អ្នកច្បាប់​រំឭក​ដល់​អ្នក​នយោបាយ​ឱ្យ​ពង្រឹង​យុត្តិធម៌​ទើប​អាច​រក្សា​សន្តិភាព​សង្គម​បាន

ដោយ សន ចាន់រដ្ឋា
2023.03.08
អ្នកច្បាប់​រំឭក​ដល់​អ្នក​នយោបាយ​ឱ្យ​ពង្រឹង​យុត្តិធម៌​ទើប​អាច​រក្សា​សន្តិភាព​សង្គម​បាន ក្លោងទ្វារ​វិមានរដ្ឋសភា។
RFA

លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មកនេះ តែងតែ​ប្រកាស​ពី​ការ​ប្តេជ្ញាចិត្ត​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង​ដើម្បី​ការពារ​សន្តិភាព ស្រប​ពេល​ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​មិន​មាន​ការ​គោរព​ច្បាប់ ពលរដ្ឋ​រង​ភាព​អយុត្តិធម៌។ ជុំវិញ​បញ្ហា​នេះ​អ្នកច្បាប់​បាន​ក្រើនរំលឹក​ដល់​អ្នក​មាន​អំណាច ឱ្យ​យកចិត្តទុកដាក់​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ដែល​ពួកគេ​ចាត់ទុកថា យុត្តិធម៌​គឺជា​គ្រឹះ​របស់​សន្តិភាព។

អ្នកជំនាញ​ផ្នែក​ច្បាប់​ជំរុញ​ដល់​អ្នកនយោបាយ​ដែល​កំពុង​កាន់អំណាច និង​អ្នក​ដែល​កំពុង​ត្រៀមខ្លួន​កាន់អំណាច​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​រឹងមាំ​ល្អ ទើប​អាច​មាន​ការផ្សះផ្សា​ជាតិ និង​រក្សា​បាន​សន្តិភាព​ពេញលេញ​យូរអង្វែង។

សាស្ត្រាចារ្យ​និង​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​លោក ស៊ឹម វិបុល ពន្យល់​ថា ច្បាប់​ជា​ឆន្ទៈ​រួម​របស់​សង្គម​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​៣​គឺ បង្កើត​យុត្តិធម៌ ថែរក្សា​សណ្ដាប់ធ្នាប់​សង្គម និង​លើកកម្ពស់​សិទ្ធិ​សេរី​ភ​ភាព​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​។ លោក​បន្ត​ថា កាលណា​មនុស្ស​នៅក្នុង​សង្គម​ទទួល​បាន​ធាតុ​ទាំង​៣​នេះ​ហើយ ពួកគេ​នឹង​រស់នៅ​សុខ​ស្រួល​ជាមួយគ្នា​ក្នុង​សង្គម​គ្មាន​ជម្លោះ ឬ​ការបះបោរ​កើតឡើង​ទេ។

លោក ស៊ឹម វិបុល៖ «មាន​យុត្តិធម៌​ទើប​មាន​សន្តិភាព​ព្រោះ​ខ្លួនឯង យល់ថា ខ្លួនឯង​មាន​យុត្តិធម៌​ហើយ តើ​ត្រូវការ​អី​ទៀត​? ខ្ញុំ​ឧទាហរណ៍​យុត្តិធម៌​ផ្នែក​សេដ្ឋកិច្ច ផ្នែក​សង្គម​នៅ​សាំងហ្គាពួចឹង យើង​មើល​មាន​កើត​ស្អី​? សង្គ្រាម​ស្អី​?​អ៊ីចឹង​ហា៎ ពីព្រោះ​មនុស្ស​ទទួល​បាន​យុត្តិធម៌ មនុស្ស​ទទួល​បាន​សេដ្ឋកិច្ច មនុស្ស​ទទួល​បាន​សេរីភាព អ៊ីចឹង​មានអី​ត្រូវការ​ទៅ​បះបោរ​អី​? ទៅ​បង្កើត​កម្លាំង​បះបោរ​បាន​ប្រយោជន៍​អី​?»

អ្នកច្បាប់​១​រូប​ទៀត​គឺ មេធាវី សេក សោភណ្ឌ ពន្យល់​ថា យុត្តិធម៌​ជា​តម្រូវការ​ពី​ធម្មជាតិ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន​។ លោក​បន្ត​ថា បើ​សង្គម​មិន​មាន​យុត្តិធម៌​ទេ​នោះ នឹង​ធ្វើ​ឱ្យ​តម្លៃសង្គម​ធ្លាក់ចុះ​ព្រោះ​មនុស្ស​មិន​មាន​ទំនុកចិត្ត។

លោក សេក សោភណ្ឌ៖ «បើសិនជា​សង្គម​អត់​មាន​យុត្តិធម៌​បាន​ន័យ​ថា សន្តិសុខ​ផ្ទាល់ខ្លួន​សេរីភាព​បុគ្គល ហើយ​និង​ទ្រព្យសម្បត្តិ​ហ្នឹង​អត់​មាន​សុវត្ថិភាព​ទេ​។ អ៊ីចឹង​ការ​អភិវឌ្ឍន៍​សង្គម​ហ្នឹង​ក៏​អត់​ជឿនលឿន​ដែរ​ព្រោះ​អត់​មាន​ទំនុកចិត្ត អ៊ីចឹង​តម្លៃ​របស់​សង្គម​ក៏​វា​បាត់បង់​ទៅតាម​ហ្នឹង​ដែរ កាលណា​វា សង្គម​អត់​យុត្តិធម៌​ដូច​ឯកសារ​សត្វ​អ៊ីចឹង អ្នកណា​ខ្លាំង អ្នកនោះ​ឈ្នះ​អ៊ីចឹង​អត់​មាន​ច្បាប់​ទម្លាប់ ប៉ះពាល់​ខ្លាំង​ណាស់»

លោក សេក សោភណ្ឌ ចាត់ទុក​យុត្តិធម៌​ដូចជា​ដួង​ព្រលឹង​របស់​មនុស្ស​ហើយ​ថា បើ​សង្គម​គ្មាន​យុត្តិធម៌​ទេ​មនុស្ស​រស់នៅ​ក្នុង​សង្គម​ប្រៀប​បាន​មានតែ​សំបក​ខ្លួន​តែប៉ុណ្ណោះ។

អ្នកសិក្សា​ច្បាប់​១​រូប​ទៀត លោក ជៀច រ៉ាវី ពន្យល់​ថា យុត្តិធម៌​ធ្វើ​ឱ្យ​មនុស្ស​ស្ងប់ចិត្ត តែ​ផ្ទុយទៅវិញ​បើ​ពួកគេ​ទទួល​ភាព​អយុត្តិធម៌​នោះ​ពួកគេ​មិន​ស្ងប់ចិត្ត​ហើយ​គិត​ធ្វើ​អ្វី​បន្ថែម​បើ​ទោះ​ជា​មិនទាន់​ធ្វើ​នៅ​ពេល​នេះ​ក៏​នឹង​ធ្វើ​នៅពេល​ក្រោយ​។ លោក​ពន្យល់​ថា យុត្តិធម៌​ជា​ភាព​ត្រឹមត្រូវ​ដែល​កំណត់​ក្នុង​ច្បាប់​ហើយ​ធ្វើ​ឱ្យ​គ្រប់​ភាគី​ទទួល​បាន។

លោក ជៀច រ៉ាវី៖ «មិនមែន​យុត្តិធម៌​ទាល់តែ​ខ្ញុំ​ឈ្នះ​ទើប​មាន​យុត្តិធម៌​ទេ​។ យើង​មើល​សាលក្រម ឬ​សាលដីកា​របស់​តុលាការ​គឺ​គាត់​ស្វែងរក​យុត្តិធម៌ គាត់​អត់​ស្វែងរក​អ្នកឈ្នះ​ឬ​អ្នក​ចាញ់​ទេ អ្នកឈ្នះ​ក៏បាន​យុត្តិធម៌ អ្នក​ចាញ់​ក៏​បាន​យុត្តិធម៌​។ ហើយ​បើ​អ្នកទទួល​ភាព​អយុត្តិធម៌​សួរ​ថា សង្គម​ហ្នឹង​យ៉ាងម៉េច​? ឈឺចាប់​ឬ​អត់​? ពេល​ដែល​ប៉ះ​គេ​ថា មិន​អី​ទេ ដល់ពេល​ប៉ះ​ខ្លួនឯង​ទើប​ដឹង​ថា ឈឺចាប់​។ អ៊ីចឹង​ពេល​ដែល​សង្គម​មាន​យុត្តិធម៌​អ្វីៗ​គ្រប់យ៉ាង​នឹង​ល្អ​ប្រសើរ»

ដើម្បី​ឱ្យ​យុត្តិធម៌​មាន​ភាពរឹងមាំ​ក្លាយជា​គ្រឹះ​របស់​សន្តិភាព​នោះ លោក ជៀច រ៉ាវី អំពាវនាវ​ដល់​អ្នកមាន​អំណាច​រួម​ទាំង​អ្នកនយោបាយ​ឬ អ្នកមាន​ឥទ្ធិពល​តែ​មិនមែន​ជា​អ្នកនយោបាយ​កុំ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ដែល​មាន​កំណត់​នៅក្នុង​ច្បាប់។

បើ​ពិនិត្យមើល​បរិបទ​នៃ​ការ​ផ្លាស់ប្ដូរ​សង្គម​ពី​អតីតកាល​ទោះ​មាន​ហេតុផល​ឥទ្ធិពល​ពី​អន្តរជាតិ​ខ្លះ​ក៏ដោយ​ក៏​សុទ្ធ​តែ​មាន​ពាក់ព័ន្ធ​អំពើ​អយុត្តិធម៌ ការ​បំបិទ​សិទ្ធិ​សេរីភាព​នៅក្នុង​ប្រទេស​ដែរ ដូចជា រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ​ឆ្នាំ​១៩៧០ ការ​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ឆ្នាំ​១៩៧៥ ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ឆ្នាំ​១៩៧៩​ជាដើម​។ សូម្បីតែ​លោក​ហ៊ុន សែន មិន​ព្រម​ទទួលយក​លទ្ធផល​នៃ​ការ​ចាញ់ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣ ហើយ​ទាមទារ​ហែក​ប្រទេស​កម្ពុជា​ជា​២ រហូត​ទាល់តែ​មានការ​សម្របសម្រួល​បង្កើត​ឱ្យ​មាន​នាយករដ្ឋមន្ត្រី​២​រូប​នៅ​ពេល​នោះ ក៏​លោក ហ៊ុន សែន អះអាង​ថា ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​មិន​មាន​យុត្តិធម៌​ត្រឹមត្រូវ​ដែរ។

នៅក្នុង​ស្ថានភាព​សង្គម​បច្ចុប្បន្ន​មនុស្ស​ស្ទើរ​គ្រប់​ស្រទាប់​កំពុង​ស្រែក​ថា ខ្លួន​អយុត្តិធម៌​រួមមាន​ទាំង ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការបំពាន​យក​ដីធ្លី កម្មករ​-​និយោជិត​រង​ការ​កេងប្រវ័ញ្ច​ពី​ថៅកែ អ្នកនយោបាយ​បក្ស​ប្រឆាំង​រង​ការ​ចាប់​ខ្លួន ការ​រំលាយ​បក្ស សូម្បីតែ​លោក​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក៏​ស្រែក​អយុត្តិធម៌​ខូចចិត្ត​ថា មាន​ការ​ប្រមាថ​ដល់​ប្អូនថ្លៃ​ស្រី​របស់​លោក​ដែល​ទើប​ទទួល​មរណភាព​នៅ​ពេល​ថ្មី​នេះ​ផង​ដែរ។

ត្រង់​ចំណុច​នេះ លោក ស៊ឹម វិបុល ពន្យល់​ថា សន្តិភាព​មិន​សំដៅ​មនុស្ស​មាន​បាយ​ទទួលទាន ឬ មាន​សម្ភារ​ប្រើប្រាស់​ទេ​គឺ​សន្តិភាព​ទាល់តែ​មនុស្ស​នៅក្នុង​សង្គម​មាន​យុត្តិធម៌។

លោក ស៊ឹម វិបុល៖ «យើង​អ្នកនយោបាយ ហើយ​យើង​ផ្ដោត​ទៅ​លើ​សន្តិភាព ធម្មតា​អ្នកណា​ក៏​ចង់បាន​សន្តិភាព​។ ប៉ុន្តែ​បើ​អត់​បាន​ផ្តល់​ឱ្យ​គេ​នូវ​យុត្តិធម៌ ហើយ​យុត្តិធម៌​តែ​សម្រាប់​ក្រុម​ខ្លួនឯង​មួយ ហើយ​ក្រុម​ផ្សេងទៀត​យើង​ជិះជាន់​គេ​តាមចិត្ត​។ អាហ្នឹង វា​អត់​នៅ​សុខ​ទេ​ព្រោះ​សង្គម​វា​រស់នៅ​រួម​រវាង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​បាន​ទទួលផល​ប្រយោជន៍​ស្មើៗ​គ្នា»

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​មាន​យុត្តិធម៌​។ របាយការណ៍​ប្រចាំឆ្នាំ​២០២២​របស់ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​(WPJ) ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ជាប់​លេខ ១៣៩ ក្នុងចំណោម​ប្រទេស​១៤០។ ចំណាត់ថ្នាក់​បាត​តារាង​នេះ​គឺ​កម្ពុជា​ស្ថិត​នៅ​លើ​ប្រទេស​វ៉េណេស៊ុយអេឡា​តែមួយ​គត់​ (Venezuela)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។