លោក ហ៊ុន សែន ប្រកាស​ថា ​លោក កឹម សុខា មានទោស​ក្បត់ជាតិ ស្រប​ពេល​តុលាការ​នឹង​បន្ត​សវនាការ​សប្ដាហ៍​ទី៦ នៅ​ថ្ងៃ​នេះ

ដោយ មួង ណារ៉េត
2020.02.26
តុលាការ​ភ្នំពេញ 022620 ទិដ្ឋភាព​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​ដែល​សវនាការ​​លើ​សំណុំរឿងក្ដី​លោក កឹម សុខា កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ខាង​ក្នុង នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

លោកនាយករដ្ឋមន្រ្តីនៃ​របបឯកបក្ស​លោក​ ហ៊ុន សែន ប្រកាសជំនួស​តុលាការ​​ ថា​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា​ មានទោស​ក្បត់ជាតិ ស្រប​ពេល​តុលាការ​​បន្ត​​សវនាការ​​​ចូល​ដល់​សប្តាហ៍​ទី៦ នៅថ្ងៃ​ទី២៦ កុម្ភៈ។ ការ​ប្រកាសនេះ ធ្វើឡើង​ស្របពេលដែលសំណុំរឿង​លោក កឹម សុខា រងការរិះគន់ថា មាន​ចរិតនយោបាយ និង​តុលាការ​ជា ឧបករណ៍​នយោបាយ សម្រាប់​គណបក្ស​កាន់អំណាច ប្រើប្រាស់​ដើម្បីធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង។

លោក ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ  ទំនង​​ជា​​ក្រេវ​ក្រោធ​នឹង​​ការ​​ដាក់​ទណ្ឌកម្ម​ របស់​​សហភាព​អឺរ៉ុប ដែល​បាន​​សម្រេច​​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ​ពី​កម្ពុជា ដោយសារ​​ការ​​រំលោភ សិទ្ធិ​មនុស្ស និង​​​បំផ្លាញ​​​ប្រជាធិបតេយ្យ​​ រួម​ទាំង​​ការ​​​ធ្វើ​​​​ទុក្ខ​បុក​​ម្នេញ​​លោក​ កឹម សុខា​នេះ​ផង៖ «ថ្ងៃ​នេះ​ជូន​សារ​ជាក់លាក់​ច្បាស់​លាស់​ ថា​កម្ពុជា​មិន​ថយ​ក្រោយ​លើ​ការ​កាត់​ក្តី ចំពោះ​ជន​ក្បត់​ជាតិ​ ឬ​អ្នក​ដែល​ទទួល​នូវ​ទណ្ឌកម្ម​ទេ។ អ្នក​ឯង​ត្រូវ​តែ​ច្បាស់​ អ្វី​ដែល​អ្នក​ឯង​បាន​ធ្វើ​ អ្នក​ឯង​ត្រូវ​ចាំ​ អ្នក​ឯង​យក​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ គឺ​ជា​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ការ​ផ្ដួល​រំលំ។ អ្នក​ឯង​ត្រូវ​តែ​ទទួល​នូវ​ទណ្ឌកម្ម​បែប​នេះ។ គឺ​មិន​អាច​លើក​លែង​ឲ្យ​បាន​ទេ»

សាររបស់​លោក ហ៊ុន សែន នៅពេលនេះ គឺ​ហាក់​ដូច​ជា​បង្ហាញ​ការ​ខក​ចិត្ត​មួយ​ដែរ​ ដែល​ការ​គំរាម​​របស់​លោក ឲ្យ​សហភាព​អឺរ៉ុប កុំ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មិន​បាន​ជោគជ័យ។ កាល​ពី​ខែ​មករា ឆ្នាំ ២០១៩ ក្នុង​ពិធីសម្ពោធ​ការ​ធ្វើ​ផ្លូវ​ក្រវាត់​ក្រុង លោក ហ៊ុន សែន ធ្លាប់​គំរាម​ថា ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ គឺ​ដូច​សម្លាប់​កម្ពុជា​ដូច្នេះ​ដែរ។ លោក​ថា បើ​កម្ពុជា​ស្លាប់ គណបក្ស​ប្រឆាំង​ក៏​ត្រូវ​តែ​ស្លាប់​ដែរ៖ «ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​កម្ពុជា មាន​តម្លៃ​ស្មើនឹង​សម្លាប់​បក្ស​ប្រឆាំង​ ខ្ញុំ​មិន​លើកលែង​ឲ្យ​ទេ។ បាន​ជា​ជ្រុល​លេង​គ្នា​ហើយ គឺ​ត្រូវ​តែ​លេង​អ៊‍ីចឹង! ល្បែង​វា​មាន​ទៅ​មាន​មក! បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់​ អា​ហ្នឹង​កាត់​ទៅ​។ បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់ អា​ហ្នឹង​កុំ​ធ្វើ»

គណបក្ស​ប្រឆាំង ត្រូវ​បាន​របប​លោក​រម្លាយ​ចោល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។ ចំណែក​ឯ​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ក៏​ត្រូវ​លោក​ចេញ​បញ្ជា​ឲ្យ​ចាប់​ទាំង​កម្រោល​ទាំង​កណ្ដាល​អធ្រាត្រ។ ដំបូង​របប​នេះ យក​លោក កឹម សុខា ទៅ​ឃុំ​ខ្លួន​នៅ​គុក​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូង​ឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម។ ក្រោយមក​ដោយ​សារ​សម្ពាធ​អន្តរជាតិ របប​ក្រុង​ភ្នំពេញ បាន​យក​លោក​ កឹម សុខា មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។ បន្ទាប់​មក​ទៀត នៅ​កៀក​ថ្ងៃ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ របប​នេះ​បាន​លែង​ឃុំខ្លួន​លោក កឹម សុខា​ ក្នុង​ផ្ទះ រួច​ប្រញាប់​ប្រញាល់​ បញ្ជូន​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ ទាំង​តក់ក្រហល់។

ឥឡូវ​សវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា បាន​ប្រព្រឹត្តទៅ ៥សប្ដាហ៍​មក​ហើយ ដោយ​មួយ​សប្ដាហ៍​ធ្វើ​សវនាការ​មួយ​ថ្ងៃ​កន្លះ។ សវនាការ​ទាំង ៥ សប្ដាហ៍​កន្លង​ទៅ​នោះ ប្រព្រឹត្តទៅ​ដោយ​ភាព​ចម្រូងចម្រាស ដោយ​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ចាត់ទុកថា​កិច្ច​ដំណើរ​ការ​នីតិវិធី​តុលាការ​ មាន​ភាព​មិន​ត្រឹមត្រូវ និង​រញ៉េរញ៉ៃ​ជា​ដើម។

ភាពចម្រូង​ចម្រាសទាំងនោះ មាន​តាំងពីភាពមិនប្រក្រតី នៃការ​ព្រមទទួល​ភ័ស្តុតាង ដែលគ្មាន​ប្រភពច្បាស់លាស់ ដូចជាយកភ័ស្តុតាងពីគណនីហ្វេសប៊ុកអនាមិក ឬគ្មានអត្តសញ្ញាណត្រឹមត្រូវ ការ​សួរសំណួរ​ច្រំដែល ការ​យកតម្រុយភ័ស្តុតាង មក​សួរ​ដេញដោល គឺបើតាម​នីតិវិធី​ត្រឹមត្រូវ​ គឺត្រូវ​យក​អង្គហេតុ​មក​សួរ​ដេញដោលទើបត្រូវ ការ​អនុវត្ត​ធាក់ថយក្រោយ​នៃក្រមព្រហ្មទណ្ឌ ការ​យក​ភ័ស្តុតាង​ដែលគ្មាននៅ​​ក្នុង​សំណុំរឿង​​​ យកមកសួរ​ដេញ​ដោលលោក កឹម សុខា និង​ចុងក្រោយ​ គឺការបិទសិទ្ធិសេរីភាព​ក្រុមមេធាវីការពារក្តីលោក កឹម សុខា មិន​ឲ្យ​ឡើង​តវ៉ាក្តីជាដើម។

ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បែបនេះ ត្រូវ​បាន​ក្រុម​មេធាវី​ទាំងអស់ នាំគ្នា​ដើរ​ចេញ​ពី​បន្ទប់​សវនាការ ដើម្បី​បង្ហាញ​ការ​ធ្វើ​ពហិការ កាល​ពី​ថ្ងៃ​ចុង​ក្រោយ​ នៃ​សវនាការ​សប្ដាហ៍​ទី ៥។

តុលាការ​បាន​សម្រេច​ លើក​ពេល​សវនាការ​មួយ​សប្ដាហ៍ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ នៅ​ក្នុង​សប្ដាហ៍​ទី ៦ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ​នេះ តុលាការ​នឹង​បើកសវនាការ​បន្ត​ជុំវិញ​អង្គហេតុ ចាប់​ពី​ឆ្នាំ ២០១២ រហូតដល់​ថ្ងៃ​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​ឆ្នាំ២០១៧។

ទោះបីសហមេធាវី​ការពារ​ក្ដី​​លោក កឹម សុខា អះអាងថា នឹង​បន្ត​ចូលរួមក្នុង​សវនាការ​នេះ​ក៏ដោយ​ ក៏ពួកគាត់​ បញ្ជាក់ថា​គ្មាន​សង្ឃឹម​ថា ដំណើរការ​ក្តី​​លោក កឹម សុខា នឹង​​ប្រព្រឹត្ត​ទៅ​ដោយ​​រលូន និង​​យុត្តិធម៌​នោះ​ទេ ដោយសារ​​តែ​​កំហុស​ឆ្គង​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​ ជុំវិញ​​ភាព​មិនក្រក្រតី​នៃការដាក់​ភ័ស្តុតាង និង​​ការ​​រឹត​ត្បិត​សិទ្ធិសេរីភាព​​​មេធាវី​ខាង​​លោក កឹម សុខា ក្នុង​​សវនាការ​។

ទោះជាយ៉ាងនេះក្តី ខាង​ព្រះរាជអាជ្ញា និង​មេធាវីការពាររដ្ឋាភិបាល ថាក្រុមមេធាវីការពារក្តី​លោក​ កឹម សុខា មានចេតនាពន្យារកិច្ចដំណើរការនីតិវិធីតុលាការ ទើបជំទាស់ជាហូរ​ហែកន្លង​មក​។ ការ​ចោទប្រកាន់នេះ ត្រូវ​បាន​ក្រុមមេធាវីលោក កឹម សុខា បដិសេធ និង​ថា​ភាគីម្ខាងទៀតនោះទេ ដែលមានចេតនាពន្យារពេលនេះ ដូចជាករណី​យក​ភ័ស្តុតាងភ្ញាក់ផ្អើល មក​បង្ហាញ​ជាដើម។

ឥឡូវបន្ថែមទៅភាពចម្រូងចម្រាស​ដែលមានស្រាប់ សារ​របស់​លោក ហ៊ុន សែន ក្នុងការ​សន្មតទុក​ជាមុន​ ថា​ជនជាប់ចោទ​លោក កឹម សុខា មានទោសជាជនក្បត់ជាតិ ទោះបីតុលាការ​មិន​ទាន់​សម្រេច​ក្ដីយ៉ាងណានោះ កំពុង​តែបន្ថែមក្ដីមន្ទិល ទៅលើសុចរិតភាពនៃ​កិច្ចដំណើរការ​នីតិវិធី​ ក្នុង​រឿងក្ដីដ៏រសើបនេះ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ អំពី​សារ​របស់​លោក ហ៊ុន សែន ដែល​សន្មត​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ​នេះ បាន​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។

ប៉ុន្តែ មន្រ្តី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​របប​ក្រុង​ភ្នំពេញ លោក ជិន​ ម៉ាលីន ធ្លាប់​អះអាង​ថា នាយក​រដ្ឋ​មន្ត្រី​ ចង់​និយាយ​អ្វី​ប៉ះពាល់​ដល់​ដំណើរការ​កាត់​ក្ដី​ក៏បាន​ដែរ ព្រោះ​ជា​សិទ្ធិ​របស់​គាត់។

សហ​មេធាវី​មួយ​រូប ក្នុង​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ធ្លាប់​លើកឡើង​អំពី​បញ្ហា​ប្រឈម ជាច្រើន​ក្នុង​ការ​ការពារ​ក្តី​ ក្នុង​សំណុំរឿង​ ដែល​មាន​ចរិត​នយោបាយ​នេះ។ ប៉ុន្តែ​ពួកគាត់​អះអាង​ថា ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា​ គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ខំ​ប្រឹង​តស៊ូ​ស្វិតស្វាញ​លើ​សមរភូមិ​ច្បាប់​នេះ នោះ​ទេ។ ពួកគាត់​នៅ​​តែ​ទទូច​ឲ្យ​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លើ​កូន​ក្តី​ភ្លាមៗ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឲ្យ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​ឡើង​វិញ ដើម្បី​លោក​បំពេញ​កិច្ច​ការងារ​សង្គម​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។