សហមេធាវីការពារក្តីលោក កឹម សុខា កាន់តែមានមន្ទិល ទៅលើកិច្ចដំណើរការនីតិវិធីទៅខាងមុខ ជុំវិញសវនាការជំនុំជម្រះក្តីលោក កឹម សុខា ព្រោះតុលាការយកឯកសារភស្តុតាង ដែលមេធាវីថា គ្មាននៅក្នុងសំណុំរឿង មកសួរដេញដោលកូនក្តី។
សហមេធាវីការពារក្ដីលោក កឹម សុខា គ្មានសង្ឃឹមថា ដំណើរការក្តីលោក កឹម សុខា នឹងប្រព្រឹត្តទៅដោយរលូន និងយុត្តិធម៌នោះទេ ដោយសារតែកំហុសឆ្គងមិនចេះចប់ មិនចេះហើយ ជុំវិញភាពមិនប្រក្រតីនៃការដាក់ភស្តុតាង និងការរឹតត្បិតសិទ្ធិសេរីភាពមេធាវីខាងលោក កឹម សុខា ក្នុងសវនាការ។
សហមេធាវីមួយរូប ក្នុងចំណោមបួនរូប ដែលការពារក្តីលោក កឹម សុខា គឺលោក អាង ឧត្តម ដែលមានបទពិសោធន៍ការពារក្តីជនជាប់ចោទ នៅសាលាក្តីអន្តរជាតិ ថាភាពរញ៉េរញ៉ៃ អយុត្តិធម៌ និងរឹតត្បិតសិទ្ធិមេធាវីនេះ គឺកើតចេញពីការណ៍ដែលតុលាការជាតិ អនុវត្តស្តង់ដារ ខុសឆ្ងាយគ្នាខ្លាំង ពីស្តង់ដារដែលអនុវត្តនៅសាលាក្តីខ្មែរក្រហម ដែលជាតុលាការកូនកាត់ ប៉ុន្តែអនុវត្តច្បាប់ជាតិជាគោលដែរ។
បញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើន ដែលលោក អាង ឧត្តម និងសហមេធាវីការពារក្តីលោក កឹម សុខា លើកឡើង គឺបញ្ហាទទួលយកភស្តុតាង ដែលតុលាការមិនព្រមសម្រេចឱ្យដាច់ស្រេចមួយសារឱ្យហើយ មុននឹងជជែកចូលដល់អង្គសេចក្តី និងវែកញែកទម្ងន់ និងតម្លៃនៃភស្តុតាងនោះ។ ការមិនបើកសវនាការមួយសារ ដើម្បីជជែកភាពទទួលយកបាននៃភស្តុតាងទាំងនេះ ធ្វើឱ្យភាគីបន្តដាក់ភស្តុតាងជាហូរហែ ដែលភស្តុតាងខ្លះ ត្រូវភាគីយកមកបង្ហាញ ទាំងភ្ញាក់ផ្អើល ព្រោះមិនដែលមានក្នុងសំណុំរឿងពីមុន៖ «ពេលណាយើងព្រលយចង់លើកអ្វីដែលមានអនុវត្តនៅសាលាក្ដីខ្មែរក្រហម សាលាក្ដីលោក កឹម សុខា នេះមិនទំនងជាទទួលយកទេ។ ខ្ញុំមើលទៅ ! ដូច្នេះពិបាកណាស់ ! ខ្ញុំឃើញខុសឆ្គងច្រើន។ បើសិនជារឿងហ្នឹង នៅតែចេញអ៊ីចឹងទៀត គឺដំណើរការនៅដដែលៗ ! បើយើងយកភស្តុតាងណា ដែលយើងអត់មាន នៅក្នុងសំណុំរឿង មកសួរដេញដោល នឹងមានបញ្ហាអ៊ីចឹងទៀត»។
បញ្ហារឿងយកភស្តុតាង ដែលគ្មាននៅក្នុងសំណុំរឿង យកមកសួរដេញដោលលោក កឹម សុខា នេះ ធ្វើឱ្យក្រុមមេធាវីលោក កឹម សុខា ជំទាស់ និងទាមទារឱ្យតុលាការដោះស្រាយបញ្ហានៃប្រភពភស្តុតាងនេះ ឱ្យបានដាច់ស្រេចជាមុនសិន ទើបអាចបន្តកិច្ចដំណើរការនីតិវិធីសួរដេញដោលលោក កឹម សុខា។ ក្រុមមេធាវីការពារក្តីលោក កឹម សុខា រកឃើញថា ឯកសារចំនួនជាង ១ពាន់ទំព័រ (១១៩២) ត្រូវបានខាងភាគីចោទប្រកាន់ យកមកបង្ហាញក្នុងតុលាការ ដោយភាគីលោក កឹម សុខា គ្មានឯកសារនោះទាល់តែសោះ។
ក្រុមមេធាវីលោក កឹម សុខា ដែលតតាំងអំពីសុក្រិត្យភាព សុចរិតភាព និងតម្លាភាពនៃការប្រមូលភស្តុតាងបែបភ្ញាក់ផ្អើល ដែលដាក់ចូលក្នុងសំណុំរឿងដោយភាគីចុងចោទមិនបានដឹងនេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ បំបិទមាត់។ ជាការតវ៉ា ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ទាំងអស់នាំគ្នាដើរចេញពីបន្ទប់សវនាការ ទាំងកណ្ដាលទី។ លោក អាង ឧត្តត ថា ពួកលោក នៅបន្ទប់សវនាការបានប្រយោជន៍អ្វី បើគ្មានសិទ្ធិនិយាយ៖ «យើងមានរឿង មានបញ្ហាយើងចង់និយាយ ចង់ពន្យល់ គាត់បិទមាត់យើងអត់ឱ្យនិយាយ។ យើងនៅធ្វើអ្វីទៀត បើគេមិនឱ្យនិយាយ ? មិនអាចនៅអង្គុយទេ។ មេធាវីមកនិយាយ មកថា មកតតាំងហ្នឹងហើយ។ បើគេមិនឱ្យនិយាយបិទយើងរហូត មិនឱ្យនិយាយ យើងត្រូវសម្រេចចុះចេញ។ យើងធ្វើពហិការ»។
ប៉ុន្តែ ការធ្វើពហិការនេះ រងការតិះដៀល ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ ថាមេធាវីទាំងនេះ មានចរិតទំនើង។ ការដៀលត្មះអ្នកច្បាប់ដូចគ្នា ថា ជាមេធាវីទំនើងបែបនេះ លោក អាង ឧត្តម ថាមិនបង្ហាញពីសីលធម៌ និងភាពមានវិជ្ជាជីវៈជាអ្នកច្បាប់នោះទេ៖ «តិះដៀលយើងជាភាសាមិនសមជាអ្នកចេះដឹង អ្នកច្បាប់ ថាយើងជាមេធាវីទំនើងអ៊ីចឹង វាអត់សមជាអ្នកច្បាប់ ! រឿងហ្នឹងនិយាយក្រៅទៅ កុំឱ្យនិយាយជាផ្លូវការអ៊ីចឹង វាអត់ត្រឹមត្រូវ។ សាចទឹកដាក់យើងអ៊ីចឹង បើយើងបាចដាក់វិញយ៉ាងម៉េច ? មិនបាចចុះបាចឡើងទេ ? តែខ្ញុំអត់ចង់បាចវិញទេ»។
ទោះជាមានការរឹតត្បិតសិទ្ធិសេរីភាពមេធាវីការពារក្តីលោក កឹម សុខា មិនឱ្យឡើងថ្លែងជំទាស់នឹងភាពមិនប្រក្រតីនៃឯកសារភស្តុតាងក៏ដោយ ក៏តុលាការបើទូលាយឱ្យព្រះរាជអាជ្ញា និងមេធាវីការពារក្តីឱ្យខាងរដ្ឋាភិបាល ឡើងកត់សម្គាល់ ដោយគ្មានការរឹតត្បិតនោះទេ។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែលចូលតាមសវនាការកាលពីថ្ងៃទី ១៣ ខែ កុម្ភៈនោះដែរទទួលស្គាល់ថា រឿងខ្លះ គឺជាកំហុសរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយសារតែមិនបានផ្តល់ឱកាសស្មើភាពគ្នាដល់ភាគីទាំងសងខាង។ លោកសង្កេតឃើញថា ប្រធានក្រុមប្រឹក្សា តែងតែយល់ស្រប និងផ្តល់ឱកាសច្រើនដល់តំណាងអយ្យការ និងមេធាវីរដ្ឋាភិបាល ដូច្នេះហាក់ដូចជា ដាក់សម្ពាធទៅលើក្រុមមេធាវីលោក កឹម សុខា។ ម្យ៉ាងវិញទៀត មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គួរតែព្យាយាមសម្របសម្រួលកុំឱ្យមានការប្រើប្រាស់ពាក្យសម្តីដែល នាំឱ្យមានភាពតានតឹងក្នុងបន្ទប់សវនាការ៖ «មិនគួរណាចៅក្រមចេះតែកាត់ ហើយយល់ថា អ្វីដែលជាបំណងមេធាវីលោក កឹម សុខា ចង់លើកឡើង គឺជារឿងដដែល ទាំងដែល ពួកគាត់ មិនទាន់បានលើកឡើងក្នុងរយៈពេលមុននឹង ការដែល ពួកគាត់ដើរចេញនោះទេ គួរតែផ្តល់ឱកាសឱ្យគាត់លើកឡើងមើលថា តើគាត់មានចំណុចអីលើកឡើង ដើម្បីបញ្ជាក់មុនធ្វើការផ្ទៀងផ្ទាត់ ឯកសារដើមដែលយកពីចៅក្រមស៊ើបសួរនឹងមក។ មិនគួរណា លោកធ្វើការ បុរេវិនិច្ឆ័យដែលជាអ្វីមុនការលើកឡើងរបស់មេធាវីលោក កឹម សុខានោះទេ»។
ទោះជាយ៉ាងនេះក្តី ខាងព្រះរាជអាជ្ញា និងមេធាវីការពាររដ្ឋាភិបាល ថាក្រុមមេធាវីការពារក្តីលោក កឹម សុខា មានចេតនាពន្យារកិច្ចដំណើរការនីតិវិធីតុលាការ ទើបជំទាស់រឿងនេះ។ ការចោទប្រកាន់នេះ ត្រូវបានក្រុមមេធាវីលោក កឹម សុខា បដិសេធ និងថាភាគីម្ខាងទៀតនោះទេ ដែលមានចេតនាពន្យារពេលនេះ ដោយសារតែបញ្ហាមិនប្រក្រតីផ្សេងៗ រួមទាំងភស្តុតាងភ្ញាក់ផ្អើលបែបនេះផង។
ក្រោយភាពតានតឹង និងពហិការរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខានេះ តុលាការបានសម្រេច មិនបើកសវនាការនៅសប្ដាហ៍ទី ៦ នៅសប្ដាហ៍ក្រោយនោះទេ ដោយត្រូវលើកទៅធ្វើនៅសប្ដាហ៍បន្ទាប់មួយទៀត គឺថ្ងៃទី២៦ និង ២៧ ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។