ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ខេត្ត​ព្រះសីហនុ​ទាមទារ​ឱ្យ​​ដោះ​លែង​សកម្មជន​ដីធ្លី​លោក​ស្រី​ ឡុច ទូច ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨មីនា

0:00 / 0:00

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ប្រមាណ ៤០០នាក់​នាំគ្នា​ទៅ​តវ៉ា​នៅ​សាលាខេត្ត​ព្រះសីហនុ​និង​មុខ​តុលាការ​ខេត្ត​នេះ​ទាមទារ​ឱ្យ​មានការ​ដោះលែង​កម្ម​ជន​ធ្លី​ម្នាក់​គឺ​លោកស្រី ឡុច​ ទូច​ នៅ​ថ្ងៃ​ទី៨​ ខែ​មីនា​ ដែល​ជា​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ៨មីនា​ប៉ុន្តែ​ការ​ទាមទារ​នេះ​មិន​ទទួល​បាន​លទ្ធផល​ឡើយ។

មូលហេតុ​ដែល​ក្រុម​ពលរដ្ឋ​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់​ពួក​គេ​ក្នុង​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា​ ដោយសារ​អ្នក​ជាប់​ឃុំ​ គឺ​ជា​ស្ត្រី។ ដូច្នេះ​ពួក​គេ​សង្ឃឹម​ថា​លោក​ស្រី ឡុច ទូច​ នឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ។ ហេតុផល​ផ្លូវច្បាប់​មួយ​វិញ​ទៀត​ គឺ​នៅ​ថ្ងៃ​ទី៨ ខែ​មីនា​នេះ​ដែរ​ជា​គម្រប់ ១០ខែ​នៃ​ឃុំខ្លួន​ ដែល​ដល់​ថ្ងៃ​ត្រូវ​សកម្មជន​ដីធ្លី​រូប​នេះ​ ត្រូវ​ទទួល​បាន​សេរី​ឡើង​វិញ​តាម​អំណាច​សាលដីកា​តុលាការ​កំពូល។

តំណាង​សហគមន៍​ដីធ្លី​តំបន់​សេអ៊ី៥ លោក ស៊ុន សុផាត ឱ្យ​អាស៊ី​សេរី​ដឹង​ថា នៅ​ពេល​ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​តុលាការ​ខេត្ត​ព្រះសីហនុ​គ្មាន​មន្ត្រី​ចេញ​មក​ទទួល​ញត្តិ​ ដូច្នេះ​ក្រុម​ពលរដ្ឋ​ក៏​ប្ដូរ​ទិសដៅ​ទៅ​សម្ដែង​មតិ​នៅ​សាលាខេត្ត​ព្រះសីហនុ​វិញ​ម្ដង។ លោក​ឱ្យ​ដឹង​ទៀត​ទៀត​ថា​ អភិបាល​ខេត្ត​ព្រះសីហនុ​ លោក​ យន្ត មីន បាន​អនុ​ញាតិ​ឱ្យ​ពលរដ្ឋ​ចូលរួម​ជួប​នៅ​សាល​ប្រជុំ៖ « យើង​ទាមទារ​ឲ្យ​ដោះ​លែង​យាយ ទូច ហើយ​ទាមទារ​ឲ្យ​សហគមន៍​ផ្សេងៗ ទទួល​បាន​ការ​ដោះ​ស្រាយ និង​កាត់​ឆ្វៀល​ដី​ពី​រដ្ឋបាល​ខេត្ត »

ជា​ការ​ឆ្លើយតប​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន ប្រាប់​ទៅ​ពលរដ្ឋ​ថា​ អាជ្ញាធរ​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​តាម​លទ្ធភាព​របស់​ខ្លួន​ និង​តាម​នីតិវិធី​តាម​ដំណាក់កាល ​ប៉ុន្តែ​លោក​ថា បើ​ករណី​ណា​ចូល​ដល់​តុលាការ​ អាជ្ញាធរ​មិន​អាច​អន្តរាគមន៍​បានទេ។ លោក​បញ្ជាក់​​ថា​ ករណី​លោក​ស្រី ឡុច ទូច ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ គឺ​អាជ្ញាធរ​ខេត្ត​មិន​អាច​លូច​ដៃ​ចូល​បានទេ៖ « បញ្ហា​លោកស្រី ឡុច ទូច ស្ថិត​ក្នុង​ស្ថាប័ន​តុលាការ​អ៊ីចឹង​អាច​រក​មេធាវី​តវ៉ា​តាម​រយៈ​តុលាការ​ទៅ ដើម្បី​ឲ្យ​ចៅក្រម​គាត់​ពិនិត្យ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ »

លោក​ស្រី ឡុច ទូច និង​ប្រជា​សហគមន៍​អូរ​ខ្សាច់​បី​រូប​ផ្សេង​ទៀត ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត» តាម​បណ្ដឹង​របស់​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រក​ស៊ី​ដីធ្លី​ម្នាក់​ទៀត​ឈ្មោះ ឡុញ វណ្ណៈ កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ។ ក្នុង​សំណុំរឿង​នេះ​លោក​ស្រី ឡុច ទូច បាន​អនុវត្ត​ទោស​រួច​រាល់​ហើយ​ដោយ​ជាប់​ពន្ធនាគារ​អស់ ៧ខែ ប៉ុន្តែ​លោកស្រី​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​មួយ​ទៀត​ដែល​ជា​រឿង​ចាស់ ១០ឆ្នាំ​មក​ហើយ។ សំណុំរឿង​ចាស់​នេះ​ លោកស្រី ឡុច ទូច ត្រូវ​ជាប់​ឃុំ​រយៈ​ពេល ១០ខែ គិត​ពី​ថ្ងៃ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី៨ ខែ​សភា​ តាម​សាលដីកា​តុលាការ​កំពូល។

មេធាវី​ការពារ​ក្តី​ឱ្យ​លោកស្រី ឡុច ទូច លោក​មេធាវី​ ពុធ​ ធាវី ឱ្យ​អាស៊ី​សេរី​ដឹង​ បើ​តាម​អំណាច​សាលដីកា​តុលាការ​កំពូល និង​គោលការណ៍​ស្រូប​ទោស កូន​ក្ដី​របស់​លោក​នឹង​ត្រូវ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១៩៖ « សាលក្រម​តុលាការ​ខេត្ត​ព្រះសីហនុ​បាន​ដាក់​ទោស​កូន​ក្តី ៧ខែ​ហ្នឹង គឺ​អនុវត្ត​ទោស​រួចរាល់​ហើយ ប៉ុន្តែ​នៅ​ពាក់ព័ន្ធ​សាលដីកា​តុលាការ​កំពូល គឺ​ដាក់​ទណ្ឌកម្ម​កូន​ក្ដី​ខ្ញុំ ១០ខែ បើ​និយាយ​ពី​គោលការណ៍​ច្បាប់ គឺ​ថ្ងៃ​ណា​គេ​ចាប់​ខ្លួន គេ​រាប់​ពី​ថ្ងៃ​ហ្នឹង​ហើយ »

ប៉ុន្តែ​លោក​ មេធាវី​ប្រាប់​ថា លោក​បាន​ដាក់​លិខិត​ទៅ​ព្រះរាជអាជ្ញា​ខេត្ត​ព្រះសីហនុ​ស្នើ​ឱ្យ​មាន​ដោះ​លែង​កូន​ក្ដី​លោក​កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា​ ប៉ុន្តែ​មិន​ទទួល​បាន​ការ​យល់​ព្រម​តាម​សំណើ​ទេ ដោយ​ព្រះរាជអាជ្ញា​ខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា ​មិន​បាន​ដាក់​ពាក្យ​ស្នើសុំ​ស្រូប​ទោស​បញ្ចូល​គ្នា។ លោក​មេធាវី​ប្រាប់​ថា​ ក្រោយ​កូន​ក្ដី​របស់​លោក​មិន​ទាន់​ទទួល​បាន​ដោះ​លែង​បែប​នេះ លោក​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ស្នើសុំ​ឱ្យ​បក​ស្រាយ​ពី​អំណាច​សាលក្រម​តុលាការ​ខេត្ត​ព្រះសីហនុ និង​អំណាច​សាលដីកា​តុលាការ​កំពូល៖ « សុំ​ឲ្យ​ក្រសួង​យុត្តិធម៌​បក​ស្រាយ​ឲ្យ​ខ្ញុំ​នូវ​អំណាច​សាលក្រម​តុលាការ​ខេត្ត​ព្រះសីហនុ និង​អំណាច​សាលដីកា​តុលាការ​កំពូល ដោយសារ​នៅ​បញ្ហា​ស្រពិចស្រពិល »

សកម្មជន​ដីធ្លី​ខេត្ត​ព្រះសីហនុ​លោក​ស្រី ឡុច ទូច បាន​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល ១០ខែ​គត់​គិត​ត្រឹម​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១៩ ហើយ​ពេល​នេះ​ដែរ លោកស្រី​ក៏​កំពុង​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​លើស​ឈាម និង​ជំងឺ​បេះដូង​ធ្វើ​ទុក្ខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។