តុលាការ​ខេត្ត​ពោធិ៍សាត់​មិន​ទាន់​សម្រេច​លើ​សំណុំ​រឿង​សកម្មជន​ដីធ្លី​លោក គុជ វេង

ដោយ ជិន ជេដ្ឋា
2017-01-05
Share
គុជ វេង ២០១៧ ៨៥៥ សកម្មជន​ដីធ្លី​ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក គុជ វេង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្រោយ​ចេញ​ពី​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ មិន​ទាន់​សម្រេច​តម្កល់​សំណុំ​រឿង ឬ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​ក្រគរ នៅ​ឡើយ​ទេ បន្ទាប់​ពី​សកម្មជន​រូប​នេះ​ចូល​បំភ្លឺ​នៅ​តុលាការ​ប្រហែល ១​ម៉ោង នៅ​ថ្ងៃ​ទី​៥ ខែ​មករា ជុំវិញ​បទ​ចោទ​បី​ករណី។ ព្រះសង្ឃ និង​ពលរដ្ឋ​យល់​ថា បណ្ដឹង​នេះ​ធ្វើ​ឡើង​ដើម្បី​បំបិទ​មាត់​អ្នក​ហ៊ាន​និយាយ​ការ​ពិត​ប៉ុណ្ណោះ។

ពាក្យ​បណ្ដឹង​ដែល​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ប្រព្រឹត្ត​នៅ​ខេត្តពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៦ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​លោក ឡុង ជាប លើក​មក​ចោទ​សួរ​ជន​សង្ស័យ​ដែល​ជា​សកម្មជន​ដីធ្លី​ឈ្មោះ គុជ វេង។ នីតិវិធី​នេះ ធ្វើ​ឡើង​ក្រោយ​កោះ​ហៅ​ដើម​បណ្ដឹង​ទៅ​សាកសួរ​រួច​រាល់។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ឡុង ជាប ថា​លោក​ត្រូវ​សង្កេត​រឿង​នេះ​បន្ត​ទៀត ហើយ​ការ​ចោទ​ប្រកាន់ ឬ​មិន​ចោទ​នោះ គឺ​អាស្រ័យ​លើ​ភស្តុតាង​ដែល​លោក​ប្រមូល​បាន។

ចំណែក​សកម្មជន​ដីធ្លី​ប្រចាំ​ស្រុក​ក្រគរ ដែល​ទើប​ចេញ​ពី​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​ក្នុង​នាម​ជា​ជន​សង្ស័យ លោក គុជ វេង មាន​ប្រសាសន៍​ថា តំណាង​អយ្យការ​អនុវត្ត​នីតិវិធី​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​មេ​ឃុំ​ស្នាអន្សា ឈ្មោះ មោក កោ។ ភស្តុតាង​ដែល​យក​ជា​សំអាង​ក្នុង​ពាក្យ​បណ្ដឹង គឺ​បទសម្ភាសន៍​របស់​លោក​ជាមួយ​អាស៊ីសេរី ទាក់ទង​រឿង​ដីធ្លី​ដែល​អាជ្ញាធរ​ឃុំ​ដក​ហូត​ដីធ្លី​ពលរដ្ឋ​ចំនួន ២១​គ្រួសារ​ទៅ​ដាក់​ជា​ព្រៃ​សហគមន៍ ហើយ​តុលាការ​សម្រេច​ឲ្យ​ភាគី​ពលរដ្ឋ​មាន​ទោស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ លោក​ថា កាលណោះ​លោក​មិន​បាន​និយាយ​ថា តុលាការ​មិន​អើពើ ឬ​អយុត្តិធម៌​នោះ​ទេ គឺ​គ្រាន់​តែ​ស្នើ​ឲ្យ​តុលាការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ដី​មាន​ជម្លោះ មុន​កាត់​សេចក្ដី ហើយ​អ្វី​ដែល​លោក​បាន​និយាយ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​រវាង​អាជ្ញាធរ​ឃុំ និង​ពលរដ្ឋ​នេះ​ជា​រឿង​ពិត៖ «ខ្ញុំ​ទៅ​សង្កេត​ជាក់ស្ដែង​ឃើញ​ដី​ហ្នឹង​ជា​ដី​អាស្រ័យ​ផល​ពិត​ប្រាកដ​របស់​គាត់ ហើយ​សហគមន៍​ដែល​អាជ្ញាធរ​យក​ទៅ​បង្កើត គឺ​បង្កើត​ក្រោយ​គាត់​នៅ។ គាត់​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៨៣ ហើយ​សហគមន៍​ទៅ​បង្កើត​ឆ្នាំ​២០១៣ មាន​ន័យ​ថា សហគមន៍​ខុស​ច្បាប់ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រង់​ហ្នឹង​ត្រូវ​ច្បាប់»

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ស្នាអន្សា លោក មោក កោ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មករា។ កន្លង​ទៅ លោក​ក៏​ធ្លាប់​ជា​ដើម​បណ្ដឹង​ប្ដឹង​លោក សោម សារាវុត ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ក្រគរ ថា​បាន​កាប់​រុក​រាន​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ ឬ​ដី​ព្រៃ​សហគមន៍ ហើយ​តុលាការ​បាន​កាត់​ទោស​ឲ្យ​លោក សោម សារាវុត ចាញ់​ទាំង​នៅ​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍។

ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ និង​ពលរដ្ឋ​មក​ពី​សហគមន៍​ដីធ្លី និង​ព្រៃ​ឈើ​ប្រមាណ ១០០​នាក់​ផ្សេង​ទៀត​ដែល​អម​ដំណើរ​លោក គុជ វេង ចូល​តុលាការ គឺ​ព្រះតេជព្រះគុណ លួន សុវ៉ាត យល់​ថា តុលាការ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​គំរាម​កំហែង និង​ចោទ​ប្រកាន់​លើ​សកម្មជន​ដីធ្លី ព្រៃ​ឈើ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ ឬ​ហ៊ាន​និយាយ​ការ​ពិត៖ «តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​បី​ដូចជា​ឧបករណ៍​ដែល​គេ​ប្រើប្រាស់​ជា​នយោបាយ។ បើ​គេ​ចង់​ចោទ ឬ​ចង់​ចាប់​នរណា​មួយ គឺ​ផុយ​ស្រួយ​មែន​ទែន ផុយ​ស្រួយ​ណាស់​សម្រាប់​អ្នក​ដែល​គ្មាន​អំណាច គ្មាន​បក្សពួក។ ដូច​គេ​ហៅ​ថា​តុលាការ​ជា​ទី​គោរព ឲ្យ​លុយ​មិន​គ្រប់​កាត់​ឲ្យ​ចាញ់​អ៊ីចឹង​ទៅ តុលាការ​ជា​ទី​ស្រឡាញ់ បក្សពួក​គ្នា​អញ​កាត់​ឲ្យ​ឈ្នះ​អ៊ីចឹង​ទៅ។ អា​ហ្នឹង​ពាក្យ​គេ​និយាយ​អ៊ីចឹង​ម៉ង»

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ សកម្មជន​ដីធ្លី និង​ព្រៃ​ឈើ​ដែល​តាមដាន​ដំណើរ​ការ​សាកសួរ​របស់​តុលាការ​លើ​សកម្មជន​ដីធ្លី​រូប​នេះ នៅ​ខាង​ក្រៅ​បន្ទប់​សាកសួរ​បាន​បំបែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ពី​លោក​ដើរ​ចេញ​ពី​បន្ទប់​សាកសួរ​វិញ​ដោយ​គ្មាន​ការ​ឃាត់​ខ្លួន។ ពលរដ្ឋ​ខ្លះ​និយាយ​បណ្ដើរ និង​ចាប់​ដៃ​លោក គុជ វេង បណ្ដើរ ហើយ​ពោល​ថា យុត្តិធម៌​ត្រូវ​តែ​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល