តុលាការខេត្តកំពង់ឆ្នាំងសម្រេចឲ្យសមាគមរបស់ចក្រភពអង់គ្លេសគ្រប់គ្រងវិហារចាមមួយកន្លែង
2017.08.18
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចប្រគល់សិទ្ធិគ្រប់គ្រងដី និងវិហារឥស្លាមមួយកន្លែងឋិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅភាគីសមាគមអាម៉ាឌីយ៉ាស់ ដែលមានប្រភពពីចក្រភពអង់គ្លេស។ ភាគីតំណាងឲ្យសាសនិកឥស្លាមចំនួន ៥១០គ្រួសារ ប្រតិកម្មនឹងការសម្រេចនេះ ហើយថា នឹងប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីទាមទារដី និងវិហារឲ្យពលរដ្ឋគ្រប់គ្រងវិញ។
ភាពមិនចុះសម្រុងគ្នាក្នុងការថ្វាយបង្គំតាមបែបសាសនាឥស្លាម បានធ្វើឲ្យសាសនិកឥស្លាម ពីរក្រុមប្ដឹងផ្ដល់គ្នាឡើងតុលាការ ដើម្បីសុំសិទ្ធិគ្រប់គ្រងវិហារ និងដីជុំវិញវិហារទំហំជិត ១ហិកតារ។សាសនិកឥស្លាមពីរនាក់ អមដំណើរដោយជនជាតិចាមប្រមាណ ៣០នាក់ផ្សេងទៀតនាំគ្នាឡើងជិះឡានដឹកទំនិញមួយគ្រឿងត្រឡប់ទៅផ្ទះវិញទាំងមិនអស់ចិត្ត នៅថ្ងៃទី១៦ ខែសីហា ក្រោយដឹងថា ពួកគេចាញ់ក្ដីភាគីសមាគម។
ប្រធានគណៈកម្មការទ្រទ្រង់វិហារឥស្លាម ភូមិខ្នាយកកោះ លោក លី កុប មានប្រសាសន៍ថា ចៅក្រមអ្នកស្រី ខៀវ ផាន់ណា មិនបានផ្ដល់ភាពយុត្តិធម៌ដល់រូបលោក និងសាសនិកជាង ៥០០គ្រួសារផ្សេងទៀតដែលធ្លាប់គ្រប់គ្រង និងចូលថ្វាយបង្គំក្នុងវិហារនេះតាំងពីឆ្នាំ១៩៩៨ នោះមកឡើយ។ បន្ទាប់ពីស្នើសុំសម្រង់សាលក្រមបាន លោកនឹងប្ដឹងជំទាស់ការសម្រេចនេះទៅសាលាឧទ្ធរណ៍៖ «ពួកខ្ញុំទាំងអស់គ្នានេះ ត្រូវពឹងពាក់ខាងច្បាប់ ដើម្បីរកដំណោះស្រាយនេះជូនប្រជាពលរដ្ឋខ្ញុំវិញ។ ព្រោះហេតុផលដែលខ្ញុំធ្វើការកន្លងមកនេះមិនមែនធ្វើដោយនឹកឃើញណា ព្រោះធ្វើនេះជាការជាក់ស្ដែង ព្រោះដីនេះមុននឹងបានមកដោយសារកម្លាំងប្រជាពលរដ្ឋទូទាំងភូមិ ហើយគាត់កំពុងតែបាត់បង់ដីនេះមិនសុខចិត្ដឲ្យអាម៉ាឌីយ៉ាយកទេ។ វិហារនេះបានចុះបញ្ជីនៅក្នុងក្រសួងធម្មការ និងសាសនា ដើម្បីឲ្យសាសនិកឥស្លាម នៅភូមិខ្នាយកកោះប្រតិបត្តិ»។
លោករំលឹកថា ដី និងវិហារ គឺជាកម្មសិទ្ធិរបស់សាសនិកឥស្លាមក្នុងឃុំសែប បានកាប់គាស់ដី និងសាងសង់ដោយខ្លួនឯង ប៉ុន្តែសមាគមអាម៉ាឌីយ៉ា ជួយធ្វើពិតានផ្នែកខាងលើវិហារបានបន្តិចបន្តួចបែរជាចង់បានសិទ្ធិគ្រប់គ្រង។ មកដល់ឆ្នាំ២០១៦ ភាពមិនចុះសម្រុងគ្នាកើតមានកាន់តែខ្លាំង ព្រោះភាគីទាំងពីរប្រតិបត្តិការថ្វាយបង្គំខុសគ្នា ហើយពុំមានភាគីណាមួយធ្វើតាមភាគីណាមួយនោះទេ។
ចំណែកសាសនិកឥស្លាមម្នាក់ទៀត លោក ក្រឹម សា ថាតំណាងសមាគមអាម៉ាឌីយ៉ា លោក ម៉ាន ម៉ាត់ ក៏ធ្លាប់ប្ដឹងរូបលោក និងប្រធានគណៈកម្មការទ្រទ្រង់វិហារ លោក លី កុប ទៅតុលាការពីបទអុកឡុកការថ្វាយបង្គំក្រុមអាម៉ាឌីយ៉ាដែរ ប៉ុន្តែពួកលោកមិនបានធ្វើដូចការចោទឡើយ។
លោកថា អ្នកភូមិរាប់រយនាក់ កំពុងជួបការលំបាកដោយមិនអាចចូលវិហារធ្វើបុណ្យ ឬថ្វាយបង្គំបាន៖ «ខាងអាម៉ាឌីយ៉ា អត់ឲ្យខាងខ្ញុំចូលថ្វាយបង្គំ ឬធ្វើបុណ្យធ្វើទានក្នុងនោះ។ (សំណួរ៖ ចុះថាមានការថ្វាយបង្គំមានលក្ខណៈខុសគ្នាយ៉ាងម៉េច?) ថ្វាយបង្គំហ្នឹង បើខាងខ្ញុំធ្វើអ៊ីម៉ាំខាងគាត់អត់ធ្វើតាមទេ បើសិនជាខាងគាត់ធ្វើអ៊ីម៉ាំខាងខ្ញុំអាចតាមបាន មូលហេតុហ្នឹងហើយដែលគាត់ដាក់ពាក្យបណ្ដឹងមករូបខ្ញុំផ្ទាល់នេះ។ និយាយរួមទៅខ្ញុំអត់ទៅអុកឡុកទេ តាមធម្មតាអ្នកទៅថ្វាយបង្គំអត់ទៅអុកឡុក ឬរករឿងគ្នាទេ អ្នកថ្វាយបង្គំគឺអ្នកទៅធ្វើបុណ្យដើម្បីសន្សំកុសល»។
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលជំនុំជម្រះសំណុំរឿងនេះ អ្នកស្រី ខៀវ ផាន់ណា បដិសេធមិនអត្ថាធិប្បាយជាមួយអាស៊ីសេរីឡើយ ដោយជំរុញឲ្យទៅសួរអ្នកនាំពាក្យ។ ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឈួន ស៊ីវិន មិនអាចទាក់ទងបានទេ នៅថ្ងៃទី១៦ ខែសីហា ខណៈដែលតំណាងសមាគមអាម៉ាឌីយ៉ា លោក ម៉ាន ម៉ាត់ មិនទាន់អាចរកប្រភពទាក់ទងដើម្បីឆ្លើយបំភ្លឺ។
ទោះជាយ៉ាងណាតំណាងសាសនិកឥស្លាម លោក លី កុប ថា ចៅក្រមបានប្រាប់លោកថា តុលាការកាត់ក្ដីឲ្យភាគីសមាគមឈ្នះ ដោយសារសមាគមមានប្លង់កម្មសិទ្ធិលើដីនោះត្រឹមត្រូវ។ លោកសង្ស័យថា ភាគីសមាគមលួចធ្វើប្លង់កាន់កាប់ក្រោយឆ្នាំ២០១២ ព្រោះកាលណោះភាគីទាំងពីរធ្លាប់មានបញ្ហាម្ដងហើយ ប៉ុន្តែរឿងរ៉ាវបានស្ងប់ស្ងាត់មួយរយៈ ទើបកក្រើកឡើងម្ដងទៀតនៅឆ្នាំ២០១៦៖ «អាម៉ាឌីយ៉ានេះថា គាត់ឥស្លាមដែរ ប៉ុន្តែគាត់មិនថ្វាយបង្គំតាមឥស្លាមនៅក្រោមការគ្រប់គ្រងចាងហ្វាង។ អ៊ីចឹងការយកដីនៅខ្នាយកកោះ នេះ គោលបំណងរបស់គាត់កំពុងតែទន្ទ្រានយកដីរបស់ពលរដ្ឋហើយ មិនមែនអភិវឌ្ឍជួយប្រជាពលរដ្ឋទេ»។
ក្រៅពីមានលិខិតអនុញ្ញាតសាងសង់វិហារពីអាជ្ញាធរ សាសនិកឥស្លាមនៅភូមិខ្នាយកកោះ ក៏មានលិខិតចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៩ របស់អាជ្ញាធរឃុំសែបបញ្ជាក់ថា ដីវិហារនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ដែលមានទំហំទទឹង ៩០ម៉ែត្រ និងបណ្ដោយ ១៥០ម៉ែត្រ គឺជាដីកម្មសិទ្ធិរបស់វិហារឥស្លាម ក្នុងភូមិខ្នាយកកោះ ពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបុគ្គលណាឡើយ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) ប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ យល់ថា សាសនិកឥស្លាម ដែលគាំទ្រដោយសមាគមអាម៉ាឌីយ៉ា របស់ចក្រភពអង់គ្លេស ដែលមានសំឡេងភាគតិច ឬមានអ្នកថ្វាយបង្គំ និងធ្វើបុណ្យតិចជាងភាគីម្ខាងទៀត ត្រូវសម្របខ្លួនទៅតាមភាគីដែលមានសំឡេងភាគច្រើនក្នុងវិហារ ដើម្បីអាចធ្វើបុណ្យ ឬថ្វាយបង្គំរួមគ្នា៖ «ដោយសារវិហារនេះប្រជាពលរដ្ឋជាង ៥០០គ្រួសារ ជាអ្នកសាងសង់ពីដំបូងមក ហើយបើសិនជាខ្លួនតាងនាមជាសមាគម ហើយជាឥស្លាមដូចគ្នា គួរតែគោរពតាមនិកាយរបស់ប្រជាពលរដ្ឋភាគច្រើន កុំយកនិកាយខ្លួនឯងភាគតិចនោះធ្វើតាមអំពើចិត្ត»។
ក្រុមសាសនិកឥស្លាម នៅភូមិខ្នាយកកោះ ឃុំសែប អះអាងថា សព្វថ្ងៃមានអ្នកគាំទ្រ ឬថ្វាយបង្គំតាមលំនាំរបស់សមាគមអាម៉ាឌីយ៉ា ប្រមាណ ៥០នាក់ប៉ុណ្ណោះ។ ចំណែកអ្នកគាំទ្រការថ្វាយបង្គំតាមរបៀបដើមដែលអ្នកភូមិខ្នាយកកោះ ធ្លាប់ប្រតិបត្តិមានលើសពី ៥០០នាក់។ ក្រុមអ្នកភូមិខ្នាយកកោះ នៅតែប្រកាសដាច់ខាតថា នឹងយកវិហារ និងដីបរិវេណក្បែរនោះមកគ្រប់គ្រង និងថ្វាយបង្គំដូចដើមវិញ៕