មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ កំពុងបំពេញនីតិវិធីជាបន្តបន្ទាប់ ដើម្បីជួយដល់កូនក្តីឱ្យទទួលបានសិទ្ធិសេរីភាព និងយុត្តិធម៌មកវិញ។ ទោះជាយ៉ាងណា មេធាវីនៅតែបន្ទោសថា គឺដោយសារតែសាលក្រមចាត់របៀបបែបមិនសមហេតុផលរបស់តុលាការក្រុងភ្នំពេញនោះឯង ដែលធ្វើឱ្យសំណុំរឿងនេះត្រូវអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។
មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ឱ្យដឹងនៅថ្ងៃទី៣ មីនាថា សំណុំរឿងកូនក្តីរបស់លោកពេលនេះ មាននៅតុលាការគ្រប់ជាន់ថ្នាក់ រាប់ចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល។
លោករៀបរាប់ថា នៅតុលាការក្រុងភ្នំពេញ សំណុំរឿងនេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ បន្ទាប់ពីតុលាការបានចេញសាលក្រមចាត់របៀប ឱ្យស៊ើបអង្កេតបន្ថែមលើអង្គហេតុមួយចំនួនទៀត កាលពីដើមខែតុលា ឆ្នាំ២០១៩ កន្លងទៅ។ ចំណែក នៅសាលាឧទ្ធរណ៍វិញ គឺជាបណ្ដឹងឧទ្ធរណ៍ស្នើសុំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនសម្រាប់កូនក្តីរបស់លោក។ ដោយឡែក នៅតុលាការកំពូលឯណោះវិញ គឺជាបណ្ដឹងសាទុក្ខប្រឆាំងនឹងសាលដីកាសាលាឧទ្ធរណ៍ដែលសម្រេចតម្កល់សាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល៖ «»
មេធាវី សំ ចំរើន បញ្ជាក់ថា ជាង ៤ខែមកនេះ ការស៊ើបអង្កេតបន្ថែមនៅដំណាក់កាលតុលាការក្រុងភ្នំពេញ មិនទាន់ឃើញចៅក្រមស៊ើបសួរកោះហៅកូនក្តីរបស់លោកទាំងពីរនាក់ទៅសាកសួរនៅឡើយទេ។ ចំណែកបណ្ដឹងឧទ្ធរណ៍ស្នើសុំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណវិញ លោកបានដាក់កាលពី ២សប្តាហ៍មុន ហើយសភាស៊ើបសួរសាលាឧទ្ធរណ៍នៅមិនទាន់ជូនដំណឹងពីការវិវឌ្ឍនៃបណ្ដឹងនេះទេ។ ដោយឡែក នៅតុលាការកំពូលវិញ ចៅក្រមបានបង្គាប់ឱ្យកូនក្តីរបស់លោកដាក់សារណាការពារចំពោះសំណុំរឿងអាសអាភាស ហើយលោកនឹងដាក់ឯកសារនោះជូនតុលាការកំពូលនៅដើមសប្ដាហ៍ក្រោយ។ រីឯសំណុំរឿងចារកម្មវិញ លោកថា តុលាការកំពូលមិនទាន់ចេញសេចក្ដីបង្គាប់ណាមួយនៅឡើយទេ។
ទោះជាយ៉ាងណា មេធាវីរូបនេះនៅតែយល់ថា តុលាការក្រុងភ្នំពេញគួរតែប្រកាសសាលក្រមលើអង្គសេចក្ដីតាមកាលកំណត់ តាំងពីដំបូងមក មិនគួរណាទុកបន្តសំណុំរឿងមកដល់ពេលនេះទេ។ លោកនៅតែអះអាងថា ការសម្រេចនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងយុត្តិធម៌សម្រាប់កូនក្តីរបស់លោក៖ «»
អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ" និងបទ "ផលិតវីដេអូអាសអាភាស"។ តុលាការដែលស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច បានឃុំខ្លួនអ្នកទាំងពីរជាង៩ ខែ ទើបដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ទោះជាយ៉ាងណា តុលាការមិនបានប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណដល់ទាំងអ្នកទាំងពីរវិញឡើយ ធ្វើឱ្យពួកគេមិនអាចដើរហើរទៅក្រៅប្រទេស និងមិនអាចស្វែងរកការងារធ្វើជាប់លាប់បានឡើយ។
តុលាការបានប្រើពេលស៊ើបអង្កេតរឿងក្តីនេះជាង១ ឆ្នាំ ពោលគឺក្រោយពេលចាប់ខ្លួនអ្នកទាំងពីរនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០១៩ ហើយចំណាយពេលជិតកន្លះឆ្នាំទៀត ទើបលើកយករឿងនេះទៅជំនុំជម្រះ។ សវនាការបានធ្វើឡើង២ ដង គឺលើកទីមួយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ជំនុំជម្រះលើបទចោទធ្វើចារកម្ម និងថ្ងៃទី៩ សីហា ជជែកដេញដោលលើបទចោទ "ផលិត និងកាន់កាប់រូបភាពអាសអាភាស"។ ក្រោយបញ្ចប់សវនាការ តុលាការបានកំណត់យកថ្ងៃទី៣០ សីហា ជាថ្ងៃប្រកាសសាលក្រមសំណុំរឿងទាំងពីរ ក៏ប៉ុន្តែថ្ងៃកំណត់មកដល់ តុលាការបែរជាលើកពេលប្រកាសសាលក្រមទៅវិញ ក្រោមហេតុផលថា ចៅក្រមជាប់រវល់ប្រជុំនៅក្រសួងយុត្តិធម៌។ អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ត្រូវរង់ចាំអស់រយៈពេលជាង១ ខែទៀត ទើបតុលាការក្រុងភ្នំពេញសម្រេចប្រកាសសាលក្រម ក៏ប៉ុន្តែសាលក្រមដែលចេញមកនោះ មិនមែនជាសាលក្រមលើអង្គសេចក្ដីឡើយ តែជាសាលក្រមចាត់របៀបដែលតុលាការបង្គាប់ឱ្យស៊ើបអង្កេតសំណុំរឿងនេះបន្ថែមទៅវិញ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ក្រោមហេតុផលថា សំណុំរឿងនេះកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ៖« រឿងនេះ ខ្ញុំមិនអាចសន្និដ្ឋានជំនួសតុលាការបានទេ ព្រោះវាស្ថិតនៅក្នុងដំណើរការនីតិវិធីតុលាការដែលជាស្ថាប័នឯករាជ្យ » ។
ដូចការលើកឡើងរបស់មេធាវីដែរ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា សំណុំរឿងនេះមិនគួរអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះទេ ពីព្រោះតុលាការបានប្រើពេលច្រើនណាស់ទៅហើយលើសំណុំរឿងនេះ។ លោកវាយតម្លៃថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញពីពិរុទ្ធភាពរបស់អ្នកទាំងពីរឡើយ ដូច្នេះផ្អែកតាមគោលការណ៍ច្បាប់ តុលាការត្រូវតែទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងពួកគេ។
អ្នកការពារសិទ្ធិមនុស្សរូបនេះមើលឃើញថា គឺសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញនោះឯង ដែលធ្វើឱ្យសិទ្ធិសេរីភាពរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានដកហូតបន្តទៀត ហើយនេះជាការបំពានដល់គោលការណ៍វិមតិសង្ស័យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «»
លោក អំ សំអាត អំពាវនាវដល់តុលាការកំពូលឱ្យពន្លឿនសវនាការលើបណ្ដឹងសាទុក្ខរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបនេះ ពីព្រោះសេចក្ដីសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះមានប្រយោជន៍ខ្លាំងសម្រាប់ជនជាប់ចោទ។ លោកថា បើតុលាការកំពូលសម្រេចច្រានចោលសាលក្រមចាត់របៀបនោះ មានន័យថា តុលាការក្រុងភ្នំពេញនឹងត្រូវប្រកាសសាលក្រមលើអង្គសេចក្តីដោយមិនចាំបាច់ស៊ើបអង្កេតបន្ថែមទៀត។ ទោះជាយ៉ាងណា លោកហាក់គ្មានជំនឿទេថា តុលាការកំពូលនឹងសម្រេចបែបនេះ ពីព្រោះតុលាការជាន់ខ្ពស់មួយនេះច្រើនតែរក្សាការសម្រេចចិត្តរបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល ទាក់ទងនឹងបណ្ដឹងទាស់នីតិវិធីបែបនេះ។ ក្នុងបរិបទនេះ លោកជំរុញឱ្យតុលាការក្រុងភ្នំពេញពន្លឿននីតិវិធីស៊ើបអង្កេតបន្ថែម និងដាក់ការជំនុំជម្រះជាថ្មីឱ្យបានឆាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបវិញ។
ទាក់ទងនឹងសំណុំរឿងនេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតអាមេរិក និងអង្គការសហប្រជាជាតិផង សុទ្ធតែទទូចឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ និងផ្ដល់សេរីភាពពេញលេញដល់អ្នកទាំងពីរវិញ ពីព្រោះពួកគេពិនិត្យឃើញថា នេះជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ។ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិបានថ្កោលទោសការបន្តនីតិវិធីលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបថា ការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ និងបង្ហាញថា រដ្ឋាភិបាល លោក ហ៊ុន សែន គ្មានបំណងបញ្ឈប់ការបង្ក្រាបលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។