បេក្ខជន​ជ័យ​លាភី​សិស្ស​ចៅក្រម​ ផ្ដិត​មេដៃ​ប្ដឹង​បក​លោក គង់ ប៊ុនរិទ្ធិ និង​​អះអាង​​ថា​ការ​ប្រឡង​ប្រជែង​ត្រឹមត្រូវ

0:00 / 0:00

បេក្ខជន​ប្រឡង​ជាប់​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ នៃ​សាលា​ភូមិន្ទ​ចៅក្រម នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​បកបេក្ខជន​​ម្នាក់ ដែល​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​ប្រឡង ​និង​ទាមទារ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ចាត់​វិធានការ​។

លោក គង់ ប៊ុនរិទ្ធិ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ផង​នោះ ស្វាគមន៍​​ពាក្យ​ប្ដឹង​​នេះ​ ដើម្បី​​ឲ្យ​រដ្ឋមន្ត្រី​មាន​ឱកាស​សើរើ​លទ្ធផល​ប្រឡង​ឡើងវិញ។

បេក្ខជន​ជ័យ​លាភី​ ជាប់​សិស្ស​ចៅក្រម​ជំនាន់​ទី​​១០ ចំនួន ៥៥​នាក់ ធ្វើ​ញត្តិ​ អះអាង​ថា ដំណើរ​ការ​ប្រឡង​ប្រជែង​​គ្រប់​ដំណាក់​កាល​ទាំង​អស់ ​មាន​ភាព​ប្រក្រតី​​ និង​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​​គ្រប់​ដំណាក់កាល​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៀត​ផង។

ក្នុង​ញត្តិ​ ចុះ​ថ្ងៃ​ទី​៣ កុម្ភៈ ក្រុម​បេក្ខជន​ជាប់​សិស្ស​ចៅក្រម ស្នើសុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស​វឌ្ឍនា ចាត់​វិធានការ ​ចំពោះ​បុគ្គល​តវ៉ា​នឹង​លទ្ធផល​​ប្រឡង គឺ លោក គង់​ ប៊ុនរិទ្ធិ ដោយ​ចោទ​ថា លោក គង់ ប៊ុន​រិទ្ធិ បង្ហោះ​វីដេអូ​ឃ្លិប បរិហារ​កេរ្តិ៍ បង្កាច់​បង្ខូច​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សិស្ស​ចៅក្រម​ជាប់​ជ័យ​លាភី​ទាំង​៥៥នាក់ និង​ការ​ធ្វើ​ឲ្យ​សាធារណៈ​ជន​បាត់​ជំនឿ​ទុក​ចិត្ត​លើ​ការ​រៀប​ចំ​​ការ​ប្រឡង​ប្រជែង​សិស្ស​ចៅក្រម​ ក្រោម​វិស័យ​របស់​ក្រសួង​យុត្តិធម៌។

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​​ក្រុម​បេក្ខជន​​ជ័យ​លាភី​​សិស្ស​ចៅក្រម​​​ជំនាន់​ទី​១០​ ដែល​បាន​ផ្ដិត​មេដៃ ​​ប្រឆាំង​ លោក គង់ ប៊ុនរិទ្ធិ​ ប៉ុន្តែ​​បេក្ខជន​ខ្លះ​​​ បាន​​ចុច​ផ្ដាច់​ទូរស័ព្ទ​ ក្រោយ​​ពេល​អ្នក​យក​ព័ត៌មាន ​បាន​ណែនាំ​ខ្លួន​រួច។ ទោះជាយ៉ាងណា បេក្ខជន​ជ័យ​លាភី​ម្នាក់ សុំ​ស្នើ​​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពួក​គេ​​មិន​បាន​ដឹង​ពី​រឿង​ញត្តិ​នោះ​ទេ គ្រាន់​តែ​ទទួល​បាន​ត​គ្នា និង​​តម្រូវ​ឲ្យ​មាន​ការ​​ផ្ដិត​មេដៃ។ បេក្ខជន​រូប​នេះ​ ​សុំមិន​អត្ថាធិប្បាយ​បន្ថែម​ទៀត​ឡើយ។

បេក្ខជន​តវ៉ា​នឹង​លទ្ធផល​ប្រឡង​ប្រជែង​សិស្ស​ចៅក្រម​ជំនាន់​ទី១០ លោក គង់ ប៊ុនរិទ្ធិ យល់ថា​ ញត្តិ​របស់​ក្រុម​សិស្ស​ចៅក្រម​ទាំង ៥៥នាក់​នោះ ជា​ការ​រក​យុត្តិធម៌​សម្រាប់​លោក។ លោក​ ស្វាគមន៍​​ការ​ដាក់​ញត្តិ​​នេះ ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ដើម្បី​ទទួល​បាន​ភាព​យុត្តិធម៌ ក្នុង​ការ​ប្រឡង​ប្រជែង៖ « ខ្ញុំ​បែរ​ជា​អរគុណ​ញត្តិ​គាំទ្រ​មួយ​ហ្នឹង ទៅ​វិញ ដែល​កន្លង​មក​ពួក​ខ្ញុំ​មិន​ដែល​ទទួល​បាន​ការ​គាំទ្រ​បែប​ហ្នឹង​ទេ។ ពេល​នេះ សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ដែល​គាត់​បាន​ជាប់​ស្ថាពរ​ហើយ​នោះ គាត់​បែរ​ជា​ធ្វើ​សកម្មភាព​មួយ​ហ្នឹង​ ជាមួយ​ពួក​យើង​ខ្ញុំ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ តាម​រយៈ​អាស៊ី​សេរី នេះ​ផង​ដែរ ខ្ញុំ​ក៏​សុំ​អរគុណ ដល់​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ទាំង​៥៥​រូប ដែល​បាន​ធ្វើ​ញត្តិ​ហ្នឹង​ផង​ដែរ»

កាល​ពី​ថ្ងៃ​ទី២៦ មករា លោក គង់ ប៊ុនរិទ្ធិ អះអាង​ថា លោក​បាន​​រក​ឃើញ​​ថា ​ការ​ប្រឡង​ប្រជែង​សិស្ស​ចៅក្រម​ជំនាន់​ទី១០ មាន​ភាព​មិន​ប្រក្រតី ដោយ​អំពើ​ពុក​រលួយ ជា​ប្រព័ន្ធ។ ភាព​មិន​ប្រក្រតី នោះ លោក គង់ ប៊ុនរិទ្ធិ ទទួល​បាន​ព័ត៌មាន​ថា ​​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វឌ្ឍនា បាន​​​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​សរុប ៥នាក់​ ត្រូវ​ប្រមូល​ប្រាក់​​​ពី​ការ​ប្រឡង​នេះ ឲ្យ​បាន ៣លាន (៣.០០០.០០០) ដុល្លារ​អាមេរិក។ ​ក្នុង​នោះ ​មាន​ខ្លះ សូក​លុយ​ចន្លោះ​ពី ៨ម៉ឺន (៨០.០០០) ដល់ ១៥ម៉ឺន (១៥០.០០០) ដុល្លារ ហើយ​មាន​ខ្លះ​ទៀត សូក​លុយ​តាំង​ពី​មុន​ការ​ប្រឡង​កន្លះ​ឆ្នាំ​មក​ម្ល៉េះ។ លោក ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​នេះ ដោយ​បង្ហាញ​សន្លឹក​កិច្ចការ បង្ហាញ​ពិន្ទុ​ផ្ទាល់​មាត់ ដើម្បី​បញ្ជាក់​ភាព​ស្អាត​ស្អំ​នៃ​ការ​ប្រឡង​នេះ។

អាស៊ី​សេរី បាន​ព្យាយាម​​​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​ពី​នាយក​សាលា​ភូមិន្ទ​ចៅក្រម លោក កេង សុម៉ារិទ្ធិ និង​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន​ ច្រើន​ថ្ងៃ​ហើយ តែ​ពួក​លោក មិន​ទទួល​ទូរស័ព្ទ​។ ចំណែក​ជំនួយការ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ និង​ជា​អគ្គនាយក​រង​ នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​រដ្ឋបាល និង​ហិរញ្ញវត្ថុ លោក ប៉ុនយ៉ៃ ណារិន្ទ ដែល​មាន​ឈ្មោះ ​ជា​បុគ្គល​ម្នាក់ ក្នុង​ចំណោម​៥នាក់ មាន​សិទ្ធិ​ទទួល​លុយ​ និង​សម្រេច​ឲ្យ​បេក្ខជន​ជាប់ ​​ជា​សិស្ស​ចៅក្រម​ជំនាន់​ទី១០ មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៤ កុម្ភៈ។

បើ​ទោះ​យ៉ាង​ណា នាយក​សាលា​ភូមិន្ទ​ចៅក្រម លោក កេង សុម៉ារិទ្ធិ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (WMC) ថា ការ​ប្រឡង​​ប្រជែង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ ប៉ុន្តែ​ លោក គង់​ ប៊ុនរិទ្ធិ ទេ ដែល​គ្មាន​សមត្ថភាព​ប្រឡង​ជាប់៖ « គឺ​គាត់​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​​ទៅ​លើ​ស្ថាប័ន​រាជ​បណ្ឌិតសភា ( វិជ្ជាជីវៈ​តុលាការ ) ថា ចៅក្រម​អាយុ ២០ឆ្នាំ​ជាប់។ ទី២ មក​ទៀត​ គឺ​គាត់​ឆ្លៀត​ឱកាស​ នៅ​ពេល​ដែល គាត់​អស់​សិទ្ធិ​ប្រឡង​៣​ដង​ហើយ គាត់​ឆ្លៀត​ឱកាស​ធ្វើ​រឿង​ឲ្យ​ល្បឺ​អ៊ីចឹង ដើម្បី​វាយ​ប្រហារ ដើម្បី​តវ៉ា។ ដែល​រឿង​មួយ​ទៀត ខ្ញុំ​មើល​ឃើញ​ថា ការ​សរសេរ​របស់​គាត់ គឺ​សរសេរ​មិន​ត្រូវ​ទេ មាន​អ្នក​ Screen Sort ថត​មក​ក្នុង​ការ​ផុស​របស់​គាត់​ហ្នឹង ហើយ​មួយ​ទៀត ការ​​បង្ហាញ​អាកប្បកិរិយា​របស់​គាត់​ហ្នឹង មិន​ទទួល​យក​ការ​ណែនាំ​របស់​គេ ហើយ​​ដើរ​ចេញ​ទាំង​ឈ្លើយ​ហ្នឹង ខ្ញុំ​គិត​ថា អា​ហ្នឹង ជា​ចំណុច​មួយ ដែល​មិន​សក្ដិសម​ជា​អ្នក​ច្បាប់»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា លោក សន ជ័យ ឲ្យ​ដឹង​​ថា ក្រុម​បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ចំនួន៤ នាក់ ក៏​បាន​រក​​កិច្ច​អន្តរាគមន៍​ពី​ខាង​អង្គការ​លោក​ដែរ។ លោក​យល់​ថា​ ជា​ការ​មិន​សម​ហេតុផល នៅ​ពេល​​ក្រុម​បេក្ខជន​ជាប់​ជ័យ​លាភី​សិស្ស​ចៅក្រម​ នាំ​គ្នា​តវ៉ា​ប្រឆាំង​ នឹង​​អ្នក​ដែល​កំពុង​ទាមទារ​ រក​យុត្តិធម៌។ លោក​ សន ជ័យ ថា សិស្ស​ចៅក្រម​ទាំង​៥៥​នាក់ គួរ​នាំ​គ្នា​ជំរុញ​ឲ្យ​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រឡង​ ឲ្យ​​​បង្ហាញ​តម្លាភាព តាម​ការ​ទាមទារ​របស់​ លោក គង់ ប៊ុនរិទ្ធិ ទើប​ជា​ការ​ប្រសើរ និង​ជា​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។