មេធាវី​ស្នើ​ចៅក្រម​ស៊ើបសួរ​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ និង​អ្នក​​ឃុំ​ប្រមេរ រឿង​បង្ខាំង​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចិន

0:00 / 0:00

មេធាវី​ការពារ​ក្តី​ឱ្យ​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ស្នើ​ឱ្យ​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លើក​លែង​បទ​ចោទ​ប្រកាន់​លើ​កូន​ក្តី ក្រោយ​ចៅក្រម​បាន​បិទ​ការ​ស៊ើបសួរ​សំណុំ​រឿង​នេះ​ជា​លើក​ទី២ កាល​ពី​ខែ​មករា​កន្លង​ទៅ។

មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ឃុំ​ប្រមេរ លោក សំ ទិត្យសីហា ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី៤ មីនា​ថា មក​ដល់​ពេល​នេះ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ​មិន​ទាន់​ចេញ​ដីកា​ដំណោះ​ស្រាយ​ថា តើ​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ ឬ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ឃុំ​ប្រមេរជាង១០០ នាក់ ដែល​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​​ឃាត់​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចិន បាន​នាំ​គ្នា​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​នេះ ហើយ​លោក​បាន​បញ្ជូន​ភស្តុតាង និង​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ទាំង​នោះ​ដាក់​ជូន​​តុលាការ​រួច​អស់​ហើយ៖«​ ខ្ញុំ​ស្នើសុំ​ឱ្យ​លោក​ចៅក្រម​ស៊ើបសួរ​ពិចារណា​ ហើយ​លើក​​លែង​ការ​ចោទ​ប្រកាន់ ដើម្បី​ឱ្យ​ពួកគាត់​មាន​សេរីភាព​ទី​មួយ ទី​ពីរ​ដើម្បី​ឱ្យ​ពួក​គាត់​​រួច​ផុត​ពី​សវនាការ​មួយ​​ដែល​ធ្វើ​ឱ្យ​ពួកគាត់​អាច​ត្រូវ​ជាប់​​ទោស​ទណ្ឌ »

តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​ចំនួន ១៥នាក់ ​ពី​បទ "ចាប់​ឃុំឃាំង​ និង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់" និង​ចោទ​មន្ត្រី និង​អតីតមន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ពីរ​នាក់​ពី​បទ​ "សម​គំនិត" ក្នុង​អំពើ​ទាំងនេះ។ អ្នក​ទាំង១៧ រូប​ ត្រូវ​បាន​​ចៅក្រម​ស៊ើបសួរ​ដាក់​ឱ្យ​​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​បង្ហាញខ្លួន​ជា​រៀង​រាល់​ខែ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច មិន​អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ទីលំនៅ និង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ព្រម​ទាំង​ត្រូវ​ចូលខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​ជា​ដើម។

លោក សំ ទិត្យសីហា បញ្ជាក់​ថា លោក​ និង​សហ​មេធាវី​មួយ​រូប​ទៀត ការពារ​ក្តី​ឱ្យ​តែ​ពលរដ្ឋ​ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ សរុប ​៨នាក់ ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​ផ្សេង​ទៀត​ទើប​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ពេល​ក្រោយ និង​​ខ្លះ​ទៀត​មាន​មេធាវី​ផ្សេង​ជួយ​ការពារ។

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក ជៀន ស្រស់ បាន​បិទ​ការ​ស៊ើប​សួរ​សំណុំ​រឿង​នេះ​ម្ដង​រួចមក​ហើយ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៩ ប៉ុន្តែ​ដោយសារ​មេធាវី​បាន​ស្នើសុំ​ពន្យារ​នីតិវិធី​នេះ ដើម្បី​ដាក់​ភស្តុតាង និង​សាក្សី​បន្ថែម ទើប​ចៅក្រម​សម្រេច​បន្ត​ស៊ើប​អង្កេត​បន្ថែម​រហូត​ដល់​ខែ​មករា ឆ្នាំ២០២០ ទើប​បញ្ចប់​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ទាំង​មូល។

ចំណាត់​ការ​របស់​តុលាការ​​នេះ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ស្ករ​ស​ចិន​ហេងហ្វូ (Hengfu) ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ដោយ​សារ​ពលរដ្ឋ​បាន​ឃាត់​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចំនួន២ គ្រឿង តាំង​ពី​ចុង​ឆ្នាំ២០១៤ កន្លងទៅ។

មេធាវី សំ ទិត្យសីហា អះអាង​បន្ត​ថា បទ​ចោទ​ប្រកាន់​លើ​កូន​ក្ដី​របស់​លោក ខ្វះ​មូលដ្ឋាន​ច្បាប់ ព្រោះ​តុលាការ​មិន​បាន​បញ្ជាក់​ថា ការ​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​នោះ សំដៅ​លើ​មនុស្ស ឬ​ក៏​គ្រឿង​ចក្រ ឡើយ។

លោក​ពន្យល់​​ថា ប្រសិន​បើ​សំដៅ​លើ​ការ​បង្ខាំង​​មនុស្ស កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ ព្រោះ​ពួក​គាត់​បាន​នាំគ្នា​ ឃាត់​​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​មិន​ឱ្យ​ឈូស​ឆាយ​ដី​កំពុង​មាន​​ទំនាស់ ក្នុង​បំណង​ស្វែង​រក​ដំណោះស្រាយ។ លោក​ថា ពេល​ឃាត់​គ្រឿង​ចក្រ​នោះ ក្រុម​​ពលរដ្ឋ​មិន​បាន​ចាប់​​ឃុំ​ឃាំង ឬ​បង្ខាំង​អ្នក​បើក​គ្រឿង​ចក្រ​ទាំង​ពីរ​នាក់​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ពួក​គេ​ព្រួយ​បារម្ភ​ដោយ​​ខ្លួន​ឯង​ ខ្លាច​ពលរដ្ឋ​ដុត​គ្រឿង​ចក្រ​ទាំងនោះ ទើប​បាន​ជា​ពួក​​គេ​មិន​ព្រម​ត្រឡប់​ទៅ​កន្លែង​របស់​ខ្លួន​វិញ។ ទោះ​ជា​យ៉ាង​ណា ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​​បាន​ចុះ​អន្តរាគមន៍​ករណី​នេះ​ភ្លាមៗ ហើយ​មួយ​ថ្ងៃក្រោយ​មក​ គ្រឿង​ចក្រ​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ភាគី​ក្រុមហ៊ុន​វិញ។ ដោយ​ឡែក ប្រសិន​បើ​សំដៅ​ដល់​ការ​បង្ខាំង​គ្រឿង​ចក្រ​វិញ មេធាវី​រូប​នេះ​អះអាង​ថា ​គ្មាន​ច្បាប់​ណា​ដែល​ចែង​អំពី​​ការ​បង្ខាំង​អចលនវត្ថុ​ឡើយ ​ដូច្នេះ​​តាម​ក្រម​ព្រហ្មទណ្ឌ បើ​គ្មាន​ច្បាប់​ចែង គឺ​គ្មាន​បទ​ល្មើស​ទេ៖« និយម​​ន័យ​នៃ​បទ​បង្ខាំង គេ​អត់​សំដៅ​ទៅលើ​វត្ថុ គេ​សំដៅ​តែ​ទៅ​លើ​បុគ្គលភាព​​នៃ​មនុស្ស បង្ខាំង​ទៅលើ​សេរីភាព​​នៃ​មនុស្ស​ទេ អ៊ីចឹង​ទាក់ទង​នឹង​ករណី​នេះ ខ្ញុំ​គិត​​ថា មិន​មែន​ជា​បទ​ល្មើស​ទេ »

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក ជៀន ស្រស់ បាន​ទេ នៅថ្ងៃទី០៤ មីនា ដោយ​​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល​។ ចំណែក អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះវិហារ អ្នក​ស្រី ជុំ​ កន្និយ៉ា ក៏​មិន​លើក​ទូរស័ព្ទ​ដូច​គ្នា នៅ​ថ្ងៃ​ដដែល​នេះ។

នាយក​ប្រតិបត្តិ​ស្ដីទី​នៃ​អង្គការ​ពន្លក​ខ្មែរ​ប្រចាំ​ខេត្ត​ព្រះវិហារ លោក ប៉ឹក សោភ័ណ ថ្លែង​ថា ការ​ជាប់​បណ្ដឹង និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ ធ្វើ​ឱ្យ​លោក​មាន​សម្ពាធ​ជា​ខ្លាំង និង​ប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច។ លោក​ស្នើ​យ៉ាង​ទទូច​ដល់​​​តុលាការ​ឱ្យ​ពិចារណា​​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រូប​លោក និង​ក្រុម​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ៖« ផ្ដល់ ​យុត្តិធម៌​ឱ្យ​​យើង​ខ្ញុំ​ទាំង​អស់​គ្នា ទម្លាក់​ចោល​នូវ​បទ​ចោទ​ទាំង​អស់​ហ្នឹង​ទៅ ហើយ​ឱ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង ស្ថិត​នៅ​ក្នុង​​សេរីភាព​ពេញលេញ។ កុំ​ឱ្យ​មាន​ការ​តាម​ដាន​ និង​ឃ្លាំមើល​ពី​ស្ថាប័ន​តុលាការ​តទៅទៀត។ យើង​ខ្ញុំ​នឹង​ពេញចិត្ត​ដើម្បី​ធ្វើ​កិច្ច​ការ​បម្រើ​ទៅ​ដល់​សង្គម​ជាតិ​យើង​តទៅទៀត »

ជុំ​វិញ​​រឿង​ក្ដីក្ដាំ​នេះ ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​បាន​សម្តែង​ការ​​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​​តុលាការ​ខេត្ត​ព្រះវិហារ ដែល​បាន​ចោទ​ប្រកាន់ និង​ដាក់​ពួក​គាត់​ឱ្យ​​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​។ ពួក​គាត់​បញ្ជាក់​ថា ពួក​​គាត់​មិន​បាន​ឃុំ​ឃាំង ឬ​បង្ខាំង​អ្នក​បើក​គ្រឿង​ចក្រ​ឱ្យ​ក្រុមហ៊ុន​ចិន​នោះ​ឡើយ ហើយ​ក្រុមហ៊ុន​ក៏​បាន​​យក​គ្រឿង​ចក្រ​ទាំង​នោះ​ទៅ​វិញ​ជា​យូរ​មក​​ហើយ​ដែរ។ ជាពិសេស ពួក​​គាត់​សង្កត់​ធ្ងន់​ថា ដី​ដែល​ពួក​គាត់​ធ្លាប់​តស៊ូ​ក្រាញ​ននាល​នោះ បាន​ក្លាយ​ជា​ដី​របស់​ក្រុមហ៊ុន​អស់​ទៅ​ហើយ​ដែរ​ ដូច្នេះ​តុលាការ​គួរ​តែ​ទម្លាក់​ចោល​ករណី​នេះ មិន​គួរ​ធ្វើ​ទុក​បុក​ម្នេញ​ពួកគាត់​ទៀត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។