ច្បាប់សំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០១៥និងច្បាប់ដែលគ្រោងបង្កើតឆ្នាំ២០១៦
2015.12.31
ឆ្នាំ២០១៥ ជាឆ្នាំកំណើតនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងច្បាប់ពាក់ព័ន្ធការបោះឆ្នោត។ ចំណែកអង្គការមិនមែនរដ្ឋាភិបាលវិញ ក៏រិះគន់ការអនុម័តច្បាប់ក្នុងឆ្នាំនេះថា រឹតត្បិតសកម្មភាពការងារពួកគេ។
តើបទដ្ឋានច្បាប់សំខាន់ៗដែលបង្កើតក្នុងឆ្នាំ២០១៥ នេះមានអ្វីខ្លះ និងផ្ដល់ប្រយោជន៍យ៉ាងណាខ្លះ? តើច្បាប់ណាខ្លះដែលកំពុងចោទក្ដីបារម្ភទៅឆ្នាំ២០១៦ ខាងមុខ?
នៅដើមឆ្នាំ២០១៥ ច្បាប់សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតត្រូវបានរដ្ឋសភាអនុម័ត បើទោះជាក្រុមអង្គការមិនមែនរដ្ឋាភិបាលរិះគន់ថា មានស្ថានភាពអាក្រក់ក្ដី។
ច្បាប់ទាំងនោះប្រសូតចេញពីការចរចាទ្វេភាគីរវាងគណបក្ស ដែលមានអាសនៈនៅក្នុងសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ខុសប្លែកពីច្បាប់មួយចំនួនទៀត ច្បាប់បង្កើត គ.ជ.ប និងច្បាប់ទាក់ទងនឹងការបោះឆ្នោតក្នុងពេលដែលសភាអនុម័តនោះ គឺមានសមាជិកសភាមកពីបក្សទាំង២ បានបោះឆ្នោតគាំទ្រ។ នោះក៏ដោយសារតែបក្សទាំង២ បានចរចាបង្កើតឡើង ចងភ្ជាប់ដោយវប្បធម៌សន្ទនា ដែលជាពាក្យដ៏ពេញនិយមប្រើប្រាស់សម្រាប់គណបក្សទាំង២ក្នុងឆ្នាំ២០១៥។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែមីនា បានអនុម័តច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានសំឡេងគាំទ្រ ១០១ លើ ១០១សំឡេង។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងថា សភាពុំមានការដេញដោលច្បាប់នេះដ្បិតបានជជែកគ្រប់គ្រាន់ហើយ៖ «ពីព្រោះនេះជាការព្រមព្រៀងគ្នា ដែលមានការសម្បទានទៅវិញទៅមក។ ពីដើមទីយកតែគោលជំហរគណបក្សសង្គ្រោះជាតិ គឺយើងចង់បានល្អមួយរយភាគរយដូចសង្គមស៊ីវិលចង់បានអ៊ីចឹង ប៉ុន្តែយើងមិនអាចសម្រេចអ្វីទាំងស្រុងម្នាក់ឯងទេ វាមានការដូរគ្នាទៅវិញទៅមក»។
បើទោះជាយ៉ាងណា នៅមុនពេលបង្កើតច្បាប់ទាំងនេះ តុលាការបានកោះហៅលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងមន្ត្រីបក្សរួមនឹងអ្នកគាំទ្រផង ទាក់ទិននឹងសំណុំរឿងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារទាក់ទងនឹងការបោះឆ្នោតរិះគន់ថា ច្បាប់នេះកាន់តែអាក្រក់ ក្នុងនោះក៏បានរឹតត្បិតសេរីភាពរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល។ ពួកគេបានទាមទារអោយកែប្រែ ឬដកចេញមាត្រាមួយចំនួន ប៉ុន្តែត្រូវបដិសេធ។
មិនយូរប៉ុន្មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបង្កើតឡើងតាមច្បាប់។ ក្បាលម៉ាស៊ីនដឹកនាំមានសមាសភាព ៩រូប ដែលត្រូវបានជ្រើសចេញពីគណបក្សម្ខាងៗចំនួន ៤នាក់ និងមកពីអង្គការមិនមែនរដ្ឋាភិបាលមួយរូប។
មុននឹងមានការព្រមព្រៀងគ្នា លោក ហ៊ុន សែន ធ្លាប់ព្រមានថា នឹងរក្សា គ.ជ.ប ចាស់ប្រសិនបើគណបក្សប្រឆាំងបន្តជំទាស់សមាជិកទី៩ នៃ គ.ជ.ប នេះ៖ «បើសិនជាមិនអាចឯកភាពគ្នា ទុកឯកឧត្ដម អ៊ឹម សួស្ដី បន្តធ្វើប្រធាន គ.ជ.ប ទៅ កុំពិបាកពេក! អាថ្មីមិនទាន់ចេញ អាចាស់បន្ត រឿងហ្នឹងតែប៉ុណ្ណឹងឯង ហើយកុំថាចាញ់ប្រៀប ឬមិនចាញ់ប្រៀប ទុនរបស់យើងប៉ុណ្ណឹងកុំទារភាគហ៊ុនច្រើនពេក!»។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ត្រូវបានអនុម័ត នៅថ្ងៃទី៣០ ខែតុលា ពោលគឺនៅមួយសប្ដាហ៍ក្រោយពេលអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបត្រូវក្រុមអ្នកតវ៉ាវាយដំនៅរដ្ឋសភាក្នុងពេលតវ៉ាទម្លាក់ លោក កឹម សុខា ពីតំណែងអនុប្រធានទី១រដ្ឋសភា។
ការអនុម័តច្បាប់នេះ ធ្វើឡើងដោយពុំមានការចូលរួមពីតំណាងរាស្ត្របក្សប្រឆាំងឡើយ។ ចំណែកអង្គការមិនមែនរដ្ឋាភិបាលបានរិះគន់ជាថ្មីទៀត។ ក្នុងថ្ងៃតែមួយនោះរដ្ឋសភាក៏បានបោះឆ្នោតទម្លាក់លោក កឹម សុខា ពីតំណែង។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ថ្លែងថា ការអនុម័តច្បាប់នេះ ជាសញ្ញាអវិជ្ជមាន។ លោកថា ការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ គឺគ្មានតម្លាភាព និងយុត្តិធម៌ចំពោះគណបក្សនយោបាយដែលគ្មានសំឡេងក្នុងរដ្ឋសភា។
លោក គល់ បញ្ញា៖ «មានគណបក្សច្រើនណាស់ដែលគេចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ ហើយយើងត្រូវយកទៅជជែកជាមួយគេ។ តែគេធ្វើ (Rule for gains) ហ្នឹង ធ្វើច្បាប់សម្រាប់ឈ្នះតែម្នាក់ឯងហ្នឹង។ ច្បាប់ហ្នឹងបង្កើតអាក្រក់ អវិជ្ជមាន។ នីតិវិធីច្បាប់ចាស់ វាគ្រាន់ជាងច្បាប់ចាស់ទៀត។ យើងទៅធ្វើអាក្រក់សម្រាប់លេងខ្លួនឯង»។
ចំណែកក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រីបានទាមទារអោយមានវិសោធនកម្មច្បាប់ទាក់ទងនឹងការបោះឆ្នោត ដើម្បីធានាសមភាពយេនឌ័រក្នុងចំណោមអ្នកដឹកនាំដែលជ្រើសចេញពីការបោះឆ្នោត។ ចំណុចសំខាន់គឺចង់អោយមានបញ្ជីឈ្មោះបេក្ខជនឆ្លាស់រវាងបុរស និងស្ត្រី។
ច្បាប់មួយចំនួនទៀតក៏ត្រូវបានរដ្ឋសភាអនុម័តជាហូរហែ រួមមានច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់កាលពីថ្ងៃទី៨ ខែឧសភា ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី៤ ខែមិថុនា ច្បាប់ស្ដីពីភតិសន្យាពិសេស ឬច្បាប់ជួលផ្ទះ កាលពីថ្ងៃទី៦ ខែកក្កដា។
ច្បាប់ដែលមានភាពចម្រូងចម្រាសមួយទៀតក្នុងឆ្នាំ២០១៥នេះ គឺច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៣ ខែកក្កដា ដោយតំណាងរាស្ត្រគណបក្សកាន់អំណាច។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិបានប្រតិកម្មថា ជាចេតនានយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលចង់គ្រប់គ្រង ឬរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ។
នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា ថា ច្បាប់ថ្មីនេះមិនបានដើរតាមលំអានរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ឡើយ៖ «ច្បាប់ថា ចង់ការពារសិទ្ធិសេរីភាព តែបែរជាធ្វើច្បាប់មួយដែលបញ្ជាក់ថា សេរីភាពធ្វើសមាគមគឺជាបទល្មើស។ សេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមក្នុងវប្បធម៌ ក្នុងសេដ្ឋកិច្ចសង្គម និងចូលរួមនយោបាយទៅជាបទល្មើស។ យើងមើលទៅគឺមានបញ្ហាដូចមាត្រា ៣៧ មាត្រា៩ សេរីភាពសមាគម ទាំងអ្នកចុះឈ្មោះ មិនចុះឈ្មោះក្ដី ជាពិសេសមិនចុះឈ្មោះតែធ្វើសកម្មភាពទៅជាបទល្មើសហើយ។ តើយើងបានការពារសេរីភាពអោយគេទេ? យើងធ្វើអោយគេក្លាយជាជនល្មើស គឺយើងរំលោភរដ្ឋធម្មនុញ្ញមាត្រា៤២ ដែលនិយាយពីសេរីភាពសមាគម»។
យ៉ាងនេះក្ដីតំណាងរាស្ត្របក្សប្រឆាំងសន្យាថា បានត្រៀមជាស្រេចនឹងស្នើអោយមានវិសោធនកម្មច្បាប់នេះ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា សមាជិកសភាគណបក្សប្រជាជនចំនួន ៦៦រូប បានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦។ ក្នុងនោះរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកាជាតិប្រហែលជាង ៤ពាន់លានដុល្លារ ដែលកើនលើសឆ្នាំ២០១៥ ចំនួន ១៦ភាគរយ។ មន្ត្រីបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល បន្តរិះគន់ពីការប្រើប្រាស់ថវិកាជាតិដោយពុំមានតម្លាភាព និងមិនសូវមានប្រសិទ្ធភាព។
កាលពីពាក់កណ្ដាលខែធ្នូ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចចូលរួមប្រជុំសភាជាលើកដំបូង បន្ទាប់ពីមានអំពើហិង្សាលើតំណាងរាស្ត្រ ២រូប កាលពីខែតុលា។ សេចក្ដីព្រាងច្បាប់៣ ដែលត្រូវបានសមាជិកសភានៃគណបក្សទាំងពីរអនុម័តរួមគ្នា គឺវិសោធនកម្មលើកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពីការបង្កើតពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងស្ដីពីការបង្កើតមជ្ឈមណ្ឌលជីវចម្រុះអាស៊ាន និងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
ទាក់ទិននឹងបទដ្ឋានច្បាប់នេះ សេចក្ដីព្រាងច្បាប់មួយចំនួន កំពុងធ្វើអោយក្រុមអង្គការមិនមែនរដ្ឋាភិបាលព្រួយបារម្ភថា ជាច្បាប់ដែលនឹងរឹតបន្តឹងសិទ្ធិសេរីភាពពលរដ្ឋ រួមមាន សេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត (Cyber Crime Law or Internet Law) សេចក្ដីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍ និងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពជាដើម។ ស្របគ្នានេះពួកគេក៏ចង់ឃើញសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹងលេចចេញជារូបរាងក្នុងឆ្នាំ២០១៦ ខាងមុខ។
មកដល់ពេលនេះ គណបក្សទាំង២ ដែលមានអាសនៈក្នុងសភា បានបង្កើតគណៈកម្មការចំពោះកិច្ចពិភាក្សាចំណុចចម្រូងចម្រាសនៃសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលសហជីពរិះគន់ថា រឹតត្បិតសេរីភាពសហជីព ឬនឹងធ្វើអោយប៉ះពាល់ដល់អត្ថប្រយោជន៍កម្មករនិយោជិត។ គណៈកម្មការនេះនឹងជួបគ្នាជាលើកដំបូងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។
ស្របពេលដែលរដ្ឋាភិបាលកំពុងត្រៀមរឹតបន្តឹង និងណែនាំអោយពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ថ្មីនៅដើមឆ្នាំ២០១៦ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសពីការបង្កើតច្បាប់កំណត់ប្រធានគណបក្សនយោបាយ និងស្ថាប័នមួយចំនួនឲ្យមានសញ្ជាតិតែមួយ៖ «ខាងគណបក្សប្រជាជន កំពុងតែគិតគូរ ដោយសារយើងមានច្បាប់មួយរួចទៅហើយ ប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែជាសញ្ជាតិខ្មែរ។ ដូច្នេះ ពេលខាងមុខ ច្បាប់ស្ដីពីបក្សនយោបាយ ចាំបាច់ត្រូវកំណត់ប្រធានបក្សនយោបាយ ត្រូវតែសញ្ជាតិខ្មែរតែមួយ ដើម្បីកុំឲ្យមានរឿងអី កាន់ប៉ាសស្ព័របរទេសរត់ ហើយបរទេសមកអន្តរាគមន៍។ យើងពិនិត្យមើល បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ត្រូវមានសញ្ជាតិខ្មែរតែមួយហើយ តើប្រធានបក្សនយោបាយត្រូវទេ? វាត្រូវ។ អ៊ីចឹងត្រូវរៀបចំប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ត្រូវសញ្ជាតិខ្មែរទាំងអស់ រាប់អគ្គសវនករ ប្រធានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ ត្រូវសញ្ជាតិខ្មែរទាំងអស់»។
មិនខុសគ្នាដែរមន្ត្រីគណបក្សសង្គ្រោះជាតិ ជំទាស់នឹងគំនិតនេះ ព្រមទាំងបានហៅការប៉ុនប៉ងធ្វើច្បាប់បែបនេះ ថាជាការរើសអើង៕