាប់​ចូល​រួម​ការ​បោះ​ឆ្នោត ដើម្បី​កៅអី​តំណាង​រាស្ត្រ និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែរ៖ «»

ទាក់ទង​នីតិវិធី លោក មេធាវី ចាន់ ចេន ឲ្យ​ដឹង​ថា មេធាវី​ការពារ​ក្តី​លោក កឹម សុខា ចង់​ឃើញ​តុលាការ​ដេញដោល​អំពី​អង្គ​ហេតុ ប៉ុន្តែ​មិន​ទាន់​ឃើញ​តុលាការ​ដេញដោល​ទាក់ទង​អង្គហេតុ ឬ​អំពើ​ស្ដែង​ចេញ​របស់​លោក កឹម​ សុខា ឃុបឃិត​ជា​សម្ងាត់​ជាមួយ​របស់​បរទេស​មក​ជជែក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា តុលាការ​នៅ​តែ​យក​សម្ដី​របស់​លោក កឹម សុខា ដែល​បាន​ថ្លែង​ជា​សាធារណៈ​នៅ​ប្រទេស​អូស្ត្រាលី និង​ពេល​ធ្វើ​សមាជ​បក្ស (បក្ស​សិទ្ធិ​មនុស្ស) នូវ​ពាក្យ​មួយៗ យក​មក​ចោទ​សួរ​ដដែល​ប៉ុណ្ណោះ។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដដែល​ឲ្យ​ដឹង​ទៀត​ថា ទោះ​តុលាការ​ចោទ​ប្រកាន់​ករណី​នេះ​ថា មាន​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ប៉ុន្តែ​តុលាការ​មិន​ទាន់​ហៅ​ភាគី​បរទេស​ណា​មួយ​មក​សាកសួរ ឬ​បំភ្លឺ​នៅ​ឡើយ​ដែរ៖ «»

ក្នុង​សវនាការ ថ្ងៃទី០១ នៃសប្តាហ៍ទី០៤នេះ តុលាការ​ទុកកៅអីចំនួន១០សម្រាប់​ឲ្យ​អ្នកសារព័ត៌មាន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចូល​ទៅតាម​ដាន​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ។

ដោយ​ឡែក​សវនាការ​ថ្ងៃ​ទី៥ ខែកុម្ភៈនៃសប្តាហ៍ទី០៤នេះ មេធាវី​ខាង​រដ្ឋាភិបាល គឺ​លោក គី តិច មិន​បាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ដូច​លើក​មុនៗ ទេ។

អ្នកនាំពាក្យ​សមាគម​អាដហុក​ដែល​ឃ្លាំមើល​ដំណើរ​ការ​ក្តី​នេះ​ដោយ​ផ្ទាល់​ក្នុង​សវនាការ​គឺ​លោក សឹ័ង សែនករុណា សង្កេត​ឃើញ​ថា ការ​ដេញដោល​ថ្ងៃ​នេះ​ក៏​មិន​ខុស​ពី​ពេល​មុនៗ ដែរ គឺ​តំណាង​អយ្យការ​តុលាការ​នៅ​តែ​សួរ​ពី​ជំនួយ ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទទួល​បាន និង​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស ។ លោក​បន្ត​ទៀត​ថា តុលាការ​ព្យាយាម​សួរ​សំនួរ​ដដែល ៗ លើក​លោក កឹម សុខា រហូត​សំណួរ​ខ្លះ​លោក កឹ​ម សុខា ហាក់​មិន​ចង់​ឆ្លើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​សង្កេត​ឃើញ​ទៀត​ថា តំណាង​អយ្យការ​បាន​យក​រូបថត​ឯកជន​របស់​កូន​ស្រី​លោក កឹម សុខា ដែល​បាន​ថត​ជាមួយ​ជន​បរទេស ដែល​ជា​រូបថត​យក​ចេញ​ពី​ហ្វេសប៊ុក​គ្មាន​ប្រភព​ច្បាស់លាស់​មក​សួរ​លោក កឹម សុខា ប៉ុន្តែ​លោក កឹម សុខា មិន​យល់​ស្រប​ទង្វើ​បែប​នេះ​របស់​តំណាង​អយ្យការ​ទេ៖ «»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​កត់​សម្គាល់​ឃើញ​មួយ​ចំណុច​ទៀត​គឺ ចៅក្រម​ប្រឹក្សា​បាន​សម្របសម្រួល​ល្អ​ច្រើន​ជាង​លើក​មុនៗ ប៉ុន្តែ​មេធាវី​រដ្ឋាភិបាល និង​តំណាង​អយ្យការ​តែងតែ​ព្យាយាម​សួរ​សំណួរ​ដដែលៗ លើ​លោក កឹម សុខា។

មុននឹង​ចូល​ដល់​សវនាការ​សប្ដាហ៍​ទី​បួន​នេះ ភាគី​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​បាន​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​តឹង​សរសៃ​ក​លើ​បញ្ហា​នៃ​ការ​ទទួលយក​​ភស្តុតាង ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​តាម​ដាន​កិច្ច​ដំណើរ​ការ​នីតិវិធី​ជំនុំ​ជម្រះក្តី​​ ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ និង​បញ្ហា​ខ្វះ​អង្គ​ហេតុ​មក​បង្ហាញ​ដើម្បី​ចោទ​ប្រកាន់​លោក កឹម សុខា ជុំវិញ​បទ​សន្ទិដ្ឋិភាព ឬ​ត្រូវ​រូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ។​

ប៉ុន្តែ​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យល់​ថា រឿង​ក្តី​នេះ គឺ​ជា​រឿង​នយោបាយ​គួរ​តែ​រក​ដំណោះ​ស្រាយ តាម​ច្រក​នយោបាយ​វិញ​ទើប​ជា​ការ​ល្អ៕