តុលាការក្រុងភ្នំពេញ បានសម្រេចដោះលែងយុវជន កែម ឡី និយម លោក គង់ រ៉ៃយ៉ា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី២៩ វិច្ឆិកា ប៉ុន្តែបានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន ឲ្យលោកអនុវត្តកំឡុងពេលនៅក្រៅឃុំបណ្ដោះអាសន្ននេះ។
លោក គង់ រ៉ៃយ៉ា ប្រាប់អាស៊ីសេរី ក្រោយការដោះលែងនៅល្ងាចថ្ងៃទី២៩ វិច្ឆិកាថា លោកគួរតែបាននៅក្រៅឃុំយូរហើយ មិនមែនទើបតែពេលនេះទេ ព្រោះលោកមានកាតព្វកិច្ចច្រើនត្រូវបំពេញ ខណៈលោកគ្មានបានប្រព្រឹត្តិកំហុសអ្វីសោះ។ ទោះយ៉ាងណា លោក គង់ រ៉ៃយ៉ា ប្រាប់ថា លោកគ្មានជម្រើសអ្វី ក្រៅពីធ្វើតាមលក្ខខណ្ឌរបស់តុលាការទេ។
លោក គង់ រ៉ៃយ៉ា អះអាងទៀតថា ការចាប់ខ្លួនលោក ជារឿងមិនត្រឹមត្រូវ ព្រោះការលក់អាវយឺត មានទស្សនៈបណ្ឌិត កែម ឡី ដែលគេទទួលស្គាល់រួចទៅហើយ លោកមិនបានញុះញង់អ្វីឡើយ។ លោកថា ទស្សនៈរបស់បណ្ឌិត កែម ឡី មិនមែនជាសារញុះញង់ទេ ព្រោះពលរដ្ឋជាច្រើនបានចងក្រង បោះពុម្ពជាសៀវភៅ ផលិតជាបដា និងបោះពុម្ពអាវយឺតពាក់ច្រើនគ្នាជាហូរហែរួចហើយ តែមិនរងការចោទឡើយ៖ «បាទ ! ខ្ញុំគិតថា ខ្ញុំអត់ប្រព្រឹត្តិកំហុស ដូចការចោទប្រកាន់ទេ ហើយបើខាងតុលាការ ក៏ដូចជាអាជ្ញាធរ ជាពិសេសអាជ្ញាធរ បើគិតថា ខ្ញុំមានកំហុស គួរតែប្រាប់ខ្ញុំផង មុននឹងចាត់វិធានការផ្នែកច្បាប់ ចំពោះខ្ញុំ ពីព្រោះ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង ថា ខ្ញុំធ្វើតែតាមក្រោយគេទេ ដោយសារខ្ញុំឃើញ អ្នកមុនៗធ្វើអត់មានបញ្ហាអ្វី បានខ្ញុំធ្វើតាមក្រោយគេ។ មិនមែនធ្វើតាមតែចិត្តនឹកឃើញនោះឡើយ»។
យុវជន កែម ឡីនិយម គង់ រ៉ៃយ៉ា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា។ ទោះលោក គង់ រ៉ៃយ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន តែតុលាការបានដាក់លក្ខខណ្ឌមួយចំនួនដូចជា មិនឲ្យចាកចេញពីប្រទេសកម្ពុជា ត្រូវបង្ហាញខ្លួននៅមុខតុលាការជារៀងរាល់ខែ មិនឱ្យចូលរួមធ្វើសកម្មភាព និងបណ្ដាញសកម្មភាពក្នុងសង្គម និងត្រូវសហការជាមួយតុលាការជានិច្ច។
ចៅក្រម អ្នកស្រី អ៊ុក រ៉េតគន្ធា ប្រកាសការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ជាលទ្ធផលពីសវនាការលើសំណើសុំនៅក្រៅឃុំ ជុំទីពីរ របស់លោក គង់ រ៉ៃយ៉ា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ នៅក្នុងពេលធ្វើសវនាការ កាលពីថ្ងៃទី២៦ វិច្ឆិកា លោក គង់ រ៉ៃយ៉ា ប្រាប់ចៅក្រម ថា មូលហេតុ ដែលលោកត្រូវការរស់នៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះលោកឈឺឆ្អឹងខ្នង និងមានជំងឺក្រពះ ហើយជានិស្សិតត្រូវការបន្តការសិក្សាផង និងត្រូវរកស៊ីចិញ្ចឹម និងថែរក្សាម្ដាយមេម៉ាយចាស់ជរា ព្រមទាំងភរិយា និងកូនស្រី នៅតូចម្នាក់។
លោក គង់ រ៉ៃយ៉ា គឺជាអ្នកទោសនយោបាយទី៧៦ ដែលត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាឲ្យដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ សកម្មជន និងមន្ត្រីមូលដ្ឋានរបស់គណបក្សប្រឆាំង។ លោកត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន នៅក្នុងផ្ទះជួលមួយកន្លែង កាលពីដើមខែកក្កដា ដោយសារលក់អាវយឺត មានរូបភាព និងទ្រឹស្ដីបណ្ឌិត កែម ឡី។ របបក្រុងភ្នំពេញ បានចោទថា យុវជនរូបនេះ មានចេតនាញុះញង់ពលរដ្ឋ តាមរយៈការលក់អាវយឺតនេះ។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ការចាប់ខ្លួន និងដោះលែងយុវជនកែមឡី និយម គង់ រ៉ៃយ៉ា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ជារឿងនយោបាយ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ក៏យល់ឃើញដូចលោក គង់ រ៉ៃយ៉ា ដែរ គឺការដោះលែង ដោយមិនទម្លាក់បទចោទ ជារឿងមិនត្រឹមត្រូវ ព្រោះយុវជនរូបនេះ រងការចាប់ខ្លួន ដោយគ្មានប្រព្រឹត្តិកំហុស គឺដោយសារការបញ្ចេញមតិ៖ «ការដែលមានសេរីភាពនេះ តាមពិតវាជាជំហានមួយដែលល្អហើយ។ តែយើងចង់ឲ្យឃើញនោះ គឺចង់ឲ្យតុលាការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ព្រោះយើងចង់ថា បើរឿងនេះ មិនមានកំហុសផ្នែកផ្លូវច្បាប់ទេ ត្រូវតែទម្លាក់ការចោទប្រកាន់ដើម្បីផ្ដល់នូវសេរីភាពពេញលេញ ទៅដល់រូបគាត់ ដើម្បីធ្វើការប្រកបរបរចិញ្ចឹមគ្រួសារណា ហើយនឹងធ្វើកិច្ចការងារសង្គមផ្សេងៗទៀត។ អ៊ីចឹង បើសិនជាការដោះលែងនៅក្រៅឃុំ ហើយដាក់លក្ខខណ្ឌ បែបនេះ ខ្ញុំគិតថា មិនមែនជារឿងមួយអនុវត្តបានត្រឹមត្រូវ និងយុត្តិធម៌សម្រាប់គាត់នៅឡើយទេបាទ»។
លោក គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគាររយៈពេល ១៨ខែម្ដងរួចហើយ កាលពីឆ្នាំ២០១៦ ដោយសាររបបក្រុងភ្នំពេញ ចោទថា លោកបានអំពាវនាវឲ្យមានការធ្វើបដិវត្តពណ៌ តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ ប៉ុន្តែ អ្នកច្បាប់ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ហៅការចាប់ខ្លួន យុវជនគង់ រ៉ៃយ៉ា ពេលនោះថា ជាការរំលោភសិទ្ធិមនុស្សដូចករណីលក់អាវយឺត មានរូបបណ្ឌិត កែម ឡី ដែរ ព្រោះការអំពាវនាវរបស់យុវជន គង់ រ៉ៃយ៉ា ពេលនោះ មិនទាន់មានអំពើ ឬសកម្មភាព ប្រឆាំងរដ្ឋាភិបាលកើតឡើងឡើយ៕
(រថយន្តដឹកយុវជន គង់ រ៉ៃយ៉ា និងអ្នកជាប់ឃុំផ្សេងទៀត មកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូប៖ RFA)
(លោក គង់ រ៉ៃយ៉ា ថតជាមួយគ្រួសារនៅខាងមុខមណ្ឌលអប់រំកែប្រែទី១ "ម១" នៃពន្ធនាគារព្រៃស ក្រោយពេលសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៩។ រូប៖ RFA)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។