តុលាការខេត្តក្រចេះកោះហៅពលរដ្ឋមានទំនាស់ដីធ្លីចូលឆ្លើយបំភ្លឺ
2014.12.24

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៣១គ្រួសារ ត្រូវបានតុលាការខេត្តក្រចេះ កោះហៅមកឆ្លើយបំភ្លឺ ទាក់ទងករណីបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ ៧២គ្រួសារ ដែលកំពុងមានជម្លោះដីធ្លីទំហំ ៧០ហិកតារ។
នៅពេលដែលចៅក្រមសាកសួរពលរដ្ឋ ចំណែកនៅខាងក្រៅរបងតុលាការ ពលរដ្ឋជាង ២០គ្រួសារ នាំគ្នាប្រមូលផ្តុំដើម្បីធ្វើជាសាក្សី និងការពារមិនឲ្យមានការឃុំខ្លួនតំណាងពួកគាត់។
ទំនាស់ដីធ្លីរវាងពលរដ្ឋ ៣១គ្រួសារ និងពលរដ្ឋ ៧២គ្រួសារ នៅភូមិប្រឡាយត្រៀក ឃុំដីរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានឈានដល់តុលាការហើយនៅថ្ងៃទី២៤ ខែធ្នូ ដោយក្រុមពលរដ្ឋ ៧២គ្រួសារ ប្ដឹងក្រុមពលរដ្ឋ ៣១គ្រួសារ ថាលួចដាក់ថ្នាំបំពុលបំផ្លាញដំណាំសណ្ដែករបស់ខ្លួន។ ការប្តឹងផ្តល់គ្នានេះ កើតឡើងក្នុងពេលទំនាស់រវាងពលរដ្ឋទាំងពីរក្រុមនេះមិនទាន់ដោះស្រាយ។
ក្រោយឆ្លើយបំភ្លឺ លោក ហុង សារឿន ដែលរងការចោទប្រកាន់យល់ថា ករណីបណ្ដឹង គឺទាក់ទងទំនាស់ដីធ្លី ព្រោះអ្នកប្ដឹងលោក គឺពលរដ្ឋចូលមករស់នៅថ្មីលើដីមានទំនាស់កាលពីដើមឆ្នាំ២០១៤។ លោកឲ្យដឹងថា ប្រសិនបើតុលាការរកឃើញថា លោកគ្មានទោស លោកនឹងប្ដឹងបកទៅវិញ៖ «មូលហេតុដែលគេប្ដឹង ដោយសារខ្ញុំហ្នឹងតែងតែឃាត់ឃាំងពួកគេ ចឹងហើយគេចោទប្រកាន់តែខ្ញុំ»។
ក្រុមពលរដ្ឋ ៧២គ្រួសារ បានចោទប្រកាន់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ក្រុមពលរដ្ឋ ៣១គ្រួសារ លួចចូលដាក់ថ្នាំបំពុលធ្វើឲ្យងាប់សណ្ដែកអស់ជាច្រើនហិកតារ។ ក្រុមពលរដ្ឋ ៣១គ្រួសារអះអាងថា ក្រុមពលរដ្ឋ ៧២គ្រួសារ អ្នកមករស់នៅថ្មីលើដីមានជម្លោះតាមការចាត់តាំងរបស់ក្រុមអាជ្ញាធរខេត្តក្រចេះ។ ជារឿយៗ អ្នកទាំងពីរក្រុមនេះតែងមានជម្លោះនឹងគ្នា។
អ្នកភូមិម្នាក់ដែលស្ម័គ្រចិត្តមកធ្វើជាសាក្សី លោកស្រី យស សាអែម ប្រាប់ថា ក្នុងអំឡុងពេលកើតហេតុ លោក ហុង សារឿន ដែលរងការចោទប្រកាន់ និងអ្នកភូមិផ្សេងទៀតកំពុងតវ៉ារឿងដីធ្លីនៅភ្នំពេញ។ ពលរដ្ឋរូបនេះបានចោទប្រកាន់ក្រុមពលរដ្ឋ ៧២គ្រួសារ ដែលទើបមករស់នៅថ្មីថា តែងតែចូលបំផ្លាញដំណាំក្រុមពលរដ្ឋ ៣១គ្រួសារចោល ដោយពួកគេមានក្រុមអាជ្ញាធរនៅពីក្រោយជួយការពារ៖ «ខ្ញុំហ៊ានធ្វើសាក្សីឲ្យឈ្មោះ ហុង សារឿន ព្រោះខ្ញុំនៅកន្លែងហ្នឹងដែរ គាត់មិនដែលធ្វើអ្វីមកលើផលដំណាំគេដាំទេ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីភាគីដើមចោទបានទេ នៅថ្ងៃទី២៤ ខែធ្នូ។
មេធាវីការពារក្តីមកពីសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ហាន់ ម៉េងហឿង ឲ្យដឹងថា លោក ហុង សារឿន រងការចោទប្រកាន់ពីករណីធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ៕