ពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) អនុញ្ញាតឱ្យជនចោទករណីជួញដូរគ្រឿងញៀនបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ខណៈជនជាប់ចោទករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារវិញ។ សង្គមស៊ីវិល សង្ស័យថា មានភាពមិនប្រក្រតីចំពោះការទទួលបានសិទ្ធិពិសេសនេះព្រោះអ្នកទោស ធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុកបែបនេះទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា ប្រាប់អាស៊ីសេរីថា ជនត្រូវចោទឧកញ៉ា គិត ធាង មិនទាន់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារភ្នំពេញ (PJ) នៅឡើយទេដោយ សារតែលោកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ី។ ប៉ុន្តែជនជាប់ចោទមួយរូបទៀតឈ្មោះកញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា ដែលជាកូនស្រីអ្នកមានឥទ្ធិពលម្នាក់ពាក់ព័ន្ធនឹងករណីបើករថយន្តទំនើបបុកនិស្សិតស្រីម្នាក់ស្លាប់នោះត្រូវបានបញ្ជូន ទៅឃុំក្នុងពន្ធនាគារវិញហើយ តាំងពីថ្ងៃទី១០ ខែមេសាបន្ទាប់ពីជាស្បើយពីជំងឺ។
លោក នុត សាវនា មិនដឹងថា ស្ថានភាពជំងឺរបស់លោកឧកញ៉ា គិត ធាង ស្ថិតក្នុងកម្រិតណា និងត្រូវការពេលព្យាបាលយូរប៉ុណ្ណានោះទេខណៈកន្លងមក លោកប្រាប់ថា លោកគិត ធាង និងកញ្ញាយិន ម៉ាណា មានអាការៈជំងឺស្ទះផ្លូវដង្ហើមដូចគ្នា៖ «បាទ ! គាត់ ( គិត ធាង ) នៅឡើយ។ យកល្អសួរទៅខាងមន្ទីរពេទ្យគេដឹងច្បាស់ ព្រោះនៅលើដៃពេទ្យ។ អាស្រ័យលើពេទ្យ ខ្ញុំមិនអាចដឹងថាម៉េចបានធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរ។ យើងមើលនឹងភ្នែកម៉េចកើត » ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក ងី ម៉េង បានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ខណៈប្រធានរដ្ឋបាលមន្ទីរពេទ្យលោក ហេន រ៉ាម៉ានីមិនទទួលទូរស័ព្ទ។
ឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី តាំងពីថ្ងៃទី១ ខែមេសា ដោយសារមានជំងឺសួត និងស្ទះដង្ហើម។ សារព័ត៌មានក្នុងស្រុកចុះផ្សាយដោយស្រង់សម្ដីបុគ្គលិកពេទ្យមិត្តភាពខ្មែរ-សូវៀតថា អាការៈជំងឺលោក គិត ធាង បានធូរស្រាលហើយ ដោយមិនចាំបាច់ចាក់ថ្នាំ ឬឱ្យថ្នាំលេបនោះទេ។ កាសែតក្នុងស្រុកចុះផ្សាយទៀតថា លោក គិត ធាង ដេកព្យាបាលនៅបន្ទប់ពិសេសមួយ ដោយមិនអនុញ្ញាតឱ្យអ្នកណាចេញចូលឡើយ សូម្បីអនុរក្សពន្ធនាគារ ក្រៅតែពីគ្រួសារ ឬប្រពន្ធរបស់លោក។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាករណីអ្នកទោស ដែលមានលុយ មានអំណាច ទទួលបានសិទ្ធិពិសេសអាចដេកសម្រាកព្យាបាលក្រៅពន្ធនាគារ ខុសគ្នាឆ្ងាយពីក្រុមអ្នកទោសមនសិការ ឬអ្នកទោសដែលមានគ្រួសារជីវភាពក្រីក្រ គឺកើតមានតាំងពីយូរមកហើយ។ លោកបន្តថា ករណីនេះ ធ្វើឱ្យសាធារណជនសង្ស័យថា កើតឡើងសារតែការអនុវត្តច្បាប់ស្តង់ដារពីរ និងអំពើពុករលួយ ហើយបណ្ដាលឱ្យមានអំពើនិទ្ទណ្ឌភាពពាក់ កណ្ដាល ឬអំពើនិទ្ទណ្ឌភាពសម័យថ្មី៖ «ការអនុវត្តច្បាប់វាមិនទាំងអស់ទេ ប៉ុន្តែមានករណីខ្លះវានៅតែមានការយល់ឃើញថា មានលុយអាចប្រើខ្មោចឱ្យកិនម្សៅ។ អ៊ីចឹងទៅ ! ទម្រង់ខ្លះសម្រាប់យុត្តិធម៌ ឬក៏ការមានប្រៀបរបស់អ្នកមានលុយមានឥទ្ធិពលនៅពេលពួកគេ ត្រូវបានចោទប្រកាន់ដោយតុលាការក្តី ប៉ុន្តែពួកគេហាក់ដូចជាងាយទទួលបានឱកាសភាពងាយស្រួល ឬក៏ភាពចន្លោះនៃច្បាប់ធ្វើឱ្យពួកគេមានរូបភាពជាក់គុកតែឈ្មោះ ឬក៏ប្រភេទឃុំខ្លួននៅពេទ្យអីជាដើម»។
ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១១ មីនា និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឱ្យឃុំខ្លួននៅថ្ងៃទី១២ មីនា នៅពន្ធនាគារស្នងការរាជធានីភ្នំពេញ ឬហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ)។ ចៅក្រមស៊ើបសួរចោទប្រកាន់លោកពីបទចាត់ចែង សម្រួលឱ្យមានការប្រើប្រាស់សារជាតិញៀនខុសច្បាប់ និងបទសមគំនិត តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា តាមច្បាប់អ្នកទោសគ្រប់រូបមានសិទ្ធិដូចគ្នាក្នុងទទួលបានសេវាព្យាបាល នៅតាមមន្ទីរពេទ្យធំៗ របស់រដ្ឋ ប្រសិនបើពួកគេមានជំងឺធ្ងន់ធ្ងរ។ ប៉ុន្តែតាមការសង្កេតរបស់លោក គឺអ្នកទោសដែលក្រីក្រ គឺកម្រទទួលបានសិទ្ធិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅបំផុត មានតែក្រុមអ្នកទោស ដែលមានលុយ និងមានអំណាចប៉ុណ្ណោះ៖ «បើសិនជាអ្នកទោសវាត្រូវតែមានភាពស្មើភាពគ្នា។ គាត់ឈឺគាត់អី ត្រូវតែព្យាបាល ហើយការចំណាយ គឺជាបន្ទុករបស់រដ្ឋ ឬក៏ការកម្លាំងការពារនៅលើរដ្ឋ។ បើសិនជាសុខភាពអ្នកទោសណាមួយ តម្រូវឱ្យគាត់ទៅព្យាបាលនៅខាងក្រៅ គឺត្រូវតែបញ្ជូនទៅ។ ប៉ុន្តែកន្លងមក អ្នកដែលមានលុយមានកាក់ ឬឧកញ៉ា អាចមានលទ្ធភាពទៅព្យាបាល ចំណែកអ្នកក្រីក្រ ទាល់តែធ្ងន់ធ្ងរបានបញ្ជូនទៅ។ ជូនកាលអាចនឹងស្លាប់ក្នុងមន្ទីរពេទ្យក៏មាន ដោយសារវាធ្ងន់ធ្ងរ»។
លោកអំ សំអាត ទទួលស្គាល់ថាការបញ្ជូនអ្នកទោសមកព្យាបាលនៅមន្ទីរពេទ្យធំៗរបស់រដ្ឋនេះគឺដោយសារតែខាងពន្ធនាគារខ្វះគ្រួពេទ្យជំនាញនិងសម្ភារៈឧបករណ៍ប៉ុន្តែការបញ្ជូនចេញព្យាបាលនៅពន្ធនាគារនេះគួរតែធ្វើឡើងដោយយុត្តិធម៌និងតម្លាភាព៖ «អ្នកជំងឺខ្លះត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាល ហើយទទួលថ្នាំ ហើយអាចបញ្ជូនត្រឡប់ទៅវិញ ដោយមិនបានសម្រាកព្យាបាលទេ ដោយហេតុផលថា ខ្វះកម្លាំងការពារ និងខ្វះថវិកាអីជាដើម។ ប៉ុន្តែចំពោះអ្នកដែលមានទ្រព្យធន គឺអាចបន្តស្នាក់នៅ ដើម្បីព្យាបាលនៅមន្ទីរពេទ្យបាន។ អ៊ីចឹងយើងសង្កេតឃើញថា លុះត្រាតែស្ថានភាពជំងឺរបស់អ្នកទោសក្រីក្រធ្ងន់ធ្ងរបំផុត ទើបអាចស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យបាន។ ប៉ុន្តែមិនមានរយៈពេលយូរដូចអ្នកដែលមានលុយមានកាក់នោះទេ » ។
កន្លងមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរងការចោទថា បានជួលបន្ទប់ទំនើបៗ ឱ្យជនជាប់ចោទមានប្រាក់ស្នាក់នៅ។ ក្រៅពីលោក គិត ធាង អ្នកទោសចូលទៅស្នាក់នៅក្នុងបន្ទប់វីអាយភី (VIP) របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានដូចជា ឧកញ៉ា ថោង សារ៉ាត់ ជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ លោក ឈូក បណ្ឌិត អតីតទណ្ឌិត និងជាអតីតអភិបាលក្រុងបាវិត ដែលបាញ់ក្រុមកម្មករ ឧកញ៉ា សុខ ប៊ុន ក្នុងសំណុំរឿងហិង្សាលើអតីតពិធីការិនីទូរទស្សន៍ និងឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាដើម។
សង្គមស៊ីវិលបារម្ភថា ប្រសិនបើគ្មានការពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវឡើងវិញទេ គឺនឹងជះឥទ្ធិពលអាក្រក់ដល់សង្គម ជាពិសេស ជនជាប់ចោទ ដែលជាអ្នកមានលុយមានអំណាច លែងខ្លាច និងគោរពច្បាប់តទៅទៀតហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។