អ្នកច្បាប់ និងសង្គមស៊ីវិលរិះគន់មន្ត្រីក្រសួងយុត្តិធម៌ដែលព្រមានចាត់វិធានការច្បាប់លើអ្នកចែកចាយបន្តព័ត៌មានក្លែងក្លាយ
2021.02.21
ប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់អាចបែងចែកឬកំណត់ថា ព័ត៌មានណាពិត ឬក្លែងក្លាយនោះទេ ព្រោះពួកគាត់ខ្លះ នៅមិនទាន់ចេះប្រើប្រាស់ហ្វេសប៊ុក (facebook) បានត្រឹមត្រូវនោះទេ។
ប្រធានការិយាល័យអ្នកច្បាប់និងទីប្រឹក្សាអមរិន្ទ លោកមេធាវី សុក សំអឿន បញ្ជាក់ថា ការផ្សព្វផ្សាយ (Post) ឬការចែករំលែក (Share) ព័ត៌មានក្លែងក្លាយ មិនអាចចោទពីបទញុះញង់ទាំងអស់បានទេ។ លោកពន្យល់ថា អាជ្ញាធរអាចចោទពីបទញុះញង់បាន លុះត្រាតែអ្នកបង្ហោះសារ ឬអ្នកចែករំលែកនោះមានចេតនា ក្នុងការញុះញង់ តែបើអ្នកលេងហ្វេសប៊ុកនោះ គ្រាន់តែមានបំណងចែករំលែកព័ត៌មាន មិនមានបំណងញុះញង់ និងមិនបានដឹងខ្លួនថា ជាព័ត៌មានក្លែងក្លាយ ជាដើម នោះមិនមែនជាបទល្មើសញុះញង់ឡើយ៖ «បាន Share ហ្នឹង ខ្ញុំនិយាយរឿង Share ហ្នឹង។ អ្នក Post និងអ្នកដែល Share ហ្នឹង ព្រោះធម្មតាកាលណាយើងShare ដូចយើង Post ដែរ។ អា Post និង Share ហ្នឹង គឺដូចតែគ្នាទេ។ អាហ្នឹងវាទាល់តែមានការអប់រំមានការអ្វីឲ្យច្បាស់លាស់។ បើសិនជាប៉ះដៃ យកដៃ ប៉ះជើងយកជើង ចុះបើ Share ១.០០០នាក់ យើងចាប់ ១.០០០នាក់ ហ្នឹង ឬយ៉ាងម្ដេច?»។
ការលើកឡើងនេះ បន្ទាប់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានព្រមានថា អ្នកចែកចាយបន្តនូវព័ត៌មានមិនពិតឱ្យអ្នកផ្សេងឃើញ ក៏ត្រូវប្រឈមមុខនឹងច្បាប់ ដូចអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែកុម្ភៈថា អ្នកបង្ហោះសារ ឬផ្សព្វផ្សាយព័ត៌មានមិនពិតនឹងមានទោសពីបទញុះញង់។ ឯអ្នកចែករំលែកបន្ត (Share) ព័ត៌មានមិនពិតនោះ ទោះជាក្នុងគោលបំណងអ្វីក៏នឹងក្លាយជាមុខសញ្ញារបស់សមត្ថកិច្ច ហើយត្រូវប្រឈមនឹងការឆ្លើយបំភ្លឺ មុខអាជ្ញាធរមានសមត្ថកិច្ចទៀត៖ «អ៊ីចឹង មានសំណួរមួយថា ខ្ញុំអត់ដឹងព័ត៌មានពិត ឬមិនពិតទេ ខ្ញុំចេះតែចែកចាយ។ ចម្លើយនេះ ត្រូវឆ្លើយនៅមុខសមត្ថកិច្ច។ អ៊ីចឹង អ្នកដែលធ្វើការចែកចាយនូវព័ត៌មាន ដែលមិនពិត ចង់ឬមិនចង់ សមត្ថកិច្ចមានកាតព្វកិច្ចសួរនាំ។ អ៊ីចឹង ត្រូវខាតទាំងពេលវេលា។ ត្រូវជាប់ជំពាក់នឹងទោសទណ្ឌទៀត បើសិនករណីគ្មានទឡ្ហីករណ៍ច្បាស់លាស់ ដោះបន្ទុកពីការចោទប្រកាន់»។
លោក គឹម សន្តិភាព លើកឡើងនេះដោយសារមួយរយៈចុងក្រោយមានការចែករំលែកបន្តគ្នាពីព័ត៌មានការស្លាប់របស់អ្នកគ្រូបង្រៀនម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ថាបណ្ដាលមកពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិនឈ្មោះស៊ីណូហ្វាម (Shinopham)។ តែយ៉ាងណា ក្រសួងសុខាភិបាលអះអាងថា នេះជាព័ត៌មានមិនពិត ហើយគ្រូបង្រៀនវ័យក្មេងម្នាក់នោះស្លាប់ដោយសារជំងឺរលាកស្រោមខួរក្បាល (Meningo-encephalitis)។ ក្រសួងសុខាភិបាល ចាត់ទុកថា ព័ត៌មានប្រឌិតនេះ មានចេតនាធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើការចាក់វ៉ាក់សាំង ស៊ីណូហ្វាម បង្ការជំងឺកូវីដ១៩ (Covid-19)។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ថា វិធានការនេះបំពានសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ ខណៈពលរដ្ឋខ្លះមិនទាន់មានសមត្ថភាពវែកញែកព័ត៌មានពិត ឬមិនពិតបាននៅឡើយ។ អ្នកឃ្លាំមើលសិទ្ធិរូបនេះជំរុញឲ្យរដ្ឋាភិបាលរកវិធីដោះស្រាយ និងទប់ស្កាត់ ជាជាងជ្រើសយកជម្រើសច្បាប់ដើម្បីបង្ក្រាប៖ «អ៊ីចឹងហើយ អាវិធានការបែបហ្នឹង វាមិនមែនជាវិធានការមួយដែលមានភាពល្អប្រសើរទេ។ ផ្ទុយទៅវិញ គឺកាន់តែមានការមមាញឹក ឬក៏អំពល់ទុក្ខ ទៅដល់ក្រុមសមត្ថកិច្ច ឬក៏អ្នកអនុវត្តច្បាប់ទៅវិញ។ អ៊ីចឹង គួរតែរកដំណោះស្រាយឲ្យអ្នកដែលរិះគន់បញ្ចេញមតិអ្វីទាំងអស់ហ្នឹងគេទទួលយកបាន អាហ្នឹងគឺជារឿងដែលគួរធ្វើ។ មិនគួរណា យើងចេះតែពង្រីកនូវការអនុវត្តច្បាប់ដែលផ្ទុយពីខ្លឹមសារច្បាប់អ៊ីចឹងទេ»។
ជាមួយគ្នានេះ អ្នកវិភាគនយោបាយ និងជាអ្នកជំនាញច្បាប់បណ្ឌិត ឡៅ ម៉ុងហៃ បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ការលើកឡើងរបស់លោក គឹម សន្តិភាព គឺជាការរំលោភច្បាប់ត្រង់មាត្រា៥ នៃក្រមព្រហ្មទណ្ឌ។ លោកសង្កត់ធ្ងន់ថា ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរឹង។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាព ឬភាពស្របគ្នា ភាពស្រដៀងគ្នាបានឡើយ។ អ្នកជំនាញច្បាប់រូបនេះ ស្នើសុំឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងក្រសួងយុត្តិធម៌ គិតពិចារណាឡើងវិញដើម្បីពង្រឹងនីតិរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបក្សធានាសិទ្ធិមនុស្សគោរពច្បាប់។
កាលពីដើមឆ្នាំ២០២០ នគរបាលបានចាប់ខ្លួនពលរដ្ឋ និងសកម្មជនបក្សប្រឆាំងច្រើននាក់ជាបន្តបន្ទាប់ ដោយចោទថា បានបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានថ្លែងការណ៍ទាមទារឲ្យដោះលែងពួកគេទាំងអស់នោះវិញ និងហៅការចាប់ខ្លួននោះថា ជាការរឹតត្បិតសេរីភាពសម្ដែងមតិ។ ក្រុមអ្នកសិទ្ធិមនុស្សជំរុញឲ្យអាជ្ញាធរបង្កើនការអប់រំពលរដ្ឋពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ ប្រសើរជាងការចាត់វិធានការផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។