មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០នាក់ដែលត្រូវអាជ្ញាធរចាប់ខ្លួនគ្រោងស្នើទៅតុលាការឱ្យពួកគេអាចនៅក្រៅឃុំ។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា រឿងនេះជារឿងនយោបាយនិងចង់ឃើញអាជ្ញាធរ ឬតុលាការផ្ដល់សិទ្ធិសេរីភាពដល់អ្នកទាំងនោះវិញ។
លោកមេធាវី សំ សុគង់ កំពុងសិក្សាផ្លូវច្បាប់ និងរកច្រកចេញដើម្បីស្នើសុំតុលាការឱ្យកូនក្ដីរបស់លោក ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ហើយត្រូវអាជ្ញាធរចាប់ខ្លួនក្នុងព្រឹត្តិការណ៍មាតុភូមិនិវត្តន៍លើកទី២ អាចនៅក្រៅឃុំបាន។ លោកថា កូនក្ដីរបស់លោកគឺជាជនបង្គោលក្នុងគ្រួសារ ដូច្នេះបើតុលាការឲ្យពួកគេនៅក្រៅឃុំ ពួកគេមិនរត់គេចខ្លួនទៅណាទេ។ លោកមេធាវីឱ្យដឹងទៀតថា ទោះតុលាការលើកពេលសវនាការព្រោះមានការរីករាលដាលជំងឺកូវីដ១៩ ក្ដី ប៉ុន្តែសំណុំរឿងកូនក្ដីរបស់លោកស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយទេ ដូច្នេះលោកអាចស្នើសុំឱ្យកូនក្ដីលោកនៅក្រៅឃុំបាន៖ «ពួកគាត់មួយចំនួនធំហ្នឹងការស៊ើបអង្កេតបានបិទបញ្ចប់ហើយអ៊ីចឹងការអនុញ្ញាតឱ្យនៅក្រៅឃុំ មិនព្រួយបារម្ភថា មានការត្រូវរ៉ូវជាមួយជនជាប់ចោទដទៃ ឬប៉ះពាល់ដល់ការស៊ើបអង្កេតទេ»។
លោក សំ សុគង់ ឱ្យដឹងទៀតថា ក្នុងចំណោមកូនក្ដីជាង ១០នាក់ ភាគច្រើនកំពុងជាប់ឃុំនៅភ្នំពេញ (៩នាក់) ក្រៅពីនេះក៏កំពុងជាប់ឃុំនៅខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។ អ្នកទាំងនោះជាប់ចោទពីបទចោទញុះញង់និងរួមគំនិតក្បត់។ លោកគ្រោងស្នើសុំទៅតុលាការនៅសប្ដាហ៍ក្រោយដើម្បីឱ្យកូនក្ដីលោកអាចព្យាបាលជំងឺ និងរកស៊ីចិញ្ចឹមគ្រួសារ។
មន្ត្រីសិទ្ធិមនុស្សថា ការចាប់ខ្លួន និងការចោទប្រកាន់នេះមានចរិតនយោបាយជាងការអនុវត្តច្បាប់។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា រឿងនេះជារឿងនយោបាយ ហើយរដ្ឋាភិបាលខ្លួនឯងក៏ប្រកាសថា ជារឿងនយោបាយដែរ។ លោកបង្ហាញកង្វល់ថា បើអាជ្ញាធរនៅតែមិនកែប្រែវិធានការនេះទេនឹងធ្វើឱ្យពលរដ្ឋខ្មែរកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងបង្កជាវិបត្តិសង្គម៖ «បញ្ហាជំងឺផ្លូវចិត្តជាជំងឺឆ្លងពីបុគ្គលមួយទៅបុគ្គលឧទាហរណ៍ថា បុគ្គល « ខ» មិនបានធ្វើអីទេតែគេចាប់បុគ្គល « ក» ដោយអយុត្តិធម៌ ឬប្រកាសណាមួយអ៊ីចឹងសេចក្ដីឈឺចាប់វាឆ្លងគ្នា»។
លោក រស់ សុដ្ឋា ព្រួយបារម្ភថា ការចាប់ចងនិងចោទប្រកាន់ពលរដ្ឋ នឹងកើតឡើងជាបន្តទៀត បើគ្មានដំណោះស្រាយនយោបាយ។ លោកថា បញ្ហានេះគឺជាការបង្កើតជាសោកនាដកម្មលើពលរដ្ឋ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា វិធានការផ្លូវច្បាប់លើសកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះជាការអនុវត្តច្បាប់ មិនមែនជាការរំលោភសិទ្ធិមនុស្សឡើយ។ លោកថា សកម្មជនទាំងនោះត្រូវចាប់ខ្លួនព្រោះពួកគេបម្រើនយោបាយគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយចោល៖ «ឥឡូវបញ្ជាក់ថែមណា អតីតបក្សប្រឆាំងត្រូវរំលាយចោលដោយតុលាការកំពូលអញ្ចឹងអតីតបក្សប្រឆាំងជាក្រុមខុសច្បាប់ដែលហៅថា ឧទ្ទាមក្រៅច្បាប់ អ៊ីចឹងទេ អ្នកដែលគាំទ្រ និងធ្វើសកម្មភាពបម្រើឱ្យឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់សុទ្ធតែអ្នកខុសច្បាប់ហើយ អត់និយាយអ្នកក្នុងប្រទេស ឬក្រៅប្រទេសទេ សុទ្ធតែអ្នកខុសច្បាប់»។
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់១១នាក់កាលពីចុងខែធ្នូ ស្របពេលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយអ្នកស្រី មូរ សុខហួរ គ្រោងវិលចូលស្រុកវិញកាលពីថ្ងៃទី៤ មករា។ បើគិតរួមទាំងការចាប់ខ្លួនតាំងពីចុងឆ្នាំ២០១៩ មក សកម្មជនបក្សប្រឆាំងជាង ៧០នាក់ហើយ ត្រូវអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់អ្នកទាំងនោះពីបទញុះញង់ និងរួមគំនិតក្បត់។
អ្នកឃ្លាំមើលសង្គមលើកឡើងថា បើរដ្ឋាភិបាលមិនព្រមកែលម្អការគោរពសិទ្ធិមនុស្សឡើងវិញទេកម្ពុជាអាចប្រឈមដាក់ទណ្ឌកម្មបន្តទៀតពីសហគមន៍អន្តរជាតិ ខណៈការរំលោភសិទ្ធិមនុស្សនេះឯង បានធ្វើឱ្យកម្ពុជាបាត់បង់ប្រពន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុបអស់ ២០ភាគរយ ហើយសហរដ្ឋអាមេរិក ក៏មិនទាន់ផ្ដល់ការអនុគ្រោះពន្ធ GSP វិញនៅឡើយដែរ ក្នុងឆ្នាំ២០២១ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។