ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

0:00 / 0:00

ខ្មែរ​នៅ​អូស្ត្រាលី​ស្វាគមន៍ និង​គាំទ្ររដ្ឋាភិបាល អូស្ត្រាលី ​ដែលបានអនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំរំលោភសិទ្ធិ​មនុស្ស ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក​។​​ ​ទោះយ៉ាងណា​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​រំពឹង​ថា​ ច្បាប់​នេះមិន​ប៉ះពាល់​ដល់​ មេដឹកនាំ​ឬ​មន្ត្រី​កម្ពុជា​នោះទេ។

ខ្មែរ​នៅ​អូស្ត្រាលី​រំពឹង​ថា មេដឹកនាំ​កម្ពុជា​មួយ​ចំនួន ដែល​បាន​រំលោភសិទ្ធិ​មនុស្ស ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នឹង​ត្រូវ​រដ្ឋាភិបាល​ប្រទេស​នេះ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី​ជា​ដើម។

អតីត​ចៅហ្វាយក្រុង​ដែន​ឌឺណុង (Dandenong) និង​ជា​ប្រធាន​សមាគម​មួយ​នៅ​​ប្រទេស​អូស្ត្រាលី​ លោក ជា យូហ៊ន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៣ ធ្នូ​ថា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេ​ដឹក​នាំ​ដែល​រំលោភ​សិទ្ធិ​មនុស្ស។ រដ្ឋាភិបាល​អូស្ត្រាលី​មិន​ទាន់​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​រូប​ណា​ខ្លះ ដែល​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​នេះ​ទេ ក្រោយ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ថ្មី​នេះ។ លោក​ថា មេដឹកនាំ​កំពូល​ប្រទេស​កម្ពុជា ដូច​ជា លោក ហ៊ុន សែន លោក ស ខេង និង ទៀ បាញ់ អាច​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ « ខ្ញុំ​យល់​ឃើញ​ថា ច្បាប់​នេះ​ជា​ច្បាប់​មួយ​ល្អ​សម្រាប់​ឲ្យ​អ្នក​ធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា យើង​ធ្វើ​ការ​គោរព​មិន​ហ៊ាន​ផ្គើន​មិន​ហ៊ាន​រំលោភ​ខ្លាំង​ពេក​លើ​ពលរដ្ឋ »

ស្រដៀង​គ្នា​នេះ​ដែរ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា ឲ្យ​ដឹង​ដែរ​ថា មេ​ដឹក​នាំ និង​មន្ត្រី​កម្ពុជា​មួយ​ចំនួន​បាន​យក​លុយ​ខ្មៅ និង​ទ្រព្យសម្បត្តិ​ដែល​បាន​ពី​ការ​​រំលោភ​សិទ្ធិ​មនុស្ស​មក​រក​ស៊ី​ទិញ​ដី ទិញ​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី ដូច្នេះ​លោក​រំពឹង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ទាំង​នោះ « ប្រជាពលរដ្ឋ​យើង​មាន​សង្ឃឹម​ច្រើន ដោយ​សារ​អី ? ដោយសារ​ទប់​ស្កាត់​កុំ​ឲ្យ​មនុស្ស​ខូច​មនុស្ស ដែល​មាន​គំនិត​បំផ្លាញ​ជាតិ​របស់​ឯង​ធ្វើ​បាប​ប្រជាពលរដ្ឋ​កុំ​ឲ្យ​គាត់​ដើរ​ហួស​បន្ទាត់​ភ្លើង​ក្រហម »

រដ្ឋាភិបាល​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី២ ខែធ្នូ បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់ដែល​អាច​ហៅ​ជា​ខ្មែរ​បាន​ថា ច្បាប់​ដាក់ទណ្ឌកម្ម​ស្វយ័ត​ឆ្នាំ២០១១ (Autonomous Sanctions Act 2011) ដើម្បី​ពង្រីក​បែបបទ និង​ប្រភេទ​នៃ​អំពើ​ដែល​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម ដូច​ជា ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​កម្រោល ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជា​ដើម។ ច្បាប់​ថ្មី​នេះ​ធ្វើ​ឲ្យ​អូស្ត្រាលី​មាន​សមត្ថភាព​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ និង​ហាមឃាត់​បុគ្គល និង​អង្គភាព​ទាំង​ឡាយ​ណា​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ និង​ទុច្ចរិត​ទាំង​នោះ​មិន​ឲ្យ​ជាន់​ទឹកដី​អូស្ត្រាលីទោះ​ជន​នោះ​ប្រព្រឹត្ត​បទល្មើស​ទៅ​ទីណា​ក៏​ដោយ។ ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​ជា​ការ​ចូលរួម​នៅ​ក្នុង​ចលនា សាកល គ្លូបល មែគនីតស្គី (Global Magitsky) ដើម្បី​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ និង​ឧក្រិដ្ឋជន ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​តាម​រយៈ​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ពួក​គេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ និយាយ​ថា​ ការ​ធ្វើ​ច្បាប់​ណា​មួយ​របស់​អូស្ត្រាលី​ជា​សិទ្ធិ​របស់​ប្រទេស​នេះ។ លោក​នៅតែ​ថ្លែង​អះអាង​ថា មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ត្រូវ​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​ឡើយ។ លោក​យល់​ថា មន្រ្តី ឬ​ឈ្មួញ​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​អូស្ត្រាលី​ជា​បុគ្គល​ស្អាតស្អំ​ទើប​រដ្ឋាភិបាល​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​រកស៊ី​នៅ​អូស្ត្រាលី « ចំពោះ​ការ​មាន​មតិ​របស់​ខ្មែរ​មួយ​ចំនួន​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​គឺ​ការ​និយាយ​តាម​ចិត្ត​គាត់​​បើ​ការ​និយាយ​គាត់​មាន​ប្រសិទ្ធភាព​អូស្ត្រាលី​មិន​បាច់​ធ្វើ​ច្បាប់​អី​ទេ។ គ្មាន​ប្រសិទ្ធភាព​អី​ទេ​ ព្រោះ​អ្នក​ទៅ​រកស៊ី​នៅ​អូស្ត្រាលី​ទាល់តែ​រដ្ឋាភិបាល​មាន​អនុញ្ញាត​ទើប​គេ​ទៅ​រក​ស៊ី​បាន​បើ​គ្មាន​ការ​អនុញ្ញាត​ទេ​ម៉េច​គេ​​​​រកស៊ី​បាន »

ទោះ​មាន​ការ​អះអាង​បែប​នេះ​របស់​អ្នក​នាំពាក្យ​កាន់​អំណាច​ក្ដី ប៉ុន្តែ​កន្លង​ទៅ​ មន្ត្រីជាន់ខ្ពស់​កម្ពុជា​រួម​មាន​កូនប្រសារ​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារគឺ​លោក គង់ វិបុល ​ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ និង​មន្រ្តី​យោធា​ផ្សេង​ទៀត​បាន​ប្រព្រឹត្ត​អំពើពុករលួយយក​លុយ​រាប់​លាន​ដុល្លារ​ទៅ​ទិញ​ដី​ ទិញ​ផ្ទះនិង​បើក​ក្រុមហ៊ុន​នៅ​ប្រទេស ​អូស្ត្រាលី។ ប្រធាន​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី លោក ជា​ យូហ៊ន​ ឲ្យ​ដឹង​ថា​ ពេល​នេះ​ក្រុម​ការងារ​លោក រួម​មាន មេធាវី សមាជិក​សភា និង​តំណាង​សមាគម​នៅ​តាម​រដ្ឋ​នានា នៃ​ប្រទេស​អូស្ត្រាលី​កំពុង​ស្រង់​បញ្ជី​ឈ្មោះ​មេដឹកនាំ និង​មន្ត្រី​បញ្ជូន​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​អ្នក​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។