សភា​ឯក​បក្ស​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ជា​ប្រញាប់​ករណី​ផ្ដល់​សិទ្ធិ​នយោបាយ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​វិញ

ដោយ ទីន ហ្សាការីយ៉ា
2018-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

រដ្ឋសភា​ឯក​បក្ស បាន​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់ ស្ដីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទៅ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ដើម្បី​ផ្ដល់​ត្រឡប់​មកវិញ​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង។ អ្នកវិភាគ​យល់​ថា សេចក្តី​ស្នើច្បាប់​នេះ នឹង​ប្រព្រឹតិ្ត​ដោយ​ជោគជ័យ និង​រលូន ហើយ​ដាក់​ជា​ការ​ប្រញាប់​ពេល​នេះ ដោយសារ ទឹក​ឡើង​ជិត​ដល់​ច្រមុះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ឯក​បក្ស ប្រកាស​ថា អង្គប្រជុំ នៅ​ព្រឹកថ្ងៃ​ទី​០៥ ធ្នូ សម្រេច​ថា សេចក្តី​ស្នើ​ច្បាប់ ស្ដីពី​វិសោធនកម្ម មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​ប្រគល់​ឲ្យ​គណៈកម្មការ​ជំនាញ​ចំនួន​២ គឺ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ និង​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ ដើម្បី​ពិនិត្យ និង​សិក្សា ហើយ​ត្រូវ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា នេះ​ជា​ដំណើរការ​នៃ​នីតិវិធី​ផ្លូវច្បាប់​នៅ​ដំណាក់កាល​រដ្ឋសភា ប៉ុន្តែ​រដ្ឋសភា​បាន​បញ្ជាក់​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ ជា​ការ​ប្រញាប់ ដូច្នេះ​គណៈកម្មការ​ជំនាញ ត្រូវ​ពិនិត្យ​ភ្លាម និង​ត្រូវ​ធ្វើ​របាយការណ៍​ត្រលប់​មក​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ឲ្យ​បាន​លឿន​បំផុត៖ «បាទ​! បាទ មាន​តែមួយ​ហ្នឹង មួយ​មាត្រា​ហ្នឹង​។ ច្បាប់​ហ្នឹង នៅ​ក្នុង​សេចក្ដីថ្លែងហេតុ​ប្រកាស​ថា ច្បាប់​ហ្នឹង​ជា​ការ​ប្រញាប់ អ៊ីចឹង​គណៈកម្មការ​ត្រូវ​សិក្សា​ភ្លាម ទៅដល់​ភ្លាម​ធ្វើ​ម៉េច​ឲ្យ​បាន​ឆាប់។ ខ្ញុំ​មិនទាន់​ដឹង​ថា គាត់​បញ្ជូន​មកវិញ​នៅ​ថ្ងៃ​ណា​ទេ បាទ​! គ្រាន់​ដឹង​ថា សិក្សា​ឲ្យ​បាន​ឆាប់ មិន​យូរ​ទេ បាទ»

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​៣ ធ្នូ អះអាង​ថា រដ្ឋសភា​ឯកបក្ស​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់ ផ្ដល់​សិទ្ធិ​ឲ្យ​មន្ត្រី​គណបក្សប្រឆាំង​ចំនួន ១១៨​នាក់ បាន​ធ្វើ​នយោបាយ​ឡើងវិញ ដែល​នេះ​ជា​វិធានការ​របស់​របប​ក្រុងភ្នំពេញ ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ​ថា ខ្លួន​កំពុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហ​នយោបាយ​ឡើងវិញ នៅ​កម្ពុជា។ ភ្លាមៗ​បន្ទាប់ពី​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស សមាជិក​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​កាន់អំណាច ចំនួន ៨៧​រូប ក៏បាន​ចាប់ផ្ដើម​សិក្សា​ច្បាប់​គណបក្ស​នយោបាយ​ឡើងវិញ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង អះអាង​ថា បើ​ទោះ​ជា​មានការ​សិក្សា​ឡើងវិញ​ពិតមែន មិនមែន​បាន​ន័យ​ថា មន្ត្រី​បក្ស​ប្រឆាំង​ទាំង ១១៨​នាក់ អាច​ត្រូវ​បាន​មេដឹកនាំ​របប​ក្រុងភ្នំពេញ ស្នើសុំ​ព្រះមហាក្សត្រ​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​បាន​គ្រប់គ្នា​ឡើងវិញ​ទេ។ លោក​បញ្ជាក់​ថា វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​បើកផ្លូវ​ឲ្យ​មានការ​ស្នើសុំ​លើកលែងតែ​អ្នកនយោបាយ​ណា ដែល​មិន​បាន​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ជាតិ​តែប៉ុណ្ណោះ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ហ៊ាង ឬទ្ធី យល់ថា សេចក្តី​ព្រាងច្បាប់ របស់​គណបក្ស​កាន់អំណាច នឹង​ដើរ​ទៅមុខ​ដោយ​រលូន​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី ព្រោះ​សមាជិក​រដ្ឋសភា​ឯក​បក្ស​ទាំង ១២៥​នាក់ គឺជា​មន្ត្រី​របស់​គណបក្ស​កាន់អំណាច។

លោក​បណ្ឌិត ហ៊ាង ឬទ្ធី ប្រដូច​ការ​បញ្ជា​ឲ្យ​ពន្លឿន​សេចក្ដី​ស្នើ​ច្បាប់​នេះ ឲ្យ​ទៅ​នឹង​កម្លាំង​ទឹក​ហូរ​ខ្លាំង​ដែល​ហៀបនឹង​លិច​ចូល​រន្ធ​ច្រមុះ​ទៅ​ហើយ ទើប​របប​ក្រុងភ្នំពេញ ត្រូវ​បង្ខំចិត្ត​រើ​ឥវ៉ាន់​ឲ្យ​បាន​លឿន​បំផុត៖ «លើក​នេះ វា​ត្រូវតែ​ប្រញាប់​តិច។ ធម្មតា​ទេ ទឹក​ហូរ កាលណា ហូរ​មក​ចង់ លិច​ច្រមុះ​ហើយ យើង​ធ្វើ​អ្វីមួយ ទាល់តែ​យើង​ខំ​ជញ្ជូន​ឥវ៉ាន់​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​វា​ទាន់​កុំ​ឲ្យ​ហូរ​ណា ឬក៏​យើង​ធ្វើ​អ្វី​ទប់ស្កាត់​។ អ៊ីចឹង​ស្ដារ​ស្ថានការណ៍ ស្ដារ​បញ្ហា​អស់ទាំង​នេះ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ជូន​ទេ មិន​ថា​តែ​ចំណុច​ប៉ិន​ហ្នឹង​ទេ វា​ត្រូវ​ស្ដារ​បញ្ហា​ជាច្រើន​ទៅទៀត»

លោក​បណ្ឌិត ហ៊ាង ឬទ្ធី ប្រមើល​ឃើញ​ថា បន្ទាប់ពី​ស្នើសុំ​ដក​បម្រាម ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ហើយ របប​ក្រុងភ្នំពេញ អាច​នឹង​ត្រូវ​បង្ខំចិត្ត អនុវត្ត​តាម​លក្ខខណ្ឌ​ផ្សេងទៀត​របស់​សហគមន៍​អន្តរជាតិ ដូចជា ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​សង្គម​ស៊ីវិល អ្នកទោស​មនសិការ និង​ការ​ទាមទារ​ដទៃ​ទៀត ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​បន្ថែម ដែល​កាន់តែ​ខិត​កៀក​មកដល់​។ លោក ថា អាជ្ញាធរ​ក្រុងភ្នំពេញ ដឹង​ច្បាស់ ថា ប្រសិនបើ មិន​ព្រម​បន្ធូរ​ស្ថានការណ៍ តាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​ទេ ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹង​កើតមាន ដែល​បណ្ដាល​អោយ​ខាតបង់​ដល់​របប​ក្រុងភ្នំពេញ​ខ្លួនឯង និង​ប្រជាជាតិ​កម្ពុជា​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល