សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈនេះ បានបន្តសវនាការកាត់ក្តីសំណុំរឿងលោក កឹម សុខា ប៉ុន្តែសវនាការមិនបានជជែកលើអង្គសេចក្ដីឡើយ ពោលគឺបានត្រឹមតែជជែករឿងភស្តុតាងជាវីដេអូ ដែលតំណាងអយ្យការបានដាក់កាលពីម្សិលមិញប៉ុណ្ណោះ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក វង្ស ប៊ុនវិសុទ្ធ បានដាក់ភស្តុតាងបន្ថែមជាវីដេអូចំនួន ៧ឃ្លីប បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងវីដេអូថ្លែងការណ៍រយៈពេលជាង ១ម៉ោងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលី ដែលមេធាវីបានដាក់ជូនតុលាការ ដើម្បីជួយដោះបន្ទុកកូនក្ដី។ វីដេអូចំនួន៧ របស់តំណាងអយ្យការនោះ គឺភាគច្រើននិយាយអំពីបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ បាតុកម្មនៅផ្លូវ វេង ស្រេង និងការថ្លែងសារនយោបាយមួយចំនួនរបស់លោក កឹម សុខា។ តំណាងអយ្យការបានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះទទួលយកភស្តុតាងបន្ថែមថ្មីនេះ និងអះអាងថា គ្រប់ភាគីពាក់ព័ន្ធមានសិទ្ធិដាក់ភស្តុតាងបន្ថែម ទោះជាក្នុងដំណាក់កាលជំនុំជម្រះក៏ដោយ។
ទោះជាយ៉ាងណា ក្រុមមេធាវីលោក កឹម សុខា បានជំទាស់យ៉ាងខ្លាំងទៅនឹងការដាក់ភស្តុតាងរបស់តំណាងអយ្យការ ក្រោមហេតុផលថា នេះជារឿងមិនត្រឹមត្រូវតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រុមមេធាវីលោក កឹម សុខា ពន្យល់ថា ការដាក់ភស្តុតាងនៅក្នុងដំណាក់កាលជំនុំជម្រះនេះ អាចធ្វើបានតែចំពោះភាគីដើមបណ្ដឹង និងភាគីជនជាប់ចោទប៉ុណ្ណោះ ហើយសូម្បីតែភាគីដើមបណ្ដឹងក៏ដោយចុះ ក៏អាចត្រឹមដាក់ភស្តុតាងទាក់ទងនឹងការខូចខាត និងទុក្ខសោកដែរ មិនមែនជាភស្តុតាងដាក់ពិរុទ្ធនោះឡើយ។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក អាង ឧត្តម ប្រាប់អាស៊ីសេរីថា ការដាក់ភស្តុតាងបន្ថែមរបស់តំណាងអយ្យការនេះ មានន័យថា ការស៊ើបអង្កេតកន្លងមកមិនទាន់ពេញលេញនៅឡើយទេ ដូច្នេះលោក កឹម សុខា គួរទទួលបានការលើកលែងបទចោទប្រកាន់៖ « ភស្តុតាងដែលគាត់បានកំណត់ថា ត្រឹមត្រូវ ពិតប្រាកដ ពេញលេញ គ្រប់គ្រាន់ដាក់បន្ទុកហើយទៅជាអត់គ្រប់គ្រាន់ អត់ពេញលេញវិញអ៊ីចឹង ក្នុងករណីនេះវាចូលទៅក្នុងគោលការណ៍វិមតិសង្ស័យ។ ច្បាប់រដ្ឋធម្មនុញ្ញយើង វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទហើយ។ យើងអះអាងអ៊ីចឹង ហើយសូមតុលាការលើកលែងចោទប្រកាន់។ ចាំមើលតើតុលាការសម្រេចយ៉ាងម៉េច ? បើគោលការណ៍ហ្នឹងមិនអនុវត្តទេ អាហ្នឹងសិទ្ធិនោះត្រូវប្រើយ៉ាងម៉េច គោលការណ៍ហ្នឹងវាអនុវត្តទៅយ៉ាងម៉េចទៀត យើងបានតតាំងអស់ហើយ » ។
ទោះជាយ៉ាងណា ក្រោយជជែកដេញដោលគ្នាអស់ពេលមួយព្រឹក ក្រុមប្រឹក្សាជំនុំជម្រះមិនទាន់សម្រេចថា តើត្រូវទទួលយក ឬបដិសេធភស្តុតាងរបស់តំណាងអយ្យការនោះនៅឡើយទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា វាយតម្លៃថា សវនាការសម្រាប់សប្ដាហ៍ទី៦ នេះ ហាក់ដូចគ្មានអ្វីជឿនលឿនទៅមុខនោះទេ ដោយសារតែការជជែកគ្នាច្រើនរឿងនីតិវិធីដាក់ភស្តុតាង។ លោកបន្តថា សំណុំរឿងលោក កឹម សុខា នេះ បានប្រើពេលជាង ២ឆ្នាំ ដើម្បីស៊ើបអង្កេត ដូច្នេះតំណាងអយ្យការគួរតែដាក់ភស្តុតាងទាំងឡាយនៅក្នុងដំណាក់កាលនោះ មិនមែនទើបតែដាក់ភស្តុតាងបន្ថែមនៅក្នុងពេលជំនុំជម្រះបែបនេះទេ។
អ្នកការពារសិទ្ធិមនុស្សរូបនេះបន្ថែម ក្រុមប្រឹក្សាជំនុំជម្រះគួរតែសម្រេច និងបកស្រាយឱ្យបានច្បាស់អំពីនីតិវិធីនៃការដាក់ភស្តុតាងនេះ ដើម្បីឱ្យសវនាការលើកក្រោយៗ ទៀត អាចជជែកដល់រឿងអង្គសេចក្ដី៖ «តុលាការមុននឹងធ្វើការចោទប្រកាន់លើបុគ្គលណា គួរតែបានធ្វើឱ្យដាច់ស្រេច នៅក្នុងដំណាក់កាលចោទប្រកាន់របស់ខ្លួន រួមទាំងនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដែលយើងឃើញហើយនៅក្នុងសំណុំរឿងលោក កឹម សុខា នេះ ជាង ២ឆ្នាំហើយ ដែលធ្វើការស៊ើបសួរហ្នឹង។ អ៊ីចឹងមិនគួរណាមកធ្វើការដាក់នូវ ( សំណួរ ) បណ្ដេញ ជាមួយភាគី ( មេធាវីលោក កឹម សុខា ) បែបនេះទេ » ។
ដូចគ្នានៅថ្ងៃទី១ ដែរ សវនាការថ្ងៃទី២ សប្ដាហ៍ទី៦ នេះ នៅខាងក្រៅបរិវេណតុលាការមានសភាពស្ងប់ស្ងាត់ មិនដូចកាលពីពេលចាប់ផ្ដើមសវនាការលើកដំបូងៗ នោះទេ។ គេឃើញមានតែក្រុមអ្នកសារព័ត៌មានមួយចំនួន និងអ្នកគាំទ្រលោក កឹម សុខា បន្តិចបន្តួចប៉ុណ្ណោះ ចំណែកអ្នកដែលបង្ហាញវត្តមានច្រើនជាងគេនោះ គឺក្រុមកងកម្លាំងរដ្ឋាភិបាល មានទាំងអ្នកស្លៀកពាក់ឯកសណ្ឋាន និងអ្នកស្លៀកពាក់ស៊ីវិល។
ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា នឹងមិនមានសវនាការសំណុំរឿងលោក កឹម សុខា នោះទេ នៅសប្ដាហ៍ក្រោយ ហើយការកាត់ក្ដីសម្រាប់សប្ដាហ៍ទី៧ នឹងត្រូវធ្វើនៅថ្ងៃទី១១ មីនា ជំនួសវិញ។
សហមេធាវីលោក កឹម សុខា លោក អាង ឧត្ដម អះអាងថា លោកនឹងសួរដេញដោលក្រុមប្រឹក្សាជំនុំជម្រះអំពីករណីផ្អាកសវនាការនេះ ព្រោះនេះជាលើកទីពីរហើយដែលក្រុមប្រឹក្សាផ្អាកសវនាការដោយមិនបញ្ជាក់ពីហេតុផល ស្របពេលក្រុមមេធាវីយល់ថា តុលាការហាក់មានចេតនាពន្យារពេលរឿងក្ដីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។