អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យតុលាការពន្លឿនសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី
2019.04.10
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សមើលឃើញថា សំណុំរឿងបណ្ឌិត កែម ឡី ហាក់គ្មានអ្វីវិវឌ្ឍទៅមុខឡើយ ក្រោយពេលតុលាការប្រកាសបំបែកសំណុំរឿងនេះជាពីរ កាលពីឆ្នាំ២០១៧ កន្លងទៅនោះ។ ភាពស្ងប់ស្ងាត់នៃសំណុំរឿងឃាតកម្មដ៏កក្រើកនេះ ធ្វើឱ្យសាធារណជន និងអ្នកតាមដានស្ថានការណ៍កម្ពុជា នៅតែរិះគន់ថា តុលាការរបបក្រុងភ្នំពេញគ្មានឆន្ទៈពិតប្រាកដក្នុងការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ឡើយ
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ភាពស្ងប់ស្ងាត់នៃសំណុំរឿងបណ្ឌិត កែម ឡី និងសំណុំរឿងធំៗមួយចំនួនទៀត ធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមគ្រួសារជនរងគ្រោះ កាន់តែបាត់ជំនឿលើប្រព័ន្ធតុលាការ និងវិស័យយុត្តិធម៌នៅកម្ពុជា។ លោកបន្តថា ករណីឃាតកម្មបណ្ឌិត កែម ឡី គឺជារឿងដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចង់ដឹងចង់ឮ ដូច្នេះលោកថា តុលាការគួរតែផ្ដល់ព័ត៌មាន ឬលទ្ធផលស៊ើបអង្កេតខ្លះៗ ដើម្បីបង្ហាញថា តុលាការពិតជាកំពុងចាត់ការរឿងនេះមែន៖ «វាគួរតែបង្ហាញថា ចំណុចណាដែលបង្ហាញពីការវិវឌ្ឍនៃការស៊ើបអង្កេត ឬការស្រាវជ្រាវហ្នឹង ដើម្បីឱ្យក្រុមគ្រួសារ និងសាធារណជនបានដឹង។ នេះមិនមែនថា ឱ្យបង្ហាញទាក់ទងនឹងការងារសម្ងាត់របស់តុលាការហ្នឹងទេ ប៉ុន្តែវាមានព័ត៌មានមួយចំនួនគួរតែធ្វើបច្ចុប្បន្នភាព កុំឱ្យជនរងគ្រោះមានការបាត់បង់ជំនឿ ឬក៏អស់ជំនឿទុកចិត្ត»។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៦ ដែលគិតត្រឹមថ្ងៃទី១០ មេសា ឆ្នាំ២០១៩នេះ អំពើឃាតកម្មនេះមានរយៈពេល២ ឆ្នាំ ៩ខែហើយ។
ក្នុងសំណុំរឿងដ៏រសើបមួយនេះ តុលាការបាននាំខ្លួនមនុស្សតែម្នាក់គត់ គឺ ជួប សម្លាប់ ដែលមានឈ្មោះពិតថា អឿត អាង មកជំនុំជម្រះ និងបានផ្ដន្ទាទោសជននេះ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ទោះជាយ៉ាងណា សាលក្រមផ្ដន្ទាទោសនេះមិនអាចធ្វើឱ្យសាធារណជនស្ងប់ចិត្តនោះឡើយ ដោយសាររឿងនេះនៅមានចំណុចមន្ទិលសង្ស័យ និងភាពមិនស៊ីសង្វាក់គ្នាជាច្រើនចំណុច ដែលតុលាការខកខានមិនបានសួរដេញដោល។ ក្រោយផ្ទុះការរិះគន់ពីសាធារណជន តុលាការក្រុងភ្នំពេញក៏បានបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត យកមកកាត់ទោស។ ការស៊ើបអង្កេតបន្តនោះ គឺដើម្បីរកអ្នកលក់កាំភ្លើងឱ្យ ជួប សម្លាប់ អ្នកទទួលឱ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ និងអ្នកនៅពីក្រោយខ្នង ជួប សម្លាប់។ ក៏ប៉ុន្តែជាច្រើនខែមកនេះ តុលាការមិនបានកោះហៅ ឬបើកការជំនុំជម្រះសំណុំរឿងនេះឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី កំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។ លោកថា សំណុំរឿងទីមួយ ដែល ជួប សម្លាប់ ប្តឹងទាស់សាលក្រមផ្ដន្ទាទោសអស់មួយជីវិតនោះ កំពុងស្ថិតក្នុងដៃតុលាការកំពូល ចំណែកសំណុំរឿងទីពីរដែលពាក់ព័ន្ធនឹងការផ្តល់អាវុធ និងអ្នកនៅពីក្រោយខ្នង ជួប សម្លាប់ នោះ កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ៖ «សំណុំរឿងនេះ គឺស្ថិតក្នុងដំណាក់កាលនីតិវិធីរបស់តុលាការ ហើយការមិនអាចផ្សព្វផ្សាយបាន ដោយសារពាក់ព័ន្ធទៅនឹងការសម្ងាត់នៃដំណើរការនៃការស៊ើបអង្កេតមួយចំនួន»។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សលោក អំ សំអាត ថ្លែងថា តុលាការមិនអាចយោងលើហេតុផលនេះ ដើម្បីអូសបន្លាយសំណុំរឿងនោះទេ។ លោកជំរុញឱ្យតុលាការពន្លឿនករណីនេះ ដើម្បីរកយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ និងលុបបំបាត់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា៕